ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្រ្តី​ជនជាតិ​ចិន​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន ​បន្ទាប់​ពី​ចូល​ទៅក្នុង​កន្លែង​លំហែកាយ​របស់​លោក Trump នៅ​រដ្ឋ Florida


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump និយាយទៅកាន់អ្នកសារព័ត៌មាននៅរមណីយដ្ឋាន Mar-a-lago នៅក្រុង Palm Beach រដ្ឋ Florida កាលពីថ្ងៃទី២៩ ខែមីនា​ ឆ្នាំ២០១៩។ 
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump និយាយទៅកាន់អ្នកសារព័ត៌មាននៅរមណីយដ្ឋាន Mar-a-lago នៅក្រុង Palm Beach រដ្ឋ Florida កាលពីថ្ងៃទី២៩ ខែមីនា​ ឆ្នាំ២០១៩។ 

នាង Zhang ត្រូវ​បាន​ចោទប្រកាន់​ថា ​បាន​និយាយ​កុហក​ភ្នាក់ងារ​សហព័ន្ធ​ និង​យក​ឧបករណ៍​ខុសច្បាប់​ចូល​ក្នុង​តំបន់​ហាមឃាត់។

ស្ត្រី​ជនជាតិចិន​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន ​បន្ទាប់​ពី​បាន​ចូល​ទៅ​កន្លែង​លំហែកាយ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump នៅរដ្ឋ Florida កាល​ពី​សប្តាហ៍​មុន ​ដោយ​ស្រ្តី​នោះ​បាន​យក​ទៅ​ជាមួយ​នូវ​ឧបករណ៍​ផ្ទុក​កម្មវិធី​មួយ​ប្រភេទ​សម្រាប់​បំផ្លាញ​ប្រព័ន្ធ​កុំព្យូទ័រ។

យោងតាម​ឯកសារ​បណ្តឹង​ទៅ​តុលាការ​ដោយ​រដ្ឋអាជ្ញាសហព័ន្ធ កាល​ពី​ថ្ងៃចន្ទ​ ស្ត្រី​ជនជាតិ​ចិនឈ្មោះ Yujing Zhang បាន​ដើរ​ទៅ​ជិត​ភ្នាក់ងារ​សម្ងាត់​ នៅ​ឯ​រមណីយដ្ឋាន Mar-a-Lago របស់​លោក Trump នៅ​រដ្ឋ Florida សហរដ្ឋអាមេរិក ដោយ​បាន​ព្យាយាម​ចូល​ទៅ​ក្នុង​ក្លឹបកម្សាន្ត​ឯកជន​មួយ​ នៅក្នុង​រមណីយដ្ឋាន​នេះ​ ដោយ​អះអាង​ថា ​នាង​គឺ​ជា​សមាជិក​របស់​ក្លឹប​នេះ​ និង​ចង់​ចូល​ទៅ​អាង​ហែល​ទឹក។ ​

ក៏ប៉ុន្តែ​ភា្នក់ងារ​សម្ងាត់​មិន​បាន​រកឃើញ​ឈ្មោះ​របស់​នាង​ នៅក្នុង​បញ្ជី​ឈ្មោះ​សមាជិក​ទេ។ ក្រោយ​មក​នាង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅខាង​ក្នុង បន្ទាប់​ពី​អ្នកគ្រប់គ្រង​ក្លឹប​កម្សាន្ត ​គិតថា​នាង​គឺ​ជា​កូនស្រី​របស់​សមាជិក​នៅ​ក្លឹប​នេះ។

នៅ​ពេល​នាង​ចូល​ទៅក្នុង​ក្លឹប​នេះ​ភ្លាម ​នាង Zhang បាន​ប្រាប់​បុគ្គលិក​ទទួល​ភ្ញៀវ​ថា ​នាង​មក​ចូលរួម​កម្មវិធី​របស់សមាគម​មួយ​ឈ្មោះ​ថា​ សមាគម​ចិន-អាមេរិកាំង។ នៅពេល​ដែល​បុគ្គលិក​រកឃើញថា​ គ្មាន​កម្មវិធី​នេះ​នៅក្នុង​បញ្ជីកម្មវិធី​នោះ​ ទើប​ភ្នាក់ងារ​សម្ងាត់​ឃាត់​ខ្លួន​នាង Zhang។

គេ​បាន​រកឃើញ​ទូរសព្ទ ៤គ្រឿ​ង កុំព្យូទ័រ​យួរដៃ​មួយគ្រឿង​ ឧបករណ៍​ផ្ទុកកម្មវិធី កុំព្យូទ័រ​មួយ​ និង​ឧបករណ៍​ផ្ទុក​ទិន្នន័យ​តូច​មួយ​ ឬ​ហៅ​ថា thumb drive ដែល​មាន​ផ្ទុក កម្មវិធី​សម្រាប់​បំផ្លាញ​ប្រព័ន្ធ​កុំព្យូទ័រ។ នាង Zhang ត្រូវ​បាន​ចោទប្រកាន់​ថា ​បាន​និយាយ​កុហក​ភ្នាក់ងារ​សហព័ន្ធ​ និង​យក​ឧបករណ៍​ខុសច្បាប់​ចូល​ក្នុង​តំបន់​ហាមឃាត់៕

XS
SM
MD
LG