មន្រ្តីសិទ្ធិមនុស្សជំរុញឱ្យអាជ្ញាធរខេត្តត្បូងឃ្មុំគោរពសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ក្មេងស្រីម្នាក់ ដែលរិះគន់នៅលើបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងជនជាតិវៀតណាមដែលរស់នៅលើទឹកដីកម្ពុជា។
ក្មេងស្រីម្នាក់ដែលមានឈ្មោះ សិរី វឌ្ឍនៈ (Serey Vattanak) បានបង្ហោះសារកាលពីថ្ងៃអង្គារនៅលើហ្វេសប៊ុករបស់កញ្ញាថា៖ «ហេតុអ្វីបានជាជនជាតិវៀតណាមមករស់នៅលើដីខ្មែរច្រើនកុះករ។ គេចូលស្រុកយើងតាមអំពើចិត្ត តែប្រសិនបើខ្មែរយើងចូលស្រុកគេវិញតឹងរឹងខ្លាំងណាស់។ ហេតុអ្វីក៏វៀតណាមសំណាងម៉្លេះ...»។
កញ្ញាសរសេរទៀតថា៖ «សម្លាប់វីរបុរសរបស់ខ្មែរបានយ៉ាងជោគជ័យ ទឹកដីខ្មែរក៏លួចបានសម្រេច មកដល់សម័យឥឡូវនេះ យួនចូលសេរីពេញស្រុកខ្មែរទៀត»។
កាលពីព្រឹកថ្ងៃសុក្រ កញ្ញា សិរី វឌ្ឍនៈ ដែលមិនត្រូវបានស្គាល់អត្តសញ្ញាណច្បាស់លាស់នៅឡើយ បានបង្ហោះថា៖ «ដល់ពេលវេលាដែលខ្ញុំត្រូវរងគ្រោះហើយ ព្រឹកនេះមិនដឹងថាខ្ញុំទៅជាយ៉ាងណាទេ គេមកសួររកខ្ញុំបីដងហើយ»។
កញ្ញាបញ្ជាក់បន្ថែមថា៖ «អ្នកណាក៏បានដែរជួយខ្ញុំផង ខ្ញុំដើរដល់ចំណុចទាល់ហើយ ខ្ញុំនៅភូមិជីពាំង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ សូមមេត្តាកុំចាប់ខ្ញុំអី ខ្ញុំគ្មានកំហុសទេ»។
កាលពីថ្ងៃព្រហស្បតិ៍ កញ្ញា សិរី វឌ្ឍនៈ បានបង្ហោះសារនៅលើហ្វេសប៊ុករបស់កញ្ញាថា កញ្ញាបានសម្រេចលុបរាល់សារដែលបានបង្ហោះ «និយាយប៉ះពាល់ដល់ជនជាតិវៀតណាមកន្លងមកឱ្យអស់» ដោយសារ«មានគេស្នើសុំឱ្យលុបជាបន្ទាន់ ប្រសិនបើមិនចង់មានគ្រោះថ្នាក់ និងដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួនខ្ញុំផង»។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីកញ្ញា សិរី វឌ្ឍនៈ បាននៅឡើយទេ។
នាយកទទួលបន្ទុកទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ជំរុញឱ្យអាជ្ញាធរបែងចែកឱ្យដាច់ពីអ្វីដែលហៅថាសេរីភាពបញ្ចេញមតិ និងអ្វីដែលហៅថាបទល្មើស ដើម្បីជៀសវាងការរំលោភបំពានសិទ្ធិសេរីភាពរបស់អ្នកដទៃ។ លោកឱ្យដឹងទៀតថាករណីក្មេងស្រីសិរី វឌ្ឍនៈនេះ គឺ គ្រាន់តែជាការបញ្ចេញមតិរបស់គាត់តែប៉ុណ្ណោះ មិនមែនជាបទល្មើសឡើយ។
លោកថ្លែងថា៖ «អាជ្ញាធរលោកគួរតែបែងចែកឱ្យដាច់អំពីអ្វីជាសេរីភាពក្នុងការបញ្ចេញមតិ និងអ្វីជាបទល្មើស ព្រោះបើយើងមើលទៅក្មេងស្រីនេះហាក់ដូចជាការបញ្ចេញមតិរបស់គាត់ ក្នុងការយល់ឃើញរបស់គាត់ទេ។ យើងមើលទៅវាជាការបញ្ចេញមតិសិទ្ធិសេរីភាពរបស់គាត់ទេ។ អ៊ីចឹងបើសិនជាមានការគំរាមកំហែងការបំភិតបំភ័យណាមួយសម្រាប់គាត់ អាហ្នឹងជារឿងរំលោភសិទ្ធិរបស់គាត់មួយទៀត រំលោភទៅលើសិទ្ធិនិងសន្តិសុខសុវត្ថិភាពផ្ទាល់ខ្លួនទៀត។ ហើយយើងក៏មិនដឹងថាខាងណាដែលគំរាមកំហែងឬបំភិតបំភ័យគាត់ទេ»។
លោក អំ សំអាត បន្ថែមទៀតថា អាជ្ញាធរគួរតែប្រកាន់ភ្ជាប់នូវតួនាទីរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនក្នុងការការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
លោក ថាញ់ សុខវ៉ាត អធិការស្រុកពញ្ញាក្រែក បដិសេធមិនអត្ថាធិប្បាយ ដោយឱ្យអ្នកសារព័ត៌មានវីអូអេទាក់ទងទៅអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំវិញ។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំបាននៅឡើយទេ។
លោក ទ្រី ថេត នាយកប៉ុស្តិ៍រដ្ឋបាលឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា មិនមានសកម្មភាពណាមួយដែលនគរបាលទៅគំរាមកំហែងក្មេងស្រីនោះទេ គ្រាន់តែខាងរដ្ឋបាលចុះទៅសាកសួរចង់ដឹងពីប្រវត្តិរូបរបស់ក្មេងស្រីនោះតែប៉ុណ្ណោះ។ លោកបន្ថែមថាការចុះទៅសួរប្រវត្តិរូបរបស់ក្មេងស្រី គឺជាបញ្ជារបស់ថ្នាក់លើ។
លោកលើកឡើងថា៖ «ខាងលើគេឃើញ ហើយគាត់បង្ហោះហ្វេសប៊ុកដែលគាត់ជាក្មេងអ៊ីចឹង។ គ្រាន់តែថ្នាក់លើគាត់ចង់បានការងារនេះ...ខាងលើគាត់ឃើញគាត់បង្ហោះហ្វេសប៊ុកដូចប្លែកៗ។...អត់មានប៉ះពាល់ដល់គាត់ទេបង និយាយទៅមិនឱ្យគាត់ដឹងផង មានអីទៅសួរនេះ គ្រាន់តែសួរគាត់ឈ្មោះអី រៀនថ្នាក់ទីប៉ុន្មាន តែប៉ុណ្ណឹងទេ»។
ទោះជាយ៉ាងណា មេប៉ុស្តិ៍រូបនេះមិនបានបញ្ជាក់ថាតើការដែលថ្នាក់លើបញ្ជាឱ្យចុះមកសាកសួរអំពីជីវៈប្រវត្តិរបស់ក្មេងស្រីនេះ ក្នុងគោលបំណងអ្វីឡើយ។ លោកបញ្ជាក់ទៀតថានគរបាលក៏មិនបានកោះហៅក្មេងស្រីនោះមកសាកសួរអ្វីឡើយ៕