អង្គការសិទ្ធិមនុស្ស Human Rights Watch ដែលមានមូលដ្ឋានក្នុងប្រទេសអាមេរិក បាននិយាយថារដ្ឋាភិបាលកម្ពុជាបដិសេធមិនទទួលយកចំណុចសំខាន់ៗដែលក្រុម ប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានស្នើឡើងទាក់ទងនឹងសិទ្ធិជន ស៊ីវិលនិងសិទ្ធិនយោបាយនោះទេ តែបានទទួលយកអនុសាសន៍ចំនួន១៧៣ពីយន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR)។ អង្គការនេះបានបញ្ជាក់ថា៖
«រាជរដ្ឋាភិបាលកម្ពុជាត្រូវតែផ្លាស់ប្តូរគំនិត ហើយទទួលយកអនុសាសន៍ពីយន្តការ ពិនិត្យជាសកលតាមកាលកំណត់ (UPR) ទាក់ទងនឹងសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ រួមទាំងទម្លាក់ចោលបទចោទព្រហ្មទណ្ឌដែលមានចរិកនយោបាយទាំងអស់ ដោះលែងអ្នកទោសនយោបាយ និង កែប្រែច្បាប់កៀបសង្កត់ ដែលរិតត្បិតសិទ្ធិជា មូលដ្ឋាន។ ក្រុមប្រឹក្សាសិទ្ធិមនុស្សត្រូវតែចាត់វិធានការបើរដ្ឋាភិបាលខកខានមិនធ្វើការកែប្រែ»។
បើតាមការអះអាងរបស់អង្គការ Human Rights Watch បានឲ្យដឹងថាខ្លួនគ្មានការ ភ្ញាក់ផ្អើលទេចំពោះរដ្ឋាភិបាលកម្ពុជា ដែលអង្គការនេះបានចោទប្រកាន់ថាវាយ ប្រហារលើប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល ក្រុមអ្នកនយោបាយជំទាស់ និង សំឡេងជំទាស់នានា តាមអ្វីដែលអង្គការសិទ្ធិមនុស្សនេះបានបញ្ជាក់ថា«ដើម្បីប្រើជាលេសក្នុងការរំលោភសិទ្ធិសេរីភាពនានា រដ្ឋាភិបាលបានអះអាងថា អង្គការនីតិប្រតិ បត្តិ មិនអាចច្រៀតជ្រែកក្នុងកិច្ចការចៅក្រម និងព្រះរាជអាជ្ញាបានទេ»។
អង្គការ Human Rights Watch នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន បានបញ្ជាក់ ថា៖ «យើងបានខកចិត្តដែលបានអានការអះអាងមិនពិតរបស់រដ្ឋាភិបាល ដែលថា បច្ចុប្បន្ននេះគ្មានអ្នកទោសនយោបាយក្នុងប្រទេសកម្ពុជា តែតាមពិត មានដល់ទៅ ៣៥នាក់»។
អង្គការនេះបានបន្តថាចាប់តាំងពីដើមឆ្នាំ២០១៩ មកអាជ្ញាធរ និង រាជអាជ្ញាបានកោះ ហៅក្រុមមន្ត្រីគណបក្សជំទាស់និងសកម្មជននានាចំនួន១៤៥នាក់ ហើយអ្នកកាសែត និងក្រុមសកម្មជនបន្តប្រឈមមុខនឹងការយាយីដ៏គ្រោះថ្នាក់ និងចាប់ដាក់ពន្ធនាគារ ចំពោះកិច្ចការរបស់គេ និង ការនិយាយរឿងពិតដោយបើកចំហរនោះ។
អង្គការសិទ្ធិមនុស្ស Human Rights Watch បាននិយាយដែរថាកាលពីឆ្នាំ២០១៤ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាកែទម្រង់ច្បាប់នានាឲ្យស្របទៅនឹងបដ្ឋានអន្តរជាតិ តែជាជំនួសមកវិញ បានអនុម័តច្បាប់ថ្មីៗជាច្រើនដើម្បីរិតត្បិតសេរីភាពនានា សិទ្ធិ បញ្ចេញមតិ និងការជួបប្រជុំផងដែរ។ ក្នុងនោះដូចជាច្បាប់អង្គការ ច្បាប់សហជីព ច្បាប់ទូរគមនាគមន៍ ច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ និងកែរដ្ឋធម្មនុញ្ញនិង អនុ ក្រិត ដើម្បីរិតត្បិតការបញ្ចេញមតិអនឡាញ ដែលជាក្តីបារម្ភរបស់អង្គការនេះ ដែលថា អាចជាទីបញ្ចប់នៃសិទ្ធិសេរីភាពតាមប្រព័ន្ធអនឡាញ ក្នុងប្រទេសកម្ពុជា។
នៅក្នុងសេចក្តីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ នៅឯកិច្ចប្រជុំលើកទី៤១ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស៊្វីស លោកបានលើកឡើងពីការប្រឹងប្រែង កសាងប្រទេសនិងពីការរីកចម្រើនផ្នែកសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ សេរីភាពអង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ សហជីព នៅក្នុងប្រទេសកម្ពុជារាប់ចាប់តាំងពីរបបខ្មែរក្រហមបានដួលរលំនៅឆ្នាំ ១៩៧៩មក ក៏ប៉ុន្តែប្រទេសរបស់លោកមិនទទួលបានការកោតសរសើរ ឬការអបអរសាទរទេ។
លោកថាផ្ទុយទៅវិញសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា«ត្រូវបានលាបពណ៌»ដើម្បីអ្វីមួយដែលលោកហ៊ុន សែន ចាត់ទុកថាគឺជា «ឧបករណ៍នយោបាយសម្រាប់ប្រទេសមហាអំណាចមួយចំនួន»ដើម្បីផ្លាស់ប្តូររដ្ឋាភិបាលរបស់លោក។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រីមិនបានបញ្ចេញឈ្មោះចំៗទៅលើប្រទេសមហាអំណាចដែលលោកបានលើកនោះទេ។ ក៏ប៉ុន្តែលោកបង្ហើបអំពីសម្ពាធរបស់ប្រទេសទាំងនោះដែលបានដាក់លក្ខខណ្ឌជំនួយ និងការដកហូតការអនុគ្រោះពន្ធពាណិជ្ជកម្មមកលើប្រទេសកម្ពុជា ជាថ្នូរទៅនឹងការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។
«វាជារឿងចម្លែកណាស់ ដែលកម្ពុជាត្រូវបានស្នើឲ្យពង្រីកលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សនិងនីតិរដ្ឋ ប៉ុន្តែនៅពេលដែលអាជ្ញាធរអនុវត្តច្បាប់ ពួកគេចោទប្រកាន់យើងពីការរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិ។ ហើយអាក្រក់ជាងនេះទៅទៀត ប្រទេសនិងស្ថាប័នមួយចំនួន បានយកសិទ្ធិមនុស្សធ្វើជាចំណាប់ខ្មាំង ទាក់ទងនឹងការផ្តល់ជំនួយ ឬការអនុគ្រោះផ្នែកសេដ្ឋកិច្ចដល់កម្ពុជា»៕