ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖ ការ​តែងតាំង​លោក​សាយ ឈុំ ជា​ឧត្តម​ប្រឹក្សា​ផ្ទាល់​មហាក្សត្រ​នឹង​បើក​ផ្លូវឱ្យ​លោក​ហ៊ុន សែន មក​ដឹកនាំ​ព្រឹទ្ធសភា


រូបផ្គុំពី​បណ្តាញសង្គម​របស់​រដ្ឋសភាជាតិ​កម្ពុជា​បង្ហាញអតីតនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន និងប្រធានព្រឹទ្ធសភាអាណត្តិទី៤ លោក សាយ ឈុំ។ (Facebook / National Assembly of Cambodia)
រូបផ្គុំពី​បណ្តាញសង្គម​របស់​រដ្ឋសភាជាតិ​កម្ពុជា​បង្ហាញអតីតនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន និងប្រធានព្រឹទ្ធសភាអាណត្តិទី៤ លោក សាយ ឈុំ។ (Facebook / National Assembly of Cambodia)

ព្រះ​មហាក្សត្រ​ខ្មែរ​ព្រះ​បាទ​ នរោត្តម ​សីហមុនី​ បាន​ប្រោស​ព្រះ​រាជទាន​តែងតាំង​លោក ​សាយ ឈុំ​ ជាឧត្តម​ប្រឹក្សា​ផ្ទាល់​របស់​ព្រះអង្គ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ ដែល​លទ្ធ​ផល​បង្ហាញ​ថា​ គណបក្ស​ប្រជាជនកម្ពុជានៅបន្ត​ក្តោបក្តាប់​អាសនៈ​ភាគច្រើន​លើស​លប់​ក្នុង​ស្ថាប័ន​តាក់​តែង​ច្បាប់​កំពូល​មួយ​នេះ។

អ្នកវិភាគ​នយោបាយ​មួយចំនួន​សង្កេត​ឃើញថា​ ការ​តែងតាំង​លោក​ សាយ​ ឈុំ​ ជា​ការ​ផ្តល់​ភ្លើង​ខៀវ​ឱ្យ​អតីត​នាយករដ្ឋ​មន្ត្រីលោក ​ហ៊ុន សែន​ ចូល​កាន់​តំណែង​ប្រធាន​ព្រឹទ្ធ​សភាសម្រាប់​អាណត្តិទី​ ៥​ ទៅតាម​ការ​គ្រោង​ទុក​របស់​លោក ហ៊ុន​ សែន ដែល​បច្ចុប្បន្ន​នេះ​មាន​តំណែងជា​ប្រធានក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​មាន​ឋានៈ​ស្មើ​នាយក​រដ្ឋមន្ត្រី​។

បើតាម​ព្រះរាជ​ក្រឹត្យ​ដែល​ផ្សព្វផ្សាយ​ដោយ​បណ្តាញ​ព័ត៌មាន​ក្នុងស្រុកកាលពី​ពេល​ថ្មីៗ​នេះ ព្រះ​មហាក្សត្រ​ចាត់​ទុក​លោក ​សាយ ឈុំ ថា​ជា​«ថ្នាក់​ដឹក​នាំ​កំពូល​ដ៏​ល្អ​ប្រសើរ​ ជា​ទីគោរព​ ស្រឡាញ់​ដ៏​ខ្ពង់​ខ្ពស់​របស់​ប្រជារាស្ត្រ​ មាន​ស្វាមី​ភក្តិ​ចំពោះ​រាជបល្ល័ង្ក​ ការពារ​និរន្តរភាព​រាជា​និយម​ នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា»។

អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា លោក​ ម៉ម ប៊ុននាង ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការត្រាស់​បង្គាប់​តែង​តាំង​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​អាណត្តិទី​ ៤ ទៅ​ជា​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ​ ដែល​មាន​ឋានៈ​ស្មើ​នាយក​រដ្ឋ​មន្ត្រី​នោះ​ គឺ​ជា​រឿងស័ក្តិ​សម​បំផុត​។

ទាក់​ទិន​ការ​ប្រជុំ​ដើម្បី​រៀបចំ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ព្រឹទ្ធ​សភា​អាណត្តិទី​ ៥ អ្នកនាំពាក្យ​រូប​នេះ​ថ្លែងថា​ នឹង​មានការ​ជ្រើសរើស​បេក្ខជន​ដើម្បី​ឈរ​ឈ្មោះជាប្រធាន​ និងអនុប្រធាន ​ប៉ុន្តែ​លោក​មិន​អាច​ផ្តល់​សេចក្តីលម្អិត​ថា តើព្រឹទ្ធសភានឹង​បើក​កិច្ច​ប្រជុំ​លើក​ដំបូង​របស់​ខ្លួន​នៅ​ពេល​ណា​នោះទេ​។

អ្នកនំាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​លោក ​សុខ ឥសាន​ បាន​បញ្ជាក់​ឱ្យវីអូអេ​ដឹងថា​ ព្រឹទ្ធ​សភា​នឹង​បើក​សម័យ​ប្រជុំដំបូង​នីតិកាល​ទី​ ៥ នៅថ្ងៃទី​ ៣ ខែមេសានេះ​ ហើយ​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន​ ដែល​ជាប្រធាន​គណបក្ស​ប្រជាជនកម្ពុជា គឺ​ជា​បេក្ខ​ជន​សំខាន់​ម្នាក់​សម្រាប់​តំណែង​ប្រធាន​ព្រឹទ្ធសភា​។

លោកថ្លែងថា៖ «បេក្ខជន​ឈរ​ឈ្មោះជា ប្រធានព្រឹទ្ធសភា​ គណបក្ស​បាន​សម្រេចរួចហើយ...ប្រធាន​ព្រឹទ្ធ​សភា​គឺសម្តេចតេជោ ហ៊ុន សែន តែម្តង។ទី ២ គឺបេក្ខភាពបោះឆ្នោតជា​អនុប្រធានទី ១ ព្រឹទ្ធសភា​គឺឯកឧត្តម​ ប្រាក់ សុខុន ទី ៣ ​បេក្ខភាពជាអនុប្រធាន​ព្រឹទ្ធ​សភាទី ២​ គឺឯកឧត្តម​ អ៊ុច បូរិទ្ធ ​បច្ចុប្បន្នលោក​ជារដ្ឋលេខាធិការ​ក្រសួងការ​បរទេស​ និងសហប្រតិបត្តិការ​អន្តរជាតិ​»។

លោក ​សាយ​ ឈុំ​ ដែល​ជាអនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ​ បាន​បន្ត​ដឹក នាំ​ព្រឹទ្ធសភា​ គិតចាប់តាំង​ពីមរណភាព​របស់​អតីត​ប្រធាន​ព្រឹទ្ធសភា​ គឺ​លោក ​ជា ស៊ីម​ដែល​ជា​អតីតប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក ​ឯម សុវណ្ណារ៉ា យល់​ឃើញ​ថា អតីត​នាយក​រដ្ឋ​មន្រ្តី​លោក​ ហ៊ុន សែន អាច​នឹង​ឡើង​ជា​ប្រធាន​ព្រឹទ្ធសភា​ ហើយក៏នឹង​បំពេញ​តួនាទី​ជា​ប្រមុខ​រដ្ឋ​ស្តី​ទី​ក្នុង​ពេល​ខាង​មុខ​ ដោយ​មិន​មានបញ្ហា​ប្រឈម​ផ្ទៃក្នុង​របស់​គណ​បក្ស។

លោក​ថ្លែងថា៖ «កូន​គាត់​ជា​នាយករដ្ឋ​មន្រ្តី​ គាត់​ជា​ប្រធាន​ព្រឹទ្ធសភា​ អាច​ជា​ប្រធាន​រដ្ឋ​ស្តី​ទី​ម្តង​ម្កាល​ ដូច្នេះ​អំណាច​កាន់​តែ​មូល​ កាន់​តែ​នៅ​ផ្តុំ នេះ​គឺ​ជា​ទស្សនៈ​ដែល​យើង​មើល​ឃើញថា ​វា​ប្រឈម​នៅ​ក្នុង​ទស្សនៈ​នៃ​ការអនុ​វត្ត​ នៅ​ក្នុង​ដំណើរ​ប្រជា​ធិបតេយ្យ​តាម​គោលការណ៍​ប្រជា​ធិបតេយ្យ។ ប៉ុន្តែ​យើង​មិន​ទាន់​មាន​ឃើញ​ពន្លឺ​ថា ​ពលរដ្ឋ​យើង​មាន​ទស្សនៈ​យោបល់​យ៉ាង​ណា​ទេ ព្រោះ​ប្រជា​ពលរដ្ឋ​កម្ពុជា​ហាក់​ដូច​ជា​ស្ងប់​ស្ងៀម​ភ័យ​ខ្លាច​ រឿង​ការបញ្ចេញ​មតិ​ទស្សនៈ»។

ក្នុង​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​ ឥស្សរជន​ដែល​កាន់​តំណែង​នោះ​ នឹង​ក្លាយ​ជា​ប្រមុខ​រដ្ឋ​ស្តីទី​ ហើយ​មាន​លទ្ធភាព​ក្នុង​ការ​តែងតាំង​មន្ត្រី ឬ​បញ្ចប់​មុខតំណែង​មន្ត្រី​ក្នុងជួរ​រដ្ឋា​ភិបាល​ ពេល​ព្រះមហាក្សត្រ​មិន​មាន​ព្រះ​រាជវត្ត​មាន​នៅ​ក្នុង​ប្រទេស​។ ពេល​ព្រះ​មហាក្សត្រ​យាង​ចេញ​ពីប្រទេស ប្រមុខ​រដ្ឋ​ស្តីទី​នឹង​ដើរ​តួនាទីផ្សេង​ទៀត​ ក្នុង​កម្ម​វិធីមួយ​ចំនួន​ដូច​ជា​ពិធី​ការ​ទទួល​ភ្ញៀវ​បរទេស​ជាដើម​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG