ក្រោយមានប្រតិកម្មជាបន្តបន្ទាប់ពីសាធារណជនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថារដ្ឋាភិបាលមិនបានអនុញ្ញាតឱ្យមានការវិនិយោគបើកអាជីវកម្មតាក់ស៊ី ដោយប្រើរថយន្តអគ្គិសនី ចំនួន២៥០០គ្រឿងនៅប្រទេសកម្ពុជាឡើយ។
ការបដិសេធរបស់រដ្ឋាភិបាល ក្រោយសារព័ត៌មានក្នុងស្រុក រួមមានកាសែតភ្នំពេញប៉ុស្តិ៍បានចុះផ្សាយ កាលពីថ្ងៃទី១៣ ខែធ្នូ ដោយដកស្រង់ព័ត៌មានពីហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលបានបំពេញទស្សនកិច្ចនៅទីក្រុងហាណូយ នាសប្តាហ៍នេះ។
កាសែតភ្នំពេញប៉ុស្តិ៍បានដកស្រង់តាមព័ត៌មានដែលបង្ហោះនៅលើហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែតក្នុងន័យដើមថា៖ «ក្រុមហ៊ុនVingroup នឹងដាក់ឱ្យដំណើរការអាជីវកម្មក្នុងវិស័យសេវាកម្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនីចំនួន២៥០០គ្រឿងនៅក្នុងរាជធានីភ្នំពេញនៅក្នុងខែមីនា ឆ្នាំ២០២៤និងជាបន្តបន្ទាប់ទៀត នៅក្នុងខេត្តសៀមរាប និងខេត្តព្រះសីហនុ»។
ក្រោយមានប្រតិកម្មជាច្រើនពីសាធារណជន នៅថ្ងៃព្រហស្បតិ៍នេះ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានមួយថាក្រុមហ៊ុនវៀតណាមVingroupពិតជាបានលើកសំណើនិងបង្ហាញបំណងចង់មកវិនិយោគបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនីនៅកម្ពុជាពិតមែន ក្នុងជំនួបរវាងលោក ហ៊ុន ម៉ាណែត និងតំណាងក្រុមហ៊ុនក្នុងទីក្រុងហាណូយ។ ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត «មិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុននោះទេ»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ។
លោក ហ៊ុន ម៉ាណែត បានបញ្ចប់ដំណើរទស្សនកិច្ចនៅទីក្រុងហាណូយនៃប្រទេសវៀតណាម កាលពីថ្ងៃទី១២ ខែធ្នូ។ នៅទីនោះ លោកបានជួបជាមួយលោក ង្វៀន វៀតក្វាង (Nguyen Viet Quang) អគ្គនាយកក្រុមហ៊ុនVingroup ហើយពិភាក្សាអំពីការវិនិយោគ។ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់អំពីគោលនយោបាយកម្ពុជាក្នុងការប្រើប្រាស់នូវថាមពលស្អាត ដែលរួមចំណែកដល់កិច្ចគាំពារ និងថែរក្សាបរិស្ថាន។ លោកនាយករដ្ឋមន្រ្តីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពវិនិយោគលើការផលិតគ្រឿងបង្គុំ និងគ្រឿងបន្លាស់រថយន្តនៅក្នុងប្រទេសកម្ពុជា សម្រាប់ការប្រើប្រាស់នៅក្នុងខ្សែច្រវាក់ផលិតកម្មរថយន្តនៅក្នុងប្រទេសវៀតណាមផងដែរ។ នេះបើតាមព័ត៌មាននៅលើហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ប្រាប់វីអូអេថាការចេញផ្សាយព័ត៌មានកន្លងមកទាក់ទងនឹងការវិនិយោគរថយន្តតាក់ស៊ីដើរដោយអគ្គិសនីនេះ ជារឿងមិនពិតឡើយ។
លោកថ្លែងថា៖ «ដូចនឹងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ហើយថាមានព័ត៌មានផ្សព្វផ្សាយមួយចំនួនហើយនិងមានការចែកចាយតាមបណ្តាញសង្គម ហើយក៏មានការអត្ថាធិប្បាយលើសពីព័ត៌មានពិតដែលកើតឡើង។ មានន័យថានៅពេលដែលសម្តេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតលោកជួបជាមួយនឹងប្រធានក្រុមហ៊ុនVingroup របស់វៀតណាមហ្នឹងគឺប្រធានក្រុមហ៊ុនបានលើកសំណើ និងបង្ហាញចេតនាថាចង់វិនិយោគបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនីហ្នឹងនៅកម្ពុជា។ ក៏ប៉ុន្តែសម្តេចធិបតីនាយករដ្ឋមន្រ្តីអត់មានបានផ្តល់ការយល់ព្រម ឬគោលការណ៍ណាមួយឱ្យក្រុមហ៊ុនមកវិនិយោគនៅកម្ពុជាទេ វាគ្រាន់តែជាសំណើរបស់ក្រុមហ៊ុនតែប៉ុណ្ណោះ»។
អ្នកប្រកបរបររត់ម៉ូតូកង់បីនៅកម្ពុជាយល់ថាវាអាចមានផលប៉ះពាល់ដល់ពួកគេ ប្រសិនបើកម្ពុជាមានអាជីវកម្មតាកស៊ី ដោយប្រើរថយន្តអគ្គិសនីនេះ។
លោក អុំ សាវុធ្ធ អាយុ៤២ឆ្នាំ ដែលប្រកបរបររត់ម៉ូតូកង់បីតាំងពីឆ្នាំ២០០៩ ប្រាប់វីអូអេថាប្រសិនបើមានការវិនិយោគជាក្រុមហ៊ុនតាក់ស៊ីប្រើរថយន្ដអគ្គិសនីនៅកម្ពុជា នោះវានឹងប៉ះពាល់ដល់រូបលោកដែលជាអ្នកប្រកបរបររត់ម៉ូតូកង់បី និងអ្នករត់តាក់ស៊ីធម្មតា ដោយសារតែតម្លៃ។
លោកថ្លែងថា៖ «ប៉ះពាល់ហ្នឹង វាពិតជាប៉ះពាល់ខ្លាំង ព្រោះអី បើសិនជាដូចមានការវិនិយោគរបស់គេចឹង ខ្ញុំជឿថាភ្ញៀវគាត់នឹងអាចទៅខាងហ្នុងច្រើន»។
ចំណែកលោក ពៅ សាង អាយុ៥០ឆ្នាំ អ្នករត់ម៉ូតូកង់បីប្រមាណ៦ឆ្នាំមកហើយ ប្រាប់វីអូអេថាលោកបារម្ភអំពីការបាត់បង់ភ្ញៀវ ដោយសារតែរថយន្តអគ្គិសនីនេះមានតម្លៃឈ្នួលតិចជាង ដូច្នេះអ្នកធ្វើដំណើរលែងជិះម៉ូតូកង់បី។
លោកថ្លែងថា៖ «ពេលតែគេមក គេវាយ(ឱ្យ)តម្លៃថោក យើងផ្ញារជើង។ យើងទៅរកឯណាទៀត ព្រោះអានោះចូលមកចប់ហើយ។ ធនាគារក៏ជំពាក់ ហើយរកក៏មិនបានទៀតចេះទៅ។ បើឥឡូវសព្វថ្ងែប៉ុណ្ណឹងរកអត់បាន សល់២ម៉ឺន៣ម៉ឺនហ្នឹង មិនចង់សល់ទៀត»។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថាបើសិនជាមានការវិនិយោគអាជីវកម្មតាក់ស៊ីដោយប្រើរថយន្តអគ្គិសនី វាជារឿងល្អមួយ ព្រោះកម្ពុជាក៏មានតម្រូវការរថយន្តអគ្គិសនីដែរ ស្របពេលដែលពិភពលោកកំពុងមាននិន្នាការងាកទៅប្រើប្រាស់រថយន្តអគ្គិសនីជំនួសឱ្យរថយន្តដែលប្រើដោយប្រេងឥន្ធនៈ ព្រោះវាមានតម្លៃធូរថ្លៃជាង។
ទោះជាយ៉ាងណា លោកមើលឃើញថាវាក៏មានផលប៉ះពាល់ខ្លះចំពោះអ្នកប្រកបមុខរបរប្រហាក់ប្រហែលគ្នា ដូចជាអ្នករត់កង់បីជាដើម។
លោកថ្លែងថា៖ «ហើយឥឡូវនេះចាប់ផ្តើមមានTaxi(តាក់ស៊ី) យើងមានជាហូរហែរកន្លងមកហើយ ក៏ប៉ុន្តែTaxi ដែលប្រើដោយអគ្គិសនីហើយមានតម្លៃធូរថ្លៃ ហើយប្រើប្រាស់ផលប្រយោជន៍ដូចគ្នា ហើយធូរថ្លៃជាង ខ្ញុំគិតថាពេលហ្នឹងគឺផលប៉ះពាល់ទៅលើកង់បី ទៅលើ Tuk Tuk ហ្នឹងកាន់តែកើតមានហើយ។ អញ្ចឹងប្រាកដជាមានហើយទៅលើPassapp(ផាស់អាប់) ហ្នឹងគឺប្រាកដជាកើតមាន។ នេះគឺជាចរន្ត។ អញ្ចឹងបើសិនជាបងប្អូនប្រជាពលរដ្ឋណាដែលប្រកបមុខរបរផាស់អាប់ក៏ដោយ TukTuk ក៏ដោយ ម៉ូតូកង់បីគ្រប់ប្រភេទណាក៏ដោយ គាត់ត្រូវតែស្វែងយល់អំពីBusiness grow (ការរីកចម្រើនផ្នែកអាជីវកម្ម) Situation(ស្ថានភាព) វាចេះតែវិវឌ្ឍទៅហើយ។ អញ្ចឹងពួកគាត់ទាល់តែត្រៀមលក្ខណៈជាមុន ហើយគិតគូរជាមុន»។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់វីអូអេតាមសារតេឡេក្រាមថាគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣នេះ ត្រីចក្រយានយន្តដែលចុះបញ្ជីសរុបមានជិត១០ម៉ឺនគ្រឿងក្នុងប្រទេសកម្ពុជា ដែលភាគច្រើនប្រកបរបរអាជីវកម្មរត់ឈ្នួល និងមួយចំនួនទៀតយកទៅប្រើប្រាស់តាមភាពចាំបាច់ និងតម្រូវការរៀងៗខ្លួន៕