ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្ដី​សិទ្ធិ​មនុស្ស​​បារម្ភ​អំពី​​លម្ហ​សេរីភាព​នយោបាយ​កម្ពុជា​ក្រោយ​មន្ត្រីបក្ស​ជំទាស់​ត្រូវ​ចាប់ខ្លួន​បន្ត​បន្ទាប់


រូបឯកសារ៖ មន្ត្រី​នគរបាល​អង្គុយ​លើ​រថយន្ត​ល្បាតនៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​ពេល​ប្រកាស​សាលក្រម​លើ​សំណុំរឿង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០២៣។
រូបឯកសារ៖ មន្ត្រី​នគរបាល​អង្គុយ​លើ​រថយន្ត​ល្បាតនៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​ពេល​ប្រកាស​សាលក្រម​លើ​សំណុំរឿង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០២៣។

អ្នកការពារសិទ្ធិ​មនុស្ស​នៅ​កម្ពុជា បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​ការ​បន្តធ្លាក់​ចុះ​នៃ​ការគោរព​សិទ្ធិ​មនុស្ស​ និង​ការរឹតត្បិត​លម្ហនយោបាយ​នៅ​កម្ពុជា​ បន្ទាប់ពីសមត្ថកិច្ច​ចាប់​ខ្លួន​សមាជិក ​ឬ​សកម្មជន​គណបក្ស​ជំទាស់​ជាបន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍ចុង​ក្រោយ​នេះ​។

កាលពី​ថ្ងៃទី​៣០​ ខែមីនា ឆ្នាំ២០២៤​ សមាជិក​គណបក្ស​កម្លាំងជាតិលោក អ៊ុំ វីរៈរដ្ឋ​ត្រូវបាន​ចាប់​ខ្លួន​ពី​បទ​រួមគំនិតក្បត់​ ដែល​ជា​បទ​ចោទ​ពាក់​ព័ន្ធ​នឹង​ផែន​ការ​មាតុភូមិ​និវត្តន៍​មិន​ជោគ​ជ័យ​របស់​មេដឹកនាំ​នយោបាយ​ជំទាស់​លោក​សម រង្ស៊ី​កាល​ពី​ឆ្នាំ​២០១៩ ​។ នេះ​ជាករណី​ទី​២ដែល​សមាជិក​គណបក្ស​ជំទាស់​មួយ​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក អំ សំអាត មើល​ឃើញ​ថា​ រាល់មុន​ការ​បោះឆ្នោត​ ​តែងតែមាន​ការ​ឃាត់ខ្លួន ឬ​ចាប់​ខ្លួន​សមាជិក​គណបក្ស​ជំទាស់។ លោក​បន្ថែម​ថា ការ​ចាប់ខ្លួន​សមាជិក​គណបក្ស​ជំទាស់​នេះ​ ជារឿយ​ៗ​រង​ការ​រិះគន់​ពី​សហគមន៍​អន្ដរ​ជាតិ ​ដែល​គាំទ្រ​គោលការណ៍​ប្រជាធិបតេយ្យ​។

លោក ថ្លែងថា៖ «ការ​ដែល​ចាប់​ខ្លួន​ទៅ​លើ​សកម្មជន​គណបក្ស​ប្រឆាំង​ ការ​ឃុំ​ខ្លួន​នេះ​ទោះបី​ជា​សំណុំ​រឿង​នេះ​ជា​សំណុំ​រឿង​ចាស់​ក៏ដោយ ប៉ុន្ដែ​វា​ជិត​ដល់​ពេល​បោះឆ្នោត​ជ្រើស​តាំង​ក្រុម​ប្រឹក្សា​រាជធានី​ ខេត្ត ក្រុង​ ខណ្ឌ ស្រុក។ អញ្ចឹង​នៅ​តែ​គេ​មើល​ឃើញ​ ហើយ​គេ​អាច​រិះគន់​ថាលម្ហ​សេរីភាព​នយោបាយ​នៅ​កម្ពុជា​យើង​នៅ​មាន​ភាព​រួម​តូច»។

អ្នក​សម្រប​សម្រួល​គម្រោង​ឃ្លាំ​មើល​សេរីភាព​មូលដ្ឋាន​នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​(CCHR)​អ្នកស្រី​ប្រាក់ ចាន់ម្លី ​យល់​ថា​ការ​ចាប់​ខ្លួន​សមាជិក​គណបក្ស​ជំទាស់​ជា​បន្ត​បន្ទាប់​បែប​នេះ​ធ្វើ​ឱ្យលម្ហសិទ្ធិ​សេរីភាព​ក្នុង​ការ​ធ្វើនយោបាយ​កាន់​តែតូច​ចង្អៀត​។

អ្នកស្រីថ្លែង​ថា៖ «ករណី​នេះ​គឺ​អត់​ខុស​គ្នា​ទេ ការ​បារម្ភ​គឺ​នឹង​ធ្វើ​ឱ្យ​បរិយាកាស​នយោបាយ​នៅ​ក្នុង​ប្រទេសអាចកាន់​តែ​រួម​តូច​ មាន​ន័យ​ថា​ទាំង​សកម្មជន​នយោបាយ​ឬ​ក៏​ប្រជាពលរដ្ឋ​ធម្មតា​ហ្នឹង​គឺ​មិន​សូវ​ជា​មាន​សេរីភាព​ពេញលេញ​ ឬក៏​មិន​សូវហ៊ាន​អនុវត្ត​សេរីភាព​ខាង​សមាគម​ឬ​ក៏​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​បាន​ពេញ​លេញ»។

បើតាម​អ្នកស្រីប្រាក់​ ចាន់ម្លី លោក​ អ៊ុំ វីរៈរដ្ឋ​ គ្រាន់​តែអនុវត្ត​សេរីភាព​ផ្នែក​នយោបាយ និងសម្តែង​មតិប៉ុណ្ណោះ​។ អ្នកស្រី​បន្ថែម​ថា​ ភាគី​ពាក់ព័ន្ធ​គួរ​ពិចារណា​អំពី​ធាតុ​ផ្សំ​បទល្មើស​ឡើង​វិញ ​ដោយ​ផ្អែក​តាម​គោល​ការណ៍​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ មុន​ពេល​ធ្វើការចោទ​ប្រកាន់​ និង​ការ​ចាប់​ខ្លួនបុគ្គល​ដែល​ជា​សមាជិក​គណបក្ស​នយោបាយ។

រូបឯកសារ៖ រថយន្ត​ប៉ូលិស ដឹក​សកម្មជន​បក្ស​ជំទាស់​ចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ រថយន្ត​ប៉ូលិស ដឹក​សកម្មជន​បក្ស​ជំទាស់​ចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក ​ឯម សុវណ្ណារ៉ា ប្រាប់​វីអូអេ​ថា​ការចាប់ខ្លួន​សកម្មជន​គណ​បក្ស​នយោបាយ​ជំទាស់​នឹងអាច​បន្ដ​កើត​មានទៀត​ ដើម្បី​បង្រួម​ ឬ​កាត់​ផ្ដាច់​រចនា​សម្ពន្ធ​ថ្នាក់​ក្រោម​កុំ​ឱ្យ​មាន​កម្លាំង​ងើប​តប​តនឹង​គណបក្ស​កាន់​អំណាច​។

លោក​ថ្លែង​ថា​៖ «អញ្ចឹង​ចរន្ដ​ហ្នឹង​ដើម្បី​ធ្វើ​ឱ្យ​ក្សត់​កម្លាំង​អ្នក​នយោបាយ​ប្រឆាំង មិនមាន​សន្ទុះ​ឬ​ការ​បារម្ភ ឬក៏​មិនមាន​យន្ដការ​ក្ដី​សង្ឃឹម​ថា​លម្ហសេរីភាព​នយោបាយ​អាច​ធូរ​ស្បើយ​នៅ​ក្នុង​ពេល​ឆាប់ៗ​ទេ»។

ប្រធាន​គណបក្ស​កម្លាំង​ជាតិ ​លោក ​ស៊ុន ចន្ធី ​ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ការ​ចាប់​ខ្លួនលោក អ៊ុំ វីរៈ​រដ្ឋ ដែល​មាន​តួនាទី​ជា​អគ្គហេរញ្ញិក​របស់​គណបក្ស​ កាល​ពីចុង​ខែ​មីនា នោះ​គឺ​ជា​ការគំរាម​កំហែង​ផ្នែក​នយោបាយ​មក​លើ​គណបក្ស​កម្លាំងជាតិ​។

លោក​ថ្លែងថា៖ «គណបក្ស​កម្លាំងជាតិ​មើល​ឃើញ​ថា​ការចាប់​ថ្នាក់​ដឹកនាំ​គណបក្ស​កម្លាំងជាតិ​ទាំង​ពីរ​រូប ក្នុង​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​គឺជា​ការ​បំភិត​បំភ័យ​ ការគំរាម​កំហែង​ផ្នែក​នយោបាយ​យ៉ាង​ធ្ងន់ធ្ងរ​មក​លើ​គណបក្ស​កម្លាំង​ជាតិ​»។

ប្រធាន​គណបក្ស​រូប​នេះ បាន​ស្នើ​ឱ្យ​អាជ្ញាធរ និង​តុលាការ​ទម្លាក់​បទ​ចោទ​និង​ដោះ​លែង​ថ្នាក់​ដឹក​នាំ​គណបក្ស​កម្លាំង​ជាតិ​ទាំង​ពីរ​រូប​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ដើម្បី​បង្ហាញ​មតិ​ជាតិ​និងអន្ដរ​ជាតិ​ថា​កម្ពុជា​មាន​លម្ហសេរីភាព​នយោបាយ​។

អ្នក​នាំ​ពាក្យ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក​សំ វិច្ឆិកា ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ការ​ឃាត់​ខ្លួន​លោក​ អ៊ុំ វីរៈរដ្ឋ ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្តច្បាប់​ ទៅ​តាម​ដីកា​របស់​ចៅ​ក្រម​ជំនុំ​ជម្រះ​ចេញ​ដោយសាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ​ ដោយ​លើក​ហេតុផល​ថា​សមាជិក​បក្សជំទាស់​រូប​នេះបាន​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្មទណ្ឌ​នៅ​លើ​បណ្តាញ​សង្គម​។

លោក​ថ្លែង​ថា​ ៖«ជា​ការ​អនុវត្ត​ច្បាប់​ចំពោះ​ឈ្មោះ​ អ៊ុំ វីរៈរដ្ឋ នេះ​គឺ​សមត្ថកិច្ច​អនុវត្ត​ទៅ​តាម​វិធាន​ការ​ច្បាប់ មិន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​នោះ​ទេ។ អញ្ចឹង​អ្វី​ដែល​ចោទ​ប្រកាន់​មក​លើ​សមត្ថ​កិច្ច​ជា​ពិសេស​ចំពោះ​មតិ​ប្រឆាំង​មួយ​ចំនួន​ដែល​ចោទ​ប្រកាន់​ថា​មាន​ការ​បំភិត​បំភ័យ គំរាមកំហែង​ទៅ​លើ​សកម្មជន​គណបក្ស​ណា​នោះ​គឺ​សមត្ថកិច្ច​សុំ​ធ្វើ​ការ​ប​ដិសេធ​ទាំង​ស្រុង ការ​ចោទ​ប្រកាន់​គ្មាន​មូល​ដ្ឋាន​ច្បាស់លាស់​គឺ​ការ​អនុវត្ត​នេះ​គឺ​ជា​ការ​អនុវត្តវិធាន​ការ​ច្បាប់»។

វីអូអេ​មិន​អាចសុំការ​អត្ថាធិប្បាយ​ពី​លោក ផេង ស៊ីភ័ណ ប្រធាន​លេខាធិការដ្ឋាន​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​បាន​នៅឡើយ​ទេ​។ វីអូអេ​ក៏មិន​អាច​សុំការ​អត្ថាធិប្បាយ​ពី​សាច់ ញាតិរបស់​លោក​អ៊ុំ វីរៈ​រដ្ឋបាន​ដែរនៅ​ថ្ងៃអង្គារ​នេះ​។​

មុន​ពេល​មាន​ការ​ចាប់ខ្លួន​លោកអ៊ុំ វីរៈរដ្ឋ អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ចាប់ខ្លួន​លោក មឺ សេងហ៊ ហៅ​ គា វិសាល អនុ​ប្រធាន​បណ្តោះ​អាសន្ន​នៃ​គណបក្ស​កម្លាំង​ជាតិ​ខេត្ត​កំពង់​ចាមពីបទ​ញុះញង់។ សមា​ជិក​គណបក្ស​កម្លាំង​ជាតិ​រូបនោះ​ គឺជា​បេក្ខជន​ពេញ​សិទ្ធិ​ឈរ​ឈ្មោះ​លេខ​រៀង​ទី ១​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ អាណត្តិ​ទី ៤។

ភរិយាលោក​គា វិសាល​ គឺអ្នកស្រី​ញ៉ែ សុខឿនថ្លែងថា ការ​ចាប់​ខ្លួន​ស្វាមី​របស់​អ្នកស្រី គឺ​ជា​រឿង​អយុត្តិធម៌​មួយ ហើយ​ថា​វា​ជា​ការ​បំបាក់​ស្មារតី​សកម្មជន​គណបក្ស​ប្រឆាំង​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG