ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​កម្ពុជា​អនុម័ត​ច្បាប់​គ្រប់គ្រង​ទឹក​អាស៊ីដ


ខ្លឹមសារ​នៃ​ច្បាប់​អាស៊ីដ​ថ្មី​នេះ​ទទួល​បាន​ការ​ស្វាគមន៍​ជា​ទូទៅ បើ​ទោះ​បី​នៅ​មាន​ការ​រិះគន់​​អំពី​ចន្លោះ​ប្រហោង​ខ្លះ​ក៏​ដោយ។
ខ្លឹមសារ​នៃ​ច្បាប់​អាស៊ីដ​ថ្មី​នេះ​ទទួល​បាន​ការ​ស្វាគមន៍​ជា​ទូទៅ បើ​ទោះ​បី​នៅ​មាន​ការ​រិះគន់​​អំពី​ចន្លោះ​ប្រហោង​ខ្លះ​ក៏​ដោយ។

នៅ​ថ្ងៃ​សុក្រ​នេះ​ រដ្ឋសភា​កម្ពុជា​បាន​អនុម័ត​សេចក្តីព្រាង​ច្បាប់​អាស៊ីដ​ ដ៏​ពិសេស​មួយ​សម្រាប់​បើក​ផ្លូវ​ឱ្យ​មាន​ការ​ព្យាបាល​ជន​រងគ្រោះ​ដោយ​ការ​វាយប្រហារ​ទឹក​អាស៊ីដ​រហូត​ដល់​ជា​សះស្បើយ​ និង​ផ្តន្ទាទោស​ជន​ល្មើស​វាយប្រហារ​ទឹក​អាស៊ីដ​ឱ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់​៣០​ឆ្នាំ។

សមាជិក​រដ្ឋសភា​ចំនួន​៨១​រូប​ នៃ​សមាជិក​មាន​វត្តមាន​ចំនួន​៨៥​រូប​ បាន​បោះឆ្នោត​អនុម័ត​សេចក្តីព្រាង​ច្បាប់​គ្រប់គ្រង​អាស៊ីដ​ខ្លាំង​នេះ​ ដែល​មាន​ចំនួន ​២៧​មាត្រា ​តម្រូវ​ឱ្យ​មណ្ឌល​សុខភាព ​មន្ទីរពេទ្យ​រដ្ឋ​ ឬ​ គ្រឹះស្ថាន​ព្យាបាល​សាធារណៈ​ផ្សេង​ទៀត ​ត្រូវ​ផ្តល់​ការ​សង្គ្រោះ ​និង​ការ​ព្យាបាល​ដល់​ជន​រងគ្រោះ ​ដោយ​អាស៊ីដ​ខ្លាំង​ដោយ​ឥត​គិត​ថ្លៃ ​ហើយ​តម្រូវ​ឱ្យ​ផ្តន្ទាទោស​ឧក្រិដ្ឋ​ជន​វាយប្រហារ​ទឹក​អាស៊ីដ​ឲ្យ​ជាប់​ពន្ធនាគារ​ពី​២​ឆ្នាំ​រហូត​ដល់​៣០​ឆ្នាំ ​តាម​កម្រិត​នៃ​ទោស។

លោក ​តេង​ សាវង្ស ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ​បាន​ថ្លែង​នៅ​ក្នុង​សម័យ​ប្រជុំ​សភា​ថា​ លោក​ទទួល​យក​សំណូមពរ ​និង​អនុសាសន៍​របស់​តំណាងរាស្ត្រ ​មក​ពង្រឹង​ការ​អនុវត្ត​ច្បាប់​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព។

លោក​រដ្ឋលេខាធិការ​ តេង ​សាវង្ស​ បាន​បញ្ជាក់​ថា ​ច្បាប់​គ្រប់គ្រង​អាស៊ីដ​ខ្លាំង​នេះ​ គឺ​ជា​ឧបករណ៍​ច្បាប់​ដ៏​មាន​សារៈសំខាន់​សម្រាប់​រាជរដ្ឋាភិបាល ​ដើម្បី​គ្រប់គ្រង​អាស៊ីដ​ខ្លាំង​ឱ្យ​មាន​ប្រសិទ្ធភាព​ និង​ផ្តន្ទាទោស​ឱ្យ​បាន​តឹងរ៉ឹង​ចំពោះ​ឧក្រិដ្ឋ​ជន​ ដែល​ឆ្លៀត​ឱកាស​ប្រើប្រាស់​អាស៊ីដ​ខ្លាំង​ប្រឆាំង​នឹង​គូសត្រូវ។

«យើង​នឹង​ខិតខំ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​គ្រប់គ្រង​អាស៊ីដ​ខ្លាំង​ឱ្យ​កាន់តែ​ល្អ​ប្រសើរ»។

លោក​ យឹម​ សុវណ្ណ ​តំណាងរាស្ត្រ​គណបក្ស​សម​ រង្ស៊ី បាន​ថ្លែង​នៅ​ក្នុង​សម័យ​ប្រជុំ​សភា​ថា​ ច្បាប់​នេះ​នៅ​មាន​ភាព​ចន្លោះ​ប្រហោង​ ដែល​ជា​ការ​បើក​ឱកាស​ឱ្យ​មាន​អំពើ​ពុករលួយ​នៅ​ក្នុង​តុលាការ។ ​ជាពិសេស ​ចៅក្រម​មួយ​ចំនួន​ដែល​ខ្វះ​សតិសម្បជញ្ញៈ​ប្រើប្រាស់​ភាព​ខ្វះ​ចន្លោះ​ប្រហោង​នៃ​ច្បាប់​នេះ​ ដើម្បី​កាត់​បន្ថយ​ទោស​ជាប់​ពន្ធនាគារ​របស់​ជន​ឧក្រិដ្ឋ​វាយប្រហារ​ទឹក​អាស៊ីដ។

លោក ​យឹម ​សុវណ្ណ ​បាន​បញ្ជាក់​ថា​ ក្នុង​ទោសប្បញ្ញត្តិ​ មាត្រា​មួយ​ចំនួន​មាន​ខ្លឹមសារ​សមរម្យ​ ដែល​អាច​ទទួល​យក​បាន ​ប៉ុន្តែ​មាត្រា​២០​បាន​ផ្តន្ទាទោស​ស្រាល​ពេក​ដល់​ជន​ល្មើស​វាយ​ប្រហារ​ទឹក​អាស៊ីដ។

«មាត្រា​២០​នេះ​ ស្នើ​ឯកឧត្តម​មេត្តា​ពិចារណា​ យើង​គួរ​តែ​ដក​មាត្រា​២០​នេះ​ចេញ។​ យើង​ទុក​តែ​មាត្រា​១៦​ទោស​ ជាប់​ពន្ធនាគារ​ពី​១០​ឆ្នាំ​ ទៅ​២០​ឆ្នាំ​ ចំពោះ​បទ​ទារុណកម្ម ​អំពើ​ឃោរឃៅ​ដែល​ប្រើ​អាស៊ីដ​ខ្លាំង​ទៅ​លើ​បុគ្គល​ណា​ម្នាក់»។

មាត្រា​២០ ​បាន​ចែង​ថា ​អំពើ​ហិង្សា​ដោយ​ចេតនា​ទៅ​លើ​អ្នក​ដទៃ​ដោយ​ប្រើ​អាស៊ីដ​ខ្លាំង​ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំ​ទៅ​៥​ឆ្នាំ។

លោក ​ហ៊ី ​សោភា ​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ បាន​ពន្យល់​នៅ​ក្នុង​សម័យ​ប្រជុំ​សភា​ថា​ មាត្រា​២០​នេះ​ មិន​អាច​លុប​ចោល​បាន​ទេ​ ពីព្រោះ​ច្បាប់​ត្រូវ​ចែង​អំពី​ទោស​ជាប់​ពន្ធនាគារ​នេះ​ តាំងពី​ទោស​កម្រិត​ទាប​បំផុត​រហូត​ដល់​ទោស​ជាប់​ពន្ធនាគារ​កម្រិត​ខ្ពស់​បំផុត​ ស្រប​តាម​កម្រិត​នៃ​បទ​ល្មើស ​ដើម្បី​ទុក​សិទ្ធិ​ឱ្យ​ចៅក្រម​ពិចារណា ​និង​សម្រេចក្តី​នោះ។

លោក​វេជ្ជបណ្ឌិត ​ហង​ ឡៃរ៉ាប៉ូ ​ប្រធាន​ផ្នែក​ពេទ្យ​ និង​ច្បាប់​នៃ​អង្គការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​អាស៊ីដ ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «យើង​ខ្ញុំ​មាន​ការ​ត្រេកអរ​ចំពោះ​ការ​អនុម័ត​ច្បាប់​អាស៊ីដ​នេះ​ដែល​ជា​បឋម។​ ប៉ុន្តែ​នៅ​ក្នុង​អត្ថន័យ​ខ្លឹមសារ​នៅ​ក្នុង​មាត្រា​១១​ មាត្រា​១៣ ​មាត្រា​១៦ ​មាត្រា​១៩ ​និង​មាត្រា​២០​ក្តី ​យើង​ឃើញ​មាន​ខ្វះ​ចន្លោះ​ខ្លះៗ។​ ប៉ុន្តែ​យើង​ព្យាយាម​តស៊ូ​មតិ​សុំ​ឱ្យ​មាន​ការ​ដាក់​អត្ថន័យ​ឱ្យ​ពេញលេញ​ដែរ ​ប៉ុន្តែ​ខាង​បច្ចេកទេស​បាន​និយាយ​ថា​ ច្បាប់​នេះ​អាច​ធ្វើ​បាន​ត្រឹម​ប៉ុណ្ណឹង»។

លោក ​អ៊ំ ​សំអាត​ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​ថ្លែង​ថា​ អាជ្ញាធរ​ត្រូវ​អនុវត្តន៍​ច្បាប់​អាស៊ីដ​ឱ្យ​មាន​ប្រសិទ្ធភាព​ ដើម្បី​ទប់ស្កាត់ ​ឬ ​កាត់​បន្ថយ​បទល្មើស​វាយប្រហារ​ទឹក​អាស៊ីដ​ប្រឆាំង​នឹង​គូ​សត្រូវ ​ខណៈ​ដែល​ប្រទេស​កម្ពុជា​មាន​ជន​រងគ្រោះ ​ដោយ​ការ​ជះ​ទឹក​អាស៊ីដ​កាន់​តែ​ច្រើន​ឡើង។

«យើង​ស្វាគមន៍​នូវ​ការណ៍​ដែល​សភា​បាន​អនុម័ត​ច្បាប់​អាស៊ីដ​ខ្លាំង​ព្រឹក​មិញ​នេះ។ ​យើង​សង្ឃឹម​ថា ​ក្រោយ​ពី​ច្បាប់​នេះ​ចេញ​ទៅ ​នឹង​អាច​មាន​ការ​កាត់​បន្ថយ​នៃ​ការ​ប្រើប្រាស់​អាស៊ីដ​ ក្នុង​ការ​វាយប្រហារ​ទៅ​លើ​ជនរង​គ្រោះ​នេះ»។

លោក ​សោម​ ប៊ុនណារិទ្ធ ​អាយុ​៤០ឆ្នាំ ​រស់​នៅ​ភូមិ​ក្បាលហុង ​ឃុំ​ផ្ទះព្រៃ ​ស្រុក​សំពៅមាស ​ខេត្ត​ពោធិ៍សាត់​ ដែល​បាន​ពិការ​ភ្នែក​ទាំង​ពីរ​ដោយ​ការ​វាយប្រហារ​ទឹក​អាស៊ីដ​ពី​ភរិយា​របស់​លោក​ក្នុង​រឿង​ស្នេហា​ត្រីកោណ​នៅ​ដើម​ឆ្នាំ​២០០៦​នោះ ​ បាន​សម្តែង​នូវ​ក្តី​សប្បាយ​រីករាយ​ចំពោះ​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​អាស៊ីដ​នេះ​ ដើម្បី​ការពារ​ប្រជាពលរដ្ឋ​កុំ​ឱ្យ​រងគ្រោះ​ដោយសារ​អាស៊ីដ​ដូច​រូប​លោក។

លោក​វេជ្ជបណ្ឌិត ​ហង​ ឡៃរ៉ាប៉ូ​ បាន​បញ្ជាក់​ថា​ អង្គការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​អាស៊ីដ​បាន​ទទួល​ជន​រងគ្រោះ​ដោយសារ​ទឹក​អាស៊ីដ​ចំនួន​ ៣៤៥​នាក់​រហូត​មក​ដល់​ពេល​នេះ។

លោក​ អ៊ំ​ សំអាត ​បាន​បញ្ជាក់​ថា ​ការ​វាយប្រហារ​ទឹក​អាស៊ីដ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​អាច​មាន​ដល់​ទៅ​៤០​ករណី​ក្នុង​មួយ​ឆ្នាំ៕

XS
SM
MD
LG