ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​អនុម័ត​មាត្រា​ដ៏​ចម្រូងចម្រាស់​នៃ​ច្បាប់​អាស៊ីដ


លោក​វេជ្ជបណ្ឌិត ​ហង​ ឡៃរ៉ាប៉ូ ​បាន​បញ្ជាក់​ថា​ រហូត​មក​ដល់​ពេល​នេះ អង្គការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ដោយ​ទឹក​អាស៊ីដ​​បាន​ចំនួន​៣៤៥​នាក់។
លោក​វេជ្ជបណ្ឌិត ​ហង​ ឡៃរ៉ាប៉ូ ​បាន​បញ្ជាក់​ថា​ រហូត​មក​ដល់​ពេល​នេះ អង្គការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ដោយ​ទឹក​អាស៊ីដ​​បាន​ចំនួន​៣៤៥​នាក់។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ សមាជិក​សភា​ភាគច្រើន​ បាន​អនុម័ត​មាត្រា​នៃ​សេចក្តីព្រាង​ច្បាប់​អាស៊ីដ​ខ្លាំង​ដ៏​មាន​រឿង​ចម្រូង​ចម្រាស់​ទាក់ទង​ដល់​ការ​ព្យាបាល​ជន​រងគ្រោះ​ដោយសារ​អាស៊ីដ​ខ្លាំង​ ដោយ​ឥត​គិត​ថ្លៃ​រហូត​ដល់​ជា​សះ​ស្បើយ​ ជំនួស​ការ​ព្យាបាល​បឋម។

មាត្រា​ដែល​ធ្វើ​ឲ្យ​មាន​កង្វល់​ គឺ​មាត្រា​១១​អំពី​ការ​ព្យាបាល​ដល់​ជន​រងគ្រោះ​ដោយ​ទឹក​អាស៊ីដ​ ត្រូវ​បាន​អនុម័ត​ដោយ​សំឡេង​៩១​លើ​៩៣ ​បន្ទាប់​ពី​គេ​បាន​លុបចោល​ពាក្យ ​«បឋម ​ពី​មណ្ឌល​សុខភាព ​មន្ទីរ​ពេទ្យ​រដ្ឋ​ ឬ ​គ្រឹះស្ថាន​ព្យាបាល​សាធារណៈ​ផ្សេង​ទៀត ​ត្រូវ​ផ្តល់​ការ​សង្គ្រោះ ​និង​ការ​ព្យាបាល​បឋម​ដល់​ជន​រងគ្រោះ​ដោយសារ​អាស៊ីដ​ខ្លាំង ​ដោយ​ឥត​គិត​ថ្លៃ» ​មក​ជា​ «មណ្ឌល​សុខភាព​ មន្ទីរ​ពេទ្យ​រដ្ឋ ​ឬ ​គ្រឹះស្ថាន​ព្យាបាល​សាធារណៈ​ផ្សេង​ទៀត ​ត្រូវ​ផ្តល់​ការ​សង្គ្រោះ ​និង​ការព្យាបាល​ដល់​ជន​រងគ្រោះ​ដោយសារ​អាស៊ីដ​ខ្លាំង ដោយ​ឥត​គិត​ថ្លៃ»។

លោកស្រី ​ឃួន​ សុដារី ​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស ​និង​ទទួល​ពាក្យ​បណ្តឹង​នៃ​រដ្ឋសភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ថ្លែង​នៅ​ក្នុង​សម័យ​ប្រជុំ​សភា​ថា​ ជន​រងគ្រោះ​ដោយសារ​អាស៊ីដ​រង​ទុក្ខ​លំបាក​វេទនា​ទាំង​ផ្លូវកាយ​ផ្លូវ​ចិត្ត​ និង​សុខភាព​ផ្លូវកាយ​ផ្លូវចិត្ត​ និង​ដល់​អាយុជីវិត​ថែម​ទៀត​ផង។

«យើង​ឃើញ​ថា​ រាជរដ្ឋាភិបាល​បាន​យកចិត្ត​ទុកដាក់​ជួយ​ដល់​ជន​រងគ្រោះ​ដោយសារ​អាស៊ីដ​ដោយ​ការ​សង្គ្រោះ ​ការ​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ។ ​នេះ​គឺ​ជា​ឆន្ទៈ​មួយ​ល្អ​ប្រពៃ​ណាស់ ​ពីព្រោះ​គិត​ថា​ជន​រងគ្រោះ​ដោយសារ​ទឹក​អាស៊ីដ​នេះ​ មិនមែន​ព្យាបាល​រយៈពេល​ខ្លី​ទេ​ គឺ​រយៈពេល​វែងណាស់។ ដូច្នេះ ​នេះ​គឺ​ជា​ឆន្ទៈ​នយោបាយ ​និង​ទឹក​ចិត្ត​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខុមាលភាព​ សណ្តាប់​ធ្នាប់​សង្គម​ និង​សុខភាព​របស់​ប្រជាពលរដ្ឋ​ដដែល»។

លោកស្រី​ មួរ​ សុខហួរ ​តំណាងរាស្ត្រ​គណបក្ស​សម ​រង្សី ​បាន​ថ្លែង​ថា​ ការ​លុប​ពាក្យ​ «បឋម»​ នេះ​ គឺជាការណ៍​ត្រឹមត្រូវ។ ​ជំពូក​ទី​៣​ មិនមែន​ត្រឹមតែ​គាំពារ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ទាំង​ការពារ​ដល់​ជន​រងគ្រោះ​ដោយសារ​អាស៊ីដ​ដើម្បី​ធ្វើជា​សាក្សី​នៅ​ក្នុង​តុលាការ។

លោកស្រី​ មួរ ​សុខហួរ ​បាន​បន្ថែម​ថា​ មាត្រា​១១​គួរ​បន្ថែម​ ការព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​អស់​មួយ​ជីវិត។ ជន​ប្រព្រឹត្ត​បទល្មើស​ត្រូវ​បាន​រឹបអូស​យក​ទ្រព្យសម្បត្តិ​មក​សង​ជំងឺ​ចិត្ត​ចំពោះ​ជន​រងគ្រោះ។ ​រដ្ឋ​ត្រូវ​មាន​មូលនិធិ​សង្គម ​ឬ ​ថវិកា​ជាតិ​ និង​ត្រូវ​បណ្តុះបណ្តាល​ជំនាញ​ដល់​គ្រូពេទ្យ​សម្រាប់​ព្យាបាល​ជន​រងគ្រោះ​ដោយសារ​អាស៊ីដ។

«មាត្រា​១១​ បាន​និយាយ​អំពី​មណ្ឌល​សុខភាព ​មន្ទីរពេទ្យ​ គ្រឹះស្ថាន​ព្យាបាល​សង្គ្រោះ​ និង​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​ជូន​ដល់​ជន​រងគ្រាះ។​ ខ្ញុំ​យល់​ឃើញ​ថា​ គួរ​បន្ថែម​ពាក្យ​ដោយ​ឥត​គិត​ថ្លៃ​អស់​មួយ​ជីវិត។ ​ខ្ញុំ​យល់​ឃើញ​ថា​ រដ្ឋ​ត្រូវ​តែ​ផ្តល់​ជំនួយ​សង្គ្រោះ​ផ្នែក​ច្បាប់​ដល់​ជន​រងគ្រោះ​ដោយ​ឥត​គិត​ថ្លៃ»។

លោក​ តេង ​សាវង្ស​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ បាន​ថ្លែង​នៅ​ក្នុង​សម័យ​ប្រជុំ​សភា​ថា​ មាត្រា​នេះ​ បាន​ចែង​ច្បាស់លាស់។ ​រដ្ឋាភិបាល​ចង់​បង្ហាញ​ឆន្ទៈ​យក​ចិត្ត​ទុកដាក់​ចំពោះ​ជន​រងគ្រោះ​ដោយសារ​អាស៊ីដ​ខ្លាំង។

«យើង​ចែង​ច្បាស់​ថា​មន្ទីរពេទ្យ ​និង​គ្រឹះស្ថាន​ព្យាបាល​របស់​រដ្ឋ​ត្រូវ​ព្យាបាល​គេ ​(ជន​រងគ្រោះ​ដោយសារអាស៊ីដ​ខ្លាំង) ​ឱ្យ​ជា​សះស្បើយ​ដោយ​មិន​គិត​ថ្លៃ​ និង​ឱ្យ​គេ​រួចផុត​ពី​ការស្លាប់។ ​ករណី​ខ្លះ​ពាក់ព័ន្ធ​ដល់​ការ​កែសម្ផស្ស។ ​រាជរដ្ឋាភិបាល​មិន​អាច​ទទួល​បញ្ហា​នោះ​បាន​ទេ»។

លោក​វេជ្ជបណ្ឌិត ​ហង​ ឡៃរ៉ាប៉ូ ​បាន​បញ្ជាក់​ថា​ រហូត​មក​ដល់​ពេល​នេះ អង្គការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ដោយ​ទឹក​អាស៊ីដបាន​ចំនួន​៣៤៥​នាក់។

លោក​ អ៊ំ ​សំអាត ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​បាន​បញ្ជាក់​ថា​ ការ​វាយប្រហារ​ទឹក​អាស៊ីដ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​អាច​មាន​ដល់​ទៅ​៤០​ករណី​ក្នុង​មួយ​ឆ្នាំ។

រដ្ឋសភា​បាន​អនុម័ត​ដល់​មាត្រា​១៣​ ក្នុង​ចំណោម​មាត្រា​សរុប​២៧​ នៃ​សេចក្តី​ព្រាងច្បាប់​អាស៊ីដ​ នៅ​ក្នុង​ការ​ពិភាក្សា​ថ្ងៃ​ដំបូង​នេះ៕

XS
SM
MD
LG