ចំណាត់ការមួយរបស់ក្រុមអភិរក្សតឹងរឹងនៅក្នុងសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋនឹងធ្វើឱ្យមានភាពស្មុគស្មាញដល់ការបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍នេះដើម្បី ជ្រើសរើសអ្នកបន្តវេនពីលោក John Boehner ប្រធានសភាដែលនឹងត្រូវចេញពីតំណែង។
ក្រុមដែលមានឈ្មោះថាក្រុមសេរីភាពក្នុងសភា (House Freedom) បានបោះឆ្នោតកាលពីថ្ងៃពុធដើម្បីគាំទ្រលោក Daniel Webster អ្នកតំណាងរាស្រ្តមកពីរដ្ឋ Florida ដើម្បីឱ្យកាន់តំណែងនេះ ដោយទាត់ចោលការខិតខំប្រឹងប្រែងរបស់លោក Kevin McCarthy អ្នកតំណាងរាស្រ្តមកពីរដ្ឋ California និងជាប្រធានក្រុមសំឡេងភាគច្រើន។ លោក McCarthy កាន់តំណែងលំដាប់លេខពីរបន្ទាប់ពីលោក John Boehner ហើយទទួលបានការគាំទ្រដោយមតិភាគច្រើននៃក្រុមអ្នកតំណាងរាស្រ្តនៃគណបក្សសាធារណរដ្ឋដែលមានសមាជិក២៤៧នាក់។
ប្រសិនបើសមាជិកទាំង៤០នាក់នៃក្រុមសេរីភាពសភាបោះឆ្នោតឱ្យលោក Webster នៅពេលសភាពេញអង្គបោះឆ្នោតនៅថ្ងៃទី២៩ខែតុលា វានឹងធ្វើឱ្យបាត់បង់សម្លេងដែលលោក McCarthy ត្រូវការចាំបាច់ដើម្បីក្លាយជាប្រធានសភា។
លោក John Boehner បានប្រកាសពីការលាលែងពីតំណែងកាលពីខែមុនបន្ទាប់ពីបំពេញការងារ២៥ឆ្នាំនៅក្នុងរដ្ឋសភាជាតិដោយក្នុងរយៈពេល៥ឆ្នាំចុងក្រោយលោកកាន់ការជាប្រធានសភា។ អំណាចរបស់លោកតែងតែត្រូវក្រុមអភិរក្សតឹងរឹងមិនសូវគោរពតាម។ សមាជិកនៃក្រុមអភិរក្សភាគច្រើនទើបតែជាប់ឆ្នោតក្នុងឆ្នាំ២០១០ តាមរយៈក្រុម Tea Party ដែលបានជួយជំរុញឱ្យគណបក្សសាធារណរដ្ឋឈ្នះបានគ្រប់គ្រងសភាជាតិ ហើយពួកគេទាមទារចង់បានសិទ្ធិកាន់តែធំជាងមុននៅក្នុងការសម្រេចទាក់ទងនឹងគោលនយោបាយ៕