ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិមនុស្ស​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស៊ើប​អង្កេត​រក​សកម្មជន​អាវ​ក្រហម​ថៃ


រូបឯកសារ៖ លោក Wanchalearm Satsaksit សកម្មជននយោបាយថៃ ដែលត្រូវបានរាយការណ៍ថា ត្រូវបានចាប់ពង្រត់នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។ (Facebook/ Wanchalearm Satsaksit)
រូបឯកសារ៖ លោក Wanchalearm Satsaksit សកម្មជននយោបាយថៃ ដែលត្រូវបានរាយការណ៍ថា ត្រូវបានចាប់ពង្រត់នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។ (Facebook/ Wanchalearm Satsaksit)

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Human Rights Watch​ ទទូច​ឲ្យ​អាជ្ញាធរ​កម្ពុជា​ស៊ើបអង្កេត​ស្វែងរកសកម្មជន​នយោបាយ​ថៃ​មួយរូប​ដែល​បាន​បាត់ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​មួយ​ខែ​មក​ហើយ។

សកម្មជន​អាវក្រហម​របស់​ថៃ​ឈ្មោះ​ វ៉ាន់ឆាឡឺម សាត់សក្តិសិត ​ត្រូវ​បាន​ចាប់​ជំរត់​ពី​កន្លែង​លោក​ស្នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃទី​៤​ ខែមិថុនា​ហើយ​បាន​បាត់​ដំណឹង​ជារៀង​រហូត​មក។ សហគមន៍​អន្តរជាតិ​ដែល​មាន​អង្គការ​សហ​ប្រជាជាតិ ​សហរដ្ឋ​អាមេរិក​និង​សភា​សហភាព​អឺរ៉ុប​ ក៏បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ស៊ើបអង្កេត​ជា​បន្ទាន់​ពី​ការបាត់ខ្លួន​នោះ​ដែរ។

លោក ប្រែដ អាដាម ​នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ Human Rights Watch ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នៅថ្ងៃ​សុក្រ​នេះ​ថា៖ «ការ​ចាប់​ខ្លួន​សកម្មជន​ដ៏ល្បីឈ្មោះ​របស់​ថៃ​នៅ​តាម​វិថី​ក្រុង​ភ្នំពេញ​គឺជា​រឿងថ្មី​និង​ជា​របត់​ដ៏​គ្រោះថ្នាក់ដែល​ទាមទារ​ឲ្យមាន​ការឆ្លើយ​តប​ជា​បន្ទាន់​និង​គួរឲ្យ​ជឿ​ទុក​ចិត្ត​បាន​ពីអាជ្ញាធរ​កម្ពុជា។ រដ្ឋាភិបាល​គួរ​តែ​បញ្ឈប់​ការ​បដិសេធ​រឿង​ដែល​មិន​អាច​ប្រកែក​បាន​នេះ​និង​ស្វែង​រកលោក​ វ៉ាន់ឆាឡឺម​ ជា​បន្ទាន់​ហើយ​ធានា​សុវត្ថិភាព​របស់​លោក»។​

លោក វ៉ាន់ឆាឡឺម​ មាន​អាយុ​៣៧​ឆ្នាំ ​និង​ជា​សកម្មជន​នៃ​ក្រុម​រណសិរ្ស​រួម​ដើម្បី​ប្រឆាំង​នឹង​ជន​ផ្តាច់ការ ​ដែល​មាន​ឈ្មោះ​ក្រៅ​ថា​ក្រុមអាវ​ក្រហម។ លោក​បាន​ភៀស​ខ្លួន​មក​ប្រទេស​កម្ពុជា​ក្រោយ​ពី​រដ្ឋ​ប្រហារ​យោធា​នៅ​ប្រទេស​ថៃ​កាល​ពី​ខែឧសភា​ឆ្នាំ​២០១៤។ លោក​បាន​បន្ត​រិះ​គន់​ក្រុម​យោធា​និង​រដ្ឋាភិបាល​ជា​ញឹក​ញាប់​ដោយ​ប្រើប្រាស់​បណ្តាញ​សង្គម​ បើទោះ​បី​ជា​លោក​រស់​នៅ​នីរទេស​ខ្លួន​ហើយ​ក៏ដោយ។ កាលពីថ្ងៃ​ទី៣​មិថុនា​លោក​បាន​បង្ហោះ​វីដេអូឃ្លីប​មួយ​តាមហ្វេសប៊ុក​រិះគន់​លោក​នាយក​រដ្ឋមន្ត្រី​ថៃ​ ប្រាយុទ្ធ ចាន់អូចា។

លោក ​ឆាយ គឹម​ខឿន ​អគ្គស្នង​ការ​រង​នគរបាល​ជាតិ​ និង​ជា​អ្នក​នាំពាក្យ​ ថ្លែង​ប្រាប់ ​VOA​ កាលពី​សប្តាហ៍​មុនថា ​រហូត​មក​ដល់​ថ្ងៃ​នោះ ​អាជ្ញាធរ​កម្ពុជា​មិន​ទាន់​អាច​សន្និដ្ឋាន​ថា​ ព័ត៌មាន​នៃ​ការ​បាត់​ខ្លួន​សកម្មជន​ថៃ​រូប​នោះ ​ពិត​កម្រិត​ណា​នោះ​ទេ៕

XS
SM
MD
LG