ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​ថា របាយការណ៍​ស្តីពី​បំណុល​របស់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​«ទុកចិត្ត​មិន​បាន»


រូបឯកសារ៖ កម្មករកាត់ដេរ​ខ្មែរ​ កំពុង​ធ្វើ​ដំណើរ​ទៅ​គេហដ្ឋាន​របស់​ពួក​គេ​វិញ​ក្រោយ​ពី​បញ្ចប់​ការងារ នៅ​ជាយ​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

ទំហំ​កម្ចី​ឥណទាន​ខ្នាត​តូច​ជា​មធ្យម​នៅ​កម្ពុជា​ គឺ​ចំនួន​៣.៨០៤​ ដុល្លារ ​ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​នៅ​ក្នុង​ពិភព​លោក។

សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​(CMA)​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ​ដោយ​ចាត់​ទុក​ថា​ របាយ​ការណ៍​របស់​សហជីព​ និង​អង្គការ​សង្គម​ស៊ីវិល​ស្តី​អំពី​បំណុល​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​ «ទុក​ចិត្ត​មិន​បាន»​ ដោយ​ចោទ​ជា​សំណួរ​លើ​ការ​ជ្រើស​រើស​កម្មករ​ដើម្បី​សាកសួរ។​

កាល​ពី​ចុង​ខែ​មិថុនា ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣ ​គឺ​អង្គការ​លីកាដូ ​អង្គការ​សង់ត្រាល់​ និង​សម្ព័ន្ធ​សហជីព​កម្ពុជា​ បាន​ចេញ​ផ្សាយ​របាយ​ការណ៍​ថ្មី​មួយ​ ដែល​សិក្សា​អំពី​បំណុល​របស់​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​ បង្ហាញ​អំពី​ «ភាព​ជំពាក់​បំណុល​ច្រើន​លើស​លប់» ​ក្នុង​វិស័យ​នេះ​ ដែល​អាច​នាំ​ឲ្យ​កម្មករ​បង្ខំ​ចិត្ត​លក់​ដី ​ផ្ទះ​សម្បែង​ទ្រព្យ​សម្បត្តិ​និង​ខ្ចី​គេ​បន្ថែម​ទៀត ​ដើម្បី​សង​បំណុល​មីក្រូ​ហិរញ្ញ​វត្ថុ។​

របាយ​ការណ៍​ដែល​មាន​ចំណង​ជើង​ថា ​«ធ្វើ​ការងារ​រហូត​ជំពាក់​បំណុល​វ័ណ្ឌ​ក» ​ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ចង​ក្រង​ ដោយ​សម្ភាស​កម្មករ​កាត់​ដេរ​ចំនួន​១៦២​ នាក់​ ភាគ​ច្រើន​ជា​ស្រ្តី​ នៅ​ចន្លោះ​ពី​ខែ​មីនា​ដល់​ខែ​ឧសភា ​ឆ្នាំ​២០២០។ ​ពួក​គេ​មក​ពី​រោងចក្រ​ ដែល​ខ្លះ​ព្យួរ​ការងារ​កម្មករ​ដោយ​ផ្នែក ​និង​ខ្លះ​ព្យួរ​ការងារ​កម្មករ​ទាំង​ស្រុង​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្ត​កំពង់ឆ្នាំង។​

របាយ​ការណ៍​នេះ​ឲ្យ​ដឹង​ថា​ កម្មករ​រោងចក្រ​កាត់​ដេរ​រាប់​ម៉ឺន​នាក់​ក្នុង​ប្រទេស​កម្ពុជា​នឹង​ជួប​ការ​លំបាក​ជា​ខ្លាំង​ក្នុង​ការ​សង​បំណុល​មីក្រូ​ហិរញ្ញ​វត្ថុ​ នៅ​ពេល​ដែល​ពួក​គាត់​ត្រូវ​បាន​បញ្ឈប់​ពី​ការ​ងារ​ ហើយ​រោងចក្រ​ដែល​ពួក​គាត់​ធ្វើ​ការ ​ត្រូវ​ផ្អាក​ដំណើរ​ការ​ដោយ​សារ​បញ្ហា​ជំងឺ​កូវីដ១៩។​

របាយ​ការណ៍​នេះ​បញ្ជាក់​ថា៖ ​«បញ្ហា​នេះ​បង្កើត​ឲ្យ​មាន​វិបត្តិ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ច្រើន ​ដែល​នាំ​ឲ្យ​ពួក​គាត់​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ការ​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​ និង​ធ្វើ​ឲ្យ​ការ​កាន់​កាប់​ដី​ធ្លី​របស់​ពួក​គាត់​ ត្រូវ​រង​សម្ពាធ​យ៉ាង​ខ្លាំង​ពី​សំណាក់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ»។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចុះ​ថ្ងៃ​ទី​១៣ ​ខែ​កក្កដា ​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​ដែល​តំណាង​ឲ្យ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​ ឲ្យ​ដឹង​ថា​ អង្គការ​ទាំង​នោះ​ បាន​ទាញ​សេចក្តី​សន្និដ្ឋាន​ថា​ នឹង​បង្កើត​ឲ្យ​មាន​វិបត្តិ​ការ​រំលោភ​សិទ្ធិ​មនុស្ស​តាម​រយៈ​ការ​ដាក់​សម្ពាធ​ពី​សំណាក់​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ។ ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍ ​ សមាគម​ ក៏​បាន​ចោទ​ជា​សំណួរ​អំពី​វិធីសាស្រ្ត​នៃ​ការ​ជ្រើស​រើស​កម្មករ​ដើម្បី​សម្ភាស​ដោយ​និយាយ​ថា​ ​មិន​មែន​រើស​ដោយ​ចៃដន្យ​តាម​ស្តង់ដារ​នៃ​ការ​ស្ទង់​មតិ។

សមាគម​ឲ្យ​ដឹង​ថា៖ ​«វិធី​សាស្ត្រ​ក្នុង​ការ​ស្ទង់​មតិ​នេះ ​ខ្វះ​លក្ខខណ្ឌ​បែប​វិទ្យាសាស្រ្ត ​មាន​ភាព​លម្អៀង​ និង​ខ្វះ​ការ​យល់​ដឹង​ពី​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​ ហើយ​គ្មាន​ព័ត៌មាន​គ្រប់គ្រាន់​ដែល​អាច​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ឡើង​វិញ​បាន»។​

បើ​តាម​សមាគម​របាយ​ការណ៍​នេះ​ ក៏​មិន​បាន​បញ្ចេញ​នូវ​ទំហំ​ឥណទាន​ ប្រភព​ចំណូល​ផ្សេង​ទៀត ​ក្រៅ​ពី​ប្រាក់​បៀវត្សរ៍​រោងចក្រ ហើយ​ទិន្នន័យ​ទាំង​នេះ​ មាន​ភាព​ចាំបាច់​ក្នុង​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​ពិត​ប្រាកដ។​ សមាគម​បញ្ជាក់​ថា​ ការ​អនុម័ត​ផ្តល់​បា្រក់​កម្ចី​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា ​ត្រូវ​ឆ្លង​កាត់​ការវាយ​តម្លៃ​ច្រើន ​រួម​មាន​គោល​បំណង​ប្រាក់​កម្ចី ​សមត្ថភាព​សង​ត្រឡប់​ ការ​ផ្ទៀង​ផ្ទាត់​ប្រវត្តិ​កម្ចី​ជាមួយ​ការិយាល័យ​ឥណទាន​កម្ពុជា ​និង​ហានិភ័យ​នានា ​ដែល​ជា​ផ្នែក​មួយ​នៃ​គោល​ការណ៍​ការពារ​អតិថិជន។​

ប្រធាន​នាយកដ្ឋាន​ទំនាក់​ទំនង ​និង​ជា​អ្នក​នាំ​ពាក្យ​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា ​លោក ​កាំង តុងងី ​ថ្លែង​ប្រាប់​ VOA​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​«របាយការណ៍​មិន​មាន​គុណភាព​គ្រប់គ្រាន់​ដែល​អាច​ទុក​ចិត្ត​បាន»​ ដោយសារ​អង្គការ​ទាំង​នោះ​ធ្វើ​ការ​ជាមួយ​សហជីព​ ដូច្នេះ​ការ​ជ្រើស​រើស​កម្មករ​ នឹង​មាន​ភាព​លម្អៀង។

លោក​មាន​ប្រសាសន៍​ថា៖​ «ហើយ​គួប​ផ្សំ​អី​ដែល​យើង​រក​ឃើញ​នៅ​បន្ទាយ​មានជ័យ​ហ្នឹង​ទៀត​អ៊ីចឹង​ ​វា​រឹត​តែ​ពិបាក​ដែល​យើង​ទទួល​យក​បាន​ថា​ តើ ​Quality​ (គុណភាព)​នៃ​របាយ​ការណ៍​របស់​គាត់​ វា​ពិត​ប៉ុណ្ណា។ ​យើង​អាច​ទទួល​យក​បាន​ (ឬ​យ៉ាង​ណា)។​ ហើយ​មែន​ទែន​ យើង​អត់​ច្បាស់​ថា ​ស្អី​គេ​ជា ​Intention ​(គោល​បំណង)​ របស់​ពួក​គេ​ក្នុង​ការ​ចេញ​របាយ​ការណ៍​ទាំង​អស់​ហ្នឹង​ទេ»។​

លោក​បន្ត​ថា​ សមាគម​ធ្លាប់​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​នៃ​របាយ​ការណ៍​របស់​អង្គការ​លីកាដូ ​អំពី​ចំណាក​ស្រុក​ និង​មីក្រូ​ហិរញ្ញ​វត្ថុ ​ដែល​រឹត​តែ​ធ្វើ​ឲ្យ​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា ​«មិន​អាច​ជឿ​ជាក់​លើ​គុណភាព​ ក៏​ដូច​ជា​គោល​បំណង​ពិត​ប្រាកដ​នៃ​ការ​សិក្សា​ទាំង​អស់​នេះ»។​

ប្រតិកម្ម​របស់​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​ ជា​ប្រតិកម្ម​មួយ​ទៀត​បន្ថែម​លើ​ធនាគារ​អេស៊ីលីដា​ ដែល​កាល​ពី​ដើម​ខែ​កក្កដា​នេះ ​បាន​លើក​ឡើង​ថា​ របាយ​ការណ៍​របស់​អង្គការ​សហជីព​ទាំង​៣​នេះ ​«គ្មាន​មូលដ្ឋាន​គ្រប់​ជ្រុង​ជ្រោយ» ​និង​មាន​ចរិត​ «ញុះញង់» ​និង​«មាន​ចេតនា​បំផ្លាញ​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញ​វត្ថុ»។​

របាយ​ការណ៍​របស់​អង្គការ​សង្គមស៊ីវិល ​លើក​ឡើង​អំពី​ធនាគារ​អេស៊ីលីដា​តាម​រយៈ​ការ​ដក​ស្រង់​សម្តី​របស់​កម្មករ​ដែល​ផ្តល់​បទ​សម្ភាសន៍​ក្នុង​នោះ ​មាន​ករណី​លក់​ដី​សង​បំណុល ​និង​យក​កម្ចី​ពី​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​មួយ​ ទៅ​បង់​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​មួយ​ទៀត។​

លោក​ អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ​ថ្លែង​ការ​ពារ​ថា​ អង្គការ​មាន​រូប​មន្ត​ក្នុង​ការ​ជួប​សម្ភាស​មាន​កម្រង​សំណួរ​ក្នុង​ការ​ស្ទាប​ស្ទង់ ​និង​មាន​វិធីសាស្រ្ត​នៃ​ការ​ជ្រើសរើស​ត្រឹម​ត្រូវ។​

លោក​ថ្លែង​ប្រាប់​ VOA​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា៖​ «វិធី​សាស្រ្ត​នៃ​ការ​ស្ទាប​ស្ទង់​របស់​យើង យើង​បាន​ធ្វើ​យ៉ាង​ត្រឹមត្រូវ​ មិន​មែន​ការ​ជ្រើស​រើស​កំណត់​យក​តែ​អត្ត​សញ្ញាណ​កម្មករ​ណា​មួយ​ទេ ​ បាន​ន័យ​ថា​ យើង​ធ្វើ​ការ​ស្ទាប​ស្ទង់​ក្នុង​ចំណោម​១៦២​នាក់ ហើយ​ក្នុង​ហ្នឹង​ដែរ​យើង​រក​ឃើញ​១៥៨​នាក់ ​ដែល​គាត់​ជួប​វិបត្តិ​ដោយសារ​ការ​ព្យួរ​ការងារ ហើយ​ខ្វះ​ខាត​ មិន​មាន​លទ្ធភាព​ក្នុង​ការ​សង​ត្រឡប់​ទៅ​មីក្រូ​ហិរញ្ញ​វត្ថុ​វិញ»។​

លោក​បន្ថែម​ថា​ ការ​សិក្សា​នេះ​មិន​មែន​តំណាង​ឲ្យ​កម្មករ​ជាង​៨០​ម៉ឺន​នាក់​ធ្វើ​ការ​ក្នុង​វិស័យ​កាត់​ដែរ ​ឬ​ ក៏​អ្នក​ជំពាក់​លុយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ទាំង​អស់​នោះ​ទេ។​ លោក​បន្ត​ថា​ ​ការ​សិក្សា​នេះ ​គឺ​ដើម្បី​បង្ហាញអំពី​កង្វល់​របស់​កម្មករ​ និង​មាន​គោល​បំណង​ឲ្យ​រដ្ឋាភិបាល​ និង​អ្នក​ពាក់ព័ន្ធ​ រក​វិធីសាស្រ្ត​ដោះស្រាយ​ជូន​កម្មករ​ ដែល​ពុំ​មាន​លទ្ធភាព​បង់​សង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ​នៅ​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩​នេះ។​

លោក ​ឃុន ថារ៉ូ​ មន្ត្រី​សម្រប​សម្រួល​ផ្នែក​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​សង់ត្រាល់ ​មាន​ប្រសាសន៍​ថា ​របាយ​ការណ៍​នេះ​ «មិន​មែន​ញុះញង់​ទេ»​ ដោយ​សារ​វា​ឆ្លុះ​បញ្ចាំងពី​តថភាព​ជាក់​ស្តែង​ ដែល​កើត​មាន​ឡើង​នៅ​ក្នុង​ស្ថានភាព​កូវីដ១៩​ ដែល​កម្មករ​បាត់បង់​លទ្ធភាព​រក​ប្រាក់​ចំណូល​ប្រចាំ​ខែ​របស់​ពួក​គេ។​

លោក​បន្ត​ថា​ អង្គការ​មាន​វិធីសាស្រ្ត​ក្នុង​ការ​សម្ភាស ​និង​កម្រង​សំណួរ​ដែល​កម្មករ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ផ្តល់​បទ​សម្ភាសន៍។​

អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា​ បទ​ពិសោធន៍​នៃ​មនុស្ស​ទាំង​១៦២​ នាក់ ​ក្នុង​ការ​ស្រាវ​ជ្រាវ​នេះ​ មិន​តំណាង​ឲ្យ​គ្រប់​កម្មករ​ កម្មការិនី​រោងចក្រ​កាត់ដេរ​ ឬ​ អ្នក​ខ្ចី​កម្ចី​ឥណទាន​ខ្នាត​តូច ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ទេ។ ​ប៉ុន្តែ​ ពួក​គេ​លើក​ឡើង​ថា​ ការ​លំបាក​របស់​ពួក​គាត់ ​គឺ​មាន​មួយ​ចំនួន​ក្នុង​ចំណោម​អ្នក​ខ្ចី​កម្ចី​ឥណទាន​ខ្នាត​តូច​ជាង​២​លាន ​៦​សែន​ នាក់​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ជាប់​ជំពាក់​កម្ចី​ឥណទាន​ខ្នាត​តូច​សរុប​ជាង​១០​ពាន់​ លាន ​ដុល្លារ​ គិត​ត្រឹម​ចុង​ឆ្នាំ​២០១៩។​ ទំហំ​កម្ចី​ឥណទាន​ខ្នាត​តូច​ជា​មធ្យម​នៅ​កម្ពុជា​ គឺ​ចំនួន​៣.៨០៤​ ដុល្លារ ​ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​នៅ​ក្នុង​ពិភព​លោក៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG