ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ការបោះឆ្នោត​សភា​ទម្លាក់​ប្រធានាធិបតី​អាច​កើត​ឡើង​នៅ​ចុង​ឆ្នាំ២០១៩


រូបឯកសារ៖ ក្រាហ្វិក​អំពី​ការ​ចោទ​ប្រកាន់​ដក​តំណែង​​ប្រធានាធិបតី​

ក្រុម​សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​សភា​តំណាងរាស្ត្រ​អាមេរិក បាន​សន្យា​ចាត់​វិធានការ​ភ្លាមៗ​លើ​ការ​ស៊ើប​អង្កេត​ពី​ការ​ចោទ​ប្រកាន់​ដក​តំណែងជា​ផ្លូវ​ការ​លើ​ប្រធានាធិបតី​អាមេរិក​លោក Donald Trump។ ប៉ុន្តែ​សមាជិក​សភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​បាន​ប្រកែក​វិញ​ថា​ ការ​ដាក់​ចេញ​អនុស្សរណៈ​ដោយ​សេតវិមាន​អំពី​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​របស់​លោក Trump ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​គឺ​លោក Volodymyr Zelensky កាន់​តែ​បង្ហាញ​ពី​គោល​បំណង​នយោបាយ​នានា​នៃ​ការ​ស៊ើប​អង្កេត​ទាំង​នេះ។

នៅ​ពេល​នេះ សមាជិក​សភា​ភាគច្រើន​គាំ​ទ្រ​ដំណើរ​ការ​ចោទ​ប្រកាន់លើ​លោក​ប្រធានាធិបតី Donald Trump។

អ្នក​ស្រី Pramila Jayapal សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ថ្លែង​ថា៖

«ខ្ញុំ​គិត​ថា ​ហេតុការណ៍​ពិសេស​នេះ​នាំ​យើង​ទៅ​ដល់​កម្រិត​ផ្សេង​មួយ​ទៀត ព្រោះ​វា​កំពុង​កើតឡើង​ជាក់​ស្ដែង​តែ​ម្ដង។ ជនជាតិ​អាមេរិកាំង​អាច​មើល​ឃើញ​យ៉ាង​ច្បាស់​នូវ​អ្វី​ដែល​កំពុង​កើត​ឡើង ហើយ​វា​មិន​មែន​គ្រាន់​តែ​ជាមួយ​ប្រទេស​អ៊ុយក្រែន​នោះ​ទេ។ ខ្ញុំ​ចង់​និយាយ​ថា ខ្ញុំ​គិត​ថា​ប្រជាជន​ចាំ​បាច់​ត្រូវ​យល់​ថា​ ​បញ្ហា​នេះ​ជា​រួមគឺ​ជា​បញ្ហា​សន្តិសុខជាតិ​របស់​សហរដ្ឋ​អាមេរិកជាមួយ​បណ្ដា​ប្រទេស​ទាំងអស់​ដែល​យើង​មាន​ទំនាក់​ទំនង​ជាមួយ»។

គណៈកម្មាធិការ​សភា​ប្រាំ​មួយ​រូប កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​មួយ​ចំនួន ដែល​ពួកគេ​អាច​បញ្ជូន​រឿង​ក្ដី​ធំៗ​បំផុត​ទៅ​ប្រធាន​គណៈកម្មាធិការ​នីតិកម្ម​គឺ​លោក Jerry Nadler ដែល​បន្ទាប់​មក​លោក​អាច​សម្រេច​ស្នើ​ឲ្យ​មាន​ការ​បោះឆ្នោតលើ​បទ​ចោទប្រកាន់​ដកតំណែង​ប្រធានាធិបតី​នៅ​សភា។​

លោក Ro Khanna សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ថ្លែង​ថា៖

«ពិត​ប្រាកដ​ណាស់​នៅ​ដំណាច់​ឆ្នាំ​នេះ។ ដូច​ដែល​ប្រធាន​សភា​តំណាងរាស្ត្រ​អាមេរិកាំង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​គឺ​អ្នក​ស្រី Nancy Pelosiបាន​និយាយ​អញ្ចឹង ការ​ស៊ើបអង្កេត​នេះ​ត្រូវ​តែ​មាន​ភាព​រហ័ស​រហួន។ ប្រទេស​យើង​ចង់​អោយ​យើង​ចាត់​ការ​រឿង​នេះ‍»។

ការ​ប្រកាស​របស់​ប្រធាន​សភា​តំណាងរាស្ត្រ​ អ្នក​ស្រី​ Nancy Pelosi បាន​ជំរុញ​ឱ្យ​លោក​ប្រធានាធិបតី​ Donald Trump និយាយ​ថា​អ្នក​ស្រី​វង្វេង​វង្វាន់​ហើយ​ហើយ។

លោក​ប្រធានាធិបតី​ Donald Trump និយាយ​ថា៖

«សម្រាប់​ខ្ញុំ គួរ​ឲ្យ​សោកស្ដាយ​ណាស់ អ្នក​ស្រី​ Nancy Pelosi មិន​មែន​ជា​ប្រធាន​សភា​តំណាងរាស្ត្រ​អាមេរិក​ទៀត​ទេ‍»។

ការ​ចេញ​ផ្សាយ​សេចក្ដី​សង្ខេប​របស់​សេតវិមាន​អំពី​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក Trump និង​លោក Zelensky បាន​បំបែក​សភា​សហរដ្ឋ​អាមេរិក តាមបន្ទាត់​គំនិត​គណបក្ស​នានាដែល​គេ​ធ្លាប់​ដឹង​កន្លង​មក​នោះ។

លោក Lindsey Graham សមាជិក​សភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​ថ្លែង​ថា៖

«ប្រសិន​បើ​អ្នក​កំពុង​ស្វែង​រក​កាលៈទេសៈ​មួយ​ដែល​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក Donald Trump កំពុង​គំរាម​កំហែង​ប្រទេស​អ៊ុយក្រែន​ ដោយ​កាត់​ផ្ដាច់​ជំនួយ ​បើ​អ៊ុយក្រែន​មិន​ស៊ើបអង្កេត​គូ​ប្រជែង​នយោបាយ​របស់​លោក​នោះ ​អ្នក​នឹង​ខក​ចិត្ត​យ៉ាង​ខ្លាំង​មិន​ខាន។ ព្រោះ​រឿង​នេះ​មិន​បាន​កើត​ឡើង​ទេ។ ដូច្នេះ​តាម​ទស្សនៈ​របស់​ខ្ញុំ ការ​ចោទប្រកាន់​ដក​តំណែងប្រធានាធិបតី​ណា​ក៏​ដោយ​តាម​រយៈ​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​បែប​នេះ ជា​រឿង​ឆ្កួត​មួយ‍»។

ប៉ុន្តែ​ប្រធាន​គណៈកម្មាធិការ​ស៊ើប​អង្កេត​បាន​និយាយ​ថា ចេតនា​ក្នុង​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​គឺ​ច្បាស់​ណាស់។

លោក Adam Schiff សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ថ្លែង​ថា៖

«អ្វី​ដែល​បាន​ឆ្លុះ​បញ្ចាំង​ក្នុង​សេចក្ដី​សង្ខេប​នោះ បង្ហាញ​ឲ្យ​ឃើញ​ពីជា​ការ​ដោះដូរ​នយោបាយ​បែប​ម៉ាហ្វីយ៉ា​នៃ​មេដឹកនាំ​បរទេស​ម្នាក់។ វា​ឆ្លុះ​បញ្ចាំង​ពី​ប្រធានាធិបតី​អ៊ុយក្រែន​ដែលត្រូវ​ការ​ការ​គាំទ្រ​ផ្នែក​យោធា​ពី​សហរដ្ឋ​អាមេរិក​យ៉ាង​ខ្លាំង​ខ្លា ដើម្បី​ជួយប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​សង្គ្រាម​ដ៏​ក្ដៅ​គគុក​ជាមួយ​ប្រទេស​រុស្ស៊ី‍»។

លោក​ប្រធានាធិបតី​ Trump នៅ​តែ​បន្ត​អះអាង​ថា កិច្ច​សន្ទនា​របស់​លោក​ជាមួយប្រធានាធិបតី​អ៊ុយក្រែន គឺ​មិន​មាន​ការ​ខុស​ឆ្គង​អ្វី​ទាល់​តែ​សោះ។ ហើយ​លោក Trump ក៏​នៅ​តែ​បន្ត​អះអាង​ថា ការ​ចោទ​ប្រកាន់​របស់​លោក លើ​លោក​ Joe Biden និង​កូន​ប្រុស​ Hunter Biden ពី​បទ​អំពើ​ពុក​រលួយ​នោះ ក៏​មិន​មាន​ការ​ខុស​ឆ្គង​អ្វី​ដែរ បើ​ទោះ​ជា​រដ្ឋបាល​របស់​លោក​មិន​ទាន់​មានភស្តុតាង​អ្វី​ក៏​ដោយ។

ស្រប​ពេល​នេះ នៅ​ឯ​សភា ប្រធាន​សភា​តំណាងរាស្ត្រ​ អ្នក​ស្រី​ Nancy Pelosi បាន​និយាយ​ថាសំណុំ​រឿង​បទ​ចោទ​ប្រកាន់​ដក​តំណែង​ប្រធានាធិបតី​នឹង​បន្ត​ដំណើរការ​ទៅ​មុខ ដោយ​មាន​ការ​ស៊ើប​អង្កេត​លើ​ការ​អះ​អាង​ទាំង​ឡាយ​នៅ​ក្នុង​ពាក្យ​បណ្ដឹង​របស់​អ្នក​លួច​បញ្ចេញ​ការ​សម្ងាត់នយោបាយ​នោះ​។

XS
SM
MD
LG