ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន Huawei រងផល​ប៉ះពាល់​នៅ​ពេល​ដែល​ទណ្ឌកម្ម​របស់​អាមេរិក​ចេញ​ជា​រូបរាង

រូបឯកសារ៖ កញ្ចក់ទូរទស្សន៍មួយបង្ហាញផ្លាកយីហោក្រុមហ៊ុន Huawei របស់ចិន នៅពីក្រោយរូបលោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក ខណៈលោកថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ កញ្ចក់ទូរទស្សន៍មួយបង្ហាញផ្លាកយីហោក្រុមហ៊ុន Huawei របស់ចិន នៅពីក្រោយរូបលោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក ខណៈលោកថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០។

ចាប់​ពី​ថ្ងៃទី​ ១៥ ​ខែកញ្ញា ក្រុមហ៊ុន​ទូរគមនាគមន៍​យក្ស​របស់​ចិន Huawei​ ដែល​ធ្លាប់​ជា​និមិត្ត​រូបនៃ​បច្ចេកវិទ្យា​ជាន់​ខ្ពស់របស់​ចិន ​ត្រូវ​បាន​កាត់​ផ្តាច់​ លែង​ទទួល​បាន​ការ​ផ្គត់ផ្គង់​បន្ទះ​អេឡិចត្រូនិក ​ឬ semiconductor ចាំបាច់​ទៀតហើយ។ ប្រសិនបើ​ជាគ្មាន​បន្ទះ​ chip ទាំង​នោះ ក្រុម​ហ៊ុន Huawei​មិនអាច​បង្កើត​ទូរស័ព្ទទំនើប​ smartphone​ ឬ​ឧបករណ៍ 5G ដែលក្រុម​ហ៊ុន​នេះ ​ពឹង​ផ្អែក​បានទេ។ នេះបើ​យោង​តាម​អ្នក​វិភាគ​ផ្នែក​ពាណិជ្ជកម្ម។

ទណ្ឌកម្ម​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ដ៏​ជោគជ័យ​បំផុត​របស់​ចិន ​ត្រូវបាន​ប្រកាស​ កាលពី​ខែសីហា នៅពេល​ដែល​សហរដ្ឋ​អាមេរិក​ណែនាំច្បាប់​វិន័យ​ថ្មី ដែល​ហាម​ឃាត់​ក្រុម​ហ៊ុន​នេះដែលបង្កើតបន្ទះ​អេឡិចត្រូនិក​ពី​បណ្តា​ប្រទេស​នានា​ដែល​ពឹង​លើ​បច្ចេកវិទ្យា​អាមេរិក​ មិនឲ្យ​លក់បន្ទះ​ chip ទៅឲ្យក្រុមហ៊ុន​ Huawei បើ​មិន​មាន​អាជ្ញាប័ណ្ណ​ពិសេស​ជាមុន។

ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ ក្រុម​ហ៊ុន​ផ្គត់ផ្គង់​មកពី​កូរ៉េខាងត្បូង​និង​តៃវ៉ាន់​ បាន​បង្ហាញ​ថា ​ពួកគេគោរព​តាម​ការ​ដាក់ទណ្ឌកម្ម​នោះ​ ហើយ​ឈប់​ផ្គត់ផ្គង់​បន្ទះ​អេឡិចត្រូនិក​ឲ្យ​ក្រុម​ហ៊ុន Huawei ចាប់​ពី​ថ្ងៃទី ​១៥ ខែកញ្ញា ជា​ថ្ងៃ​ដែល​វិធានការ​ថ្មីប្រឆាំង​នឹង​ក្រុម​ហ៊ុន​ចិន​ត្រូវបាន​អនុវត្ត។

លោក Richard Yu នាយកប្រតិបត្តិផ្នែក​អាជីវកម្ម​របស់​ក្រុមហ៊ុន Huawei​ បាន​និយាយ​កាលពី​ខែ​សីហា​ថា៖ «ជាអកុសល​នៅ​ក្នុង​ទណ្ឌកម្ម​លើក​ទីពីរ​របស់​សហរដ្ឋ​អាមេរិក ក្រុម​ហ៊ុនផលិត​បន្ទះ chip​ ឲ្យ​យើង​ទទួល​បញ្ជាទិញ​ត្រឹមតែ​ថ្ងៃទី ១៥ ខែឧសភា។ ផលិតកម្មបន្ទះ chip ​បាន​ឈប់​កាលពី​ថ្ងៃទី ​១៥ ខែកញ្ញា។ ដោយ​សារមិនមាន​ក្រុម​ហ៊ុន​ផលិត​បន្ទះ chip ​នៅ​ប្រទេស​ចិន ក្រុម​ហ៊ុន Huawei ប្រឈម​នឹង​បញ្ហា​គ្មាន​បន្ទះ​ chip»។

ក្នុង​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​ចិន​ ដើម្បី​ក្លាយជា​ប្រទេស​នាំ​មុខ​គេ​ផ្នែក​បច្ចេកវិទ្យាទំនើប​លើ​សាកល​លោក រោងចក្រ​នានា​ក្នុងពិ​ភពលោក​ មិនទាន់អាច​ផលិត​បន្ទះ​អេឡិចត្រូនិក​កំពូល ​ក្នុង​ផ្នែកសំខាន់​មួយ​គឺបន្ទះ​មីក្រូ chip ដែល​ជាប្រព័ន្ធប្រសាទដំណើរ​ការ​ស្ទើ​តែ​គ្រប់​ឧបករណ៍​បច្ចេកវិទ្យា។

សញ្ញា​សម្គាល់សំខាន់​នៃ​កម្រិត​ស្មុគស្មាញ​របស់​បន្ទះ​មីក្រូ Chip ​គឺ​ថា​តើ​មានត្រង់ស៊ីស្ទ័រ​ប៉ុន្មាន​អាចដាក់​លើ​ផ្ទៃ​របស់​វា​បាន។ បើ​បន្ទះ​មីក្រូ chip មាន​ទំហំ​កាន់តែ​តូច​ ដែល​ប្រើ​រង្វាស់​ណាណូម៉ែត្រ​នោះ​បន្ទះ​មីក្រូ chip​ នោះ​នឹង​កាន់តែ​ទំនើប។

រូបឯកសារ៖ ទូរស័ព្ទទំនើបរបស់ក្រុមហ៊ុន Huawei ត្រូវបានដាក់បង្ហាញនៅក្នុងពិព័រណ៌អេឡិចត្រូនិកអន្តរជាតិប្រចាំទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨។
រូបឯកសារ៖ ទូរស័ព្ទទំនើបរបស់ក្រុមហ៊ុន Huawei ត្រូវបានដាក់បង្ហាញនៅក្នុងពិព័រណ៌អេឡិចត្រូនិកអន្តរជាតិប្រចាំទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨។

ដំណើរ​ការ​ផលិតកម្ម​របស់​ចិន​ដ៏ល្អបំផុត​ត្រូវបាន​ជឿថា ​អាច​ផលិតបន្ទះ​មីក្រូ chip​ ទំហំ​ត្រឹម​ ១៤ ណាណូម៉ែត្រ ​ដែល​យឺត​ជាង​ក្រុម​ហ៊ុន Samsung និង​ក្រុម​ហ៊ុន​ផលិត​បន្ទះ​អេឡិចត្រូនិក​តៃវ៉ាន់ (TSMC) ជាច្រើន​ជំនាន់។ ក្រុម​ហ៊ុន Samsung​ បានឈាន​ដល់​ស្តង់ដារ​នេះ​ កាលពី​ឆ្នាំ ​២០១៤។ ក្រុមហ៊ុន TSMC ដែល​ជា​ក្រុមហ៊ុន​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក​ក្នុង​ការ​បង្កើត​បន្ទះ chip កំពុង​ផលិត​បន្ទះ chip​ ដែល​មាន​ទំហំ​ ៥ ណាណូម៉ែត្រ។

ខណៈ​ដែល​ក្រុម​ហ៊ុន​ផលិត​បន្ទះ​អេឡិចត្រូនិក​ទំនើប​បំផុត​មួយ​ចំនួន​ មាន​មូល​ដ្ឋាន​នៅ​ខាងក្រៅ​សហរដ្ឋ​អាមេរិក ​ឧស្សាហកម្ម​នេះ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឲ្យ​សហរដ្ឋ​អាមេរិក​ ដើម្បី​ផ្គត់ផ្គង់​គ្រប់យ៉ាង​ តាំង​ពីការ​រចនា​កម្មវិធី software ដល់​ឧបករណ៍ផលិត។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ពីដំបូង​បាន​ដាក់​ក្រុម​ហ៊ុន Huawei ក្នុង​បញ្ជីពាណិជ្ជកម្ម​ខ្មៅ​ កាលពី​ខែ​ឧសភា ឆ្នាំ ២០១៩ ដោយ​លើកឡើង​ពី​ការ​បារម្ភ​ទៅ​លើផ្នែកសន្តិសុខ​ជាតិ។ ទោះជា​យ៉ាង​ណា ការ​ហាម​ឃាត់​នេះ មិន​បាន​រួម​បញ្ចូល​បន្ទះ​ chip ដែល​ផលិត​ដោយ​ប្រទេស​ដទៃ​ទេ។ កាលពីខែ​ឧសភា សហរដ្ឋ​អាមេរិក​បាន​បន្ថែមការហាម​ឃាត់​ ដោយ​កាត់​ផ្តាច់ក្រុម​ហ៊ុន Huawei ពី​ក្រុម​ហ៊ុន​ផ្គត់ផ្គង់ពីប្រទេស​ផ្សេងៗ ដែល​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ក្រុម​ហ៊ុន​ផលិត​បន្ទះ​អេឡិចត្រូនិក​ចិន​ផ្ទាល់ ​ដែលមាន​ទីផ្សារ​ក្នុង​ប្រទេស​ចិន។

តើ​ក្រុម​ហ៊ុន Huawei នឹងឆ្លងផុត​ដំណាក់​កាល​នេះទេ?​

វា​នៅ​តែ​មិនមាន​ភាព​ច្បាស់​លាស់​ថា ​តើ​ក្រុម​ហ៊ុន Huawei​ នឹងអាច​ទិញ​បន្ទះ chip ពី​ណា​បាន​ទេ។ ក្រុមហ៊ុន​ផលិត​បន្ទះ chip តៃវ៉ាន់ MediaTek​ បាន​និយាយ​កាលពី​ខែ​មុន​ថា ​ខ្លួន​បាន​ដាក់ពាក្យ​ស្នើសុំ​ទៅ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ ដើម្បី​សុំការ​អនុញ្ញាត​បន្ត​ផ្គត់ផ្គង់​ក្រុម​ហ៊ុន Huawei បន្ទាប់ពី​ច្បាប់​អាមេរិក​ថ្មី​បាន​ចូល​ជាធរមាន។ ក្នុង​ពេល​នេះ ក្រុមហ៊ុន Huawei ត្រូវបាន​គេរាយការណ៍​ថា​ បានស្តុក​ទុក​ស៊ីលីខូន ​ដែល​អាចប្រើប្រាស់​បានពីរឆ្នាំ​ ដើម្បី​អាច​ឲ្យ​អាជីវកម្ម​ខ្លួននៅ​ដំណើរ​ការ​បាន។

លោក Lee ដែល​ការ​ស្រាវជ្រាវ​ផ្តោត​លើ​ការ​រីកចម្រើន​បច្ចេកវិទ្យា​ឌីជីថល​ចិន ​បាន​និយាយ​ថា៖ «ក្នុង​រយៈពេល​ខ្លី​ វា​មាន​ការ​ពិបាក​ក្នុង​ការ​ស្វែង​រកជម្រើស​ណា​ ដែលមានប្រសិទ្ធិភាព​សម្រាប់​ក្រុម​ហ៊ុន​ចិន​នានា​ ដែល​ជា​គោលដៅ​របស់​ការគ្រប់គ្រង​ការនាំចេញ​របស់​សហរដ្ឋ​អាមេរិក​ លើ​បន្ទះ​អេឡិចត្រូនិក»។​

តែ​សម្រាប់​អនាគត អ្នកវិភាគ​នានា​និយាយ​ថា ​សហរដ្ឋ​អាមេរិក​នឹង​មិន​អាច​បញ្ឈប់​ចិន​ពី​ការ​ផលិតបន្ទះអេឡិច​ត្រូនិកចាំបាច់​បាន​ទេ។ នៅពេល​ដែល​មាន​ពេលវេលា​គ្រប់គ្រាន់ ទីផ្សារ​អ្នកប្រើ​ប្រាស់​អេឡិចត្រូនិកដ៏​ធំ​របស់​ប្រទេស​នេះ ​រួម​នឹង​ការ​វិនិយោគ​ជាច្រើនទសវត្សរ៍នៅទីបំផុត ​នឹង​បង្កើត​ឲ្យ​មាន​ក្រុម​ហ៊ុន​ផលិត​បន្ទះ chip ដោយ​ខ្លួនឯង។

​លោក​ Lee បាន​សរសេរ​នៅ​ក្នុង​អ៊ីម៉ែលថា៖ «ក្នុង​រយៈ​ពេល​មធ្យម​និងយូរអង្វែង ប្រទេស​ចិន​នឹង​អាច​ជំនួស​បច្ចេកវិទ្យា​អាមេរិក​ និង​អភិវឌ្ឍខ្សែ​សង្វាក់​ផ្គត់ផ្គង់​បន្ទះ​អេឡិច​ត្រូនិកក្នុងស្រុក​ពេញលេញ​ ប៉ុន្តែ​ថា តើ​ប្រទេស​នេះ​អាចដេញតាម​បច្ចេកវិទ្យា​ដ៏ទំនើប​របស់​ក្រុមហ៊ុន​បរទេស​ទាន់ឬ​យ៉ាង​ណា ​អាច​ជា​បញ្ហា​មួយ​ផ្សេង​ទៀត»។

​លោក James Lewis នាយក​នៃ​កម្មវិធី​គោល​នយោបាយ​បច្ចេកវិទ្យា​ នៅ​មជ្ឈមណ្ឌល​សម្រាប់ការ​សិក្សា​អន្តរជាតិ​និងយុទ្ធសាស្ត្រ (CSIS) បាន​សរសេរ​ កាល​ពីខែ​ឧសភា​ថា​ ក្រុម​ហ៊ុន Huawei ​បាន​រងផលប៉ះពាល់​ ដោយសារ​កិច្ច​ខិតខំប្រឹងប្រែង​របស់​សហរដ្ឋអាមេរិក​ «ប៉ុន្តែ​រដ្ឋាភិបាល​ចិន​នឹង​មិន​អនុញាត​ឲ្យ​ក្រុមហ៊ុន​នេះ​ដួល​រលំ​ទេ​ ព្រោះ​ក្រុម​ហ៊ុន Huawei មាន​សារៈ​សំខាន់​ខ្លាំង»៕

ប្រែសម្រួល​ដោយ កញ្ញា ទុំ ម្លិះ

This item is part of
XS
SM
MD
LG