ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ស៊ីប ប្រកាស​ស៊ើប​អង្កេត​​ការ​ផ្ដល់​សញ្ជាតិ​ស៊ីប​ដល់​សែស្រឡាយលោក ហ៊ុន សែន


រូបឯកសារ៖ រូបថតបង្ហាញលិខិតឆ្លងដែនប្រកាស​ស៊ើប​ (Cyprus)
រូបឯកសារ៖ រូបថតបង្ហាញលិខិតឆ្លងដែនប្រកាស​ស៊ើប​ (Cyprus)

រដ្ឋាភិបាល​ប្រទេស​​ស៊ីប​​ព្រមាន​ថា ​​​សែស្រឡាយលោក ហ៊ុន សែន ​អាច​នឹង​ប្រឈម​នឹង​ការ​ដក​ហូត​សញ្ជាតិ​នេះ​មកវិញ។

កាល​ពី​សប្ដាហ៍​មុន សារព័ត៌មាន​បរទេស ​Reuters បាន​ចេញ​ផ្សាយ​ការ​ស៊ើប​អង្កេត​មួយ ដោយ​រក​ឃើញ​ថា ក្មួយ​ស្រី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រម​ទាំង​រដ្ឋ​មន្ត្រី​និង​ឧកញ៉ា​របស់​លោក​ខ្លះ​ បាន​ស្នើ​សុំ និង​បាន​ទទួល​សញ្ជាតិ​ពី​ប្រទេស​ស៊ីប​(Cyprus) ដែល​ជា​ប្រទេស​មួយ​នៅ​សហភាព​អឺរ៉ុប។ ក្រោយ​ពី​ការ​ផ្សាយ​នេះ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ស៊ីប​ អះអាង​ថា​នឹង​មាន​ការ​ស៊ើប​អង្កេត​លើ​ករណី​ផ្ដល់​សញ្ជាតិនេះ។

រដ្ឋាភិបាល​ប្រទេសស៊ីប​ នឹង​ស៊ើប​អង្កេត​ករណីផ្ដល់​សញ្ជាតិ​ស៊ីប ដល់សែស្រឡាយ និង​មន្ត្រី​ស្និទ្ធ​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ព្រមាន​ថា​ពួក​គេ​អាច​នឹង​ប្រឈម​នឹង​ការ​ដក​ហូត​សញ្ជាតិ​នេះ​មកវិញ។ នេះ​បើ​យោង​តាម​ សារព័ត៌មាន Reuters ​ដែល​បាន​ដក​ស្រង់​សម្ដី​របស់​មន្ត្រី​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​ស៊ីប។

ក្នុង​ការ​ចេញ​ផ្សាយ​កាល​ពី​សប្ដាហ៍​មុន​ ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters បាន​រក​ឃើញថា​ក្មួយ​ស្រី​របស់​លោក ហ៊ុន សែន គឺ លោកស្រី ហ៊ុន គីមឡេង បាន​ទទួល​សញ្ជាតិ​ស៊ីប ហើយ​ស្វាមី​របស់​លោកស្រី គឺ​លោក​ឧត្ដមសេនីយ៍ ​នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ព្រម​ទាំង​កូន​ស្រី​កំពុង​ស្នើសុំ​សញ្ជាតិ​នេះ​ដែរ។

ដោយ​ឡែក​លោក​ឧកញ៉ា ឡៅ ម៉េងឃីន ​ព្រឹទ្ធ​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​អ្នក​ជំនួញ​ដ៏​ល្បី​ឈ្មោះ​មួយ​រូប និង​ភរិយា​របស់​លោក ដែល​ស្និទ្ធ​ជាមួយ​គ្រួសារ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ក៏​បាន​ទទួល​សញ្ជាតិ​ពី​សាធារណរដ្ឋ​ស៊ីប​នេះ​ផង​ដែរ។ រីឯ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ​កំពុង​ស្នើ​សុំ​សញ្ជាតិ​ពី​ប្រទេស​ស៊ីប។​

អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​ស៊ីប​ លោក Prodromos Prodromou ត្រូវ​បាន​ដក​ស្រង់​សម្ដី​ថា៖ «ការ​ស៊ើប​អង្កេត​មួយ​នឹង​ត្រូវ​ធ្វើ​ឡើង​សម្រាប់​ករណី​ទាំង​នេះ ហើយ​ប្រសិន​បើ​មាន​ការ​រក​ឃើញ​ថា​មាន​អ្វី​ដែល​មិន​ប្រក្រតី នោះ​ការ​សម្រេច​ណា​មួយ​នឹង​ត្រូវ​ធ្វើ​ឡើង ដោយ​អាចរួម​មានទាំង​ការ​ដក​សញ្ជាតិ​វិញ ប្រសិន​បើ​វិធាន​ការ​នេះ​ត្រឹមត្រូវ​តាម​ច្បាប់»។

លោក​បាន​ថ្លែង​បែប​នេះ​ទៅ​កាន់​អ្នក​កាសែត​បន្ទាប់​ពី​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ពុធ និង​បន្ទាប់​ពី​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​ស៊ីប​ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ពន្យល់​ពី​រដ្ឋាភិបាល​ទៅ​លើ​ការ​ផ្ដល់​សញ្ជាតិ​ដល់​សាច់ញាតិ​និង​មន្ត្រី​ស្និទ្ធ​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​នេះ។

យោង​តាម​សារព័ត៌មាន​ Reuters ដើម្បី​ចូល​សញ្ជាតិ​ស៊ីប​បាន ​អ្នក​ស្នើ​សុំ​សញ្ជាតិ​ពី​សាធារណរដ្ឋ​ស៊ីប តម្រូវ​ឲ្យ​មាន​ទឹក​ប្រាក់​វិនិយោគ​ក្នុង​ប្រទេស​នេះ​យ៉ាង​តិច​ ២,២ ​លាន​ដុល្លារ​អាមេរិក។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល បាន​ថ្លែង​ប្រាប់​ VOA ថា​រដ្ឋាភិបាល​ស៊ីប ​មាន​យន្ត​ការ​ច្បាស់​លាស់​ក្នុង​ការ​ផ្ដល់​សញ្ជាតិ​ឲ្យ​ទៅ​បរទេស។

លោក​បាន​ថ្លែង​ថា៖ «ហើយ​អ្នក​ផ្ដល់​សញ្ជាតិ​ហ្នឹង គេ​មាន​គោលការណ៍​គេ​ត្រឹមត្រូវ ហើយ​ការ​ផ្ដល់​សញ្ជាតិ​ហ្នឹង​គេ​ធ្វើ​តាម​រយៈ​តុលាការ​ទៅ​ទៀត ក្រសួង​យុត្តិធម៌​ទៅ​ទៀត។ គណៈ​កម្មការ​របស់​គេ គេ​វាយ​តម្លៃ​ខ្ពង់​ខ្ពស់​ណាស់​នៅ​ក្នុង​សាច់​រឿង​ហ្នឹង»។

លោក ផៃ​ ស៊ីផាន បាន​បន្ត​ថា​លោក​កំពុង​ពិនិត្យ​មើល​ការ​ស៊ើប​អង្កេត​របស់ ​Reuters ថា​ពិត​ឬ​យ៉ាងណា។ ប៉ុន្តែ​លោក​ថា​បើ​រក​ឃើញថា​មាន​សញ្ជាតិ​ពីរ វា​ជា​រឿង​ធម្មតា​ ដែល​អ្នក​វិនិយោគ​ទុន​ទទួល​បាន​សញ្ជាតិ​បរទេស។

រូបឯកសារ៖ លោក​ ផៃ ស៊ីផាន​ អ្នកនាំ​ពាក្យទីស្តី​ការ​គណរដ្ឋមន្ត្រី​ផ្តល់បទសម្ភាសដល់សំឡេង​សហរដ្ឋ​អាមេរិក​វីអូអេ​, នៅរាជធានីភ្នំពេញ, នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ​២០១៨។ (អូន ឆេងប៉​រ​/ VOA)
រូបឯកសារ៖ លោក​ ផៃ ស៊ីផាន​ អ្នកនាំ​ពាក្យទីស្តី​ការ​គណរដ្ឋមន្ត្រី​ផ្តល់បទសម្ភាសដល់សំឡេង​សហរដ្ឋ​អាមេរិក​វីអូអេ​, នៅរាជធានីភ្នំពេញ, នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ​២០១៨។ (អូន ឆេងប៉​រ​/ VOA)

ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters ​បាន​រក​ឃើញ​ទៀត​ថា លោកស្រី ហ៊ុន គីមឡេង បាន​ទិញ​ផ្ទះ​ល្វែង​មួយ​នៅ​កណ្ដាល​ទីក្រុង​ឡុងដ៍ កាល​ពី​ឆ្នាំ​២០១០ ក្នុង​តម្លៃ​ប្រហែល​ ២,៥លាន​ដុល្លារ​អាមេរិក ដែល​រហូត​មក​ដល់​ឥឡូវ​អាច​មាន​តម្លៃ​ប្រហែល​ ៤,៥​លាន​ដុល្លារ​អាមេរិក។ លោកស្រី​ក៏​មាន​ផ្ទះ​ល្វែង​តម្លៃ​រាប់​លាន​ដុល្លារ​ផ្សេង​ទៀត​នៅ​ប្រទេស​សិង្ហបុរី​ផង​ដែរ។

ជាង​នេះ​ទៀត​កូនស្រី​ច្បង​របស់​លោកស្រី ឈ្មោះ នេត ធីតាវិឈុណា ដែល​មាន​អាយុ​២៦​ឆ្នាំ ក៏​មាន​ផ្ទះ​ល្វែង​តម្លៃ​ប្រហែល​៧​លាន​ដុល្លារ នៅ​ក្បែរ​ផ្ទះ​លោកស្រី​ផង​ដែរ​នៅ​ក្នុង​ទីក្រុង​ឡុងដ៍។

VOA​ មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​លោកស្រី ហ៊ុន គីមឡេង និង​ស្វាមី​របស់​លោកស្រី គឺ​លោក នេត សាវឿន បាន​នៅ​ឡើយ​ទេ។

រូបឯកសារ៖ ឧត្តមសេនីយ៍​ នេត សាវឿន អគ្គស្នងការនគរបាលជាតិ
រូបឯកសារ៖ ឧត្តមសេនីយ៍​ នេត សាវឿន អគ្គស្នងការនគរបាលជាតិ

លោកស្រី​ ហ៊ុន គីមឡេង គឺ​ជា​កូនស្រី​របស់​បង​ប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ណេង ដែល​ជា​តំណាង​រាស្ត្រ និង​ជា​អតីត​អភិបាល​ខេត្ត​កំពង់ចាម។ លោកស្រី​ទទួល​បាន​សញ្ជាតិ​ស៊ីប នៅ​ឆ្នាំ​២០១៦។​

តាម​ឯកសារ​នានា​ដែល​ VOA បាន​រក​ឃើញ​ លោកស្រី​ ហ៊ុន គីមឡេង គឺ​ជា​ប្រធាន និង​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​ច្បាប់ ​ឈ្មោះ HML Law Group ដែល​កន្លង​ទៅ​មាន​អតិថិជន​នៃ​ក្រុមហ៊ុន​ធំៗ​នៅ​កម្ពុជា រួម​មាន NagaCorp ដែល​គ្រប់គ្រង​កាស៊ីណូ ណាហ្គាវើល​នៅ​ភ្នំពេញ តំបន់​សេដ្ឋកិច្ច​ពិសេស Manhattan នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង ធនាគារ​ស្ថាបនា ធនាគារ RHB Indochina ក្រុមហ៊ុន​អាកាសចរណ៍​ Bassaka Air Limited និង​សាលា ​International School of Phnom Penh។

VOA មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក ឡៅ ម៉េងឃីន និងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច បាន​នៅ​ឡើយ​ទេ ទាក់​ទង​នឹង​ការ​ស៊ើប​អង្កេត​លើ​ការ​ស្នើសុំ​និង​ទទួល​បាន​សញ្ជាតិ​ស៊ីប​នេះ។

សាធារណរដ្ឋ​ស៊ីប ​គឺជា​ប្រទេស​ដែន​កោះ​មួយ​ដែល​ប្រជា​ពលរដ្ឋ​ក្នុង​ប្រទេស​នេះ​មាន​ស្តង់ដារ​រស់​នៅ​ក្នុង​កម្រិត​ខ្ពស់​ខ្លាំង។ ដែនដី​កោះ​ដែល​មាន​ប្រជា​ពលរដ្ឋ​រស់​នៅ​ច្រើន​លំដាប់​ទី​៣​ក្នុង​ពិភព​លោក​នេះ​ ស្ថិត​នៅ​តំបន់​មេឌីទែរ៉ាណេ​ខាង​កើត ​ជាប់​នឹង​ប្រទេស​ក្រិក តួកគី និង​អេហ្ស៊ីប។

រូបឯកសារ៖ លោកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​ប្រឆាំង​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ ចូលរួម​នៅក្នុង​ការ​ប្រមូល​ផ្តុំ​គ្នាមួយ​ នៅក្បែរ​រដ្ឋសភា​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)
រូបឯកសារ៖ លោកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​ប្រឆាំង​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ ចូលរួម​នៅក្នុង​ការ​ប្រមូល​ផ្តុំ​គ្នាមួយ​ នៅក្បែរ​រដ្ឋសភា​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូរ សុខហួរ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ធ្លាប់​បាន​ចាត់​ទុក​ថា​ការ​ទទួល​សញ្ជាតិ​ស៊ីប​របស់​សាច់ញាតិ​និង​មន្ត្រី​ស្និទ្ធ​លោក​ហ៊ុន​ សែន «គឺជា​អំពើ​ពុករលួយ​ដ៏​ធ្ងន់ធ្ងរ និង​ជា​ការ​ប្រើប្រាស់​លុយ​ដើម្បី​ទិញ​សញ្ជាតិ»។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន ធ្លាប់​បាន​រិះគន់​អ្នក​នយោបាយ​កម្ពុជា​ដែល​មាន​សញ្ជាតិ​ពីរ​ថា​ជា​អ្នក​ដែល​ងាយរត់​គេច​ពី​ប្រទេស​កម្ពុជា​ នៅ​ពេលដែល​មាន​បញ្ហា​ក្នុង​ប្រទេស។

ទោះ​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​សុខ ឥសាន អះអាង​ថា មាន​មន្ត្រី​គណបក្ស​កាន់​អំណាច​ក្នុង​រដ្ឋាភិបាល​និង​ក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ ប្រមាណ​«ពីរ​បី​នាក់»​ដែល​មាន​សញ្ជាតិ​ខ្មែរ​ផង និង​សញ្ជាតិ​បរទេស​ផង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG