ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​អ៊ីរ៉ង់​បញ្ជាក់​ថា មនុស្ស​២៥​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​តវ៉ា


ស្ត្រី​ម្នាក់​លើក​ដៃ​របស់​នាង​នៅ​ក្នុង​ផ្សែង​ឧស្ម័ន​ទឹកភ្នែក​ នៅ​សាកលវិទ្យាល័យ​តេហេរ៉ង់ ក្នុង​បាតុកម្ម ក្នុង​ក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧។

រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ទទួល​ស្គាល់​កាល​ពី​ថ្ងៃ​អាទិត្យ​ថា មនុស្ស​ចំនួន​២៥​នាក់​ត្រូវ​បាន​សម្លាប់​ ក្នុង​អំឡុងពេល​ដែល​មាន​ការ​តវ៉ា​នឹង​រដ្ឋាភិបាល​ក្នុង​ពេល​ថ្មីៗ​នេះ នៅ​តាម​ទីក្រុង​នានា​នៅ​ទូទាំង​ប្រទេស។ ​

លោក Gholamhossein Mohseni Ejehi អ្នកនាំពាក្យ​របស់​អង្គចៅក្រម​បាន​និយាយ​ថា មិន​មាន​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​នោះ​ត្រូវ​បាន​សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ​នោះ​ទេ ខណៈ​ដែល​មន្ត្រី​ត្រូវ​បាន​បញ្ជា​មិន​ឲ្យ​ប្រើប្រាស់​អាវុធ​របស់​ខ្លួន។ លោក Ejehi បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា មន្ត្រី​សន្តិសុខ​ជាច្រើន​នាក់​ក៏​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់​ផង​ដែរ។ លោក​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ថា​តើ​ជន​ទាំង​២៥​នាក់​នោះ​ត្រូវ​បាន​សម្លាប់​យ៉ាង​ដូចម្តេច​នោះ​ទេ។

ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ រដ្ឋអាជ្ញា​នៃ​ទីក្រុង​តេហេរ៉ង់​បាន​និយាយ​ថា មនុស្ស​ជាង​៤០០​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន ក្នុង​អំឡុងពេល​ដែល​មាន​ការ​ធ្វើ​បាតុកម្ម។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ពាក់កណ្តាល​ផ្លូវការ ​Fars។ ​

កាល​ពី​សប្តាហ៍​មុន លោក Mahmoud Sadeghi សមាជិក​សភា​ខាង​កំណែ​ទម្រង់​និយម បាន​និយាយ​ថា មនុស្ស​ប្រមាណ​៣៧០០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​អំឡុងពេល​ដែល​មាន​ការ​តវ៉ា។ លោក Sadegh ក៏​បាន​រាយការណ៍​កាល​ពី​សប្តាហ៍​មុន​ថា បុរស​ម្នាក់​បាន​ធ្វើ​អត្តឃាត​ក្នុងពេល​ជាប់​ឃុំ។​

ការ​តវ៉ា​បាន​ផ្ទុះ​ឡើង​កាល​ពី​ប្រមាណ​៣​សប្តាហ៍​មុន ជុំវិញ​បញ្ហា​សេដ្ឋកិច្ច ប៉ុន្តែ​បាន​បង្ក​ទៅ​ជា​ភាពចលាចល​កាន់​តែ​ខ្លាំង ដោយ​ថ្កោលទោស​ទៅ​លើ​របប​ឥស្លាម​ទាំង​ស្រុង​និង​មាន​ការ​វាយប្រហារ​ទៅ​លើ​អគារ​រដ្ឋាភិបាល​និង​ប៉ូលិស​ផង​ដែរ៕

XS
SM
MD
LG