អ្នកតំណាងរាស្រ្តសហរដ្ឋអាមេរិកគាំទ្រជំហររបស់ក្រសួងការបរទេសដែលស្នើសុំឱ្យកម្ពុជាគោរពលទ្ធិប្រជាធិបតេយ្យពហុបក្សពិតប្រាកដបន្ទាប់ពីមានការធ្វើទុក្ខបុកម្នេញលើអតីតមន្ត្រីគណបក្សប្រឆាំងតាមផ្លូវតុលាការនិងការស្លាប់បាត់បង់ជីវិតសកម្មជនម្នាក់។
ប្រតិកម្មនេះកើតឡើងក្រោយពីមានអតីតមន្ត្រីថ្នាក់មូលដ្ឋាននៃគណបក្សសង្គ្រោះជាតិជាង១០០នាក់ត្រូវបានតុលាការកោះហៅជាបន្តបន្ទាប់ទៅសាកសួរពាក់ព័ន្ធនឹងការសង្ស័យថា បានរំលោភសាលដីការតុលាការកំពូលដែលបានរំលាយគណបក្សសង្គ្រោះជាតិនិងការស្លាប់សកម្មជនឈ្មោះទិត្យ រ៉ន ពេលជាប់នៅក្នុងកន្លែងឃុំឃាំងរបស់ប៉ូលិសខេត្តកំពង់ចាម។
លោក អ៊ីលៀត អេងហ្គល (Eliot Engel) ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាជាតិសហរដ្ឋអាមេរិកបានសរសេរសារនៅតាមទំព័រធ្វីតធឺរបស់លោកកាលពីថ្ងៃច័ន្ទថា៖
«ខ្ញុំមានការក្រៀមក្រំជាខ្លាំងដោយសារតែមរណភាពគួរឱ្យសង្ស័យរបស់លោកទិត្យ រ៉ន សមាជិកនៃគណបក្សប្រឆាំង។ នេះទំនងជាការរំលោភអំណាចជាថ្មីទៀតនៅក្នុងយុទ្ធនាការបង្ក្រាបរបស់លោកហ៊ុន សែនលើអ្នកនយោបាយប្រឆាំង។ ប្រទេសកម្ពុជាគួរតែបញ្ចប់ការធ្វើទុក្ខបុកម្នេញខាងផ្នែកនយោបាយ»។
រដ្ឋាភិបាលកម្ពុជាបានបើកការបង្រ្កាបទ្រង់ទ្រាយធំលើអ្នកដែលហ៊ានរិះគន់ការដឹកនាំជាង៣០ឆ្នាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដោយបានរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំបំផុតមួយកាលពីចុងឆ្នាំ២០១៧ ហើយបានហាមឃាត់មន្ត្រីគណបក្សនេះចំនួន១១៨នាក់មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ អ្នកសារព័ត៌មានឯករាជ្យនិងអង្គការសង្គមស៊ីវិលមួយចំនួនបានរងការធ្វើទុក្ខបុកម្នេញដោយមានសារព័ត៌មានឯករាជ្យខ្លះបានបិទទ្វារឬប្តូរម្ចាស់គ្រប់គ្រងនិងត្រូវហាមមិនឱ្យផ្សាយលើរលកធាតុអាកាសវិទ្យុFM ហើយថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលសំខាន់ៗមួយចំនួនបានរត់ចាកចេញក្រៅប្រទេស។
កាលពីសប្តាហ៍មុន ក្រសួងការបរទេសសហរដ្ឋអាមេរិកបានសម្តែងការរំខានចិត្ត«យ៉ាងខ្លាំង»ចំពោះមរណភាពនៃលោកទិត្យ រ៉ន ហើយបានស្នើឱ្យមានការស៊ើបអង្កេតឯករាជ្យ។ ក្រសួងការបរទេសក៏បានសម្តែងការព្រួយបារម្ភពីដំណើរការតុលាការប្រឆាំងនឹងអតីតមន្ត្រីបក្សប្រឆាំងផងដែរនិងសុំឱ្យលើកលែងបម្រាមនយោបាយព្រមទាំងដោះលែងអ្នកទោសនយោបាយ។
អ្នកនាំពាក្យក្រសួងការបរទេសគឺអ្នកស្រីMorgan Ortagus បានបញ្ជាក់បន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ថា៖
«យើងក៏ទទូចឱ្យរដ្ឋាភិបាលកម្ពុជាគាំទ្រលទ្ធិប្រជាធិបតេយ្យពហុបក្សពិតប្រាកដនិងធានាថាសកម្មភាពនិងច្បាប់របស់ខ្លួនស្របតាមកាព្វកិច្ចសិទ្ធិមនុស្សរបស់កម្ពុជាក្រោមច្បាប់អន្តរជាតិ»។
លោកអាឡំាង ឡូវឹនសល អ្នកតំណាងរាស្រ្តប្រចំាមណ្ឌល៤៧នៃរដ្ឋកាលីហ្វញ៉ាដែលមកពីខាងគណបក្សប្រជាធិបតេយ្យបានបញ្ជាក់ប្រាប់វីអូអេតាមសារអេឡិកត្រូនិកដែរថា៖
«នាយករដ្ឋមន្ត្រីហ៊ុន សែននិងរបបរបស់គាត់បន្តប្រើកណ្តាប់ដៃដែកផ្តាច់ការនិងរំលោភសិទ្ធិសេរីភាពពលរដ្ឋកម្ពុជា។ យើងមិនត្រូវភ្លីភ្លើតាមទេ។ យើងមិនត្រូវឱ្យពួកគេរំខានបានទេ។ ទោះបីជាគាត់និយាយអ្វីក៏ដោយ ក៏ព្រឹត្តិការណ៍នាពេលថ្មីៗនេះបង្ហាញយ៉ាងច្បាស់ថា គាត់គ្មានចេតនាឱ្យមានរបបប្រជាធិបតេយ្យពហុបក្សនៅកម្ពុជាទេ។ ចេតនាតែមួយគត់របស់គាត់គឺបន្តកាន់អំណាចនិងគ្រប់គ្រង»។
លោកឡូវឹនសល ថារដ្ឋសភាសហរដ្ឋអាមេរិកនឹងចាត់ការឱ្យបានលឿនលើករណីប្រទេសកម្ពុជា។
លោកបានបន្ថែមទៀតថា៖
«រដ្ឋសភារបស់សហរដ្ឋអាមេរិកត្រូវតែចាត់វិធានការទៅមុខឱ្យបានឆាប់រហ័សនិងមានគោលដៅប្រើប្រាស់ឥទ្ធិពលទំាងស្រុងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកប្រឆាំងនឹងលោកហ៊ុន សែននៅមុនពេលគាត់បំផ្លាញទាំងស្រុងនូវលទ្ធភាពនាំយកប្រទេសកម្ពុជាមកកាន់លទ្ធិប្រជាធិបតេយ្យវិញ»។
សមាជិករដ្ឋសភាសហរដ្ឋអាមេរិកដែលមកទាំងពីរគណបក្សបានស្នើសេចក្តីស្នើច្បាប់ចំនួនពីរគឺ«ច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា» និង«ច្បាប់ស្តីពីពាណិជ្ជកម្មកម្ពុជា» ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចនិងបង្កកទ្រព្យសម្បត្តិមន្ត្រីមួយចំនួននៃរដ្ឋាភិបាលកម្ពុជានិងជនទាំងឡាយណាដែលចូលរួមរំលោភសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ រីឯសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកដែលតំណាងឱ្យគណបក្សទាំងពីរដែរក៏បានស្នើឡើងនូវ«ច្បាប់ស្តីពីពាណិជ្ជកម្មកម្ពុជា» ដើម្បីសើរើឋានៈអនុគ្រោះពន្ធទូទៅ (GSP) ដែលកម្ពុជានាំទំនិញមួយចំនួនចូលសហរដ្ឋអាមេរិកដោយរួចពន្ធ។
រហូតមកដល់ពេលនេះ សេចក្តីស្នើ«ច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា»ត្រូវបានគណៈកម្មាធិការកិច្ចការបរទេសអនុម័តរួចរាល់ហើយកាលពីដើមខែមេសានិងរង់ចំាតែសភាពេញអង្គអនុម័តប៉ុណ្ណោះមុននឹងបញ្ជូនបន្តទៅព្រឹទ្ធសភា។
លោកប៉ុន សៅរី អគ្គលេខាធិការនៃគណបក្សសង្គ្រោះជាតិក្រៅប្រទេសបានចាត់ទុកថាជំហររួមគ្នារវាងក្រសួងការបរទេសសហរដ្ឋអាមេរិកនិងគណៈកម្មាធិការកិច្ចការប្រទេសនៃរដ្ឋសភាជាតិដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យគឺជាដំណឹងល្អមួយហើយលោករំពឹងថានឹងមានការចេញសេចក្តីថ្លែងការណ៍បង្ហាញជំហរជាបន្តបន្ទាប់ទៀតដើម្បីលើកទឹកចិត្តដល់អ្នកតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។
លោកបានបន្ថែមថា៖
«អីចឹងមានន័យថាអ្វីទាំងអស់ដែលហ៊ុន សែនកំពុងតែធ្វើ ការបំផ្លាញលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាការបង្ក្រាបឬក៏កម្ចេចរចនាសម្ព័ន្ធរបស់គណបក្សសង្គ្រោះជាតិនៅកម្ពុជាតាមរយៈការប្រើប្រព័ន្ធតុលាការនយោបាយ ជាឧបាយកល ជាឧបករណ៍នយោបាយក្នុងការកម្ចេចគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រជាធិបតេយ្យហើយមានការទុកចិត្តពីប្រជាពលរដ្ឋតែមួយក្នុងប្រទេសកម្ពុជានេះគឺត្រូវបានបកអាក្រាតនិងមិនទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិហើយជាបន្តបន្ទាប់នេះខ្ញុំសង្ឃឹមថានឹងមានសេចក្តីប្រកាសថ្កោលទោសខ្លាំងបន្ថែមទៀត»។
ចំណាត់ការដ៏រាលដាលរបស់តុលាការកម្ពុជាក៏បានធ្វើឱ្យអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាសម្តែងការព្រួយបារម្ភផងដែរ។
លោកប៉ុន សៅរីក៏បានស្នើឱ្យពលរដ្ឋកម្ពុជាដែលនៅក្រៅប្រទេសនិងក្នុងប្រទេសត្រៀមខ្លួនទទួលស្វាគមន៍លោកសម រង្ស៊ី ប្រធានស្តីទីគណបក្សដែលមានគម្រោងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញនៅឆ្នាំ២០១៩នេះដើម្បីបញ្ចប់ការរស់នៅនិរទេសខ្លួនក្រៅប្រទេសហើយជួយស្តារលទ្ធិប្រជាធិបតេយ្យនិងទប់កុំឱ្យប្រទេសកម្ពុជាធ្លាក់ទៅក្រោមឥទ្ធិពលទាំងស្រុងរបស់មហាអំណាចចិន៕