មន្រ្តីជាន់ខ្ពស់កម្ពុជាអះអាងថារដ្ឋាភិបាលកម្ពុជាមិនមែនជា«អាយ៉ង»របស់វៀតណាម ឬប្រទេសណាមួយឡើយ។
ការអះអាងបែបនេះ ក្រោយការបំពេញទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសវៀតណាម ដែលបញ្ចប់កាលពីថ្ងៃអង្គារ។
ក្នុងសន្និសីទសារព័ត៌មានមួយ ក្រោយបញ្ចប់ទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស លោក តាន់ ហ្សង់ហ្វ្រង់ស័រ ថ្លែងថាប្រជាពលរដ្ឋខ្មែរនាពេលបច្ចុប្បន្នមានការយល់ដឹងពីបញ្ហាភូមិសាស្ត្រនយោបាយទាំងក្នុងតំបន់ និងពិភពលោក។ លោកបន្ថែមថាកម្ពុជាមិនមែនជាអាយ៉ងរបស់ប្រទេសណាមួយឡើយ។
លោកថ្លែងថា៖ «អ្នកអត្ថាធិប្បាយនយោបាយស៊ីអារម្មណ៍មួយចំនួនហៅពេញៗមាត់ រាជរដ្ឋាភិបាលកម្ពុជាថាជាអាយ៉ងយួន។ ពាក្យដ៏ធ្ងន់ធ្ងរនេះនៅពេលនេះ តាមការសង្កេតឃើញខ្ញុំ ឬរបស់យើងទាំងអស់គ្នាស្បើយទៅៗ មិនរបូតពីមាត់របស់ពួកគាត់ឆាប់រហ័សដូចពេលមុនៗទៀតទេ ពីព្រោះតាមមើលទៅគាត់យល់ដឹងថាខ្មែរ មហាជនខ្មែរចាប់ផ្តើម ឬបាននឹងបន្តយល់កាន់តែច្បាស់ពីយន្តការ និងពីគន្លឹះធំៗនៃភូមិសាស្ត្រនយោបាយតំបន់ និងពិភពលោក»។
កាលពីកន្លងទៅ រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាត្រូវបានអ្នកនយោបាយជំទាស់មួយចំនួន និងអ្នករិះគន់លើកឡើងថាជា«អាយ៉ងវៀតណាម» ដោយសារវៀតណាមបានចូលមកទឹកដីកម្ពុជា ហើយបានរៀបចំរដ្ឋាភិបាលថ្មី ក្រោយការផ្តួលរំលំរបបខ្មែរក្រហម។
ក្នុងដំណើរទស្សនកិច្ចទៅប្រទេសវៀតណាម លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យមានការផ្សព្វផ្សាយប្រវត្តិសាស្ត្រអំពីការជួយរបស់វៀតណាមក្នុងការរំដោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍ប៉ុលពត និងសុំកុំមានការយល់ច្រឡំ ក៏ដូចជាបង្កការរើសអើងរវាងប្រទេសទាំងពីរផងដែរ៕
ភ្នំពេញ —