ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកតាក់តែង​ច្បាប់​អាមេរិកាំង​ស្នើ​ច្បាប់​និង​ថ្លែង​សារ​ធ្ងន់ៗ​ព្រមាន​លោក​ហ៊ុន សែន


រូបឯកសារ៖ លោក លីនស៊ី ហ្ក្រែម (Lindsey Graham)​ នៃ​គណបក្ស​សាធារណរដ្ឋ​ លោក Richard Blumenthal ​នៃ​គណបក្ស​ប្រជា​ធិប​តេយ្យ​​និង​លោក ម៉ាកូ រូប៊ីអូ​ (Marco Rubio) នៃ​គណបក្ស​សាធារណរដ្ឋ ថ្លែង​នៅ​រដ្ឋសភាក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០១៤។ (រូបថត AP)

ខុសពីសេចក្តី​ស្នើ​ច្បាប់​​លើកមុន​ដែល​សហរដ្ឋ​អាមេរិក​ផ្តោតការព្រួយ​បារម្ភ​ខ្លាំង​លើ​បញ្ហា​សិទ្ធិ​មនុស្ស​និង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ សេចក្តីស្នើច្បាប់​ថ្មី​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការព្រួយ​បារម្ភ​របស់​សហរដ្ឋ​អាមេរិក​ពី​ឥទ្ធិពល​ចិន​នៅ​កម្ពុជាផងដែរ។

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​មួយ​ក្រុម​បាន​ស្នើ ច្បាប់​មួយ​ដើម្បី​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យនៅ​កម្ពុជា​ខណៈ​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិប​តេយ្យកាន់តែ​ធ្លាក់ចុះ​ហើយ​ឥទ្ធិពលចិន​កំពុងតែ​កើន​ឡើងជាលំដាប់។​

សេចក្តី​ស្នើ​ច្បាប់​នេះ​ហៅ​ថា​«ច្បាប់ស្តីពី​ការទទួលខុស​ត្រូវ​របស់​កម្ពុជា​និង​ការវិល​ត្រឡប់​វិញ​នូវការវិនិយោគ‍» ឆ្នាំ​២០១៩ (ហៅកាត់ថា CARI Act ឬS.1468) ត្រូវ​បានស្នើ​ឡើងវិញ​ជាថ្មី​ដោយ​សមាជិកព្រឹទ្ធសភា​ចំនួន​៣រូប​ដែល​មក​ពីគណបក្ស​ទាំងពីរ ​គឺលោក លីនស៊ី ហ្ក្រែម (Lindsey Graham)​ នៃ​គណបក្ស​សាធារណរដ្ឋ​ លោក ឌីក ដឺប៊ីន​ (Dick Durbin) ​នៃ​គណបក្ស​ប្រជា​ធិប​តេយ្យនិង​លោក ម៉ាកូ រូប៊ីអូ​ (Marco Rubio) នៃ​គណបក្ស​សាធារណរដ្ឋ​ កាលពីពាក់​កណ្តាលខែ​ឧសភា​ដើម្បី​ជំរុញ​ឱ្យ​អនុវត្ត​ឱ្យ​បាន​ពេញ​លេញ​នូវស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​ជាមួយ​នឹង​សហគមន៍​អន្តរជាតិ​នៅ​ឆ្នាំ​១៩៩១។

ខុសពីសេចក្តី​ស្នើ​ច្បាប់លើកមុន​ដែល​សហរដ្ឋ​អាមេរិក​ផ្តោតការព្រួយ​បារម្ភ​ខ្លាំង​លើ​បញ្ហា​សិទ្ធិ​មនុស្ស​និង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ សេចក្តីស្នើច្បាប់​ថ្មី​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការព្រួយ​បារម្ភ​របស់​សហរដ្ឋ​អាមេរិក​ពី​ឥទ្ធិពល​ចិន​នៅ​កម្ពុជាផងដែរ។

លោក លីនស៊ី ហ្ក្រែម (Lindsey Graham) ​ប្រធាន​គណៈកម្មាធិការនីតិកម្ម​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិកនិង​ជាសមាជិកព្រឹទ្ធសភា​មក​ពីរដ្ឋ South Carolina ​បាន​បញ្ជាក់ប្រាប់​វីអូអេ​ថាលោក​«ព្រួយបារម្ភខ្លាំង‍»​ពីឥទ្ធិពលចិន​នៅ​កម្ពុជា​និង​ថារដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​បញ្ឈប់‍​ការធ្វើ​ទុក្ខ​បុក​ម្នេញអ្នកនយោបាយ​ប្រឆាំង។

លោក​បាន​បន្ថែម​ថា៖

«វាជាការសំខាន់ណាស់​ដែល​ត្រូវ​តែ​ជំរុញឱ្យ​ថយក្រោយវិញ‍»។​

រូបឯកសារ៖ លោក Lindsey Graham ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ប្រទេស​តួកគី កាលពី​ថ្ងៃ​ទី១៩ ខែមករា ឆ្នាំ២០១៩។ (រូបថត Reuters)
រូបឯកសារ៖ លោក Lindsey Graham ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ប្រទេស​តួកគី កាលពី​ថ្ងៃ​ទី១៩ ខែមករា ឆ្នាំ២០១៩។ (រូបថត Reuters)

សេចក្តី​ស្នើច្បាប់CARI Act នេះ​តម្រូវ​ឱ្យ​ប្រទេស​កម្ពុជា​ «ការពារ​អធិបតេយ្យ​ខ្លួន​ពីការ​ចូល​ជ្រៀត​ជ្រែក​‍» ពី​ប្រទេស​កុម្មុយនិស្ត​ចិនហើយ​ក៏​ទាមទារ​ឱ្យ​ដោះលែងនិង​ទម្លាក់ចោល​ការចោទ​ប្រកាន់មេដឹកនាំគណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ជាប់​ឃុំឃាំង​ក្នុង​លំនៅដ្ឋាន​និង​ខ្លះកំពុងនីរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស។ ​

សេចក្តី​ស្នើ​ច្បាប់​ចែងថា៖

«ដោះលែង​លោកកឹមសុខា អ្នកនយោបាយ​ប្រឆាំង​ឱ្យ​រួចផុត​ពី​ការឃុំឃាំង​នៅ​លំនៅដ្ឋាន​ជាបន្ទាន់​និង​គ្មាន​លក្ខខណ្ឌ​ហើយ​ទម្លាក់ចោល​រាល់ការចោទប្រកាន់​ដែល​មាន​លក្ខណៈ​នយោបាយ​ប្រឆាំង​នឹង​លោក‍»។​

សេចក្តី​ស្នើ​ច្បាប់​នោះ​បន្ថែម​ទៀតថា៖

«ទម្លាក់ចោល​ការចោទប្រកាន់​ព្រហ្មទណ្ឌ​ដែល​មាន​លក្ខណៈ​នយោបាយ​ប្រឆាំង​នឹង​អ្នកនយោបាយបក្ស​ប្រឆាំង​ដទៃ​ទៀត​ដែល​ក្នុងនោះ​មាន​លោក​សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង​និង​អ្នករិះគន់​រដ្ឋាភិបាល​ជាច្រើន​រូបទៀត​និង​អ្នកសារព័ត៌មាន​ដោយ​រួមទាំង​អ្នកសារព័ត៌មាន​វិទ្យុអាស៊ីសេរី គឺ​លោក អ៊ួន ឈិន ​និង​លោក​យាង សុធារិន្ទ»។

សេចក្តីស្នើ​ច្បាប់​នេះ​ក៏បាន​ទាមទារ​ឱ្យ​ដោះលែង​ដោយ​ឥតលក្ខខណ្ឌ​និង​ជាបន្ទាន់​សមាជិក​គណបក្ស​នយោបាយ​ដទៃទៀតនិង​សកម្មជន​អង្គការ​សង្គមស៊ីវិល​ហើយ​លុបចោល​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពីគណបក្សនយោបាយ​ដែល​បាន​ធ្វើ​ឡើង​កាលពីឆ្នាំ​២០១៧និង​២០១៩។

សេចក្តី​ស្នើច្បាប់​CARI Act ក៏តម្រូវ​ឱ្យ​បង្កកទ្រព្យ​សម្បត្តិ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែលមាន​ទ្រព្យ​ធន​រក្សា​ទុក​នៅសហរដ្ឋ​អាមេរិក​និង​ក៏​ទាមទារ​ឱ្យ​សហរដ្ឋ​អាមេរិក​ប្រឆាំង​ជំទាស់​រាល់​ប្រាក់​កម្ចី​ទៅ​ប្រទេស​កម្ពុជា​ផង​ដែរ។

ក្រៅពីច្បាប់​នេះ​នៅមាន​សេចក្តីស្នើ​ច្បាប់​ចំនួន​បី​ទៀត​ដែលសមាជិកព្រឹទ្ធសភា​និង​អ្នកតំណាង​រាស្រ្ត​សហរដ្ឋ​អាមេរិក​បាន​ស្នើ​ឡើងដែលពាក់ព័ន្ធ​នឹង​កម្ពុជាក្នុងនោះ​គឺ​«ច្បាប់​ស្តីពី​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា‍» (HR526) និង​ច្បាប់ពីរ​ដែលស្នើឡើង​ដោយ​សភាតំណាងរាស្ត្រ​និង​ព្រឹទ្ធសភាដូចគ្នា​ដើម្បី​ពិនិត្យមើល​ឋានៈអនុគ្រោះពន្ធ​ដែល​កម្ពុជា​ទទួល​បាន​គឺ​«ច្បាប់ស្តីពី​ពាណិជ្ជកម្ម​កម្ពុជា‍»។ ច្បាប់ទាំងនេះ​មាន​គោលដៅ​ស្តារលទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅកម្ពុជា​ឡើងវិញដោយ​សារ​តែបាន​ធ្លាក់ចុះ​ក្រោយពី​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​នៅ​ចុងឆ្នាំ​២០១៧ដោយ​អំណាច​តុលាការ​កំពូលដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ ​

រហូតមក​ដល់​ពេល​នេះ​មាន​អតីតមន្ត្រីថ្នាក់មូលដ្ឋាន​នៃគណបក្ស​សង្គ្រោះជាតិ​ចំនួន​១៤០​នាក់​ហើយ​ត្រូវ​បាន​តុលាការ​និង​នគរបាល​កោះហៅ​ទៅសាកសួរ​ពាក់​ព័ន្ធ​នឹង​ការរំលោភ​សាលដីកា​តុលាការ​កំពូល​និង​ជាអ្វី​ដែល​អាជ្ញា​ធរ​ចាត់​ទុក​ថា​ជាវិធានការ​ទាក់​ទង​នឹង​កិច្ច​ការ​សន្តិ​សុខ​ជាតិ។​

លោក ស្ទីវ ឆាបុត​ អ្នកតំណាងរាស្រ្ត​នៃគណបក្សសាធារណរដ្ឋ​ដែលមក​ពីរដ្ឋ​អូហៃយូ​បាន​ប្តេជ្ញា​ថា​នឹង​ខិតខំ​បន្ថែម​ទៀត​ដើម្បី​ទាមទារ​ឱ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក ​ឆាបុត បាន​បញ្ជាក់​ប្រាប់វីអូអេ​តាម​សារអេឡិកត្រូនិក​ថា៖

«នឹង​មាន​ផលវិ​បាក​ចំពោះ​លោកហ៊ុន សែន​ចំពោះការ​បន្ត​យាយីរំខាន​អ្នកប្រឆាំង។ ផ្អែកលើ​សកម្មភាព​នាពេលថ្មីៗ​របស់​គាត់​គឺជាការណ៍​សំខាន់​ថែមទៀត​ដែល​រដ្ឋសភា​ត្រូវតែ​អនុម័ត​ច្បាប់​ដូចជា​«ច្បាប់ស្តីពីពាណិជ្ជកម្ម​កម្ពុជា‍‍»​។ យើង​សង្ឃឹម​ថា​នេះ​គឺ​ជា​អ្វី​ដែល​គណៈកម្មាធិការ​ហិរញ្ញវត្ថុ​នឹង​ពិនិត្យ​មើល​ចំណុចខ្លះ​ដើម្បី ឆ្លើយត​ប​នឹង​ចំណាត់ការនាពេលថ្មីៗនេះ​របស់​លោក​ហ៊ុន សែន‍»។

រូបឯកសារ៖ លោក​តំណាងរាស្ត្រ​ ស្ទីវ ឆាបុត (Steve Chabot) ផ្តល់​បទសម្ភាសន៍​ផ្តាច់​មុខ​ជាមួយ​នឹង​លោក​ សុខ ខេមរា នៃ​ VOA កាលពី​ថ្ងៃទី១ ខែវច្ឆិកា ឆ្នាំ២០១៧ នៅ​ការិយាល័យ​របស់​លោក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន អំពី​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។ (VOA Khmer)
រូបឯកសារ៖ លោក​តំណាងរាស្ត្រ​ ស្ទីវ ឆាបុត (Steve Chabot) ផ្តល់​បទសម្ភាសន៍​ផ្តាច់​មុខ​ជាមួយ​នឹង​លោក​ សុខ ខេមរា នៃ​ VOA កាលពី​ថ្ងៃទី១ ខែវច្ឆិកា ឆ្នាំ២០១៧ នៅ​ការិយាល័យ​របស់​លោក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន អំពី​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។ (VOA Khmer)

យ៉ាងណាក៏ដោយ​រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ថា​ការលើកឡើង​របស់​អ្នកតំណាងរាស្រ្ត​និង​សមាជិក​ព្រឹទ្ធសភា​ធ្វើឡើង​គឺ​«គ្រាន់តែជានិន្នាការនយោបាយ​‍»ដែល​មិន​«ឆ្លើយនឹង​ការពិត​‍»​នៅ​កម្ពុជា‍​ទេ​ហើយ​ថា​កិច្ច​ព្រមព្រៀង​សន្តិភាពទីក្រុង​ប៉ារីស​បាន​ផុត​សុពលភាព​ហើយ។​

លោកផៃ ស៊ីផាន​រដ្ឋមន្ត្រី​អមប្រតិភូ​នាយក​រដ្ឋ​មន្ត្រី​និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«ដូច្នេះ​ការលើកឡើង​គ្រាន់ជាការ​ស្រមើស្រម៉ៃ​ជ្រៀតជ្រែក​ចូល​ក្នុងការត្រួតត្រា​លើ​កម្ពុជា​នោះទេ‍»។​

លោក​ផៃ​ស៊ីផាន​បាន​បន្ថែមថាសំណុំ​រឿង​មេបក្ស​ប្រឆាំង​ស្ថិតនៅក្នុងដៃតុលាការ​ដែល​ត្រូវ​តស៊ូ​តាម​ផ្លូវច្បាប់៖

«បើសិនជា​អ្នកនយោបាយ​ហ្នុង​ដែល​ពេញចិត្ត​ថា​ជួយ​កឹម សុខា​គួរតែស្វែងរកមូលនិធិណា​ដើម្បីរក​មេធាវី​ត្រឹមត្រូវ​ក្នុង​ការតតាំង​ខាងរឿង​ក្តីដែលជាដំណើរការយុត្តិធម៌​ហើយ​ខ្លួន​ខ្ញុំ​ផ្ទាល់​សូម​ជម្រាប​ជូន​ដល់​សមាជិកព្រឹទ្ធសភា​មួយ​ចំនួននោះ​បន្ថយ​សកម្មភាព​ដើម្បី​កុំ​ឱ្យ​មាន​ជា​បន្ទុក​បន្ថែម​ទៅលើ​ការសង្ស័យ​ទៅលើ​កឹម សុខាដែល​គេ​ចោទ​ប្រកាន់​ថា​អាយ៉ង​របស់​បរទេស​ឬក៏​ធ្វើការជាមួយ​បរទេស​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​លទ្ធផល​នៃ​ការបោះឆ្នោត‍»។

រូបឯកសារ៖ លោក​ ផៃ ស៊ីផាន​ អ្នកនាំ​ពាក្យទីស្តី​ការ​គណរដ្ឋមន្ត្រី​ផ្តល់បទសម្ភាសដល់សំឡេង​សហរដ្ឋ​អាមេរិក​វីអូអេ​, នៅរាជធានីភ្នំពេញ, នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ​២០១៨។ (អូន ឆេងប៉​រ​/ VOA)
រូបឯកសារ៖ លោក​ ផៃ ស៊ីផាន​ អ្នកនាំ​ពាក្យទីស្តី​ការ​គណរដ្ឋមន្ត្រី​ផ្តល់បទសម្ភាសដល់សំឡេង​សហរដ្ឋ​អាមេរិក​វីអូអេ​, នៅរាជធានីភ្នំពេញ, នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ​២០១៨។ (អូន ឆេងប៉​រ​/ VOA)

លោកផៃ ស៊ីផាន​បាន​អះអាង​ថា​កម្ពុជា​មិនក្រោម​ឥទ្ធិពល​របស់​ចិន​ទេ ​ហើយ​នៅ​តែជា​មិត្ត​ល្អ​និង​គោរព​អ្វី​ដែល​ជា​ផលប្រយោជន៍​សហរដ្ឋ​អាមេរិក‍។​

ប្រទេសចិន​គឺ​ជា​អ្នកវិនិយោគ​ទុន ​អ្នកផ្តល់ជំនួយ ​ដៃគូ​ពាណិជ្ជកម្ម​និង​ជាប្រភព​ទេសចរណ៍​ដ៏ធំ​ជាង​គេ​បំផុត​របស់កម្ពុជា។ រីឯ​ទំនាក់​ទំនង​យោធា​និង​យោធា​វិញ​គឺ​ប្រទេស​ទាំងពីរ​កាន់តែ​ឈាន​ចូល​មក​កៀក​គ្នា​ជាលំដាប់​ចាប់តាំងពីឆ្នាំ​២០១០មក។ ប៉ុន្តែ​ទំនាក់ទំនង​យោធា​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​មិន​ដំណើរការល្អ​ចាប់តាំងពីឆ្នាំ​២០១៧​មក​ដោយ​កម្ពុជា​បាន​ប្រកាស​ផ្អាក​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​រវាង​ប្រទេស​ទាំងពីរ​ដោយ​គ្មាន​ពេល​កំណត់។ សហរដ្ឋ​អាមេរិក​ក៏​ព្រួយ​បារម្ភ​ថាចិន​នឹង​ប្រើប្រាស់​កម្ពុជា​ធ្វើ​ជាមូលដ្ឋាន​ទ័ព​ជើង​ទឹក​នៅ​ក្នុង​ពេល​អនាគត​ផងដែរ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែលនៅ​ក្រៅ​ប្រទេសបាន​ស្វាគមន៍​សេចក្តីស្នើច្បាប់CARI Act ​នេះហើយ​ថា​វា​ជាច្រក​ដែលនឹង​ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា។​

លោកប៉ុន សៅរី ​អគ្គលេខាធិការ​នៃ​គណបក្ស​សង្គ្រោះជាតិ​ក្រៅប្រទេស​ដែល​ទើប​បង្កើត​ឡើង​កាលពី​ពេល​ថ្មីៗនេះ​សម្តែង​ក្តីសង្ឃឹមថាច្បាប់នេះ​នឹង​ត្រូវ​បាន​អនុម័ត​នៅឆ្នាំ​២០១៩​នេះ៖

«ច្បាប់នេះ​មិនមែនត្រឹមតែបម្រើ​នូវផលប្រយោជន៍​លទ្ធិប្រជាធិបតេយ្យហើយ​នាំ​ត្រឡប់​មក​វិញ​នូវ​គណបក្ស​សង្គ្រោះជាតិ​ក៏​ដូច​ជា​នាំ​ឱ្យ​មាន​ការដោះលែង​លោក​ប្រធាន​កឹម សុខា​និង​ការទម្លាក់​ចោល​ការចោទ​ប្រកាន់​ដ៏ផ្តេសផ្តាស​ទៅលើ​លោក​ប្រធាន​ស្តីទី​សមរង្ស៊ី ពីសំណាក់​របប​ផ្តាច់ការ​និង​តុលាការ​ដែល​ជា​ឧបករណ៍​នយោបាយ​របស់​ជន​ផ្តាច់ការហ៊ុន សែន​ប៉ុណ្ណោះ​ទេ​ ហើយ​ច្បាប់​នេះ​ក៏​នឹង​ធ្វើ​ឱ្យ​មាន​វិសាល​ភាព​ហើយ​ជាផែនការសកម្មភាព​មួយ​ក្នុងចំណោម​ផែនការសកម្មភាព​ធំៗ​ដើម្បី​សម្រេច​គោលដៅ​សហរដ្ឋ​អាមេរិក​ផង​និង​ដើម្បី​សម្រេច​គោលដៅ​ក្នុងការ​នាំ​ត្រឡប់​លទ្ធិ​ប្រជា​ធិបតេយ្យ​មក​ប្រទេស​កម្ពុជា​ផង‍»។​

លោកសម រង្ស៊ី​សហស្ថាបនិក​គណបក្ស​សង្គ្រោះជាតិ​និង​ជា​ប្រធាន​ស្តីទី​កំពុងរស់នៅ​នីរទេស​ខ្លួន​ក្រៅ​ប្រទេស​បាន​ប្តេជ្ញាជាថ្មី​ថា​នឹង​វិល​ត្រឡប់​ទៅវិញ​នៅឆ្នាំ​២០១៩នេះ។ លោកធ្លាប់​បាន​ប្តេជ្ញា​ថា​លោក​នឹង​រក​វិធី​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជាវិញ​នៅឆ្នាំ​២០១៨​នៅមុន​ការបោះឆ្នោត​សាកល​ប៉ុន្តែ​ត្រូវ​បាន​ខកខាន៕​

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG