លោក Michael Flynn អតីតទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីស.រ.អា. Donald Trump បានស្នើធ្វើកិច្ចសហប្រតិបត្តិការជាមួយពួកអ្នកស៊ើបអង្កេតរបស់សភាស.រ.អា.ដែលរកមើលអំពីការទាក់ទងរវាងពួកទីប្រឹក្សាធ្វើការឃោសនាបោះឆ្នោតឱ្យលោក Trump និងប្រទេសរុស្សី ដរាបណាលោក Flynn ទទួលអភ័យឯកសិទ្ធិពីការយកមកកាត់ទោស។
កាសែត Wall Street Journal បានរាយការណ៍មុនគេកាលពីថ្ងៃព្រហស្បតិ៍ថាលោក Flynn បានធ្វើការចរចាដើម្បីទទួលការសន្យាអំពីការមិនយកលោកទៅកាត់ទោស ក៏ប៉ុន្តែថាមិនទាន់មាននរណាម្នាក់យល់ព្រមតាមលក្ខខណ្ឌលោកនៅឡើយទេ។
លោក Robert Kelner មេធាវីរបស់លោក Flynn បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅពេលបន្ទាប់មកកាលពីថ្ងៃព្រហស្បតិ៍ថា «ឧត្តមសេនីយ៍ Flynn ប្រាកដជាមានរឿងមួយដែលលោកចង់និយាយខ្លាំងណាស់ប្រសិនបើកាលៈទេសៈអនុញ្ញាតឱ្យលោកនិយាយ។ យើងនឹងមិនធ្វើអត្ថាធិប្បាយទេនៅពេលនេះអំពីសេចក្តីល្អិតល្អន់នៃការពិភាក្សាគ្នារវាងមេធាវីសម្រាប់ឧត្តមសេនីយ៍ Flynn និងគណៈកម្មាធិការខាងការស៊ើបការណ៍សម្ងាត់របស់សភាតំណាងរាស្ត្រអាមេរិកាំង និងព្រឹទ្ធសភាស.រ.អា.ក្រៅពីបញ្ជាក់ថាការពិភាក្សាទាំងនោះពិតជាបានកើតមានមែន»។
លោក Kelner បាននិយាយបន្តថា «គ្មានមនុស្សមានភាពសមហេតុផលណាម្នាក់ដាក់ខ្លួនឯងឱ្យគេសាកសួរនៅក្នុងបរិយាកាសមួយមានរឿងនយោបាយខ្លាំង និងមានការតាមរកមនុស្សដែលគេយល់ថាបានធ្វើខុសដោយគ្មានការធានារ៉ាប់រងប្រឆាំងនឹងការយកទៅកាត់ទោសដោយអយុត្តិធ៌មនោះបានទេ»។
លោក Flynn ដែលជាឧត្តមសេនីយឯកចូលនិវត្តន៍ម្នាក់ បានត្រូវបង្ខំឱ្យលាលែងចេញពីតំណែងក្នុងឋានៈជាទីប្រឹក្សាជិតស្និទ្ធម្នាក់របស់លោក Trump នៅក្រោយលោកបានលាតត្រដាងថាលោកបានធ្វើឱ្យលោកអនុប្រធានាធិបតី Mike Pence យល់ខុសអំពីការទាក់ទងរបស់លោកជាមួយលោក Sergei Kislyak ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំស.រ.អា.។
គណៈកម្មាធិការខាងការស៊ើបការណ៍សម្ងាត់របស់សភាតំណាងរាស្ត្រអាមេរិកាំង និងព្រឹទ្ធសភាស.រ.អា.កំពុងពិនិត្យមើលថាតើមានសហការីណាខ្លះរបស់ Donald Trump ប្រហែលបានសម្របសម្រួលជាមួយពួកភ្នាក់ងាររបស់រដ្ឋាភិបាលរុស្ស៊ីក្នុងការស្វះស្វែងជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកាំងកាលពីឆ្នាំទៅមិញឬទេ។
ពួកអ្នកជំនាញបាននិយាយប្រាប់គណៈកម្មាធិការខាងការស៊ើបការណ៍សម្ងាត់នៃព្រឹទ្ធសភាស.រ.អា.កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្សីបានធ្វើយុទ្ធនាការមួយមិនធ្លាប់មានពីពេលមុនហើយប្រកបដោយជោគជ័យខ្លាំងក្លាដើម្បីឱ្យមានឥទ្ធិពលលើការសន្ទនាខាងនយោបាយក្នុងប្រទេសអាមេរិកនៅក្នុងការឃោសនាបោះឆ្នោតកាលពីឆ្នាំទៅមិញ៕