ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ត្រៀម​ប្រារព្ធ​ទិវា Martin Luther King Jr. ស្របពេល​សំណើ​ច្បាប់​កែ​ទម្រង់​សិទ្ធិ​បោះឆ្នោត​ជាប់គាំង​នៅ​ព្រឹទ្ធសភា


រូបឯកសារ៖ រូបថត​បង្ហាញ​ពីរូបសំណាក​លោក Martin Luther King Jr. ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០។ (AP Photo/J. David Ake)
រូបឯកសារ៖ រូបថត​បង្ហាញ​ពីរូបសំណាក​លោក Martin Luther King Jr. ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០។ (AP Photo/J. David Ake)

នៅពេល​ដែល​ការ​ប្រារព្ធ​ទិវា​រំឭក​ដល់​លោក Martin Luther King Jr. ជិត​ចូល​មក​ដល់​នៅ​ថ្ងៃ​ចន្ទ​ស្អែក សកម្មជន​សិទ្ធិ​ពលរដ្ឋ​សម័យ​ទំនើប​កំពុង​ប្រឈម​នឹង​ការពិត​ជាក់ស្ដែង​ដែល​ថា បើ​ទោះបីជា​មាន​ការ​បង្កើន​ការ​ផ្ដោត​ជា​សាធារណៈ​អស់​រយៈពេល​រាប់​ឆ្នាំ​លើ​បញ្ហា​អយុត្តិធម៌​ជាតិសាសន៍​ក៏ដោយ ក៏​ពួកគេ​ទំនងជា​មិន​សម្រេច​បាន​តាម​គោល​បំណង​របស់​ខ្លួន​ដែល​ចង់​ឱ្យ​ជាតិសាសន៍​ភាគតិច​មាន​លទ្ធភាព​ប្រសើរ​ជាង​មុន​នៅ​ក្នុង​ការ​បោះឆ្នោត​នោះ​ដែរ។

កាលពី​ជាង​មួយ​សប្ដាហ៍​កន្លង​ទៅ​នេះ ក្រុម​គ្រួសារ​របស់​លោក King បាន​ស្នើ​ឱ្យ​មាន​ការ​ផ្អាក​ការ​រំឭក​កេរដំណែល​របស់​លោក King នៅ​ឆ្នាំ​នេះ ប្រសិនបើ​សភា​មិន​អាច​អនុម័ត​សំណើច្បាប់​ដែល​នឹង​ពង្រីក​សិទ្ធិ​បោះឆ្នោត​នៅក្នុង​សហរដ្ឋ​អាមេរិក។

សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ជ្រោមជ្រែង​ឱ្យ​មាន​សេចក្ដី​ព្រាងច្បាប់​ដែល​នឹង​ផ្ដល់​អំណាច​ខ្លាំង​ជាង​មុន​ដល់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នៅក្នុង​ការ​កំណត់​អំពី​របៀប​អនុវត្ត​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​តាម​រដ្ឋ​នីមួយៗ​ក្នុង​ចំណោម​រដ្ឋ​ទាំង ៥០ របស់​សហរដ្ឋ​អាមេរិក។

ទោះបីជា​រដ្ឋាភិបាល​ថ្នាក់​ជាតិ​មិន​គ្រប់គ្រង​ការ​បោះឆ្នោត​នានា​នៅតាម​ថ្នាក់​រដ្ឋ​នីមួយៗ​ក៏ដោយ ក៏​លក្ខខណ្ឌ​តម្រូវ​ថ្នាក់​ជាតិ​ថ្មី​អាច​ជះ​ឥទ្ធិពល​ដល់​ការ​បោះឆ្នោត​ទាំងនោះ​បាន​ដែរ ដោយសារតែ​ការ​បោះឆ្នោត​ទាំងនោះ​ជា​រឿយៗ​ធ្វើឡើង​ស្រប​ពេល​គ្នា។

ក្នុង​ចំណោម​លក្ខខណ្ឌ​ផ្សេងៗ​ទៀត សំណើច្បាប់​ពីរ​ដែល​គាំទ្រ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ ដែល​នោះ​គឺ​ច្បាប់​សេរីភាព​បោះឆ្នោត (Freedom to Vote Act) និង​ច្បាប់ John Lewis ស្ដីពី​ការ​ជំរុញ​សិទ្ធិ​បោះឆ្នោត (John Lewis Voting Rights Advancement Act) មាន​បំណង​លុបចោល​ច្បាប់​ដែល​បាន​អនុម័ត​កន្លង​មក​ដោយ​បណ្ដា​រដ្ឋ​ដឹកនាំ​ដោយ​គណបក្ស​សាធារណរដ្ឋ ដែល​ដាក់​កំហិត​លើ​របៀប​និង​ឱកាស​នៅ​ក្នុង​ការ​បោះឆ្នោត។

គណបក្ស​ប្រជាធិបតេយ្យ​និង​សកម្មជន​សិទ្ធិ​ពលរដ្ឋ​ជាច្រើន​បាន​និយាយ​ថា ច្បាប់​របស់​រដ្ឋ​ទាំងនោះ​នឹង​ប៉ះពាល់​ដល់​អ្នក​បោះឆ្នោត​ដែល​ជា​ជាតិសាសន៍​ភាគតិច ហើយ​ពួកគេ​បាន​ចោទ​ប្រកាន់​គណបក្ស​សាធារណរដ្ឋ​ថា​បាន​គាប​សង្កត់​លើ​អ្នក​បោះឆ្នោត បើ​ទោះបីជា​ប្រឹង​លាក់បាំង​យ៉ាង​ណា​ក៏ដោយ។

គណបក្ស​សាធារណរដ្ឋ​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​ទាំងនោះ ដោយ​ទទូច​ថា គោល​បំណង​របស់​ពួកគេ​គឺ​ដើម្បី​ការពារ​សុចរិតភាព​នៃ​ការ​បោះឆ្នោត​និង​បង្ការ​ការ​លួច​បន្លំ​ការ​បោះឆ្នោត។

ដោយ​ជាប់​គាំង​នៅក្នុង​ព្រឹទ្ធសភា​អស់​រយៈពេល​រាប់​ខែ​មកហើយ ក្ដី​សង្ឃឹម​សម្រាប់​ការ​អនុម័ត​ច្បាប់​សេរីភាព​បោះឆ្នោត​ហាក់ដូចជា​ត្រូវ​បាន​បាត់បង់​កាលពី​ពេល​ថ្មីៗ​នេះ។

អ្នកស្រី Kyrsten Sinema សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​តំណាង​រដ្ឋ Arizona និង​លោក Joe Manchin សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​តំណាង​រដ្ឋ West Virginia បាន​និយាយ​ថា បើ​ទោះបីជា​ពួកគេ​គាំទ្រ​ការ​កែ​ទម្រង់​ច្បាប់​បោះឆ្នោត​ក៏ដោយ ក៏​ពួកគេ​នឹង​មិន​បោះឆ្នោត​កែប្រែ​បទបញ្ញត្តិ​របស់​ព្រឹទ្ធសភា​ដើម្បី​អនុម័ត​កំណែ​ទម្រង់​ទាំងនោះ​ដែរ ប្រសិនបើ​មាន​ការ​គាំទ្រ​តែ​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នោះ។

ការ​កែប្រែ​បទបញ្ញត្តិ​របស់​ព្រឹទ្ធសភា​គឺ​ជា​ការ​ចាំបាច់ ដោយសារតែ​មិន​មាន​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ណា​ម្នាក់​គាំទ្រ​សំណើ​ច្បាប់​បោះឆ្នោត​នេះ។ នៅ​ក្រោម​បទបញ្ញត្តិ​របស់​ព្រឹទ្ធសភា សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​អាច​រារាំង​សំណើ​ច្បាប់​ភាគច្រើន​បាន បើ​ទោះបីជា​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ភាគច្រើន​គាំទ្រ​សំណើ​ច្បាប់​នោះ​ក៏ដោយ។

កាលពី​ថ្ងៃ​សុក្រ​ទី ១៤ ខែ​មករា ក្នុង​អំឡុង​ពេល​កិច្ច​សម្ភាសន៍​ជាមួយ​នឹង​សារព័ត៌មាន Washington Post លោក Martin Luther King III ដែល​ជា​កូនប្រុស​របស់​លោក Martin Luther King Jr. បាន​រិះគន់​យ៉ាង​ចាស់ដៃ​លើ​ជំហរ​របស់​អ្នកស្រី Sinema និង​ជំហរ​របស់​លោក Manchin។

លោក​បាន​និយាយ​ដូច្នេះ​ថា៖ «ប្រវត្តិសាស្ត្រ​នឹង​មិន​វាយតម្លៃ …ពួកគេ​តាម​វិធី​ដែល​ពួកគេ​ចង់​បាន​នោះទេ។ ប្រវត្តិសាស្ត្រ​នឹង​ផ្ដោត​លើ [ពួកគេ] ចំ​មុខ​ដោយ​និយាយ​ថា «តើ​អ្នក​បាន​ធ្វើ​អ្វី​នៅពេល​ដែល​ដល់​ពេល​ដែល​ត្រូវ​ធ្វើ​ឱ្យ​ប្រាកដ​ថា​លទ្ធិ​ប្រជាធិបតេយ្យ​ត្រូវបាន​ថែរក្សា​នោះ?»។

នៅ​មុន​ទិវា Martin Luther King Jr. ចូល​មក​ដល់ អ្នកស្រី Carol Anderson ដែល​ជា​ប្រវត្តិវិទូ​និង​ជា​សាស្ត្រាចារ្យ​ផ្នែក​សិក្សា​កិច្ចការ​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាហ្វ្រិក​នៃ​សាកលវិទ្យាល័យ Emory បាន​ប្រាប់ VOA ថា អ្នកស្រី​ជឿ​ថា ការ​តស៊ូ​ដើម្បី​សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ពលរដ្ឋ​ជា​ទូទៅ នឹង​នៅតែ​បន្ត​ទៅ​មុខ​ជានិច្ច៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG