ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ព្រមាន​ពី​ផលវិបាក​ផ្នែក​ពាណិជ្ជកម្ម បន្ទាប់ពី​អង់គ្លេស​ដាក់​បម្រាម​លើ​ក្រុមហ៊ុន Huawei រឿង​បច្ចេកវិទ្យា 5G


រូបឯកសារ៖ ពិព័រណ៍របស់ក្រុមហ៊ុន Huawei នៅក្រុងប៉េកាំង កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។

កាល​ពី​ថ្ងៃ​អង្គារ ទី ១៤ ខែ​កក្កដា ចក្រភព​អង់គ្លេស​បាន​ដាក់​បម្រាម​លើ​គ្រឿង​សម្ភារៈ​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន Huawei សម្រាប់​ការ​ដំឡើង​បណ្តាញ​អ៊ីនធឺណិត​ចល័ត​ល្បឿន​លឿន​ជាង​គេ 5G ដែល​នេះ​ជា​ការ​ធ្វើ​ផ្ទុយ​ពី​ការ​សម្រេច​ដែល​បាន​ធ្វើ​កាល​ពី ៦ ខែ​មុន។ ចំណាត់ការ​នេះ​ហាក់ដូចជា​ត្រូវ​បាន​ជំរុញ​ពី​ក្រោយ​ដោយ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​លើ​ក្រុមហ៊ុន Huawei ហើយ​ប្រទេស​ចិន​បាន​ព្រមាន​ពី​ផលវិបាក​ផ្សេងៗ​ដែល​អាច​កើត​មាន​ឡើង​នៅ​ពេល​អនាគត​ទាក់ទិន​នឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ចិន និង​អង់គ្លេស។

ការ​ផ្លាស់ប្តូរ​គោលនយោបាយ​របស់​អង់គ្លេស​មាន​ន័យ​ថា គ្រប់​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវាកម្ម​ប្រព័ន្ធ​ទូរសព្ទ​ចល័ត​នឹង​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​គ្រឿង​សម្ភារៈ​ថ្មី​របស់​ក្រុមហ៊ុន Huawei ចាប់​ពី​ចុង​ឆ្នាំ ២០២០ ត​ទៅ ហើយ​រាល់​បច្ចេកវិទ្យា 5G របស់​ក្រុមហ៊ុន Huawei ដែល​មាន​ស្រាប់ នឹង​ត្រូវ​ដក​ចេញ​នៅ​ត្រឹម​ឆ្នាំ ២០២៧។

សេចក្តី​សម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​ចាត់​វិធានការ​កាល​ពី​ខែ​ឧសភា​នៅ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន Huawei ដោយ​បាន​រារាំង​ក្រុមហ៊ុន​នានា​នៅ​សហរដ្ឋអាមេរិក​មិន​ឲ្យ​ផ្គត់ផ្គង់​បន្ទះ​ស៊ីមីកុងឌុចទ័រ​សំខាន់ៗ​ឲ្យ​ក្រុមហ៊ុន Huawei។

លោក Oliver Dowden រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​អង់គ្លេស បាន​និយាយ​ថា៖ «ដោយសារ​តែ​ភាព​មិន​ច្បាស់លាស់​ពាក់ព័ន្ធ​នឹង​ខ្សែសង្វាក់​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន Huawei ចក្រភព​អង់គ្លេស​លែង​មាន​ទំនុក​ចិត្ត​ថា ខ្លួន​អាច​ធានា​អំពី​សន្តិសុខ​របស់​គ្រឿងសម្ភារៈ​បច្ចេកវិទ្យា 5G របស់​ក្រុមហ៊ុន Huawei នា​ពេល​អនាគត​បាន​នោះ​ទេ»។

លោក James Sullivan អ្នក​វិភាគ​ផ្នែក​សន្តិសុខ​អ៊ិនធឺណិត បាន​និយាយ​ថា ទំនាក់ទំនង​រវាង​ចក្រភព​អង់គ្លេស និង​ចិន​កំពុង​មាន​ភាព​តានតឹង​រួច​ទៅ​ហើយ​ជុំវិញ​ការ​បង្រ្កាប​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ទីក្រុង​ហុងកុង និង​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​នេះ​ចំពោះ​ការ​រាតត្បាត​វីរុស​កូរ៉ូណា​ជា​សាកល។ ប៉ុន្តែ​នេះ​មិនមែន​ជា​ហេតុផល​ជំរុញ​ពី​ក្រោយ​ការ​ដាក់​បម្រាម​លើ​ក្រុមហ៊ុន Huawei នោះ​ទេ។

លោក James Sullivan នៃ​វិទ្យាស្ថាន Royal United Services បាន​និយាយ​ថា៖ «មិនមាន​អ្វី​ផ្លាស់ប្តូរ​នោះ​ទេ​ពាក់ព័ន្ធ​នឹង​គំរាមកំហែង​ដែល​គេ​យល់ឃើញ​ជា​ទូទៅ​ពី​ប្រទេស​ចិន ហើយ​មិនមាន​អ្វី​ផ្លាស់ប្តូរ​ទាក់ទិន​នឹង​ការ​យល់ឃើញ​នូវ​រឿង​អាក្រក់ៗ ដែល​ក្រុមហ៊ុន Huawei អាច​ធ្វើ ឬ​មិន​អាច​ធ្វើ​នោះ​ឡើយ។ តាម​ពិត​ទៅ វា​ពាក់ព័ន្ធ​នឹង​បញ្ហា​ជា​មូលដ្ឋាន​នៃ​ការ​ផ្គត់ផ្គង់ ហើយ​នៅ​ទី​បញ្ចប់ ចក្រភព​អង់គ្លេស​បាន​សម្រេច​ថា ខ្លួន​មិន​អាច​សម្រប​ជាមួយ​នឹង​ក្រុមហ៊ុន Huawei បាន​នោះ​ទេ ដោយសារ​តែ​ក្រុមហ៊ុន​នេះ​ជា​អ្នក​ផ្គត់ផ្គង់ ដែល​មិន​អាច​ទុក​ចិត្ត​បាន»។

សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ថា ក្រុមហ៊ុន Huawei បង្ក​ជា​ហានិភ័យ​ផ្នែក​សន្តិសុខ​ជាតិ​ដោយសារ​តែ​ទំនាក់ទំនង​ជិតដិត​របស់​ក្រុមហ៊ុន​នេះ​ជាមួយ​នឹង​រដ្ឋាភិបាល​ចិន។ សហរដ្ឋ​អាមេរិក​ព្រួយបារម្ភ​ថា គ្រឿង​សម្ភារៈ​របស់​ក្រុមហ៊ុន Huawei អាច​ត្រូវ​បាន​ប្រើ​សម្រាប់​ធ្វើ​ចារកម្ម។

ក្រុមហ៊ុន Huawei បាន​ច្រាន​ចោល​ការ​លើកឡើង​ទាំង​នេះ និង​បាន​និយាយ​ថា សហរដ្ឋអាមេរិក​កំពុង​តែ​ព្យាយាម​បំបាក់​គូ​ប្រជែង​ផ្នែក​ពាណិជ្ជកម្ម។

លោក Jeremy Thompson អគ្គនាយក​រង​ក្រុមហ៊ុន Huawei ប្រចាំ​នៅ​ចក្រភព​អង់គ្លេស បាន​និយាយ​ថា៖ «រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​សម្រេច​ទាក់​ជើង​គូ​ប្រជែង​របស់​ខ្លួន»។

អង់គ្លេស​ចូលរួម​ជាមួយ​នឹង​សហរដ្ឋអាមេរិក អូស្រ្តាលី នូវែលហ្សេឡង់ និង​ជប៉ុន​នៅ​ក្នុង​ការ​ដាក់បម្រាម​ទៅ​លើ​គ្រឿង​សម្ភារៈ​របស់​ក្រុមហ៊ុន Huawei។ ក្រុមហ៊ុន Huawei បាន​និយាយ​ថា ការ​ធ្វើ​ដូចនេះ​នឹង​ធ្វើ​ឲ្យ​អង់គ្លេស​ជាប់​លើ «ផ្លូវ​បច្ចេកវិទ្យា​បែប​យឺតយ៉ាវ​មួយ»។ រដ្ឋាភិបាល​ក្រុង​ប៉េកាំងផ្ដល់​តំរុយ​ថា ការ​ធ្វើ​ដូច្នេះ​របស់​អង់គ្លេស​នឹង​មាន​ផលវិបាក​ផ្នែក​សេដ្ឋកិច្ច​ធំធេង។

លោក Zhao Lijian អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន បាន​និយាយ​ថា៖ «នេះ​ក៏​ជា​ការ​ព្យាករណ៍​អំពី​ថា​តើ​ការ​វិនិយោគ​របស់​ចិន​នៅ​អង់គ្លេស​មាន​សុវត្ថិភាព​កម្រិត​ណា។ រដ្ឋាភិបាល​ចិន​កំពុង​តែ​តាមដាន​យ៉ាង​ដិតដល់​លើ​រឿង​នេះ»។

លោក Steve Tsang ដែល​ជា​អ្នក​វិភាគ​អំពី​កិច្ចការ​ប្រទេស​ចិន បាន​និយាយ​ថា កំហឹង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​គឺ​ជាសញ្ញា​ចង្អុល​បង្ហាញ​ពី​បញ្ហា​មួយ។

លោក Steve Tsang ដែល​ជា​សាស្រ្តាចារ្យ​នៃ​សាកលវិទ្យាល័យ University of London បាន​និយាយ​ថា៖ «ក្រុមហ៊ុន​មួយ​មិន​ថា ជា​របស់​រដ្ឋ ឬ​ឯកជន ដែល​ទទួល​បាន​ការ​គាំទ្រ​កម្រិត​នេះ​ពី​សំណាក់​រដ្ឋាភិបាល​ចិន ហើយ​រដ្ឋាភិបាល​ចិន​ត្រៀមលក្ខណៈ​គ្រប់យ៉ាង​ដើម្បី​ផ្តល់​ជំនួយ​ដល់​ក្រុមហ៊ុន​នេះ គឺ​ពិត​ជា​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​មាន​លក្ខណៈ​ពិសេស​ខុសប្លែក​ពី​គេ​ខ្លាំង»។

ការ​ដាក់​បម្រាម​របស់​ចក្រភព​អង់គ្លេស​នេះ បង្ហាញ​ពី​ជោគជ័យ​មួយ​សម្រាប់​គោល​នយោបាយ​របស់​សហរដ្ឋអាមេរិក និង​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ក្រុមហ៊ុន Huawei។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​សង្ឃឹម​ថា សម្ព័ន្ធ​មិត្ត​បស្ចិម​ប្រទេស​ដទៃ​ទៀត​នឹង​ធ្វើ​ដូចគ្នា​នេះ​ដែរ៕

ប្រែសម្រួល​ដោយ ណឹម សុភ័ក្រ្តបញ្ញា

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG