ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មាធិការ​តុលាការ​នៃ​រដ្ឋសភា​អាមេរិក​គ្រោង​ចេញ​ដីកា​បញ្ជា​ឲ្យ​ផ្ដល់​​របាយការណ៍​របស់​លោក Mueller ជូន​រដ្ឋសភា


រូបឯកសារ៖ លោក​រដ្ឋអាជ្ញា​ពិសេស Robert Mueller ចាកចេញពីរថយន្ត ហើយដើរទៅកាន់វិហារមួយ នៅជិតសេតវិមាន ក្នុងក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩។ 

ករណី​នេះ​នឹង​អាច​ជំរុញ​ឲ្យ​មាន​ការ​តតាំង​រវាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​សភា និង​សេតវិមាន ដោយ​ធ្វើ​ឲ្យ​គេ​ខ្លាច​ថា នៅ​ទី​បំផុតបញ្ហា​នេះ​នឹង​ធ្លាក់​ទៅ​ដល់​តុលាការ​កំពូល។

គណៈកម្មាធិការ​តុលាការ​នៃ​រដ្ឋសភា​ ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​គ្រោង​នឹង​បោះ​ឆ្នោត​ នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ចេញ​ដីកា​បញ្ជា​ឲ្យ​មាន​ការ​ផ្ដល់​ជូន​សភា​នូវ​របាយការណ៍​ទាំង​ស្រុង​របស់​លោក​រដ្ឋអាជ្ញា​ពិសេស Robert Mueller អំពី​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០១៦ ក៏​ដូចជា​ចម្លើយ​កសិណសាក្សី​របស់​អតីត​មន្ត្រី​សេតវិមាន ៥ នាក់ ដែល​លោក Mueller បាន​សម្ភាសន៍។

សមាជិក​សភា​បាន​ត្រូវ​គេ​រំពឹង​ថា​ នឹង​បោះ​ឆ្នោត​ស្រប​តាម​គោលការណ៍​រួម​របស់​គណបក្ស​ប្រជាធិបតេយ្យ ដើម្បី​ផ្ដល់​សិទ្ធិ​ដល់​លោក Jerrold Nadler ដែល​ជា​ប្រធាន​គណៈកម្មាធិការ​តុលាការ​នៃ​រដ្ឋសភា ​ឲ្យ​ចេញ​ដីកា​បញ្ជា​ឲ្យ​មាន​ការ​ប្រគល់​ជូន​នូវ​របាយការណ៍ និង​ភស្តុតាង​ដែល​បាន​មក​ពី​អតីត​អ្នក​ជំនួយការ​លោក Trump ៥ នាក់ ដែល​ក្នុង​នោះ​មាន​ទាំង​អតីត​ទីប្រឹក្សា​នយោបាយ​លោក Steve Bannon និង​អតីត​ទីប្រឹក្សា​សេតវិមាន​លោក Donald McGahn ផង​ដែរ។

ទោះបីជា​លោក Trump ទុក​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក William Barr ជា​អ្នក​សម្រេច​ថា ​តើ​គួរ​ផ្សព្វផ្សាយ​របាយការណ៍​នេះ​ទាំង​ស្រុង​ ឬ​ក៏​យ៉ាង​ណា​ក៏​ដោយ ក៏​លោក​ត្រូវ​គេ​រំពឹង​ថា ​នឹង​បញ្ជាក់​អះអាង​អំពី​អ្វី​ដែល​គេ​ស្គាល់​ថា​ជា​ បុព្វសិទ្ធិ​ប្រតិបត្តិ​លើ​ផ្នែក​មួយ​ចំនួន​នៃ​របាយការណ៍ ដែល​គណៈកម្មាធិការ​សភា​ផ្សេង​ទៀត​ចង់​បាន​សម្រាប់​ការ​ស៊ើប​អង្កេត​របស់​ពួកគេ​លើ​រដ្ឋបាល​របស់​លោក។

ករណី​នេះ​នឹង​អាច​ជំរុញ​ឲ្យ​មាន​ការ​តតាំង​រវាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​សភា និង​សេតវិមាន ដោយ​ធ្វើ​ឲ្យ​គេ​ខ្លាច​ថា នៅ​ទី​បំផុតបញ្ហា​នេះ​នឹង​ធ្លាក់​ទៅ​ដល់​តុលាការ​កំពូល។

បុព្វសិទ្ធិ​ប្រតិបត្តិ​ គឺ​ជា​សិទ្ធិ​របស់​លោក​ប្រធានាធិបតី និង​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​លោក ដើម្បី​ការពារ​មិន​ឲ្យ​បង្ហាញ​ការ​ផ្សព្វផ្សាយ​មួយ​ចំនួន​ដល់​សភា និង​តុលាការ។

ទោះបីជា​តុលាការ​ទទួល​ស្គាល់​ពី​អំណាច​នេះ ក៏​ដូចជា​អំណាច​របស់​សភា​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​អង្គ​នីតិប្រតិបត្តិ​ក៏​ដោយ ក៏​តុលាការ​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​សម្រេច​លើ​ជម្លោះ​រវាង​អង្គ​នីតិប្រតិបត្តិ និង​អង្គ​នីតិប្បញ្ញត្តិ ពាក់ព័ន្ធ​នឹង​រឿង​លទ្ធភាព​ទទួល​បាន​ព័ត៌មាន​នេះ៕

XS
SM
MD
LG