ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​សិទ្ធិ​មនុស្ស​អាមេរិក​ស្នើ​ឲ្យ​កម្ពុជា​បញ្ឈប់​ការ​បង្ក្រាប​លើ​ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី


រូបឯកសារ៖ ក្រុម​អ្នក​គាំទ្រ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ លើក​បដា​ ក្នុង​ពេល​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក នៅ​មុខ​តុលាការ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី១ ខែសីហា ឆ្នាំ​២០២០។

នាយក​រង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស ​(Human Rights Watch)​ ប្រចាំ​នៅ​តំបន់​អាស៊ី​លោក ​Phil Robertson ​បាន​អំពាវនាវ​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ឲ្យ​មន្ត្រី​ការទូត​និង​អង្គការ​ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ​បញ្ឈប់​ការ​បង្ក្រាប​លើ​ក្រុម​អ្នក​តវ៉ា​ដោយ​អហិង្សា។​

មាន​អ្នក​តវ៉ា​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​លោក ​រ៉ុង ឈុន​ យ៉ាង​ហោច​ណាស់​ចំនួន​បី​នាក់ ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ កាល​ពី​សប្តាហ៍​មុន។​

ប្រធាន​សហភាព​សហជីព​កម្ពុជា​លោក ​រ៉ុង ឈុន​ បាន​ត្រូវ​ចាប់​ខ្លួន​ កាល​ពី​យប់​ថ្ងៃទី​៣១ ខែ​កក្កដា​ ក្រោយ​ពី​លោក​បាន​រិះគន់​ចំៗ​អំពី​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​-វៀតណាម។ ក្រោយ​ពីការ​ចាប់​ខ្លួន​នោះ​ ក្រុម​យុវជន​និង​អ្នក​គាំទ្រ​លោក ​រ៉ុង ឈុន ​រាប់​សិប​នាក់​បាន​ធ្វើ​ការ​តវ៉ា​ជាបន្ត​បន្ទាប់ ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​រូប​លោក។​

លោក​ Phil Robertson ​បាន​សរសេរ​ក្នុង​សារ​អេឡិកត្រូនិក ​ឬ​អ៊ីម៉ែល​ជាមួយ​វីអូអេ​ នៅ​ថ្ងៃ​នេះ​ថា៖​ «អ្នក​ការទូត និង​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ចាំបាច់​ត្រូវ​ធ្វើ​សកម្មភាព​គាំទ្រ​សិទ្ធិ​មនុស្ស​ ដោយ​ការ​ចេញ​ទៅ​អង្កេត​ដោយ​ផ្ទាល់​នូវ​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ​និង​ធ្វើ​ការ​ទាមទារ​ជា​សាធារណៈ​ឲ្យ​លោក​ ហ៊ុន សែន ​បញ្ចប់​ការ​បង្ក្រាប»។​

ក្នុង​ចំណោម​អ្នក​ត្រូវ​ចាប់​ខ្លួន​ទាំង​បី​នាក់ ​រួម​មាន​យុវជន​របស់​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ពីរ​រូប ​គឺ​កញ្ញា​ ឈឿន ដារ៉ាវី ​និង​លោក​ ហ៊ុន វណ្ណៈ ​និង​លោក​ សួង សុភ័ណ្ឌ​ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ។​ អ្នក​ទាំង​បី​ត្រូវ​បាន​ចោទ​ពីបទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម។​

បី​ថ្ងៃ​មុន​សេចក្តី​ថ្លែង​ការណ៍​របស់​មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​របស់​សហ​រដ្ឋ​អាមេរិក​ Human Rights Watch ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​បាន​ផ្តល់​ការ​កត់​សម្គាល់​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា​៖ «ទោះបី​ជា​ការ​ជួបប្រជុំ​ទាំង​នោះ​មាន​លក្ខណៈ​សន្តិ​វិធី​ ក៏​យើង​បាន​ឃើញ​នូវ​ការ​ចាប់​ខ្លួន​និង​ឧប្បត្តិហេតុ​មួយ​ចំនួន​នៃការ​ប្រើប្រាស់​កម្លាំង​ហួស​ប្រមាណ​ ទប់​ទល់​នឹង​ក្រុម​បាតុករ​ដែល​ភាគច្រើន​ជា​ស្ត្រី​និង​យុវជន​កម្ពុជា»។​

ជាមួយ​គ្នា​នោះ​ ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​បាន ​«អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​គោរព​សិទ្ធិ​របស់​អ្នក​តវ៉ា ​ក្នុង​ការ​ជួប​ប្រជុំ​និង​សូម​ឲ្យ​ការពារ​អ្នក​ដែល​ប្រើ​សិទ្ធិ​ជួប​ប្រជុំ​នេះ​ផង»។​

ក្នុង​ចលនា​ប្រមូល​ផ្តុំ​ដើម្បី​ធ្វើ​ការ​ទាមទារ​ជា​សាធារណៈ​ឲ្យ​ដោះ​លែង​លោក ​រ៉ុង ឈុន យុវជន​ចំនួន​បួន​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន។ ​ប៉ុន្តែ​ក្រោយ​មក ពួកគេ​ត្រូវ​បាន​ដោះ​លែង​មក​វិញ ​បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​កិច្ច​សន្យា​ចំនួន​បី​សំខាន់ៗ​ គឺ​ការ​មិន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​កាសែត ​មិន​បង្ហោះ​ឬ​ថ្លែង​សារ​ណា​មួយ​ទាក់​ទិន​បញ្ហា​នយោបាយ​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​ (Facebook)​ ដែល​ប៉ះពាល់​រដ្ឋាភិបាល ​និង​មិន​ឲ្យ​ចូលរួម​សកម្ម​ភាព​ដែល​បង្ក​ឲ្យ​មាន​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល។​

លោក​ ថា ឡាវី ​សមាជិក​នៃ​ក្រុម​យុវជន​ខ្មែរ​ថាវរៈ ​និង​ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន ​និង​ដោះ​លែង​មក​វិញ​ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ រាល់​ការ​តវ៉ា​របស់​ក្រុម​លោក​កន្លង​មក ​ជា​ការ​តវ៉ា​ដោយ​អហិង្សា​ប៉ុន្តែ​រមែង​រង​ការ​រារាំង​ដោយ​កង​កម្លាំង​មាន​សមត្ថកិច្ច ​ដែល​មាន​ចំនួន​ច្រើន​លើស​លប់។​ យុវជន​រូបនេះ​ចាត់​ទុក​ថា​ ការ​ឃាត់​ខ្លួន​រូប​លោក​ជា​ការ​គំរាម​បំបិទ​មាត់​មិន​ឲ្យ​ធ្វើ​ការ​តវ៉ា​បន្ត​ទៀត។​

«តាំង​ពី​ធ្វើ​មក​យើង​ប្រកាស​ខ្លួន​ថា​ យើង​ជា​អ្នក​ដែល​ធ្វើ​ដោយ​អហិង្សា​សន្តិវិធី​ គ្រាន់​តែ​ផ្សព្វផ្សាយ​ជា​សំឡេង​មួយ​ដើម្បី​ឲ្យ​បង​ប្អូន​ខ្មែរ​យើង​ឃើញ​ថា​ យើង​ពិត​ជា​ចង់​ឲ្យ​មាន​ការ​ដោះលែង​លោក​គ្រូ ​រ៉ុង ឈុន ​ហើយ​ក៏​ដូច​ជា​យើង​មើល​ថ្ងៃ​ទី​...​ថ្ងៃ​ដែល​យើង​ធ្វើ​នៅ​មុខ​អូឡាំពិក​នោះ​ គ្រាន់​តែ​យើង​ទៅ​និយាយ​ពាក្យ​ត្រឹម​ថា​ យើង​ស្រឡាញ់​ជាតិ​សោះ​គ្រាន់​តែ​គោរព​ភ្លេង​ជាតិ​សោះ​ ក៏​គេ​មក​ប្រើ​កម្លាំង​ហិង្សា​មក​រុញ​មក​ច្រាន​យើង​...​ដាក់​កង​កម្លាំង​ជាច្រើន​ហើយ​ថា​យើង​បង្ក​អសន្តិសុខ​ថា​ យើង​ហ្នឹង​បំពុល​សង្គម»។​

លោក​ សាន សុខសីហា ​អ្នក​នាំពាក្យ​របស់​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ មាន​ប្រសាសន៍​ថា ​ ការ​ដាក់​ពង្រាយ​កម្លាំង​ចំនួន​ច្រើន​នោះ​ជា​ផ្នែក​មួយ​នៃ​ការ​ការពារ​សណ្តាប់​ធ្នាប់​និង​សន្តិ​សុខ​សាធារណៈ។​

«មិន​មិន​មែន​ជា​ការ​ប្រើ​ប្រាស់​កម្លាំង​ដើម្បី​នេះ​អី​ទេ​ គ្រាន់​តែ​ថា​ជា​ធ្វើ​ម៉េច​គ្រាន់​តែ​ថា ​ជា​វិធានការ​ដើម្បី​ទប់​ស្កាត់​ ដើម្បី​កុំ​ឲ្យ​វា​មាន​បញ្ហា​អ្វី​ផ្សេងៗ​កើត​ឡើង​បាទ»។​

ទោះជា​បែប​នេះ​ក្តី​ លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​និង​ការពារ​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ​ (Licadho) ​យល់​ស្រប​នឹង​ការ​អំពាវនាវ​របស់​លោក​ Phil Robertson​ នាយក​រង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​(Human Rights Watch) ​ប្រចាំ​នៅ​តំបន់​អាស៊ី​ ដែលស្នើ​ឲ្យ​បញ្ឈប់​ការ​បង្ក្រាប​ និង​បញ្ឈប់​ការ​ទប់​ស្កាត់​ការ​ធ្វើ​បាតុកម្ម​ ឬ​ការតវ៉ា​ដោយ​សន្តិវិធី។​

លោក ​អំ សំអាត ​មាន​ប្រសាសន៍​ថា ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គួរ​អនុញ្ញាត​ឲ្យ​ការ​តវ៉ា​បាន​បព្រឹត្ត​ដោយ​គ្មាន​ការ​រារាំង​ ប្រសិន​បើ​ការ​តវ៉ា​នោះ​មិន​បង្ក​ហិង្សា។​

អ្នក​តវ៉ា​ដែល​ជា​យុវជន​និង​អ្នក​គាំទ្រ​លោក រ៉ុង ​ឈុន ​មួយ​ចំនួន​បាន​ទទួល​រង​របួស​ក្នុង​ការ​បង្ក្រាប​របស់​កង​សន្តិសុខ​ក្នុង​ទីក្រុង​ភ្នំពេញ ​កាលពី​ពេល​កន្លង​មក។​ ព្រះ​សង្ឃ​ចំនួន​ប្រាំបី​អង្គ​ដែល​និមន្ត​មក​ពី​ខេត្ត​បាត់ដំបង​ ក៏ត្រូវ​បាន​ឃាត់​ព្រះកាយ​ដោយ​មន្ត្រី​សង្ឃ​ និង​អាជ្ញាធរ​ពាក់​ព័ន្ធ​ដើម្បី​ធ្វើ​ការ​សាក​សួរ​ដំណើរ​រឿង​ដែល​ព្រះសង្ឃ​ទាំង​ប្រាំបី​អង្គ​ ចូលរួម​តវ៉ា​ប្រឆាំង​ការ​ចាប់​ឃុំ​ខ្លួន​លោក ​រ៉ុង​ ឈុន ​នោះ​ដែរ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG