លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធថា ប្លង់របងដើម្បីទប់លំហូរជនអន្តោប្រវេសន៍ខុសច្បាប់ពីប្រទេសម៉ិកស៊ិកមិនឲ្យចូលក្នុងសហរដ្ឋអាមេរិកកំពុងចាប់ផ្តើមហើយ។
លោកប្រធានាធិបតីត្រាំ និយាយមិនចំក្នុងសុន្ទរកថាមួយនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅខាងមុខប្រធានសមាគមន៍ប៉ូលីសរបស់ទីក្រុងថា «របងនោះកំពុងធ្វើ ប្លង់នៅពេលឥឡូវនេះ។ វានឹងក្លាយជារបងយ៉ាងធំមួយ ហើយរបងនោះនឹងជួយខ្លាំងណាស់»។
លោកប្រធានាធិបតីត្រាំ បាននិយាយឡើងវិញថា ការសន្យារបស់លោកដើម្បីស្ថាបនារបងនៅតាមបណ្តោយព្រំដែនសហរដ្ឋអាមេរិកជាមួយប្រទេសម៉ិកស៊ិកជាវិធីមួយដើម្បីបញ្ឈប់គ្រឿងញៀនកុំឲ្យហូរចូលក្នុងប្រទេសរបស់យើង ហើយលោកបាននិយាយយោងដល់ប្រទេសអ៊ីស្រាអែលថា ជាប្រទេសមួយដែលបានសាងសង់របងបានទទួលជោគជ័យនៅតាមបណ្តោយព្រំដែនរបស់ខ្លួន។
លោកប្រធានាធិបតីត្រាំបាននិយាយថា «តើរបងនោះមានដំណើរការឬទេ? ចូរសួរប្រទេសអ៊ីស្រាអែលទៅ។ វាមានដំណើរការ ប្រសិនបើវាសាងសង់ឲ្យបានត្រឹមត្រូវ»។
អ៊ីស្រាអែលបានចាប់ផ្តើមស្ថាបនាប្រព័ន្ធរបងនៅឆ្នាំ២០០២ ក្នុងអំឡុងពេលនៃការងើបបះបោរដ៏ខ្លាំងលើកទី២របស់ជនជាតិប៉ាឡេស្ទីនដែលបានឃើញពួកអ្នកដាក់គ្រាប់បែកអត្តឃាតបានចុចបំផ្ទុះគ្រឿងផ្ទុះនៅកន្លែងសាធារណៈក្នុងទីក្រុងនានារបស់អ៊ីស្រាអែល។
បន្ទាប់ពីការវាយប្រហារភេរវកម្មជាបន្តបន្ទាប់ អ៊ីស្រាអែលបានស្ថាបនារបងនៅតាមបណ្តោយ និងនៅខាងក្នុងតំបន់ West Bank ដែលបានរចនាធ្វើជាទ្វារសម្រាប់ជនជាតិប៉ាឡេស្ទីនចូលក្នុងប្រទេសអ៊ីស្រាអែល៕