ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន ម៉ាណែត កូន​ប្រុសច្បង​នាយករដ្ឋមន្ត្រី​ ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ជា​ផ្លូវការ​នៅ​មណ្ឌល​​ភ្នំពេញ


រូបឯកសារ៖ ​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​​​​ មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា និង​ជា​កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈរ​ថតរូប​នៅ​មុន​ជំនួប​របស់​លោក​ជាមួយ​នឹង​សមភាគី​ជប៉ុន​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ១៦ ​ខែកុម្ភៈ ឆ្នាំ២០២២។
រូបឯកសារ៖ ​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​​​​ មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា និង​ជា​កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈរ​ថតរូប​នៅ​មុន​ជំនួប​របស់​លោក​ជាមួយ​នឹង​សមភាគី​ជប៉ុន​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ១៦ ​ខែកុម្ភៈ ឆ្នាំ២០២២។

លោក​ ហ៊ុន ម៉ាណែត​ កូនប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន​ បាន​ឈរ​ឈ្មោះ​ជា​លើក​ដំបូង​ ក្នុងនាម​ជា​បេក្ខជន​តំណាង​រាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ​ ខណៈ​ឪពុក​របស់​លោក​នៅបន្ត​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល។​ នេះបើ​តាម​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ចេញ​ផ្សាយ​ដោយ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ជាតិ។

លោក​ ហ៊ុន​ ម៉ាណែត ​គឺ​ជា​កូន​ប្រុស​ទី ២​ របស់​លោក ​ហ៊ុន សែន ​ដែល​បាន​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ​ បន្ទាប់​ពីលោក ហ៊ុន​ ម៉ានី​ ដែល​បាន​ឈរ​ឈ្មោះ​និង​ជាប់​ជា​តំណាង​រាស្ត្រ​នៅ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ។

បើ​តាម​សេចក្តី​សម្រេច​របស់​លោក​ ប្រាជ្ញ​ ចន្ទ​ ប្រធានគណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប) ចុះថ្ងៃទី ១​ ខែ​ឧសភា​ ស្តីពី​ការ​ប្រកាស​ទទួល​ស្គាល់​ជាផ្លូវ​ការគណបក្ស​ និង​បញ្ជី​ឈ្មោះ​បេក្ខជនគណបក្ស​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០២៣ លោក ហ៊ុន ម៉ាណែត​ ស្ថិត​នៅ​លេខ​រៀងទី ១ ​ក្នុងចំណោម​បេក្ខជន​ ១២ រូប​ ដែល​ក្នុង​នោះ​មាន​អតីត​អភិបាល​រាជធានី​ភ្នំពេញ​ពីរ​រូប​គឺលោក​ ប៉ា សុជាតិវង្ស​ និងលោក​ កែប ជុតិមា។

​មន្ត្រី​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល​ លោក​ កន សាវាង្ស ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះថា​ ការ​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្ររបស់​លោក​ ហ៊ុន ម៉ាណែត​ គឺ​ជា​ការ​សម្រេច​តាមបែប​ប្រជាធិបតេយ្យ​ក្នុង​បក្ស​ប្រជាជន​កម្ពុជា​ ដែល​មិន​បាន​ស្តែង​ឱ្យ​ឃើញ​ភាព​មិន​ប្រក្រតី​ណាមួយ​នោះ​ឡើយ។ លោក​ថា បើ​ពិនិត្យ​មើល​ច្បាប់​ពាក់​ព័ន្ធ​ទាក់​ទិន​ការ​បោះឆ្នោត​នោះ​ គ្មាន​ចំណុច​ណា​ដែល​ហាម​ឃាត់​មិន​ឱ្យ​លោក​ ហ៊ុន ម៉ាណែត​ ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ​នោះឡើយ​ ទោះ​បី​លោក​មាន​តួនាទី​ជា​មន្ត្រីយោធា​ជាន់​ខ្ពស់​របស់​កម្ពុជា​ក្តី។

លោក ហ៊ុន​ ម៉ាណែត​ មាន​តួនា​ទី​សំខាន់ៗ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​មាន​តំណែង​កំពូលៗ​ក្នុង​ជួរ​កងទ័ព។

​កាល​ពី​ខែ​មេសា​ ឆ្នាំ​ ២០២០ លោក​ ហ៊ុន ម៉ាណែត​ ដែល​ជា​មេ​បញ្ជាការ​កងទ័ព​ជើង​គោក​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ជាផ្លូវ​ការ​ជា​ឧត្តមសេនីយ៍​ផ្កាយ​បួន​ ដែល​ជា​សញ្ញា​មួយ​ផ្សេង​ទៀត​នៃ​ផែន​ការ​សម្រាប់​លោក​ស្នង​តំណែង​ពី​ឪពុក​របស់​លោក។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP។

មុន​ពេល​ដំឡើងឋានន្តរ​ស័ក្តិនោះ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ប្រកាស​គាំទ្រ​ជា​សាធារណៈ ​ឱ្យ​លោក​ ហ៊ុន ម៉ាណែត ដឹកនាំ​ប្រទេស​កម្ពុជាទៅ​ថ្ងៃ​អនាគត។​

បើយោង​តាម​សន្ទស្សន៍​របស់​វិទ្យាស្ថាន ​Lowy ស្តីពី​អំណាច​នៅ​អាស៊ី លោក​ម៉ាណែត​ មាន​អាយុ ​៤៥​ ឆ្នាំនេះ បាន​បំពេញ​កិច្ចការ​ការទូត​កាន់​តែ​ច្រើន​ជាង​កាល​ពី​មុន​ជាមួយ​ឥស្សរជន​នយោបាយ​ជាន់​ខ្ពស់​នៃ​បណ្តា​ប្រទេស​នានា។ វិទ្យាស្ថាន​នេះ​បាន​ឱ្យ​ថា​ នៅ​ឆ្នាំ ២០២២​ លោក​ ហ៊ុន ម៉ាណែត បាន​ជួប​ជាមួយ​មេដឹកនាំ​ពិភពលោក​ ១០ ​រូប​ រួម​មាន​ប្រធានាធិបតី ​អនុ​ប្រធានាធិបតី​ នាយក​រដ្ឋមន្ត្រី​ ឧប​នាយក​រដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​ការបរទេស រីឯ​ឆ្នាំ ២០១៩ ​លោក​បាន​ជួប​មេដឹកនាំ​ក្នុង​ពិភពលោក​តែ​ពីរនាក់​ប៉ុណ្ណោះ៕

XS
SM
MD
LG