ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មាធិការ​សភា​ព្រមាន​ពី​ផលវិបាក​ធ្ងន់ធ្ងរ​ ប្រសិន​បើ​អតីត​ទីប្រឹក្សា​សេតវិមាន​មិន​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ


រូបភាព​ឯកសារ៖ លោក Don McGahn ចូលរួម​កម្មវិធី​មួយ​នៅ​ក្រសួង​យុត្តិធម៌​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។
រូបភាព​ឯកសារ៖ លោក Don McGahn ចូលរួម​កម្មវិធី​មួយ​នៅ​ក្រសួង​យុត្តិធម៌​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។

ប្រធាន​គណៈកម្មាធិការ​នីតិកម្ម​នៃ​សភា​សហរដ្ឋអាមេរិក​លោក Jerrold Nadler បាន​និយាយ​ថា​ គណៈកម្មាធិការ​គ្រោង​នឹង​ប្រើប្រាស់​គ្រប់​យន្តការ​អនុវត្ត​ទាំងអស់​ដែល​ខ្លួន​មាន​ ដើម្បី​ចាត់វិធានការ​លើ​លោក Don McGahn អតីត​ទីប្រឹក្សា​សេតវិមាន​ ប្រសិន​បើ​លោក​មិន​អនុវត្ត​តាម​បទបញ្ជា​របស់​គណៈកម្មាធិការ​ដែល​បាន​បញ្ជា​ឲ្យ​លោក​ចូល​បង្ហាញ​ខ្លួនធ្វើ​សក្ខីកម្ម​នៅ​ថ្ងៃអង្គារ​នេះ។

តាមរយៈ​លិខិត​មួយ​ច្បាប់​ផ្ញើរ​ទៅ​លោក McGahn កាល​ពី​ល្ងាច​ថ្ងៃចន្ទ​ម្សិលមិញ​ លោក Nadler បាន​ជំទាស់​ទៅ​នឹង​បទបញ្ជា​ដែល​ចេញ​ដោយ​សេតវិមាន​ដែល​បាន​បញ្ជា​មិន​ឲ្យ​លោក McGahn​ ចូល​ធ្វើ​សក្ខីកម្ម ​ហើយ​ក្រសួងយុត្តិធម៌​ក៏​បាន​ប្រាប់​ទៅ​សភា​ផងដែរ​ថា​សភា​មិន​អាច​បង្ខំ​ឲ្យ​លោក McGahn ចូល​បង្ហាញ​ខ្លួន​នោះ​ទេ។

លោក Nadler បាន​សរសេរ​តប​ទៅ​វិញ​ថា «គណៈកម្មាធិការ​បាន​បញ្ជាក់​យ៉ាងច្បាស់​ថា លោក​McGahn នឹង​ប្រឈម​ផលវិបាកធ្ងន់ធ្ងរ​ប្រសិន​បើ​លោក​មិន​បង្ហាញ​ខ្លួន​នៅ​ថ្ងៃអង្គារ​នេះ​ទេ»។

លោក Nadler បាន​បញ្ជាក់​ទៀត​ថា​ លោកប្រធានាធិបតី Donald Trump បាន​ព្យាយាម​រារាំង​អតីត​មន្ត្រី​សេតវិមាន​រូបនេះ​មិន​ឲ្យ​ប្រាប់​សភា​ដែល​ជា​ស្ថាប័ន​របស់​រដ្ឋាភិបាល​អំពី​កំហុស​របស់​លោក​ និង​ថា​បទបញ្ជា​របស់​សេតវិមាន​គ្មាន​ហេតុផល​គ្រប់គ្រាន់​ដើម្បី​ឲ្យ​លោក McGahn គេច​ចេញ​ពី​កាតព្វកិច្ច​មិន​ចូលបង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​សភា​នោះទេ។​

លោក Nadler បាន​ថ្លែង​បន្ថែម​ថា​ គណៈកម្មាធិការ​ចង់​សាកសួរ​លោក McGahn ​អំពី​បញ្ហា​មួយ​ចំនួន​ដែល​លោកប្រធានាធិបតី​បាន​ចាត់​វិធានការ ​ឬ​បាន​បញ្ជា​ឲ្យ​លោក​ចាត់វិធានការ​នានា​ដែល​អាច​ជា​ការ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ ​រួមទាំង​ការរារាំង​ដល់​ដំណើរ​ការស៊ើបអង្កេត​លើ​ការជ្រៀតជ្រែក​របស់​ប្រទេស​រុស្ស៊ី​ផងដែរ។

លោក William Burckដែល​ជា​មេធាវី​របស់​លោកMcGahnបាន​ធ្វើការ​បញ្ជាក់​កាល​ពី​ល្ងាច​ថ្ងៃចន្ទ​ថា​កូនក្តី​របស់​លោក​នឹង​មិន​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​សភា​នៅ​ថ្ងៃអង្គារ​នេះ​ទេ៕

XS
SM
MD
LG