ប្រទេសនេប៉ាល់កំពុងតែចាប់ផ្តើមធ្វើការលើគម្រោងរយៈពេល២ឆ្នាំដ៏មានមហិច្ឆតាមួយ ដើម្បីវាស់វែងឡើងវិញទៅលើកំពូលភ្នំអេវឺរ៉េស ដោយសង្ឃឹមថានឹងអាចស្រាយបញ្ហាទិន្នន័យដែលចម្រូងចម្រាសអំពីភ្នំដ៏ល្បីល្បាញមួយនេះ ដែលទាក់ទាញអ្នកឡើងភ្នំមកពីទូទាំងពិភពលោក។
ប៉ុន្តែគម្រោងមួយនេះគឺដើម្បីបង្ហាញពីមោទនភាពជាតិផងដែរ ដោយសារតែការវាស់វែងរាល់ដងគឺក្រុមការងារឥណ្ឌានិងចិនជាអ្នកធ្វើ។ ឥឡូវនេះ ប្រទេសដ៏តូចមួយនេះ ដែលស្ថិតនៅចន្លោះជួរហិមាល័យ ចង់វាស់កម្ពស់ភ្នំអេវឺរ៉េសដោយខ្លួនឯង ហើយដើម្បីបង្ហាញថា ខ្លួនមិនពឹងផ្អែកលើប្រទេសជិតខាងទាំងពីរទៀតទេ។
មោទនភាពជាតិ
ដោយហៅកំពូលភ្នំដ៏ខ្ពស់របស់នេប៉ាល់ថាជារបស់ដ៏មានតម្លៃ លោកGanesh Prasad Bhatta អគ្គនាយកនាយកដ្ឋានវាស់វែងនេប៉ាល់បានមានប្រសាសន៍ថា «ខ្ញុំធ្លាប់និយាយថា ចាប់តាំងពីរកឃើញភ្នំអេវឺរ៉េសមក ប្រទេសនេប៉ាល់មិនដែលធ្លាប់វាស់វែងវាដោយខ្លួនឯងនៅឡើយទេ»។ លោកក៏គូសបញ្ជាក់ថា នេប៉ាល់អាចប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើការងារនេះបាន។ លោកបានបន្ថែមទៀតថា «យើងចង់រក្សាកិត្តិយសរបស់ប្រទេសយើង ដែលនេប៉ាល់មានសមត្ថភាពអាចធ្វើការវាស់វែងដែលលំបាកៗបានដោយខ្លួនឯង»។
ថ្វីត្បិតតែប្រទេសនេប៉ាល់មានកំពូលភ្នំខ្ពស់ៗ៨ក្នុងចំណោមកំពូលភ្នំខ្ពស់ៗជាងគេទាំង១៤នៅទូទាំងពិភពលោកដែលមានកម្ពស់លើសពី៨០០០ម៉ែត្រក៏ដោយ ក៏ភ្នំអេវឺរ៉េសគឺជាកន្លែងសំខាន់ជាងគេសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសនេះ តាមរយៈប្រាក់ចំណូលរាប់លានដុល្លារដែលបានមកពីអ្នកឡើងភ្នំដែលប្រាថ្នាចង់ឡើងដល់កំពូលភ្នំខ្ពស់ជាងគេក្នុងលោកនេះ។
ប្រវត្តិនៃការវាស់វែង
ការវាស់វែងភ្នំអេវឺរ៉េសលើកដំបូងបំផុតត្រូវបានធ្វើឡើងក្នុងឆ្នាំ១៨៥៤ ប៉ុន្តែកម្ពស់ភ្នំនេះដែលត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយនោះ គឺកម្ពស់៨៨៤៨ម៉ែត្រ ដែលត្រូវបានវាស់វែងដោយឥណ្ឌាក្នុងរយៈពេលមួយសតវត្សរ៍ក្រោយមក។
ក្នុងឆ្នាំ១៩៩៩ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណប ក្រុមការងារអាមេរិកាំងមួយក្រុមដែលឧបត្ថម្ភដោយសារមន្ទីរវិទ្យាសាស្ត្រក្រុង បុសស្តុន និងអង្គការស្រាវជ្រាវភូមិសាស្ត្រ National Geographic Societyបានសន្និដ្ឋានថា ភ្នំនេះខ្ពស់ជាង៨៨៥០ម៉ែត្របន្តិច។ ប៉ុន្តែ៦ឆ្នាំក្រោយមក បេសកកម្មរបស់ចិនទៅកាន់កំពូលភ្នំនេះបានបន្ទាបកម្ពស់ភ្នំនេះ ដោយនិយាយថា វាស់ពីថ្មនៅលើកំពូលភ្នំនេះ គឺមានកម្ពស់តែ៨៨៤៤,៤៣ម៉ែត្រតែប៉ុណ្ណោះ។ ភ្នំនេះគឺស្ថិតនៅចន្លោះព្រំប្រទល់រវាងប្រទេសនេប៉ាល់និងប្រទេសចិន។
ភាពចម្រូងចម្រាសមួយរវាងប្រទេសទាំងពីរបានផ្ទុះឡើង ប៉ុន្តែប្រទេសនេប៉ាល់បានទទូចថា ការវាស់ភ្នំនេះគឺវាស់យកពីព្រិលទឹកកកនៅលើកំពូលភ្នំនេះ។ ដូច្នេះកម្ពស់ជាផ្លូវការរបស់ភ្នំនេះមានកម្ពស់៨៨៤៨ម៉ែត្រដដែល។
គំនិតផ្តួចផ្តើមក្នុងការវាស់ភ្នំនេះកាលពីឆ្នាំ២០១២ មិនដែលត្រូវបានអនុវត្តនោះឡើយ។
ការប្រែប្រួលអាកាសធាតុ
ទោះជាយ៉ាងណាក៏ដោយ ក៏សំណួរបានចាប់ផ្តើមកើតមានឡើងវិញ បន្ទាប់ពីគ្រោះរញ្ជួយដីមួយក្នុងកម្រិត៧.៨ បានកើតឡើងនៅក្នុងប្រទេសនេប៉ាល់ ហើយបានបណ្តាលឲ្យមានការបាក់ស្រុតដីយ៉ាងខ្លាំងនៅលើភ្នំអេវឺរ៉េសនេះកាលពីឆ្នាំ២០១៥។ ក៏មានការព្រួយបារម្ភថា កំពូលភ្នំដ៏ខ្ពស់ជាងគេនៅក្នុងពិភពលោកមួយនេះមិនអាចទប់ទល់នឹងការប្រែប្រួលអាកាសធាតុបានទេ។ អ្នកឡើងភ្នំនិងអ្នកស្រុកនិយាយថា ផ្លូវឡើងមួយចំនួនទៅកាន់កំពូលភ្នំនេះក្លាយទៅជាថ្ម ដោយសារតែបាត់បង់ព្រិលទឹកកកដែលជាគម្របនោះ។ បន្ថែមពីលើនេះ ក៏មានការប្រែប្រួលភូគព្ភសាស្ត្រនៃជួរភ្នំហិមាល័យដ៏វ័យក្មេងនេះដែលនៅតែបន្តលូតលាស់ ហើយកត្តាទាំងនេះជំរុញឲ្យមានការវាយតម្លៃឡើងវិញទៅលើភ្នំអេវឺរ៉េស។
កាលពីដើមឆ្នាំនេះ ឥណ្ឌាបានស្ម័គ្រចិត្តវាស់វែងភ្នំនេះឡើងវិញ ប៉ុន្តែការណ៍នេះបានចោទជាសំណួរនៅក្នុងប្រទេសនេប៉ាល់។ នៅក្នុងវិចារណកថាមួយនៃកាសែត Kathmandu Post បានសរសេរថា «វាគឺជាទ្រព្យសម្បត្តិរបស់យើង ហើយក៏ជាបេតិកភណ្ឌរបស់យើងដែរ។ យើងត្រូវតែវាស់កម្ពស់ទ្រព្យសម្បត្តិរបស់យើងដោយខ្លួនឯង ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលអាចធ្វើឲ្យអ្នកស្រាវជ្រាវទាំងអស់នៅក្នុងពិភពលោកយល់ស្រប។ នេះគឺជាការទទួលខុសត្រូវរបស់យើង»។
លោក Yubaraj Ghimire អ្នកធ្វើអត្ថាធិប្បាយនេប៉ាល់ និយាយថា ប្រទេសនេះជឿថា វាមិនមែនសំខាន់ត្រឹមតែការវាស់វែងដ៏ត្រឹមត្រូវមួយប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែជាការវាស់វែងដោយខ្លួនឯងផ្ទាល់។ «នេះជារឿងរសើបខាងអារម្មណ៍ជាតិនិយមរបស់ពលរដ្ឋនេប៉ាល់»។
សេចក្តីសម្រេចចុងក្រោយបង្អស់
ក្នុងរយៈពេល២ឆ្នាំខាងមុខនេះ ប្រទេសនេប៉ាល់សង្ឃឹមថា នឹងផ្តល់សេចក្តីសម្រេចចុងក្រោយបង្អស់ទៅលើកម្ពស់ភ្នំដ៏ចម្រូងចម្រាសនេះ។
លោក Bhatta អគ្គនាយកនាយកដ្ឋានវាស់វែងនេប៉ាល់បានមានប្រសាសន៍ថា ការិយាល័យរបស់លោក កំពុងតែសម្រេចចុងក្រោយទៅលើវិធីសាស្ត្រវាស់វែង ហើយក្រុមការងារឡើងភ្នំមានឧបករណ៍សម្រាប់វាស់វែងដែលនឹងត្រូវជញ្ជូនឡើងទៅលើកំពូលភ្នំនោះនៅក្នុងខែមេសាឬខែតុលាឆ្នាំក្រោយ។
ខណៈដែលនៅតែប្រកាន់ជំហររឹងមាំក្នុងការដឹកនាំគម្រោងនេះដោយខ្លួនឯង ក្រុមមន្ត្រីនេប៉ាល់និយាយថា ពួកគេនឹងធ្វើឲ្យអន្តរជាតិទទួលស្គាល់ទិន្នន័យដែលពួកគេរកឃើញ ហើយអាចអនុញ្ញាតឲ្យអ្នកវិទ្យាសាស្ត្រអន្តរជាតិគាំទ្រពួកគេជាបច្ចេកទេសឬចូលរួមក្នុងគម្រោងរបស់ពួកគេបាន។
លោក Bhatta បានថ្លែងថា «យើងចង់ធានាដល់សហគមន៍អន្តរជាតិថា អ្វីដែលត្រូវធ្វើ បានធ្វើយ៉ាងត្រឹមត្រូវជាមួយនឹងវិធីសាស្ត្រស្តង់ដារ ហើយនិងមិនគួរមានមន្ទិលទៅលើលទ្ធផល ឬអ្វីដែលយើងធ្វើចេញជាលទ្ធផលនោះទេ»។
វាសំខាន់ណាស់ក្នុងការបំបាត់ការភាន់ច្រឡំទៅលើកម្ពស់ភ្នំដែលខ្ពស់ជាងគេលើពិភពលោកនេះ។ ប៉ុន្តែសម្រាប់សហគមន៍ដែលរស់នៅលើដែនដីនៃភ្នំនេះ មានការព្រួយបារម្ភចំពោះឥទ្ធិពលនៃការឡើងកម្តៅផែនដីទៅលើភ្នំនេះ។ នេះបើយោងតាមការបញ្ជាក់របស់លោក Ang Tshering Sherpa វ័យ៦៣ឆ្នាំ។ អ្នកឡើងភ្នំតាមរដូវរូបនេះ បានធំឡើងនៅក្នុងភូមិមួយដែលស្ថិតនៅតាមជម្រាលភ្នំអេវឺរ៉េសនេះ ហើយលោកមានគម្រោងនឹងធ្វើដំណើរជាក្រុមឡើងទៅជម្រាលភ្នំនេះ។
លោកបាននិយាយថា អ្នកស្រុកជឿថា «ភ្នំអេវឺរ៉េសគឺធំ មាំ មិនផ្លាស់ប្ដូរ ខ្លាំង មានអានុភាព ខ្ពស់ត្រដែត និងមិនងាយរងការប៉ះពាល់ទេ»។ ក៏ប៉ុន្តែតាមការយល់ដឹងផ្ទាល់របស់លោករយៈពេលរាប់ទសវត្សរ៍ទៅលើជួរភ្នំនេះ គឺខុសពីអ្វីដែលអ្នកស្រុកយល់ឃើញ។
លោកបានថ្លែងថា «ការពិតគឺថា តំបន់នេះគឺជាតំបន់មួយដែលងាយរងគ្រោះបំផុតនៅក្នុងពិភពលោក ដោយសារតែឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។ ព្រិលទឹកកកនៅលើកំពូលភ្នំនេះនិងផ្ទាំងទឹកកកកំពុងតែរលាយយ៉ាងឆាប់រហ័ស ហើយរសាត់ទៅបាត់ក្នុងល្បឿនមួយដែលមិនធ្លាប់មានពីមុនមក»៕
ប្រែសម្រួលដោយ ហុង ចិន្តា