ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស​៖ ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​កម្ពុជា​មិន​សេរី​ និង​បិទ​សំឡេង​បក្ស​ប្រឆាំង


លោក ហ៊ុន សែន ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​៣ ខែ​មេសា មិន​ដល់​មួយ​ឆ្នាំ​ក្រោយ​ពី​ប្រគល់​អំណាច​ឲ្យ​កូន​ប្រុស​របស់​លោក។ (Cambodia Senate / AFP)
លោក ហ៊ុន សែន ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​៣ ខែ​មេសា មិន​ដល់​មួយ​ឆ្នាំ​ក្រោយ​ពី​ប្រគល់​អំណាច​ឲ្យ​កូន​ប្រុស​របស់​លោក។ (Cambodia Senate / AFP)

ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​នីតិកាល​ទី​៥​នៅ​កម្ពុជា​មិន​មាន​លក្ខណៈ​សេរី​ និង​យុត្តិធម៌​ ព្រោះ​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​បាន​គំរាម​កំហែងលើក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​របស់​គណបក្ស​ប្រឆាំង​ដែល​ជា​អង្គ​បោះ​ឆ្នោតមិន​ឱ្យ​បោះឆ្នោត​គាំទ្រ​បេក្ខជន​ជា​សមាជិក​ព្រឹទ្ធ​សភា​មក​ពីគណបក្ស​ប្រឆាំង​។ នេះជាការ​វាយ​តម្លៃ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ (Human Rights Watch)​ ដែល​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក​។

កម្ពុជា​បាន​រៀបចំការបោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​កាលពី​ខែ​កុម្ភៈ​ ហើយ​លទ្ធ​ផល​បោះ​ឆ្នោត​បង្ហាញ​ថា​ គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​ជាគណបក្ស​ជំទាស់​ជំនួស​ឱ្យគណបក្ស​ភ្លើង​ទៀន​ទទួល​បាន​អាសនៈ​ចំនួន​៣​ ខណៈ​គណបក្ស​គ្រប់គ្រង​ប្រទេស​ដែលមាន​អតីត​នាយករដ្ឋមន្ត្រីលោក​ហ៊ុន សែន​ជាប្រធាន​ទទួល​បាន​៥៥​អា​សនៈ​នៃចំនួន​អាសនៈ​សរុប​ចំនួន​៥៨​ដែល​ត្រូវ​ជ្រើសតាំងតាម​ការ​បោះ​ឆ្នោត​។

យោងតាម​សេចក្តីថ្លែង​ការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) ដែល​វីអូអេ​បាន​ទទួល​នៅ​ថ្ងៃ​សុក្រ​នេះ​ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​បំភិត​បំភ័យ ​គំរាម​កំហែង ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ សូក​ប៉ាន់ និង​ញុះញង់​ខុសច្បាប់​ផ្សេង​ៗ​ទៀត​ ដើម្បី​រារាំង​មិន​ឱ្យអង្គ​បោះ​ឆ្នោត​គណ​បក្សប្រឆាំង​បោះ​ឆ្នោត​គាំទ្របេក្ខជន​គណបក្ស​ខ្លួន​អំឡុង​ពេល​មានការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​។ ​បន្ទាប់​ពី​ការបោះឆ្នោត​នោះលោកហ៊ុន សែន​ ក៏​បានក្លាយ​ជា​ប្រធាន​ព្រឹទ្ធសភា​។

អ្នកស្រី Elaine Pearson នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ត្រូវបាន​គេ​ដក​ស្រង់​សម្តី​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយថា​៖ «ការ​ចោទ​ប្រកាន់​ទៅ​លើ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ និង​សកម្មជន​គណបក្ស​ប្រឆាំង បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ថា ការ​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​កម្ពុជា​មិន​សេរី និង​យុត្តិធម៌ ហើយ​គួរតែ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ឱ្យ​មាន​ការ​ទទួល​ខុស​ត្រូវ និង​បដិសេធ​ចោល​ការ​ធ្វើ​វិទ្ធង្សនា​នៃ​លទ្ធិប្រជាធិបតេយ្យ​ដែល​នៅ​សេសសល់​ក្នុង​ប្រទេស​កម្ពុជា»។

សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការឃ្លាំមើលសិទិមនុស្ស​បន្ថែម​ថា​ ម្ចាស់​ជំនួយ​របស់​កម្ពុជា គួរតែ​អំពាវ​នាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស៊ើប​អង្កេត​ឱ្យ​បាន​ហ្មត់ចត់ និង​តម្លាភាព រាល់​ការ​ជ្រៀត​ជ្រែក​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត​ថ្ងៃទី​២៥ ខែ​កុម្ភៈ និង​ការ​កំណត់​គោល​ដៅ​លើ​សមាជិក​ក្រុម​ប្រឹក្សា និង​សកម្មជន​បក្ស​ប្រឆាំង​»។

អគ្គ​លេខាធិការ​គណបក្ស​ភ្លើង​ទៀន​លោក លី សុធារ៉ាយុត្តិ ប្រាប់​វីអូអេ​ថា លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ខុស​ពីការ​រំពឹង​ទុក​របស់​គណបក្ស​ភ្លើង​ទៀន និង​បក្ស​សម្ព័ន្ធ​របស់​ខ្លួន​គឺ​គណបក្ស​ឆន្ទៈ​ខ្មែរ​ ដែល​ទទួល​បាន​ត្រឹម​តែ​៣អាសនៈ​ប៉ុណ្ណោះ។

លោក​បន្ថែម​ថា​ នៅ​មុន​ថ្ងៃបោះឆ្នោតជ្រើស​តាំង​ព្រឹទ្ធសភា មន្រ្តី និង​សកម្មជន​ខ្លះ​នៃ​គណបក្ស​ភ្លើង​ទៀន ត្រូវ​បាន​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ហើយ​អង្គ​បោះឆ្នោត​ខ្លះ​ក្នុង​ខេត្ត​មួយ​ចំនួន​ទទួល​រង​ការ​លួង​លោម ​ទិញ​ដូរទឹក​ចិត្ត​ជា​ថ្នូរ​នឹង​លាភសក្ការៈ​ពី​បុគ្គល​មាន​ឥទ្ធិពល​ខ្លះ និង​គាប​សង្កត់​ឱ្យ​បោះ​ឆ្នោត​ដល់​គណបក្ស​ផ្សេង​។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​រៀប​រាប់ឱ្យដឹង​ទៀតថា​ កាល​ពី​ខែ​កុម្ភៈ ​អ្នកស្រាវជ្រាវ​របស់​ខ្លួនបាន​និយាយ​ទៅ​កាន់​ក្រុម​ប្រឹក្សា​ឃុំ​គណបក្ស​ភ្លើងទៀន​ចំនួន​៤​រូប និង​មន្ត្រី​គណបក្ស​ប្រឆាំង ២​រូប។ ពួក​គេ​បាន​រៀបរាប់​ពី​ការ​យាយី និង​ការ​បំភិតបំភ័យ រួមទាំង​ការ​គំរាម​កំហែង​មក​លើ​ពួកគេ និង​ក្រុម​គ្រួសារ​របស់​ពួកគេ ក៏ដូចជា​ការ​សន្យា​នូវ​មុខ​តំណែង​នយោបាយ​ដែល​មាន​គុណសម្បត្តិ​ សំណូក​រហូត​ដល់ ១២ លាន​រៀល ឬ​ស្មើ​នឹង ៣០០០ ដុល្លារ​អាមេរិក ជាមួយ​នឹង​ទូរសព្ទ​ដៃ និង​ម៉ូតូ ប្រសិន​បើ​ពួកគេ​យល់​ព្រម​មិន​ទៅ​បោះឆ្នោត​ព្រឹទ្ធសភា ឬ​ប្រសិន​បើ​ពួកគេ​បោះឆ្នោត​ឱ្យ​បេក្ខជន​គណបក្ស​កាន់​អំណាច។

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា យល់​ថាការ​លើក​ឡើង​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នេះ​គ្មាន​តម្លៃ​នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​ប្រជាជន​កម្ពុជា ហើយ​ថា​កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ​មួយ ដូច្នេះ​រាល់​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​មេដឹកនាំ​ជា​សិទ្ធិ​សម្រេច​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដោយ​គ្មាន​អង្គ​ការ​បរទេស​ណា​មួយ​អាច​មាន​សិទ្ធិ​អំណាច​មក​សម្រេច​ជំនួស​ម្ចាស់​ឆ្នោត​បាន​ឡើយ។

បើ​តាម​លោក ប៉ែន បូណា ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​កាល​ពី​ពេល​ថ្មីៗ​នេះ​ គឺ​ប្រកប​ដោយ​តម្លាភាព​ត្រឹមត្រូវ និង​សុវត្ថិភាព​ដោយ​គ្មាន​នរណា​តវ៉ា​ឡើយ​ ហើយ​លទ្ធផល​បោះ​ឆ្នោតបង្ហាញថា​គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្ស​មាន​ប្រជាប្រិយ​ខ្ពស់​ជាង​គណបក្ស​នយោបាយ​ផ្សេង​ទៀត។

លោក​ថ្លែង​ថា៖ «លទ្ធផល​នៃ​ការ​បោះឆ្នោត [ព្រឹទ្ធសភា] នេះ​ឆ្លុះ​បញ្ចាំង​ពី​យ៉ាង​ល្អ​ ពី​ភាព​រឹងមាំ​ និង​ប្រជាប្រិយ​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ម្ខាង និង​នៅ​ម្ខាង​ទៀត​គឺ​ជា​បែកបាក់​ខ្ទេច​ខ្ទី​របស់​ក្រុម​ប្រឆាំង​ជ្រុល​និយម ដោយសារ​តែ​កំហុស​យុទ្ធសាស្ត្រ​នៃ​មេដឹកនាំ​របស់​ខ្លួន។ ហើយ​នរណាៗ​ក៏​ដឹង​ដែរ និង​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​រឿង​នេះ លើក​លែង​តែ​អង្គការ​បរទេស​មួយ​នេះ​ដែល​មើល​មិន​ឃើញ​ ហើយ​បែរ​ជា​ខិតខំ​បង្វែរ​ការ​បែក​បាក់​នេះ​ ហើយ​ទម្លាក់​កំហុស​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​វិញ​»។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត លើក​ឡើង​ថា អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្សអន្តរជាតិ​ (Human Rights Watch) តែង​តែ​តាមដានប្រព័ន្ធលទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​ជុំវិញ​ពិភពលោក ក្នុង​នោះ​មានប្រទេសកម្ពុជា​ផង​ដែរ ដើម្បី​ពិនិត្យ​មើល​លើការ​អនុវត្ត​សិទ្ធិពលរដ្ឋ​ និង​នយោបាយ​ថា​មាន​ស្ថាន​ភាព​ប្រឈម​បែប​ណា​ ជា​ពិសេស​ក្នុង​រដូវកាល​មាន​ការ​បោះ​ឆ្នោត​ម្តងៗ​។

លោក​ថ្លែង​ថា៖​«យើង​ជា​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ផ្នែក​ហ្នឹង​គឺ​យើង​ចង់​ឃើញ​ដំណើរការ​បរិយាកាស​នយោបាយ​មុន​ពេល​បោះឆ្នោត​ម្តងៗ​ហ្នឹង​គឺ​មាន​ភាព​ល្អ​ប្រសើរ​ ដែល​មិន​មាន​ការ​រិះគន់​ ដែល​មិនមាន​ការ​លើក​ឡើង​ថា​លំហ​សេរីភាព​នយោបាយ​មាន​ភាព​រួមតូច​ ឬក៏​មិន​ល្អ​អី​ហ្នឹង​យើង​មិន​ចង់​ឃើញ​ យើង​ចង់​ឃើញ​ថា​ដំណើរ​ការ​មួយ​ដែល​ស្ថានភាព​នយោបាយ​មាន​ភាព​ល្អ​ប្រសើរ​ ហើយ​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​សេរី​ ត្រឹមត្រូវ និង​យុត្តិធម៌​តាម​គោលការណ៍​នៃ​លទ្ធិ​ប្រជាធិបតេយ្យ»។

យ៉ាងណាក៏ដោយ កាល​ពី​ថ្ងៃទី​៣​ខែ​មេសា​ ឆ្នាំ​២០២៤ អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន បាន​លើក​ឡើង​ក្រោយ​ពេល​ឡើង​ជា​ប្រធានព្រឹទ្ធសភាថា លោក​នឹង​ការពា​ររដ្ឋធម្មនុញ្ញ ​របប​រាជា​និយម លទ្ធិ​ប្រជា​ធិប​តេយ្យ​សេរី​ពហុ​បក្ស​ និង​នីតិរដ្ឋ​នៅ​ប្រទេស​កម្ពុជា ដែលនឹងមានការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ខេត្តនៅ​ខែ​ឧសភា​ខាង​មុខ​នេះ៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG