ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌រងការរិះគន់ចំពោះការអះអាងថា​លោក​ Trump មិន​បានរារាំង​យុត្តិធម៌​


រូបឯកសារ៖ រដ្ឋមន្រ្តីក្រសួង​យុត្តិធម៌​អាមេរិក William Barr ​ចេញ​ពី​ផ្ទះ​របស់​លោក​។​

នៅ​ក្នុង​សេចក្តី​សង្ខេប​មួយ​មាន​បួន​ទំព័រនៃ​របាយការណ៍​របស់លោក Mueller បាន​​សន្មត​ថា​ គ្មាន​ភស្តុតាង​ដែល​ថា ​លោក Trump ឬ​ក្រុម​អ្នកឃោសនា​បោះឆ្នោត​ឲ្យ​លោក​បាន​ឃុបឃិត​ជាមួយ​​រុស្សី​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អា​កាល​ពី​ឆ្នាំ២០១៦​ទេ។

លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌សហរដ្ឋអាមេរិក William Barr ប្រឈម​នឹង​ការ​រិះគន់​ខ្លាំងៗ​ ​ពី​សមាជិក​គណបក្សប្រជាធិបតេយ្យ​អំពី​សេចក្តី​ប្រកាស​ថា ​លោក​ប្រធានាធិបតី​ Donald Trump មិន​បាន​រារាំងការ​ស៊ើបអង្កេត​អំពី​ការ​ជ្រៀត​ជ្រែក​របស់​ប្រទេស​រុស្សី​។

ការ​ស៊ើបអង្កេត​នេះ​ជា​វិធានការ​មួយ​ធ្វើ​ឡើង បន្ទាប់​ពីលោក Robert Mueller រដ្ឋអាជ្ញា​ពិសេស​បាន​បញ្ចប់​ការ​ស៊ើបអង្កេត​របស់​លោក​ កាល​ពី​ថ្ងៃ​សុក្រ ​ដោយ​មិន​បាន​ទាញ​យោបល់​រួម​មួយ​អំពី​បញ្ហា​ស្មុគស្មាញ​នេះ​ទេ។

លោក Barr បាន​ប្រកាស​សេចក្តី​សម្រេច​របស់​លោក ​កាលពី​ថ្ងៃ​អាទិត្យ​ នៅ​ក្នុង​សេចក្តី​សង្ខេប​មួយ​មាន​បួន​ទំព័រនៃ​របាយការណ៍​របស់លោក Mueller ដែល​បាន​សន្មត​ថា​ គ្មាន​ភស្តុតាង​ដែល​ថា ​លោក Trump ឬ​ក្រុម​អ្នកឃោសនា​បោះឆ្នោត​ឲ្យ​លោក​ បាន​ឃុបឃិត​ជាមួយរុស្ស៊ី នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក កាល​ពី​ឆ្នាំ ២០១៦ ​ទេ។

នៅ​ក្នុង​លិខិត​ផ្ញើ​ទៅ​ជូន​សមាជិក​សំខាន់ៗ​នៃ​សភា​អាមេរិក រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិកាំង​រូប​នេះ​ បាន​សរសេរ​ថា​ នៅ​ពេល​ដែល​លោក​រដ្ឋអាជ្ញា​ពិសេស​មិន​បាន​សម្រេច​ថា ​តើ​លោក Trump បាន​រារាំង​យុត្តិធម៌​ ឬ​បែប​ណា​នោះ លោក Barr និង​លោក Rod Rosenstein ដែល​ជាជំនួយការ​របស់លោក​បាន​កំណត់​ថា ​សកម្មភាព​របស់​លោក​ Trump នៅ​ពេល​ធ្វើការ​ស៊ើបអង្កេតនេះ ​មិនមែន​ជា​ការ​រារាំង​យុត្តិធម៌​ទេ។​

លោក​ស្រី Nancy Pelosi ប្រធាន​សភា​តំណាង​រាស្ត្រអាមេរិក​ និង​លោក Chuck Schumer ប្រធាន​ក្រុម​ភាគ​តិច​នៅ​ក្នុង​ព្រឹទ្ធសភា​អាមេរិក ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ កាល​ពី​ចុង​សប្តាហ៍​ថា៖

«ដោយ​ផ្អែក​លើ​ប្រវត្តិ​សាធារណៈ​របស់​លោក Barr អំពីការ​លម្អៀង​ប្រឆាំង​នឹង​ការ​ស៊ើបអង្កេត​របស់​លោករដ្ឋអាជ្ញា​ពិសេស​ លោក​មិនមែនជា​អ្នក​សង្កេតការ​អព្យាក្រិត្យ​ទេ ​ហើយ​ក៏​មិនមាន​គោលជំហរ​ក្នុង​ការ​កំណត់ ដោយ​មិន​លម្អៀង​អំពី​សេចក្តី​រាយការណ៍​នេះដែរ»៕

XS
SM
MD
LG