ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផ្ទះ​ដែល​លោក Martin Luther King Jr. ប្រើ​សម្រាប់​​រៀប​គម្រោង​ក្បួន​តវ៉ា​នៅ​រដ្ឋ Alabama នឹង​ត្រូវ​ផ្លាស់​ទៅ​រដ្ឋ Michigan ​ដើម្បី​អភិរក្ស


ផ្ទះ​របស់​សកម្មជនសិទ្ធិមនុស្ស King Jackson House
ផ្ទះ​របស់​សកម្មជនសិទ្ធិមនុស្ស King Jackson House

ផ្ទះ​មួយ​ខ្នង​នៅ​រដ្ឋ Alabama ដែល​លោក Martin Luther King Jr. និង​មេដឹកនាំ​សិទ្ធិ​ពលរដ្ឋ​អាមេរិក​ផ្សេង​ទៀត បាន​ប្រើប្រាស់​ជា​កន្លែង​សម្រាប់​រៀបចំ​គម្រោង​ហែ​ក្បួន​តវ៉ា​ពី​ក្រុង Selma ទៅ​ទីក្រុង Montgomery នៅ​ឆ្នាំ១៩៦៥ ត្រូវបាន​លក់​ទៅ​ឱ្យ​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ក្នុង​រដ្ឋ Michigan ហើយ​នឹង​ត្រូវ​ផ្លាស់ប្តូរ​ទៅ​ទីតាំង​មួយ​នៅ​ជិត​ទីក្រុង Detroit ដើម្បី​អភិរក្ស។

ផ្ទះ​មួយ​ខ្នង​របស់​គ្រួសារ​ត្រកូល Jackson នឹង​ត្រូវ​ចាប់ផ្តើម​រុះរើ​នៅ​ចុងឆ្នាំ​នេះ ហើយ​នឹង​ត្រូវ​ដឹក​ក្នុង​ចម្ងាយ​ប្រមាណ ១.៣០០ គីឡូម៉ែត្រ​ទៅកាន់​សារមន្ទីរ Henry Ford នៅ​ភូមិ Greenfield Village ក្នុង​ទីក្រុង Dearborn នៃ​រដ្ឋ Michigan សហរដ្ឋ​អាមេរិក។

គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រូវ​ចំណាយ​ពេល​រហូត​ដល់​បី​ឆ្នាំ។

ផ្ទះ​ដែល​មាន​ទំហំ​ជិត ២៧៩ ម៉ែត្រ​ការ៉េ​នេះ គឺ​ជា​កម្មសិទ្ធិ​របស់​លោក​ទន្តពេទ្យ Sullivan Jackson និង​ភរិយា​របស់​លោក​គឺ​អ្នកស្រី Richie Jean។ ផ្ទះ​នេះ​បាន​ផ្តល់​នូវ​ទី​ជម្រក​សុវត្ថិភាព​ដល់​លោក Martin Luther King Jr. និង​មេដឹកនាំ​សិទ្ធិ​ពលរដ្ឋ​អាមេរិក​ផ្សេង​ទៀត នៅ​ពេល​ដែល​ពួកគេ​រៀបចំ​យុទ្ធសាស្រ្ត​ដង្ហែ​ក្បួន​តវ៉ា​បី​ដង​ប្រឆាំង​នឹង​ច្បាប់​រើសអើង​ពូជសាសន៍ Jim Crow ដែល​រារាំង​ប្រជាជន​ស្បែក​ខ្មៅ​មិន​ឱ្យ​បោះឆ្នោត​នៅ​ក្នុង​តំបន់​ភាគ​ខាងត្បូង​សហរដ្ឋ​អាមេរិក។

លោក King បាន​ស្ថិត​នៅ​ខាង​ក្នុង​ផ្ទះ​នេះ នៅ​ពេល​ដែលអតីត​ប្រធានាធិបតី​លោក Lyndon Johnson បាន​ប្រកាស​អំពី​សេចក្តី​ព្រាងច្បាប់​ដែល​ក្រោយមក​បាន​ក្លាយ​ទៅ​ជា​ច្បាប់​ស្តី​ពី​សិទ្ធិ​បោះឆ្នោត​ឆ្នាំ១៩៦៥។

អ្នកស្រី Jawana Jackson ដែល​បាន​ចំណាយ​ពេល​យុវវ័យ​នៅ​ក្នុង​ផ្ទះ​នោះ​ជា​មួយ​លោក King និង​មេដឹកនាំ​សិទ្ធិ​ពលរដ្ឋ​ដទៃ​ទៀត​បាន​និយាយ​ថា៖ «មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​ជាច្រើន​កើត​ឡើង​នៅ​ក្នុង​ផ្ទះ​នោះ ក្នុង​អំឡុង​ពេល​ដ៏​លំបាក​ជាច្រើន»។

អ្នកស្រី Jackson បាន​ថ្លែង​ទៀត​ថា៖ «មិន​ថា​ជា​ពេល​ដែល​លោក​ពូ Martin កំពុង​អធិដ្ឋាន​នៅ​ព្រឹក​ព្រលឹម​នៃ​ថ្ងៃ​ហែ​ក្បួន​តវ៉ា​ពី​ក្រុង Selma ទៅ​ទីក្រុង Montgomery ឬ​ក៏​ពេល​ដែល​គាត់​កំពុង​និយាយ​ជាមួយ​លោក​ប្រធានាធិបតី Johnson (តាមទូរសព្ទ) នៅ​ក្នុង​បន្ទប់​គេង​ដ៏​តូច​នៃ​ផ្ទះ​នោះ​ទេ ខ្ញុំ​តែងតែ​មាន​អារម្មណ៍​ថា មាន​ថាមពល​និង​ក្តី​សង្ឃឹម​សម្រាប់​អនាគត»។

អ្នកស្រី Jawana Jackson គឺជា​មនុស្ស​សំខាន់​ម្នាក់​ដែល​បាន​ដឹកនាំ​កិច្ច​ខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ដើម្បី​ថែ​រក្សា​ផ្ទះ​នេះ។

សារមន្ទីរ​នៅ​ទីក្រុង Dearborn ក្នុង​រដ្ឋ Michigan នេះ​ដាក់​ឈ្មោះ​តាម​ស្ថាបនិក​ក្រុមហ៊ុន​ផលិត​រថយន្ត Ford Motor Co. និង​ជា​ម្ចាស់​ឧស្សាហកម្ម​ជនជាតិ​អាមេរិក​លោក Henry Ford។ សារមន្ទីរ​នេះ​ស្ថិត​នៅ​លើ​ផ្ទៃ​ដី​ទំហំ​ប្រមាណ​ ១០០ ហិកតា និង​មាន​ភូមិ Greenfield Village ដែល​មាន​រចនា​សម្ព័ន្ធ​ប្រវត្តិសាស្ត្រ​ជាង ៨០ ដែល​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ និង​ថែរក្សា​ផង​ដែរ។

ផ្ទះ​ត្រកូល Jackson នេះ​នឹង​ត្រូវ​បាន​ផ្គុំ​ឡើងវិញ​ហើយ​នឹង​ដាក់​តាំង​បង្ហាញ​នៅ​ទីក្រុង Dearborn រួម​ជាមួយ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ទៀត​ដូចជា​អាគារ​តុលាការ​ដែល​ជា​កន្លែង​ដែល​លោក Abraham Lincoln បាន​បំពេញ​តួនាទី​ជា​មេធាវី​មុន​ពេល​លោក​ក្លាយ​ជា​ប្រធានាធិបតី​ទី១៦​របស់​សហរដ្ឋ​អាមេរិក មន្ទីរ​ពិសោធន៍​ដែល​លោក Thomas Edison បាន​បង្កើត​អំពូល​ភ្លើង​ល្អ​ឥត​ខ្ចោះ ហើយ​នឹង​ផ្ទះ​និង​រោងជាង​ដែល​លោក Orville និង​លោក Wilbur Wright បាន​បង្កើត​យន្តហោះ​ដំបូង​របស់​ពួកគេ​ផង​ដែរ៕



ប្រែសម្រួលដោយ អ្នកស្រី លី ម៉ូរីវ៉ាន់


XS
SM
MD
LG