ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ច្បាប់​ប្រឆាំង​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ​រង​ការ​រិះគន់


នៅ រី ជា​ជន​រងគ្រោះ​ដោយ​ការវាយ​ប្រហារ​ទឹក​អាស៊ីដ ម្នាក់​នៅ​ប្រទេស​កម្ពុជា។

អង្គការ​សង្គម​ស៊ីវិល​ និង​គណបក្ស​ប្រឆាំង​បាន​សម្តែង​ការ​មិនពេញ​ចិត្ត​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​អាស៊ីដ​ ដែល​ចែង​អំពី​ការ​ព្យាបាល​បឋម​ដល់​ជន​រងគ្រោះ​ដោយសារ​អាស៊ីដ។ ​ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​គ្រប់គ្រង​អំណាច​ បាន​ពន្យល់​ថា​ ការ​ព្យាបាល​បឋម​មាន​ន័យ​ថា​ ត្រូវ​ព្យាបាល​ភ្លាមៗ​នៅ​តាម​មណ្ឌល​សុខភាព ​ហើយ​បន្ទាប់​មក​ជន​រងគ្រោះ​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ​ដើម្បី​ព្យាបាល​យូរ​អង្វែង។

ដោយ​សម្តែង​ការ​ចង់​បាន​ច្បាប់​អាស៊ីដ​ដ៏​ល្អ​មួយ​សម្រាប់​អនុវត្តន៍ ​បន្ទាប់​ពី​មាន​ការ​វាយប្រហារ​ដោយ​ទឹក​អាស៊ីដ​កើត​ឡើង​ជា​ច្រើន​ករណី​នៅ​ក្នុង​ប្រទេស​កម្ពុជា ​អង្គការ​សង្គមស៊ីវិល​និង​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ទទូច​ថា​ មាត្រា​ចំនួន​២១​គួរ​ត្រូវ​កែសម្រួល​ ហើយ​ចែង​ឱ្យ​បាន​ច្បាស់លាស់​អំពី​ការ​សង្គ្រោះ ​សេវាកម្ម​ព្យាបាល ​និង​ការ​ចំណាយ​ជាដើម។

សេចក្តីព្រាង​ច្បាប់​អាស៊ីដ​ខ្លាំង​នេះ​មាន​មាត្រា​ចំនួន​២៧។ ​មាត្រា​១១ ​និង​មាត្រា​១៤​ដល់​មាត្រា​២៤​គឺ​ជា​មាត្រា​ដែល​ធ្វើ​ឱ្យ​មាន​កង្វល់​ចំពោះ​ភាព​មិន​ពេញលេញ ​និង​ភាព​មិន​ច្បាស់លាស់។

មាត្រា​១១​បាន​ចែង​ថា​ មណ្ឌល​សុខភាព ​មន្ទីរ​ពេទ្យ​រដ្ឋ ​ឬ​គ្រឹះស្ថាន​ព្យាបាល​សាធារណៈ​ផ្សេងទៀត​ត្រូវ​ផ្តល់​ការ​សង្គ្រោះ ​និង​ការ​ព្យាបាល​បឋម​ដល់​ជន​រងគ្រោះ​ដោយសារ​អាស៊ីដ​ខ្លាំង ​ដោយ​ឥតគិត​ថ្លៃ។

ការ​វិភាគ​លើ​មាត្រា​១១​នៃ​សេចក្តីព្រាង​ច្បាប់​អាស៊ីដ​នេះ​បាន​បង្ហាញ​ពី​ក្តី​ព្រួយបារម្ភ​ចំពោះ​ការព្យាបាល​បណ្តោះ​អាសន្ន​របស់​មន្ទីរពេទ្យ​រដ្ឋ​ដល់​ជន​រងគ្រោះ​ដោយសារ​អាស៊ីដ​ខ្លាំង ​ដោយ​ឥត​គិត​ថ្លៃ ​ហើយ​បន្ទាប់​មក​ ជន​រងគ្រោះ​ដោយសារ​អាស៊ីត​ខ្លាំង​នឹង​ត្រូវ​ព្យាបាល​ដោយ​ការ​ចំណាយ​ផ្ទាល់​ខ្លួន​ ដែល​មាន​តម្លៃ​ខ្ពស់។

លោក​វេជ្ជបណ្ឌិត​ហង​ ឡៃរ៉ាប៉ូ ​ប្រធាន​ផ្នែក​ពេទ្យ ​និង​ច្បាប់​នៃ​អង្គការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​អាស៊ីដ ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា​ មាត្រា​១១​នេះ​គួរ​តែ​កែសម្រួល​ពី​ការព្យាបាល​បឋម​ទៅ​ជា​ការ​ផ្តល់​សេវា​ព្យាបាល​ដល់​ជន​រងគ្រោះ​ដោយសារ​អាស៊ីដ​ជា​អាទិភាព ​និង​ជា​អចិន្ត្រៃយ៍ ​និង​ដោយ​ឥត​គិត​ថ្លៃ។

«រដ្ឋ​ត្រូវ​ផ្តល់​សេវា​ការព្យាបាល​ដល់​ជន​រងគ្រោះ​ដោយសារ​អាស៊ីដ​ មិនមែន​បឋម​ទេ។​ សូម​ឱ្យ​ផ្តល់​សេវា​ព្យាបាល​ជា​អាទិភាព ​និង​ជា​អចិន្ត្រៃយ៍​តែ​ម្តង​ដល់​ជនរងគ្រោះ​ដោយសារ​អាស៊ីដ​ ដោយ​ឥត​គិត​ថ្លៃ ​ពីព្រោះ​គាត់​ត្រូវ​ព្យាបាល​អស់​មួយ​ជីវិត។ ​ជន​រងគ្រោះ​មិនមែន​វះកាត់​ម្តង​ជា​ទេ។ ​ក្នុង​មួយ​ ឬ​ពីរ​ខែ ​ជន​រងគ្រោះ​ត្រូវ​ធ្វើ​ការវះ​កាត់​ម្តង»។

លោកស្រី​មូរ​ សុខហ៊ួរ​ ​តំណាង​រាស្ត្រ​គណបក្ស​សម​ រង្ស៊ី។
លោកស្រី​មូរ​ សុខហ៊ួរ​ ​តំណាង​រាស្ត្រ​គណបក្ស​សម​ រង្ស៊ី។

លោកស្រី​មូរ​ សុខហ៊ួរ​ ​តំណាង​រាស្ត្រ​គណបក្ស​សម​ រង្ស៊ី ​បាន​បញ្ជាក់​ថា​ការ​ព្យាបាល​ជន​រងគ្រោះ​ដោយសារ​ទឹក​អាស៊ីដ​នេះ​ត្រូវ​ការអន្តរាគន៍​របស់​រដ្ឋ​ ជា​បន្ទាន់ ​និង​ត្រូវ​ប្រើ​ពេលវេលា​យូរ​ រហូត​ទៅ​ដល់​មួយ​ជីវិត​ទៅ​ទៀត ​ហើយ​ថែម​ទាំង​តម្រូវ​ឱ្យ​មាន​ថវិកា​ជាតិ​មួយ​សម្រាប់​ជួយ​ការ​ព្យាបាល​នេះ។

«មន្ទីរពេទ្យ​រដ្ឋ​ ឬ​គ្រឹះស្ថាន​ព្យាបាល​សាធារណៈ​ត្រូវ​ព្យាបាល​ជន​រងគ្រោះ​ដោយសារ​ទឹកអាស៊ីដ​ ​ជាបន្ទាន់​ភ្លាម​ និង​រហូត​ដល់​មួយ​ជីវិត​ ហើយ​ត្រូវ​តែ​មាន​ថវិកា​ជាតិ​សម្រាប់​ឱ្យ​មាន​ការព្យាបាល​នេះ​ ធានា​មួយ​ជីវិត​ដោយ​ឥត​គិត​ថ្លៃ។ ​ស្លាកស្នាម​នោះ​ ដែល​មាន​ស្លាកស្នាម​ផ្លូវកាយ ​និង​ផ្លូវ​ចិត្ត​ អារម្មណ៍​ ត្រូវ​ការ​នូវ​ការ​ព្យាបាល​រហូត។ ដូច្នេះ​ត្រូវ​តែ​មាន​ថវិកា​ជាតិ​មួយ​ដោយឡែក​សម្រាប់​ឆ្លើយ​តប​នឹង​របួស​ទាំង​ផ្លូវកាយ ​ផ្លូវចិត្ត​ និង​ផ្លូវអារម្មណ៍»។

លោក​អំ ​សំអាត ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​បាន​ថ្លែង​ថា​ រដ្ឋ​ត្រូវ​បណ្តុះបណ្តាល​ផ្នែក​ពេទ្យ​ជំនាញ​ទាក់ទង​នឹង​ការ​ព្យាបាល​ជន​រងគ្រោះ​ដោយសារ​អាស៊ីដ​នេះ​ ឱ្យ​មាន​ប្រសិទ្ធិភាព​ ជាពិសេស​នៅ​តាម​មណ្ឌល​សុខភាព ​និង​មន្ទីរពេទ្យ​រដ្ឋ​នានា។

«អ្នក​រងគ្រោះ​ដោយសារ​ទឹកអាស៊ីដ​នេះ​អាច​ទទួល​ការ​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​រហូត ​នៅពេល​ដែល​ជម្ងឺ​របស់​គាត់​មិនទាន់​ជា​ស្បះស្បើយ»។

លោក​វេជ្ជបណ្ឌិត​ហង ​ឡៃរ៉ាប៉ូ​បាន​ញ្ជាក់​ថា​ ការ​វះកាត់​ម្តង​មាន​តម្លៃ​ជាង​១០០០​ដុល្លារ​អាមេរិក​ ហើយ​ជន​រងគ្រោះ​ខ្លះ​មាន​ការ​វះកាត់​ដល់​ទៅ​២០​ដង​ ដែល​នៅ​តែ​មិន​ទាន់​ជា​ទេ។

លោក​វេជ្ជបណ្ឌិត​ហង ​ឡៃរ៉ាប៉ូ​បាន​ថ្លែង​ថា​ គណៈកម្មការ​ធ្វើ​កោសល្យ​វិច័យ​គួរ​រួមមាន​គ្រូពេទ្យ​ជំនាញ​ខាង​កោសល្យ​វិច័យ​អម​តុលាការ ​ក្រសួង​យុត្តិធម៌​ ក្រសួង​មហាផ្ទៃ ​ក្រសួង​សុខាភិបាល ​និង​ក្រសួង​ឧស្សាហ​កម្ម។

«គេ​ត្រូវ​ធ្វើ​កោសល្យ​វិច័យ​សម្រាប់​ជន​រងគ្រោះ​ដើម្បី​ផ្តល់​ភស្តុតាង​ឱ្យ​តុលាការ​ដោយ​ឥត​គិត​ថ្លៃ ​ ផ្តល់​មេធាវី​ជូន​ជន​រងគ្រោះ​ដោយសារ​អាស៊ីដ​ដោយ​ឥត​គិត​ថ្លៃ។ ​តុលាការ​គួរ​លើក​យក​សំណុំរឿង​របស់​ជន​រងគ្រោះ​ដោយសារ​អាស៊ីដ​មក​ធ្វើ​ការ​វិនិច្ឆ័យ​ជា​អាទិភាព ​កុំ​កប់ចោល​សំណុំរឿង​រហូត​ដល់​ពីរ​ឆ្នាំ ​ហើយ​ជន​ល្មើស​មាន​ឱកាស​គេច​ខ្លួន​បាត់»។

លោក​ជាម​ យៀប ​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បកស្រាយ​មាត្រា​១១​នេះ​ ផ្ទុយ​ពី​ការ​យល់​ឃើញ​របស់​អង្គការ​សង្គម​ស៊ីវិល​និង​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ យ៉ាង​ដូច្នេះ​ថា៖

«ខ្លឹមសារ​នៃ​ច្បាប់​នេះ​គ្រាន់​តែ​ចែង​ថា​ ការ​សង្គ្រោះ ​និង​ការ​ព្យាបាល​បឋម​ ដាក់​ថ្នាំ​កុំ​ឱ្យ​ស្រែក​ ឈឺ​ចុកចាប់​ ឈឺផ្សា​ខ្លាំង​ពេក​ ពីព្រោះ​មន្ទីរពេទ្យ​បង្អែក​មិន​អាច​មាន​ឧបករណ៍​ពេទ្យ ​ឬ​ថ្នាំ​ពេទ្យ​គ្រប់គ្រាន់​ទេ។​ ក្រោយ​ពី​ការព្យាបាល​បឋម​ហើយ​ គេ​ត្រូវ​បញ្ជូន​ជន​រងគ្រោះ​ដោយសារ​អាស៊ីដទៅ​មន្ទីរពេទ្យ​នៅ​ភ្នំពេញ ​ឬ​មន្ទីរពេទ្យ​ខេត្ត​ ដែល​មាន​បរិក្ខាពេទ្យ ​ឬ ​ឧបករណ៍​ពេទ្យ ​ថ្នាំ​ពេទ្យ​ គ្រូ​ពេទ្យ​ជំនាញ ​និង​មធ្យោបាយ​ ដើម្បី​បន្តព្យាបាលជួយ​ជន​រងគ្រោះ​ដោយសារ​អាស៊ីដ​ យូរអង្វែង​ទៅ​ទៀត»។

ក្រៅពី​ការប្រើប្រាស់​កាំភ្លើង​បាញ់​ប្រហារ​តារា​ចម្រៀង ​ដូច​ជា​នាង​ពិសិដ្ឋ​ ពីលីកា ​ទូច ​ស្រីនិច ​ពៅ បញ្ញាពេជ្រ​នៅ​ចន្លោះ​ឆ្នាំ​១៩៩៩ ​និង​ឆ្នាំ​២០០៧​ ​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា ​មាន​កំណើន​នៃ​ការ​វាយ​ប្រហារ​ទឹក​អាស៊ីដ​ ដោយចាប់​ផ្តើម​កើត​ឡើង​ខ្លាំង​ចាប់​ពី​ឆ្នាំ​២០០៦​រហូត​មក​ ជាពិសេស​ពាក់ព័ន្ធ​នឹង​ការ​ប្រច័ណ្ឌ​ ឬ​ស្នេហា​ត្រីកោណ។ ​ជន​រងគ្រោះ​ដោយ​ការ​វាយ​ប្រហារ​ដោយ​ទឹកអាស៊ីដ​មួយ​រូប​ក្នុង​ចំណោម​ជា​ច្រើន​រូប​គឺ​លោក​សោម​ ប៊ុនណារិទ្ធ ​អាយុ​៤០​ឆ្នាំ ​រស់​នៅ​ភូមិ​ក្បាលហុង ​ឃុំ​ផ្ទះព្រៃ ​ស្រុក​សំពៅមាស​ ខេត្ត​ពោធិសាត់ ​បាន​ថ្លែង​ប្រាប់​ VOA​ថា​ លោក​មាន​ការ​សប្បាយ​ចិត្ត​ចំពោះ​សេចក្តី​ព្រាងច្បាប់​អាស៊ីដ​នេះ​ ដើម្បី​ការពារ​ប្រជា​ពលរដ្ឋ​ផ្សេង​ទៀត​កុំ​ឱ្យ​រងគ្រោះ​ដោយសារ​អាស៊ីដ​ ដូច​រូប​លោក។

លោក​បាន​ពិការ​ភ្នែក​ទាំងពីរ​ដោយសារ​ការ​វាយប្រហារ​ទឹកអាស៊ីដ​ពី​សំណាក់​ភរិយា​របស់​លោក​ក្នុង​រឿង​ស្នេហា​ត្រីកោណ ​នៅ​ដើម​ឆ្នាំ​២០០៦។​លោកបាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖

«ច្បាប់​មានទោស​ទណ្ឌ​ខ្លាំង ​អាច​គំរាម​ទៅ​ដល់​ជនល្មើស​ ដែល​ប៉ុនប៉ង​ជះ​ទឹកអាស៊ីដ​ទៅ​លើ​គេ​ហ្នឹង​ ធ្វើឲ្យ​មាន​ការ​ភ័យខ្លាច​ មិន​ហ៊ាន​ធ្វើ​ការ​ជះទឹក​អាស៊ីដ។ ​វា​កាត់​បន្ថយ​នូវ​អំពើ​ហិង្សា​ដោយ​ការ​ជះ​ទឹក​អាស៊ីដ​បាន។ ​យើង​អាច​រួច​ផុត​ពី​អំពើ​ហិង្សា​ដោយសារ​អាស៊ីដ។​ ​អញ្ចឹង​ខ្ញុំ​ចង់​ឱ្យ​មាន​ការ​ដាក់​ទោស​ឱ្យ​បាន​ធ្ងន់​ចំពោះ​ជនល្មើស​ដែល​ជះ​ទឹក​អាស៊ីដ។ ​អញ្ចឹង​វា​ជា​ការ​ព្រមាន​មួយ​ដល់​ជន​ល្មើស​ដែល​មាន​ការ​ប៉ុនប៉ង​ចង់​ជះ​ទឹក​អាស៊ីដ»។

លោក​វេជ្ជបណ្ឌិត​ហង ​ឡៃរ៉ាប៉ូ​បាន​បញ្ជាក់​ថា​ អង្គការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​អាស៊ីដ​បាន​ទទួល​ជន​រងគ្រោះ​ដោយសារ​ទឹក​អាស៊ីដ​ចំនួន​៣៤៥​នាក់​រហូត​មក​ដល់​ពេល​នេះ។

លោក​អំ ​សំអាត​បាន​បញ្ជាក់​ថា​ ការ​វាយ​ប្រហារ​ដោយទឹកអាស៊ីដ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​អាច​មាន​ដល់​ទៅ​៤០​ករណី​ក្នុង​មួយ​ឆ្នាំ។ ​រដ្ឋ​សភា​គ្រោង​នឹង​អនុម័ត​សេចក្តី​ព្រាងច្បាប់​អាស៊ីដ​ខ្លាំង​នេះ​នៅ​សប្តាហ៍​ក្រោយ។

ស្របពេល​ជាមួយ​គ្នា​នេះ ​អង្គការ​សង្គម​ស៊ីវិល ​និង​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ បាន​ទាមទារ​ថា​ ការ​ផ្តន្ទាទោស​ជន​នៅ​ពីក្រោយ​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ​ ត្រូវ​ដាក់​បញ្ចូល​នៅ​ក្នុង​សេចក្តី​ព្រាងច្បាប់​អាស៊ីដ​នេះ។

មាត្រា​ចំនួន​១០​នៃ​មាត្រា​សរុប​២៧​បាន​ចែង​ពី​ទោស​បញ្ញត្តិ​ ការ​ដាក់​ទោស​ក្នុង​ពន្ធនាគារ​ពី​២​ឆ្នាំ​ទៅ​ដល់​២០​ឆ្នាំ​ចំពោះ​ជន​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ផ្ទាល់​ តែ​មិន​បាន​ចែង​ពី​ការ​ផ្តន្ទាទោស​ចំពោះ​អ្នក​ផ្តើម​គំនិត​ និង​អ្នក​ផ្សំ​គំនិត​ទេ។

ការ​ទុក​ចន្លោះ​ប្រហោង​ផ្លូវ​ច្បាប់​លើ​មាត្រា​នៃ​ទោស​បញ្ញត្តិ​ទាំង​នេះ​ បាន​បង្ហាញ​ពី​ការ​ខ្វះ​ចន្លោះ ​និង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ សេចក្តីព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​អាស៊ីដ​នេះ​ មិន​អាច​លុប​បំបាត់​ ឬ​កាត់​បន្ថយ​ដោយ​ប្រសិទ្ធិ​ភាព​នូវ​បទ​ល្មើស​នៃ​ការ​វាយប្រហារ​ដោយជះ​ទឹក​អាស៊ីដ​នោះ​ទេ។

លោក​អំ ​សំអាត ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​បាន​ទទួល​ស្គាល់​ថា​ ច្បាប់​នេះ​អាច​កាត់​បន្ថយ​ការ​ប្រីប្រាស់​ទឹក​អាស៊ីដ​ប្រឆាំង​នឹង​គូ​សត្រូវ។ ​ប៉ុន្តែ​វា​នៅ​មាន​ការ​ខ្វះចន្លោះ​ទាក់ទង​នឹង​ការ​ដាក់​ទោស​ទណ្ឌ។

«ពី​មាត្រា​១៤​ដល់​មាត្រា​២៤​មាន​ការចែង​អំពី​ទោស​ទណ្ឌ​ទៅ​លើ​តែ​អ្នក​ដែល​ប្រព្រឹត្ត។​ ចំពោះ​អ្នក​ផ្តើម​គំនិត ​អ្នក​ផ្សំ​គំនិត ​និង​សហចារី ​យើង​អត់​ឃើញ​មាន​ចែង​អំពី​ការ​ដាក់​ទោស​ទណ្ឌ​នៅ​ក្នុង​នេះ​ទេ។ ​អញ្ចឹង​យើង​ឃើញ​ថា​ វា​នៅ​មាន​ការ​ខ្វះ​ចន្លោះ។ ​អញ្ចឹង ​បើ​ច្បាប់​នេះ​ចេញ​ទៅ ​យើង​ឃើញ​ថា​ មាន​តែ​អ្នក​ប្រព្រឹត្ត​ទេ​ដែល​ត្រូវ​ទទួល​ទោស។ ​ចំណែក​អ្នក​ផ្តើម​គំនិត ​អ្នក​ផ្សំ​គំនិត​ និង​សហ​ចារី​គ្មាន​ទោស​ទេ។ ​យើង​សូម​ទទូច​ដល់​រដ្ឋសភា​សុំ​ឱ្យ​លោក​ពិនិត្យ​ពិចារណា​ទៅ​លើ​ជំពូក​ទោស​បញ្ញត្តិ​នេះ​ ហើយ​សូម​ឱ្យ​មាន​ការ​បញ្ចូល​នៃ​ការ​ដាក់​ទោសទណ្ឌ​ឲ្យ​អ្នក​ផ្តើម​គំនិត ​អ្នក​ផ្សំ​គំនិត ​និង​សហចារី​មាន​ទោស​ដូច​អ្នក​ដែល​បាន​ប្រព្រឹត្ត​នោះ»។

លោកស្រី​មួរ ​សុខហ៊ួរ ​តំណាង​រាស្ត្រ​គណបក្ស​សម ​រង្ស៊ី ​មិន​បាន​យល់​ស្រប​នឹង​មាត្រា​ក្នុង​ទោស​បញ្ញត្តិ​នៃ​សេចក្តី​ព្រាងច្បាប់​អាស៊ីដ​នេះ​ទេ​ ព្រោះ​វា​ផ្តន្ទាទោស​តែ​ជនល្មើស​ប្រព្រឹត្ត​ផ្ទាល់​ដៃ​ប៉ុណ្ណោះ។ ​ប៉ុន្តែ​មិន​បាន​ផ្តន្ទាទោស​អ្នក​ផ្សំ​គំនិត ​និង​អ្នក​ផ្តួច​ផ្តើម​គំនិត​ទេ។

លោក​ស្រី​ មួរ​ សុខហ៊ួរ​បាន​បញ្ជាក់​ថា​ តុលាការ​ពិសេស​មួយ​សម្រាប់​កាត់​ទោស​ករណី​ជនល្មើស​វាយប្រហារ​ដោយជះ​ទឹក​អាស៊ីដ​នេះ​គួរ​តែ​ត្រូវ​បាន​បង្កើត​ឡើង។

លោក​សុន ​ឆ័យ ​តំណាងរាស្ត្រ​គណបក្ស​សម​ រង្ស៊ី ​ដែល​មិន​យល់ស្រប​នឹង​មាត្រា​២០​ បាន​ថ្លែង​ថា ​អំពើ​ហិង្សា​ដោយ​ចេតនា​ទៅ​លើ​អ្នក​ដទៃ​ ដោយ​ប្រើ​អាស៊ីដ​ខ្លាំង​ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំ​ទៅ​៥​ឆ្នាំ។

«បើ​ច្បាប់​នេះ​ចេញ​ទៅ​នោះ ​ករណី​វាយប្រហារ​ដោយ​ទឹក​អាស៊ីដ​មុនៗ​មក​នោះ​ មាន​ការ​ជះ​ទឹក​អាស៊ីដ​ដល់​ស្ត្រី​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​រួច​ខ្លួន​ជា​ផ្លូវការ​ ហើយ​ការប្រើប្រាស់​ច្បាប់​ថ្មី​នេះ​ ហាក់​ដូច​ជា​នាំ​ដល់​ការ​ផ្តល់​និទណ្ឌ​ភាព​ស្របច្បាប់​តែ​ប៉ុណ្ណោះ»។

លោក​ជាម​ យៀប ​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ បាន​ថ្លែង​ថា​ ជន​ល្មើស​វាយប្រហារ​ដោយ​ជះ​ទឹកអាស៊ីដ ​និង​អ្នក​នៅ​ពីក្រោយ​ខ្នង​ ត្រូវ​ទទួល​ទោស​តាម​ច្បាប់​ដូច​គ្នា​ បើ​ទោះ​បី​ជា​សេចក្តី​ព្រាងច្បាប់​អាស៊ីដ​នេះ​ មិន​បាន​ចែង​អំ​ពី​អ្នក​នៅ​ក្រោយ​នៃ​ការ​វាយ​ប្រហារ​ដោយជះ​ទឹក​អាស៊ីដ​ក៏​ដោយ។

«យើង​មិន​ចាំបាច់​ចែង​នៅ​ក្នុង​សេចក្តី​ព្រាងច្បាប់​អាស៊ីដ​ទៀត​ទេ។​ ជំពូក​ទី​បី​នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា ​អ្នក​ដៃ​ដល់ ​អ្នក​ឃុបឃិត​ អ្នក​ផ្សំគំនិត​ត្រូវ​មាន​ទោស​ដូច​គ្នា។ ​អ្នក​ដែល​ឃុបឃិត​ក្នុង​បទ​ឧក្រិដ្ឋ​ត្រួវ​ទទួល​បទ​ឧក្រិដ្ឋ។ ​អ្នក​ដែល​ឃុបឃិត​ក្នុង​បទ​មជ្ឈឹម ​ត្រូវ​ទទួល​ទោស​បទ​មជ្ឈឹម។

នាងតាត ម៉ារីណា អតីត​តារា​សម្តែងការ៉ាអូខេ ដែល​បាន​រងគ្រោះ​ដោយ​ការវាយ​ប្រហារ​ទឹក​អាស៊ីដ។
នាងតាត ម៉ារីណា អតីត​តារា​សម្តែងការ៉ាអូខេ ដែល​បាន​រងគ្រោះ​ដោយ​ការវាយ​ប្រហារ​ទឹក​អាស៊ីដ។

ជន​រងគ្រោះ​ជា​ច្រើន ​ដូច​ជា​តួ​សម្តែង​នាង​តាត ​ម៉ារីណា ​និង​ម្តាយ​មីង​របស់​នាង​អ៊ិន​ សូលីដា ​អតីត​បវរ​កញ្ញា​ទេសចរណ៍​ បាន​រង​ការ​វាយ​ប្រហារ​ដោយទឹក​អាស៊ីដ​ ពី​ភរិយា​មន្ត្រី​ជាន់​ខ្ពស់​នៅ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ម្នាក់​ និង​អតីត​មន្ត្រី​ជាន់​ខ្ពស់​កង​រាជ​អាវុធ​ហត្ថ​ម្នាក់។

ជន​រងគ្រោះ​ដោយ​ការ​វាយ​ប្រហារ​ដោយ​ជះ​ទឹក​អាស៊ីដ​ផ្សេង​ទៀត​គឺ​នាង​ គីម ​ឡេង។ ​កំណើន​នៃ​ការវាយប្រហារ​ទឹក​អាស៊ីដ​នេះ​ត្រូវ​ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង ​អង្គការ​សង្គម​ស៊ីវិល​ និង​ជន​រងគ្រោះ​បញ្ជាក់​ថា​ គេ​ត្រូវ​មាន​ច្បាប់​ដ៏​ល្អ​មួយ​សម្រាប់​ដាក់​ទោស​ទណ្ឌ​ឱ្យ​បាន​ធ្ងន់ធ្ងរ​ដល់​ជន​ដៃ​ដល់ ​និង​អ្នក​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ។

អ្នកស្រី​ គីម ​ឡេង ​អាយុ​២៧​ឆ្នាំ ​រស់​នៅ​ភូមិ​នាងកុក ​ឃុំ​បាក់ខ្លង​ ស្រុក​មណ្ឌលសីម៉ា​ ខេត្ត​កោះកុង​ បាន​និយាយ​ថា​ អ្នកស្រី​បាន​រលាក​ទឹក​អាស៊ីដ​នៅ​ដៃ​ស្តាំ ​ក ​ដើមទ្រូង ​ភ្លៅ​ ដោយសារ​ការ​វាយប្​រហារ​ដោយទឹក​អាស៊ីដ​ ពី​គូ​ដណ្តឹង​នៅ​ក្នុង​ខែ​កក្កដា ​ឆ្នាំ​២០១១​នេះ ​បន្ទាប់​ពី​បាន​ផ្តាច់​ពាក្យ។

នាង​គីម​ ឡេង​បាន​បញ្ជាក់​ថា​ នាង​ចង់​ឱ្យ​មាន​ការ​កាត់ទោស​ជន​ល្មើស​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ ​ប៉ុន្តែ​ច្បាប់​នោះ​មិនត្រូវ​ដាក់​ទោស​ស្រាល​ដល់​ជន​ល្មើសបែបនេះ​ទេ។

«បើសិន​ជា​ចាប់​វា​បាន​ ​ខ្ញុំ​ចង់​ឱ្យ​ដាក់ទោស​វា​អស់​មួយ​ជីវិត​តែ​ម្តង​ ពីព្រោះ​វា​ជា​មនុស្ស​សាហាវ​ឃោរឃៅ។ ​បើ​តាម​ចិត្ត​ខ្ញុំ​ ខ្ញុំ​ចង់​ចាប់​ជនល្មើស​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ​ដាក់ទោស​ចាប់​ពី​៣០​ឆ្នាំ​ឡើង​ទៅ»។

លោក​វេជ្ជបណ្ឌិត​ហង ​ឡៃរ៉ាប៉ូ​បាន​បញ្ជាក់​ថា​ អង្គការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ដោយ​អាស៊ីដ​នេះ​បាន​ទទួល​ព្យាបាល​ជន​រងគ្រោះ​ដោយសារ​ទឹក​អាស៊ីដ​ចំនួន​៣៤៥​នាក់​ រហូត​មក​ដល់​ពេល​នេះ។

រដ្ឋ​សភា​គ្រោង​នឹង​អនុម័ត​សេចក្តី​ព្រាងច្បាប់​អាស៊ីដ​ខ្លាំង​នេះ​នៅ​សប្តាហ៍​ក្រោយ៕

XS
SM
MD
LG