របាយការណ៍ថ្មីមួយរបស់អង្គការសង្គមស៊ីវិលដែលសិក្សាអំពីបំណុលរបស់កម្មករក្នុងវិស័យកាត់ដេរ បង្ហាញអំពី«ភាពជំពាក់បំណុលច្រើនលើសលប់»ក្នុងវិស័យនេះ ដែលអាចនាំឲ្យកម្មករបង្ខំចិត្តលក់ដី ផ្ទះសម្បែង ទ្រព្យសម្បត្តិនិងខ្ចីគេបន្ថែមទៀតដើម្បីសងមីក្រូហិរញ្ញវត្ថុ។
របាយការណ៍ដែលមានចំណងជើងថា«ធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក» ត្រូវបានស្រាវជ្រាវដោយអង្គការចំនួន៣ គឺអង្គការលីកាដូ អង្គការសង់ត្រាល់ និងសម្ព័ន្ធសហជីពកម្ពុជា ដោយសម្ភាសកម្មករកាត់ដេរចំនួន ១៦២នាក់ ភាគច្រើនជាស្រ្តី នៅចន្លោះពីខែមីនាដល់ខែឧសភា ឆ្នាំ២០២០។ ពួកគេមកពីរោងចក្រដែលខ្លះព្យួរការងារកម្មករដោយផ្នែកនិងខ្លះព្យួរការងារកម្មករទាំងស្រុង នៅក្នុងរាជធានីភ្នំពេញនិងខេត្តកំពង់ឆ្នាំង។
របាយការណ៍ឲ្យដឹងថា កម្មកររោងចក្រកាត់ដេររាប់ម៉ឺននាក់ក្នុងប្រទេសកម្ពុជានឹងជួបការលំបាកជាខ្លាំងក្នុងការសងបំណុលមីក្រូហិរញ្ញវត្ថុ នៅពេលដែលពួកគាត់ត្រូវបានបញ្ឈប់ពីការងារ ហើយរោងចក្រដែលពួកគាត់ធ្វើការ ត្រូវផ្អាកដំណើរការដោយសារបញ្ហាជំងឺកូវីដ១៩ ។របាយការណ៍បញ្ជាក់ថា៖ «បញ្ហានេះបង្កើតឲ្យមានវិបត្តិរំលោភសិទ្ធិមនុស្សជាច្រើនដែលនាំឲ្យពួកគាត់ជួបការលំបាកខ្លាំងក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ និងធ្វើឲ្យការកាន់កាប់ដីធ្លីរបស់ពួកគាត់ត្រូវរងសម្ពាធយ៉ាងខ្លាំងពីសំណាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ»។
អង្គការទាំងនោះជំរុញឲ្យមានកម្មវិធីសម្រាលបន្ទុកបំណុលភ្លាមៗសម្រាប់កម្មករហើយបើមិនដូច្នោះទេ ពួកគេនឹងត្រូវប្រឈមនឹងការលក់ដីឬផ្ទះ កាត់បន្ថយការបរិភោគអាហារឬខ្ចីប្រាក់កម្ចីកាន់តែច្រើនឡើង ដើម្បីយកទៅសងបំណុលដែលមានស្រាប់។
បើតាមក្រុមអង្គការសង្គមស៊ីវិល ការរកឃើញនៃការសិក្សាស្រាវជ្រាវនេះឆ្លុះបញ្ចាំងពីភាពអវិជ្ជមានក្នុងវិស័យមួយនេះ។ ក្នុងចំណោមកម្មករដែលត្រូវបានស្ទង់មតិ មានកម្មកតែ៤នាក់ប៉ុណ្ណោះដែលមិនជំពាក់បំណុល។ ស្ទើរតែគ្រប់កម្មករដែលបានផ្ដល់សម្ភាសន៍លើកឡើងថា ពួកគាត់នឹងគ្មានលទ្ធភាពសងបំណុលវិញទេប្រសិនបើការងាររបស់ពួកគាត់ត្រូវបានព្យួរ។ស្ទើរតែគ្រប់កម្មករបាននិយាយថា បច្ចុប្បន្ននេះ ជីវភាពរស់នៅរបស់ពួកគាត់ជួបការលំបាកខ្លាំង ជាងមុនពេលពួកគាត់ជាប់ជំពាក់កម្ចីឥណទាន ។
របាយការណ៍ដកស្រង់សម្តីរបស់កម្មករម្នាក់ថា៖ «ខ្ញុំគ្មានសង្ឃឹមថា នឹងមានការងារធ្វើវិញទេ។ ខ្ញុំពិតជាបារម្ភចំពោះគ្រួសាររបស់ខ្ញុំណាស់ហើយមិនដឹង ថាអាចរកប្រាក់មកពីណាដើម្បីចំណាយលើថ្លៃម្ហូបអាហារ ថ្លៃជួលផ្ទះ ថ្លៃព្យាបាលជំងឺនិងការបង់សងបំណុលធនាគារ និងអ្នកចងការប្រាក់ឯកជនបាននោះទេ»។
របាយការណ៍ដកស្រង់សម្តីរបស់កម្មករម្នាក់ទៀតថា៖ «មន្រ្តីឥណទានមកពីធនាគារស្ថាបនាបានប្រាប់ខ្ញុំឲ្យខ្ចីប្រាក់ពីកន្លែងផ្សេងដើម្បីយកមកសងបំណុលនៅស្ថាប័នគាត់»។
លោក ឃុន ថារ៉ូ មន្ត្រីសម្របសម្រួលផ្នែកការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ថ្លែងប្រាប់VOAនៅថ្ងៃអង្គារនេះថា លោកមានការព្រួយបារម្ភអំពីឥទ្ធិពលនៃការដកប្រព័ន្ធអនុគ្រោះពន្ធEBAរបស់សហភាពអឺរ៉ុប ដែលនឹងបន្តប៉ះពាល់ដល់ការងាររបស់កម្មករ។ លោកបន្តថា កម្មករដែលបាត់បង់ការងារប្រឈមនឹងបញ្ហាជីវភាពខ្វះខាតកាន់តែខ្លាំង ដោយសារគ្មានចំណូល ដូច្នេះពួកគេមិនមានលទ្ធភាពបង់សងបំណុលនោះទេ។
លោកមានប្រសាសន៍ថា៖ «កម្មករនិយោជិតប្រមាណ៩៥ភាគរយហ្នឹង ដែលគាត់ជាប់បំណុលកម្ចីឥណទានខ្នាតតូចអីហ្នឹង គឺពួកគាត់គ្មានលទ្ធភាពនៅក្នុងការបង់សងទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហើយខណៈពេលដែលសឹងតែ១០០ភាគរយនៃកម្មករនិយោជិតដែលយើងបានធ្វើការស្ទង់មតិគឺគាត់មានបញ្ហាប្រឈមទៅនឹងជីវភាពរស់នៅរបស់គាត់កាន់តែខ្លាំង»។
ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី ថ្លែងប្រាប់ VOAនៅថ្ងៃអង្គារនេះថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានជួយដល់កម្មករដែលរងគ្រោះពិតប្រាកដ ឲ្យតែមានការស្នើសុំ។ ប៉ុន្តែលោកមិនមានទិន្នន័យថា តើកម្មករប៉ុន្មាននាក់ដែលទទួលបានការរៀបចំកម្ចីឡើងវិញនោះទេ។ លោកអំពាវនាវឲ្យកម្មករដែលពុំមានលទ្ធភាពបង់សងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដាក់ពាក្យស្នើសុំបាន។
ទាក់ទងនឹងរបាយការណ៍របស់អង្គការសង្គមស៊ីវិលលោកមានប្រសាសន៍ថា លោកមិនហ៊ានសន្និដ្ឋានយ៉ាងណានោះទេប៉ុន្តែលោកលើកឡើងថា ស្ថាប័នដែលធ្វើការស្រាវជ្រាវរបាយការណ៍នេះមានរបៀបវារៈទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស ដែលនាំឲ្យលោកចោទជាសំណួរអំពីភាពទុកចិត្តបានចំពោះរបាយការណ៍នេះ។
លោកមានប្រសាសន៍ថា៖ «ស្ថាប័នមួយចំនួនគេមាន agenda (របៀបវារៈ)របស់គេ។ ឧទាហរណ៍គេធ្វើការលើសិទ្ធិមនុស្ស គេទាញទៅសិទ្ធិមនុស្សអ៊ីចឹងទៅ។ ក៏ប៉ុន្តែបើយើងមើលពីស្ថានភាពជាក់ស្តែងយើងមើលពីbig picture (ទិដ្ឋភាពធំ) វាដូចជាអត់អ៊ីចឹងទេ។អ្វីដែលយើងមើលឃើញអ្វីដែលយើងសិក្សា អ្វីដែលយើងរកឃើញកន្លងមកគឺវាហាក់ផ្ទុយស្រឡះពីអ្វីដែលគេទាញតាមagendaរបស់គេ។ សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ខ្ញុំគិតថា យើងបានធ្វើរឿងច្រើនណាស់ ក្នុងការជួយអតិថិជនរបស់យើងកន្លងមកនេះ។ ហើយវាមិនមែនត្រឹមតែប៉ុណ្ណឹងទេ យើងនឹងបន្តជួយទៅលើអតិថិជនបន្តទៅតាមតាមលទ្ធភាពដែលយើងអាចធ្វើទៅបាន»។
លោកបន្ថែមថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានជួយច្រើនដល់ប្រជាពលរដ្ឋធ្វើឲ្យជីវភាពរបស់ពួកគេល្អប្រសើរ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA)ឲ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ចំនួនអតិថិជនដែលបានស្នើការអនុគ្រោះបង់សងបំណុលមានទៅដល់ជាង២៤២.០០០នាក់ហើយក្នុងនោះមាន ២២៦.០០០នាក់ ត្រូវបានយល់ព្រមរៀបចំកម្ចីឡើងវិញដែលមានតម្លៃសរុបប្រមាណ១.១០៥លានដុល្លារ។ចំនួនអតិថិជនដែលយល់ព្រមការរៀបចំកម្ចីឡើងវិញស្មើប្រមាណ១០ភាគរយនៃអ្នកជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ដែលមានជាង២លាននាក់។
VOAមិនអាចសុំការឆ្លើយតបពីលោកស្រី ជា សិរី អគ្គនាយិកាធនាគារជាតិនៃកម្ពុជាបានទេ នៅថ្ងៃអង្គារនេះ។
អ្នកនាង ផាត ភួង អាយុ២៤ឆ្នាំ កម្មករនៅរោងចក្រ Bowker Garment Factory ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ប្រាប់VOAថា អ្នកនាងត្រូវបានព្យួរការងារបានមួយខែមកហើយ ហើយរោងចក្រឲ្យអ្នកនាងចូលមកធ្វើការវិញនៅថ្ងៃទី១ ខែកក្កដានេះ។ អ្នកនាងដែលមានកូនម្នាក់លើកឡើងថា អ្នកនាងជំពាក់លុយរបស់ស្ថាប័នចំនួនពីរគឺមួយឈ្មោះធនាគារភូមិដែលក្រោយមកគេស្គាល់ថា ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC និងមួយទៀត អ្នកនាងមិនស្គាល់ឈ្មោះនោះទេ ដោយសារខ្ចីជាក្រុម។ អ្នកនាងបន្តថា ក្នុងមួយខែ អ្នកនាងត្រូវបង់ប្រមាណ៦០ដុល្លារទៅស្ថាប័នទាំងពីរនោះ។
អ្នកនាងឲ្យដឹងទៀតថា ដោយសារការងារមិនច្បាស់អ្នកនាងមិនប្រាកដថា មានលុយបង់គេនៅខែក្រោយឬយ៉ាងណានោះទេ។
អ្នកនាងថ្លែងប្រាប់VOAនៅថ្ងៃអង្គារនេះថា៖ «ពិបាកដែរយើងជំពាក់គេ។បើយើងអត់ជំពាក់គេវាចេះតែស្រួលហើយ។ ណាកូនអីផង។ខ្វះខាតចេះតែ ខ្វះខាត ប៉ុន្តែចេះតែរកនេះ រកនោះអ៊ីចឹងទៅឲ្យតែបានបង់»។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ ថ្លែងថា លោកបារម្ភខ្លាចមានការរំលោភសិទ្ធិមនុស្សលើពួកគាត់ ដូចជាការបង្ខំឲ្យលក់ដី និងទ្រព្យសម្បត្តិជាដើម។
លោកមានប្រសាសន៍ថា៖ «ធ្វើយ៉ាងណាជួយសម្រួលដើម្បីកុំឲ្យគាត់ហ្នឹងក្លាយជាជនរងគ្រោះនូវការលក់ដីដោយបង្ខំ ដើម្បីសងទៅធនាគារអីជាដើមទៅ ។ ហើយមួយទៀត ធ្វើយ៉ាងណា កុំឲ្យគាត់ហ្នឹងកាន់តែជំពាក់លុយគេទៀត បានន័យថា គាត់ទៅខ្ចីឯកជនយកមកសងមីក្រូហិរញ្ញវត្ថុ»។
វិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើង គឺជាក្បាលម៉ាស៊ីននៃការនាំចេញធំបំផុតលំដាប់ទីមួយរបស់កម្ពុជា។វិស័យនេះបានស្រូបយកកម្លាំងពលកម្មប្រមាណជា៨០ម៉ឺននាក់ដែលភាគច្រើនគឺជាប្រជាពលរដ្ឋមកពីបណ្តាខេត្តនិងជនបទ។
អង្គការសង្គមស៊ីវិលលើកឡើងថា បទពិសោធន៍នៃមនុស្សទាំង១៦២នាក់ក្នុងការស្រាវជ្រាវនេះមិនតំណាងឲ្យគ្រប់កម្មករកម្មការិនីរោងចក្រកាត់ដេរ ឬអ្នកខ្ចីកម្ចីឥណទានខ្នាតតូចនៅទូទាំងប្រទេសកម្ពុជាទេ។ ប៉ុន្តែពួកគេលើកឡើងថា ភាពលំបាករបស់ពួកគាត់គឺមានមួយចំនួនក្នុងចំណោមអ្នកខ្ចីកម្ចីឥណទានខ្នាតតូចជាង២លាន៦សែននាក់នៅក្នុងប្រទេសកម្ពុជា ដែលជាប់ជំពាក់កម្ចីឥណទានខ្នាតតូចសរុបជាង១០ពាន់លានដុល្លារ គិតត្រឹមចុងឆ្នាំ២០១៩។ទំហំកម្ចីឥណទានខ្នាតតូចជាមធ្យមនៅកម្ពុជាគឺចំនួន៣.៨០៤ដុល្លារដែលជាចំនួនច្រើនជាងគេនៅក្នុងពិភពលោក៕