កាលពីពេលថ្មីៗនេះ ប្រទេសវៀតណាមបានឧបត្ថម្ភម៉ាស់ជាង ១ លានដល់បរទេស។ ជាពិសេសនៅ ក្នុងខែមេសានេះ វៀតណាមបានបញ្ជូនម៉ាស់ចំនួន ៥សែន៥ម៉ឺនទៅកាន់ទ្វីបអឺរ៉ុបខាងលិចចំនួន២សែនទៅកាន់ប្រទេសរុស្ស៊ី និង ២សែន៥ម៉ឺនទៅកាន់សហរដ្ឋអាមេរិក។ នេះបើយោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយវៀតណាម។
អ្នកវិភាគនានាថា វៀតណាម ដែលជាប្រទេសរងគ្រោះដោយសារសង្គ្រាមកាលពី ៥០ ឆ្នាំមុន និងដែលនៅជាប្រទេសកំពុងអភិវឌ្ឍនៅឡើយ អាចធ្វើដូច្នេះបានដោយសារមូលហេតុមួយចំនួន។
មូលហេតុទីមួយគឺដោយសាររដ្ឋាភិបាលវៀតណាមរាយការណ៍ថា មានករណីឆ្លងជំងឺកូវីឌ ១៩ តែ ២៦៨ នាក់ប៉ុណ្ណោះ ហើយគ្មានអ្នកស្លាប់នោះទេ ដែលនេះគឺជាចំនួនទាប បើប្រៀបធៀបជាមួយនឹងប្រទេសផ្សេងទៀតនៅលើពិភពលោក ទោះបីជាវៀតណាមមានប្រជាជន ៩៧ លាននាក់ និងមានព្រំដែនជាប់ជាមួយនឹងប្រទេសចិន ដែលជាប្រភពនៃជំងឺនេះក៏ដោយ។ ប្រសិនបើមានករណីឆ្លងជំងឺនេះច្រើន នោះតម្រូវការម៉ាស់សម្រាប់បុគ្គលិកមន្ទីរពេទ្យប្រាកដជាកើនឡើងជាមិនខាន។
មូលហេតុទីពីរគឺថា វៀតណាមអាចផលិតម៉ាស់ដើម្បីឧបត្ថម្ភបាន ដោយសារប្រទេសនេះមានរោងចក្រកាត់ដេរជាច្រើនស្រាប់។ ឥឡូវនេះ វៀតណាមត្រូវបានគេមើលឃើញថាជាប្រទេសផលិតកម្មនាំចេញដ៏ធំមួយបន្ទាប់ពីប្រទេសចិន។ គិតត្រឹមឆ្នាំ ២០១៧ ពលរដ្ឋវៀតណាមប្រហែល ២ លាន ៥ សែននាក់កំពុងធ្វើការនៅក្នុងក្រុមហ៊ុនវាយនភណ្ឌ និងក្រុមហ៊ុនផលិតកម្មកាត់ដេរចំនួន ៦ ពាន់។
គ្រឿនម៉ាស៊ីនសម្រាប់កាត់ដេរសម្លៀកបំពាក់អាចផលិតម៉ាស់ និងសម្លៀកបំពាក់ការពារខ្លួនបានសម្រាប់ការប្រើប្រាស់ផ្នែកវេជ្ជសាស្ត្រ។ នេះបើតាមការបញ្ជាក់របស់លោក Frederick Burke ម្ចាស់ភាគហ៊ុនម្នាក់នៃក្រុមហ៊ុនច្បាប់ Baker McKenzie នៅក្នុងទីក្រុង Ho Chi Minh។ ករណីនេះធ្វើឲ្យកម្មករកាត់ដេរអាចចាប់បានលឿននៅក្នុងការបង្វែរការងារពីការដេរសម្លៀកបំពាក់ទៅជាការដេរម៉ាស់៕