វ៉ាស៊ីនតោន៖ សម្លេងភាគច្រើននៃគណបក្សសាធារណរដ្ឋនិយម បានចូលមកកាន់កាប់នៅក្នុងរដ្ឋសភាសរអ នៅថ្ងៃពុធនេះ ដោយគេសន្យាថា នឹងកាត់បន្ថយចំណាយ ហើយកាត់បន្ថយឱនភាពថវិការាប់ពាន់ពាន់លានដុល្លាររបស់សរអ។
គណបក្សប្រជាធិបតេយ្យរបស់ប្រធានាធិបតី អូបាម៉ា នឹងរក្សាទុកសម្លេងភាគច្រើននៅក្នុងព្រឹទ្ធសភាដែលធ្វើឲ្យអង្គនីតិបញ្ញត្ដិ មានការបែកបាក់ដោយសារយោបល់ខ្វែងគំនិតគ្នា អំពីមធ្យោបាយធ្វើឲ្យប្រទេសជាតិមានចលនាទៅមុខល្អបំផុត។
ក្រុមអ្នកតាក់តែងច្បាប់ថ្មីពីគណបក្សសាធារណរដ្ឋនិយមបាន មើលឃើញថា លទ្ធផលនៃការបោះឆ្នោតកាលពីខែវិច្ឆិកាមុន ជាការបដិសេធមធ្យោបាយសេដ្ឋកិច្ចរបស់ប្រធានាធិបតី អូបាម៉ា ហើយខ្លួនមានកាតព្វកិច្ចនឹងកាត់បន្ថយទំហំរបស់សហព័ន្ធ។ ព្រឹទ្ធសមាជិកថ្មីនៃគណបក្សសាធារណរដ្ឋនិយមលោក Rand Paul ថ្លែងប្រាប់បណ្ដាញទូរទស្សន៍ CBS ក្នុងកម្មវិធី Early Showថា លោកនឹងមិនបោះឆ្នោតដើម្បីដំឡើងកម្រិតនៃប្រាក់ខ្ចីរបស់សហព័ន្ធទេ លុះត្រាតែការចំណាយ បានត្រូវកាត់បន្ថយឲ្យបានច្រើនសន្ធឹក។
«អ្វីដែលយើងចង់បាន គឺ មិនយល់ស្របទៅនឹងការចំណាយស្រេចតែចិត្ដ ដូចដែលយើងធ្លាប់ឃើញនៅអតីតកាលទេ។ អ្នកថ្មី ដែលមកធ្វើការក្នុងរដ្ឋធានី Washington នឹងនិយាយទទួចថាបើយើងដំឡើងកម្រិតប្រាក់ជំពាក់ វាត្រូវភ្ជាប់ទៅនឹងរឿងអ្វីមូយ។ ចាប់តាំងពីពេលនេះទៅយើងនឹងរៀបចំឲ្យថវិកាមានតុល្យភាព»។
រដ្ឋបាលអូបាម៉ាបានព្រមានថា ការខកខានមិនបានដំឡើងប្រាក់បំណុលនឹងធ្វើឲ្យរដ្ឋាភិបាល សរអ មិនអាចបំពេញកាតព្វកិច្ចសងប្រាក់ខ្ចីរបស់ខ្លួន ហើយបណ្ដាលឲ្យមានវិបត្ដិ អន្ដរាយដល់ផ្នែកហិរញ្ញវត្ថុ។
ដើម្បីបង្ហាញការប្ដេជ្ញាចិត្ដរបស់ខ្លួនចំពោះការទទួលខុសត្រូវសារពើពន្ធហិរញ្ញវត្ថុ ក្រុមសាធារណរដ្ឋនិយមនៅក្នុងរដ្ឋសភា និយាយថា កិច្ចការដំបូងរបស់ខ្លួនគឺនឹងបោះឆ្នោតកាត់តម្រឹមប្រាក់ខែនៅក្នុងការិយាល័យរបស់ខ្លួន។ នៅសប្ដាហ៍ក្រោយ គេរំពឹងថា នឹងមានការបោះឆ្នោតបដិសេធសេចក្ដីស្នើអំពីការកែទម្រង់ប្រព័ន្ធសុខាភិបាលរបស់ប្រធានាធិបតី អូបាម៉ា។ ប្រធានថ្មីនៃគណៈកម្មាធិការថវិកាសភា លោក Paul Ryanមកពីរដ្ឋ Wisconsin បានភ្ជាប់សំណើបដិសេធសេចក្ដីស្នើកែទម្រង់សុខាភិបាលទៅនឹងការសម្បូរហូរហៀររបស់ប្រទេសជាតិ។
“រឿងនេះពាក់ព័ន្ធនឹងការងារធ្វើ និងសេដ្ឋកិច្ច។ សេចក្ដីព្រាងច្បាប់អំពីការថែទាំសុខភាព ធ្វើឲ្យមានការដំឡើងពន្ធដាដ៏ច្រើនសន្ធឹកមកលើពលរដ្ឋ និងនយោជក ដែលធ្វើឲ្យបាត់បង់ការងារធ្វើ”។
ប្រធានរដ្ឋសភាថ្មី លោក John Boehner នៃគណបក្សសាធារណរដ្ឋនិយមមកពីរដ្ឋ Ohio នឹងឡើងកាន់តំណែងជំនួសលោកស្រី NancyPelosi នៃគណបក្សប្រជាធិបតេយ្យ មកពីរដ្ឋ California ។ លោកស្រីសន្យាថា នឹងធ្វើការតស៊ូស្វិតស្វាញដើម្បីរក្សាទុកអ្វីដែលលោកស្រី
យល់ថា ជាជ័យជំនះបានមកដោយលំបាក ដើម្បីពលរដ្ឋអាមេរិកាំងក្នុងអំឡុងពេលលោកស្រីកាន់តំណែង៕
ប្រែសម្រួលដោយលោក អ៊ូធួក៕