ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ចិន​ចាត់​ទី​ដៅ​លើ​​ប្រព័ន្ធ​រក្សាទិន្នន័យ​​ក្នុង​អាកាស


អ្នកចូលរួមមួយរូបអង្គុយជិតដ្យាក្រាមមួយបង្ហាញពីសន្តិសុខផ្នែកប្រព័ន្ធក្នុងអាកាស អំឡុងពេលកិច្ចប្រជុំសន្តិសុខអ៊ីនធឺណិតលើកទីបួនក្នុងក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦។
អ្នកចូលរួមមួយរូបអង្គុយជិតដ្យាក្រាមមួយបង្ហាញពីសន្តិសុខផ្នែកប្រព័ន្ធក្នុងអាកាស អំឡុងពេលកិច្ចប្រជុំសន្តិសុខអ៊ីនធឺណិតលើកទីបួនក្នុងក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦។

សង្រ្គាម​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​ក្នុង​អាកាស (Cloud) ​អាច​នឹង​កើត​មាន​នៅ​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ ខណៈ​ពេលដែល​ក្រុមហ៊ុន​ចិន​នានា​បាន​នឹងកំពុង​ព្យាយាម​ប្រជែង​ជាមួយ​ក្រុមហ៊ុនយក្ស​ផ្សេងៗ​ដូចជា ក្រុមហ៊ុន Google ក្រុម​ហ៊ុន​ Amazon និង​ក្រុម​ហ៊ុន​ Apple នៅ​ក្នុង​ទីផ្សារ​គ្រប់គ្រង​ទិន្នន័យ​សំខាន់ៗ។ ករណី​ទាំងនេះ​ កើតឡើង​ចំពេល​ដែល​ជម្លោះ​កាន់​តែ​ខ្លាំង​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​ ជុំវិញ​បញ្ហា​ផ្សេងៗ​ដូចជា ការ​លួចយក​ទិន្នន័យ​តាម​ប្រព័ន្ធ​កុំព្យូទ័រ និង​សន្តិសុខ​បណ្តាញ​កុំព្យូទ័រ។

ការ​ឈាន​ជើង​ចូល​ក្នុង​ទី​ផ្សារ​របស់​ក្រុមហ៊ុន​ប្រត្តិបត្តិការ​ចិន​តាម​ប្រព័ន្ធ​ទិន្នន័យ​ដូចជា ក្រុមហ៊ុន​ Alibaba ក្រុមហ៊ុន​សេវាកម្ម​វេបសាយ​ Baidu និង​ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ Huawei នឹង​ធ្វើឲ្យ​មាន​ការវិវត្ត​នៃ​ជម្លោះ​ពាក់ព័ន្ធ​នឹង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ស្រប​ពេល​ដែល​ក្រុមហ៊ុន​ទាំង​នោះ​ធ្វើ​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​ក្រុមហ៊ុន​អន្តរជាតិ​ដទៃ​ទៀត​ដើម្បី​គ្រប់គ្រង​លើ​ទិន្នន័យ។ ក្រុមហ៊ុន​បង្កើត​ឡើងនៅ​ប្រទេស​ចិន មិន​ត្រឹម​តែ​ក្តោបក្តាប់​ទៅ​លើ​អាជីវកម្ម​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​កំពុង​តែ​ឈាន​ជើង​ចូល​ទៅ​ក្នុង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​នៅ​លើ​ពិភពលោក​ផង​ដែរ។ ម្យ៉ាង​វិញ​ទៀត ក្រុមហ៊ុន​បរទេស​នានា​កំពុង​តែ​ប្រឈម​មុខ​នឹង​រនាំង​ផ្នែក​ច្បាប់​នានា ដែល​បង្ក​ការ​លំបាក​នៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នៅ​ប្រទេស​ចិន។

ក្រុម​អ្នកវិភាគ​បាន​និយាយ​ថា ការ​ប្រកួតប្រជែង​កាន់​តែ​តឹងតែង​ឡើង​នៅ​ក្នុង​អាជីវកម្មប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​ក្នុង​អាកាស​ (Cloud) បែបនេះ ក៏បាន​នាំ​ឲ្យ​មាន​ចំណោទ​កាន់​តែខ្លាំង​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ទិន្នន័យ​ប្រតិបត្តិការ​ផង​ដែរ។ ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ទិន្នន័យ​ក្នុង​អាកាស​ពី​សំណាក់​ជនស៊ីវិល​ មាន​នៅ​ក្នុង​ផ្នែក​ជា​ច្រើន​ដូចជា ប្រព័ន្ធ​ម៉ាស៊ីន​ដើរ​ដោយ​ទិន្នន័យ ប្រព័ន្ធ​ទូរគមនាគមន៍ ប្រព័ន្ធ​ធនាគារ និង​ដឹកជញ្ជូន ដែល​ក្នុង​នោះ​រួមមាន​គម្រោង​នានា​សម្រាប់​យានយន្ត​បើកបរ​ដោយ​ខ្លួន​ឯង​ផង​ដែរ។ ​

ការ​ព្រួយ​បារម្ភ​ផ្នែក​ទិន្នន័យ

លោក Lee Branstetter ​សាស្រ្តាចារ្យ​រងផ្នែក​សេដ្ឋកិច្ច​នៅ​មហាវិទ្យាល័យ Heinz ផ្នែក​គោលនយោបាយ និង​គ្រប់គ្រង​នៃ​សាកលវិទ្យាល័យ Carnegie Mellon បាន​ប្រាប់​ VOA ថា៖ «សាជីវកម្ម​ពហុជាតិ​ជាច្រើន​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ជុំវិញ​ការ​ការពារ​កម្មសិទ្ធិ​បញ្ញា​របស់​ពួកគេ​នៅ​ប្រទេស​ចិន ទាំង​នៅ​ក្នុង​ និង​ក្រៅ​ប្រព័ន្ធ​កុំព្យូទ័រ ហើយ​មាន​ករណី​មួយ​ចំនួន​នា​ពេល​ថ្មីៗ​នេះ ដែល​ក្រុមហ៊ុន​អន្តរជាតិ​ទាំង​នោះ​ជឿ​ថា ព័ត៌មាន​មាន​តម្លៃត្រូវ​បានគេ​លួច​តាម​ប្រព័ន្ធ​កុំព្យូទ័រ»។​

លោក​បាន​ថ្លែង​ថា៖ «បញ្ហា​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​សាជីវកម្ម​ពហុជាតិ​ដែល​មិនមាន​ប្រភពដើម​ពី​ប្រទេស​ចិន​មាន​ការ​ស្ទាក់ស្ទើរ មុន​ពេល​ដាក់​បញ្ចូល​ទិន្នន័យ​សំខាន់ៗ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​ក្នុង​អាកាស​ដែលផ្តល់​ដោយ​ប្រទេស​ចិន។​

ក្រុម​អ្នក​វិភាគ​បាន​និយាយ​ថា ប៉ុន្តែ​ក្រុមហ៊ុន​បរទេស​នានា​ដែល​កញ្ចប់​ថវិកា​ផ្នែក​បច្ចេកវិទ្យា​មាន​កម្រិត និងក្រុមហ៊ុន​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ប្រទេស​ចិន ប្រហែល​ជា​មិន​អាច​មាន​លទ្ធភាព​ប្រើប្រាស់​សេវាកម្ម​តម្លៃ​ខ្ពស់ដែល​ផ្តល់ដោយ​ក្រុមហ៊ុន​នៅ​ប្រទេស​ផ្សេង​ៗ​ឡើយ។

ក្រុមហ៊ុន​ប្រតិបត្តិការ​តាម​ទិន្នន័យ​នៅ​ប្រទេស​ចិន​ កំពុង​តែ​បង្កើត​មជ្ឈមណ្ឌល​ទិន្នន័យ​នៅ​តាម​បណ្តា​ប្រទេស​ផ្សេងៗ ហើយ​កំពុង​តែខិតខំ​ទាញ​យក​ទិន្នន័យ​សំខាន់​ៗ​លើ​ការ​គ្រប់គ្រង​អាជីវកម្ម​នៅ​ជុំវិញ​ពិភពលោក។ ក្រុមហ៊ុន​ Alibaba បាន​បង្កើត​មជ្ឈមណ្ឌល​ទិន្នន័យ​របស់​ខ្លួន​នៅ​សហរដ្ឋអាមេរិក​ ក៏​ដូចជា​ បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី មជ្ឈិមបូព៌ា​ និង​អឺរ៉ុប។

ប៉ុន្តែ​លោក Branstetter មិន​គិត​ថា ក្រុមហ៊ុន​ប្រតិបត្តិការ​តាម​ប្រព័ន្ធ​ទិន្នន័យ​ក្នុង​អាកាស​នឹង​បង្ក​ជា​បញ្ហា​ប្រឈម​ធំ ដូចក្រុមហ៊ុន Google ក្រុមហ៊ុន​ Microsoft និង​ក្រុមហ៊ុន​ Amazon ក្នុង​អាជីវកម្ម​គ្រប់គ្រង​ទិន្នន័យ​ឡើយ។

លោក​បាន​និយាយ​ថា៖ «កិច្ចប្រឹងប្រែង​របស់​ប្រទេស​ចិន​នៅ​ក្នុង​ការ​រារាំង​ក្រុមហ៊ុន​បរទេស​ផ្នែក​ឌីជីថល​ដទៃ​ទៀត​ តាម​ពិត​ទៅ​គ្រាន់​តែ​ជា​ការ​ជះឥទ្ធិពល​ដោយ​ប្រយោល​នៅ​លើ​ឆាក​អន្តរជាតិ​ប៉ុណ្ណោះដើម្បី​បង្ហាញ​ថាវា​ជា​សេដ្ឋកិច្ច​ចម្បង ​ដែល​មាន​ការ​គាំពារ​ខាង​ឌីជីថលឲ្យខ្លាំង​បំផុត។ ហេតុ​ដូច្នេះហើយ​ ខ្ញុំ​រំពឹង​ថា ក្រុមហ៊ុន​ឌីជីថល​នៅ​ប្រទេស​ចិន​នឹង​បន្ត​ការ​គ្រប់គ្រងដ៏​លើសលុប​នៅ​ក្នុង​ស្រុក​ ប៉ុន្តែ​ខ្ញុំ​មិន​រំពឹង​ថា ក្រុមហ៊ុន​ទាំងនោះ​នឹង​ទទួល​បាន​ជោគជ័យ​នៅ​ក្រៅ​ប្រទេស​ឡើយ»។

ស្រ្តី​ម្នាក់​ប្រើប្រាស់​ទូរសព្ទដៃ​ស្មាតហ្វូន​ជិត​ស្តង់​របស់​របស់​ក្រុមហ៊ុន​អ៊ីនធឺណិត​ចិន Tencent នៅ​អំឡុងពេល​កិច្ច​ប្រជុំ​អ៊ីនធឺណិត​ទូរសព្ទ​ដៃ​ពិភពលោក​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៥។
ស្រ្តី​ម្នាក់​ប្រើប្រាស់​ទូរសព្ទដៃ​ស្មាតហ្វូន​ជិត​ស្តង់​របស់​របស់​ក្រុមហ៊ុន​អ៊ីនធឺណិត​ចិន Tencent នៅ​អំឡុងពេល​កិច្ច​ប្រជុំ​អ៊ីនធឺណិត​ទូរសព្ទ​ដៃ​ពិភពលោក​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៥។

ការ​រីក​ដុះដាល​ក្នុងដែន​កំណត់

ការរឹតត្បិតពី​សំណាក់​រដ្ឋាភិបាល​ទៅ​លើ​ក្រុមហ៊ុន​បរទេស​លក់ដូរ​តាម​ប្រព័ន្ធ​ទិន្នន័យ ជាការ​ធ្វើឲ្យក្រុមហ៊ុន​ទិន្នន័យ​ក្នុង​ស្រុក​មាន​ប្រៀប​លើគេ​ទោះជា​តិចក្តីឬ​ច្រើនក្តី ដោយសារ​ក្រុមហ៊ុន​ទាំងនោះអាច​ទទួល​បាន​នូវ​ឱកាស​អាជីវកម្ម​ធំៗ ដោយ​មិន​មាន​ការ​ប្រកួតប្រជែង​ខ្លាំង​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ​ដទៃ​ទៀត។ នេះ​ជា​ទំហំ​អាជីវកម្ម​ដ៏​ធំ​មួយ ពីព្រោះ​មួយ​ភាគ​ប្រាំ​នៃ​ក្រុមហ៊ុន​ទាំង​៥០០ ក្នុង​បញ្ជី​ Fortune ​មាន​ប្រភព​មក​ពី​ប្រទេស​ចិន។

នៅ​ក្រោម​ច្បាប់​គ្រប់គ្រង ក្រុមហ៊ុន​បរទេស​ផ្ទុក​ប្រព័ន្ធទិន្នន័យអាច​ប្រតិបត្តិការ​នៅ​ប្រទេស​ចិន​បាន​ ប្រសិន​បើ​ក្រុមហ៊ុន​ទាំងនោះ​មាន​ដៃគូ​ក្នុង​ស្រុក​ ហើយ​ប្រើប្រាស់​ប្រព័ន្ធ​ (server) ដែល​មាន​ទីតាំង​នៅ​ក្នុង​ប្រទេស។ ទោះជា​យ៉ាងណា​ក៏ដោយ ទីផ្សារ​ប្រទេស​ចិន​មាន​ទំហំ​ធំខ្លាំង​ ដែល​ក្រុមហ៊ុន​បរទេស​មិន​អាច​មើល​រំលង​បាន។ ​

អ្នកស្រី​ Sheila Jasanoff នាយក​កម្មវិធី​អប់រំ​ផ្នែក​វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​សង្គម​ នៃ​មហាវិទ្យាល័យ Harvard Kennedy School មាន​ការ​ព្រួយបារម្ភ​ថា ការ​ប្រកួតប្រជែង​ដែល​មិនមាន​ច្បាប់​គ្រប់គ្រង​ច្បាស់លាស់​នៅ​ក្នុង​អាជីវកម្ម​ទិន្នន័យ​លើ​អាកាស​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ធំ​មួយ មុន​ពេល​មនុស្ស​ទូទៅ​ដឹង​ពី​តម្រូវ​ការ​នៃ​ការ​មាន​ច្បាប់​តឹងរ៉ឹង។

អ្នកស្រី​បាន​ថ្លែង​ថា៖ «អាជីវកម្ម​ទិន្នន័យ​ក្នុង​អាកាស​ នៅ​តែ​ជា​ដែន​ដែល​មិន​ទាន់​មាន​ច្បាប់​គ្រប់គ្រង​នៅ​ឡើយ​ទេ។ អ្នក​វិនិយោគ​ (នៅ​ក្នុង​អាជីវកម្ម​នេះ) កំពុង​តែ​បង្កើត​ច្បាប់​នានា​ស្រប​ពេល​ដែល​ពួកគេ​បន្ត​ប្រតិបត្តិការ​ជំនួញ​របស់គេ​ ឬ​កំពុង​ទទួល​ផល​ពី​កង្វះ​ខាត​នៃ​ច្បាប់​ផ្សេងៗ។ ខ្ញុំ​គិត​ថា សោកនាដកម្ម​ដ៏​ធំ​អាច​កើត​ឡើង​នៅ​ក្នុង​ព្រលានយន្តហោះ​ធំមួយ ឬ​កន្លែង​ដទៃទៀត​ ដូចជា​ ប្រព័ន្ធ​ទិន្នន័យ​ក្នុង​មន្ទីរពេទ្យ ហើយ​វា​នឹង​នាំ​ឲ្យ​មាន​ការ​បាត់បង់​ជីវិត​មនុស្ស»។

អ្នកស្រី​បាន​បន្ត​ថា ការ​ធានា​រក្សា​សន្តិសុខ​ ដែល​ត្រូវ​បាន​សន្យា​ទៅ​កាន់​អតិថិជនតាម​រយៈ​ការ​ប្រើ​ទិន្នន័យ​ក្នុង​អាកាស​ គឺ​ «ពិត​ជា​មាន​លក្ខណៈ​មិន​ច្បាស់លាស់​យ៉ាង​ខ្លាំង» ។ ច្បាប់​នានា​ស្តីពី​សន្តិសុខ​ទិន្នន័យ​ដែលទទួលស្គាល់​ជា​អន្តរជាតិ​ ពិត​ជា​ចាំបាច់​ខ្លាំង​ណាស់។ ប៉ុន្តែ​អ្នកស្រីគិត​ថា នឹង​មិន​មាន​កិច្ចព្រមព្រៀង​អន្តរជាតិ​ណា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ៕

ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG