ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ហោ ណាំហុង៖​ កម្ពុជា​គ្រាន់បើ​ជាង​ភូមា​និង​ហ្វីលីពីន​ដែល​សម្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់​


រូបឯកសារ៖ លោក​ឧប​នាយក​រដ្ឋមន្ត្រី ​ហោ​ ណាំហុង កាល​ពី​ឆ្នាំ​២០១៥។
រូបឯកសារ៖ លោក​ឧប​នាយក​រដ្ឋមន្ត្រី ​ហោ​ ណាំហុង កាល​ពី​ឆ្នាំ​២០១៥។

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​​ ​ស្នើ​ឱ្យ​មាន​ការ​ពិចារណា​ប្រៀប​ធៀប​ឥរិយាបថ​របស់​មហា​អំណាច ​ដែល​លោក​ទំនង​ចង់​សំដៅ​ទៅ​លើ​សហរដ្ឋ​អាមេរិក​​និង​សហភាព​អឺរ៉ុប ​អំពី​ការ​ឆ្លើយ​តប​របស់​ពួក​គេ​មក​លើ​បញ្ហា​កម្ពុជា ​បញ្ហា​រ៉ូហ៊ីងយ៉ា ​និង​បញ្ហា​ថ្នាំ​ញៀន​ហ្វីលីពីន។​

ដោយ​ព្យាយាម​ទាញ​អំណះអំណាង​ត​ទល់​នឹង​អ្វី​ដែល​ហៅ​ថា​ជា​ការ​«គាប​សង្កត់»​ពី​សំណាក់​បណ្ដា​មហា​អំណាច​លោក​ខាង​លិច​ លោក​ឧប​នាយក​រដ្ឋមន្ត្រី ​ហោ​ ណាំហុង ​បាន​លើក​ឡើង​ថា​បញ្ហា​នៃ​ការ​ចាត់​ការ​លើ​ក្រុម​នយោបាយ​ជំទាស់​នៅ​កម្ពុជា ​ជា​រឿង​ផ្ទៃ​ក្នុង​របស់​កម្ពុជា ​និង​មិន​ធ្ងន់ធ្ងរ​ដល់​កម្រិត​វិបត្តិ​រ៉ូហ៊ីងយ៉ា​ (Rohingya) នៅ​មីយ៉ាន់ម៉ា ​និង​សង្គ្រាម​ថ្នាំ​ញៀន​នៅ​ហ្វីលីពីន​នោះ​ទេ ​ដែល​លោក​យល់​ថា​ជា​បញ្ហា​សិទ្ធិ​មនុស្ស។​

ការ​លើក​ឡើងរបស់​លោក ​ហោ ​ណាំហុង ​ជា​ការណ៍​កម្រ​មួយ ​សម្រាប់​សមាជិក​អាស៊ាន​ដូច​ជា​កម្ពុជា​ដែល​ប្រកាន់​ខ្ជាប់​យ៉ាង​តឹងរ៉ឹង ​នូវ​គោល​ការណ៍​មិន​លូក​ដៃ​ឬ​និយាយ​ដល់​បញ្ហា​ផ្ទៃ​ក្នុង​ប្រទេស​ណា​មួយ។ ​តែ​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ​ថា​បាន​ស្នើ​ឱ្យ​មាន​ការ​ពិចារណា​ប្រៀប​ធៀប​ឥរិយាបថ​របស់​មហា​អំណាច ​ដែល​លោក​ទំនង​ចង់​សំដៅ​ទៅ​លើ​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប ​អំពី​ការ​ឆ្លើយ​តប​របស់​ពួក​គេ​មក​លើ​បញ្ហា​កម្ពុជា ​បញ្ហា​រ៉ូហ៊ីងយ៉ា ​និង​បញ្ហា​ថ្នាំ​ញៀន​ហ្វីលីពីន។​

«បញ្ហា​នៃ​ការ​គាប​សង្កត់​រាល់​ថ្ងៃនេះ​ជា​បញ្ហា​អ្វី? ​គេ​យក​បញ្ហា​នេះ​ជា​បញ្ហា​ប្រជាធិបតេយ្យ ​បញ្ហា​សិទ្ធិ​មនុស្ស​ ក៏​ប៉ុន្តែ​វា​ខុស​ពី​បញ្ហា​រ៉ូហ៊ីងយ៉ា​នៅ​ភូមា ​នៅ​មីយ៉ាន់ម៉ា​ ដែល​មាន​មនុស្ស​៦​ទៅ​៧​ម៉ឺននាក់ ​រត់​ពី​មីយ៉ាន់ម៉ា ​ទៅ​បង់ក្លាដែស ​ដែល​មានគេ​សម្លាប់​រក​ឃើញ​រណ្ដៅ​រួម​របស់​ជន​រ៉ូហ៊ីងយ៉ា ​នៅ​មីយ៉ាន់ម៉ា។​ នេះ ​ខ្ញុំ​និយាយ​នេះ ​សូម​អធ្យាស្រ័យ​ និយាយ​ផ្ទៃ​ក្នុង​យើង​ មិន​មែន​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​មីយ៉ាន់ម៉ា​ទេ​ ក៏​ប៉ុន្តែ​គ្រាន់​តែ​ប្រៀប​ធៀប​ឱ្យ​ឃើញ​បញ្ហា​យើង​ និង​បញ្ហាផ្សេង​ទៀត»។​

រូប​ឯកសារ៖ ជនជាតិ​ភាគ​តិចរ៉ូហ៊ីងយ៉ាដែល​កាន់​សាសនា​អ៊ីស្លាមមក​ពីប្រទេស​មីយ៉ាន់ម៉ា កំពុង​រង់ចាំទទួល​អាហារ​នៅ​ព្រំដែន​ប្រទេស​បង់ក្លាដែស​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៧។ (AP)
រូប​ឯកសារ៖ ជនជាតិ​ភាគ​តិចរ៉ូហ៊ីងយ៉ាដែល​កាន់​សាសនា​អ៊ីស្លាមមក​ពីប្រទេស​មីយ៉ាន់ម៉ា កំពុង​រង់ចាំទទួល​អាហារ​នៅ​ព្រំដែន​ប្រទេស​បង់ក្លាដែស​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៧។ (AP)

លោក ​ហោ​ ណាំហុង​ ​ដែល​ជា​អតីត​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ផង​ដែរ​ បាន​ថ្លែង​បន្ត​ទៀត​ថា៖​

«បញ្ហា​ហ្វីលីពីន​ ... ​សម្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់​ហើយ ​តាម​មើល​គិត​ចំនួន​មើល​ទៅ ​ពីរ​ម៉ឺន​នាក់​ហើយ។​ ពិត​មែន​តែ​សកល​លោក​ប្រឆាំង​ការ​រត់​ពន្ធ ​និង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន ​ក៏​ប៉ុន្តែ​ការ​សម្លាប់​មនុស្ស​ចូល​ដល់​រាប់​ម៉ឺន​នាក់​យ៉ាង​នេះ​ ក៏​ជា​បញ្ហា​សិទ្ធិ​មនុស្ស​មួយ​ដែរ»។​

ការ​ពណ៌នា​របស់​លោក​ ហោ​ ណាំហុង​ កើត​មាន​ឡើង​នៅ​ចំ​កណ្ដាល​នៃ​បរិបទ​ទំនាក់​ទំនង​ដ៏​រកាំ​រកូស​រវាង​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ​ជាមួយសហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ដែល​បាន​ចាត់​វិធានការ​ជា​បន្ត​បន្ទាប់​តទល់​នឹង​រដ្ឋាភិបាល​លោក ​ហ៊ុន​ សែន ​ចំពោះ​ការ​បង្ក្រាប​លើ​គូ​ប្រជែង​ផ្នែក​នយោបាយ ​នៅ​មុន​ការ​បោះ​ឆ្នោត​សភា​ខែ​កក្កដា​ឈាន​មក​ដល់។​

លោក​បន្ថែម​ថា៖

«ឯ​បញ្ហា​យើង​ជា​បញ្ហា​ផ្ទៃ​ក្នុង​សុទ្ធ​សាធ ​ក៏​ប៉ុន្តែ​ហេតុអ្វី​បាន​ជា​មហា​អំណាច​ខ្លះ​ ធ្វើ​ការ​ជ្រៀត​ជ្រែក​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង? ​នេះ​បណ្ដាល​មក​ពី​ខ្មែរ​យើង​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ​មិន​មែន​មក​ពី​បរទេស​ទេ ​គឺ​ខ្មែរ​យើង​ជា​អ្នក​ធ្វើការ​ឃោសនា។​ នៅ​ប្រទេស​ផ្សេង​ទៀត ​បក្ស​ប្រឆាំង​នៅ​ក្នុង​សភា​ដូច​គ្នា ​បក្ស​ប្រឆាំង​ដូច​គ្នា​ ក៏​ប៉ុន្តែ​ពេល​ទៅ​ក្រៅ​ប្រទេស ​គេ​មិន​ដែល​និយាយ​អាក្រក់​អំពី​ប្រទេស​គេ ​ឬ​និយាយ​មួល​បង្កាច់​ជាតិ​គេ​ទេ ​គឺ​លើក​លែង​តែ​ខ្មែរ​យើង​ខុស​គេ ​ប្រជាធិបតេយ្យ​ខ្មែរ​បាន​ន័យ​ថា​វា​ចង់​ជ្រុល​ទៅ​ហើយ»។​

និយាយ​ដល់​ចំណុច​នេះ ​បណ្ដា​អ្នក​សារព័ត៌មាន​ដែល​មាន​វត្តមាន​ក្នុង​អង្គ​សន្និបាត​ក្រសួង​ការបរទេស ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ ត្រូវ​បាន​គេ​កៀង​ចេញ​ពី​សាល​ប្រជុំ។ ​មុន​នឹង​ការ​បិទ​ទ្វារ​បន្តិច ​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ​ហោ ​ណាំហុង​ បាន​លើក​ឡើង​អំពី​ស្ថាន​ការណ៍​នៃ​សមរភូមិ​ការ​ទូត​ដែល​រដ្ឋាភិបាល​កម្ពុជា​ ត្រូវ​ប្រឈម​មុខ​នឹង​ការ​ទាមទារ​ពី​សំណាក់​បណ្ដា​រដ្ឋាភិបាល​បស្ចិម​លោក​ឱ្យ​មាន​ការ​បញ្ឈប់ ​និង​ធ្វើ​ឱ្យ​ដូច​ដើម​វិញ​នូវ​បរិយាកាស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស។​

«សព្វ​ថ្ងៃ​នេះ ​យើង​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​គាប​សង្កត់ ​ពិត​មែន​តែ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មិន​ទាន់​ចេញ​ជា​រូប​រាង​ មិន​ទាន់​គេ​និយាយ​ដល់​ទេ ​ប៉ុន្តែ​ការ​គាប​សង្កត់​នយោបាយ​កាន់​តែ​មាន​ខ្លាំង​ឡើងៗ»។​

បណ្ដា​ប្រទេស​នៅ​បស្ចិម​លោក ​ក៏​ធ្លាប់​បាន​បញ្ចេញ​ប្រតិកម្ម​ទាក់​ទង​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​បណ្ដា​ជន​រ៉ូហ៊ីងយ៉ា ​នៅរដ្ឋ​ Rakhine ​ភាគ​ខាង​លិច​ប្រទេស​មីយ៉ាន់ម៉ា​ផង​ដែរ​ ជា​ពិសេស​នៅ​ក្រោយ​ការ​ចេញ​របាយការណ៍​ស៊ើប​អង្កេត​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ​អំពី​រណ្ដៅ​សាក​សព​រួម​ នៃ​អម្បូរ​ជន​រ៉ូហ៊ីងយ៉ា ​ដែល​ត្រូវ​យោធា​មីយ៉ាន់ម៉ា​ប្រហារ​ជីវិត។​

កន្លង​មក​ក៏​ធ្លាប់​មាន​ការ​អំពាវនាវ​ពី​សំណាក់​ប្រទេស​បង់ក្លាដែស​ ស្នើ​សុំ​កម្ពុជា​ជួយ​គាំទ្រ​ដំណោះ​ស្រាយ​យូរ​អង្វែង​មួយ​សម្រាប់​វិបត្តិ​ជន​ភៀស​ខ្លួន​មីយ៉ាន់ម៉ា ​តែ​រដ្ឋាភិបាល​កម្ពុជា ​ប្រកាន់​ជំហរ​យ៉ាង​តឹង​រ៉ឹង ​ចាត់​ទុក​បញ្ហា​រ៉ូហ៊ីងយ៉ា​ជា​បញ្ហា​ផ្ទៃ​ក្នុង​របស់​មីយ៉ាន់ម៉ា​ ហើយ​មិន​គាំទ្រ​ឱ្យ​មាន​ការ​ធ្វើ​អន្តរជាតូបនីយកម្ម​នៃ​វិបត្តិ​ជាតិ​សាសន៍​ដ៏​អាស្រូវ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​សម័យ​ទំនើប​របស់​ប្រទេស​មីយ៉ាន់ម៉ា។​

ដោយ​ឡែក​បញ្ហា​សង្គ្រាម​គ្រឿង​ញៀន​នៅ​ប្រទេស​ហ្វីលីពីន​វិញ​ កម្ពុជា​ក៏​បាន​ដុត​បង្កាត់​វិធានការ​ខ្លួន​ប្រឆាំង​នឹង​គ្រឿង​ញៀន​ផង​ដែរ​ តែ​គេ​ឃើញ​មាន​តែ​ការ​ចាប់​ដាក់​ពន្ធនាគារ ​និង​មន្ទីរ​កែប្រែ​ស្ដារ​នីតិ​សម្បទា​ប៉ុណ្ណោះ​ មិន​មាន​ការ​រាយ​ការណ៍​ពី​ការ​សម្លាប់​រង្គាល​ណា​មួយ​ក្នុង​ការ​យក​ហ្វីលីពីន​ជា​គំរូ​នៅ​ឡើយ​ទេ។​

រដ្ឋាភិបាល​បរទេស​ក៏​ធ្លាប់​បាន​រិះគន់​ចំពោះ​ចំណាត់ការ​របស់​លោក​ប្រធានាធិបតី ​Rodrigo ​Duterte​ នៃ​ប្រទេស​ហ្វីលីពីន​ក្នុង​បញ្ហា​សង្គ្រាម​ថ្នាំ​ញៀន​នេះ​ផង​ដែរ ​តែ​ត្រូវ​បាន​មេ​ដឹក​នាំ​រូប​នេះ​ការ​ពារ​ថា​ជា​រឿង​ផ្ទៃ​ក្នុង​របស់​ប្រទេស​ផង​ខ្លួន។​

អ្នកវិភាគ​នយោបាយ ​លោក​បណ្ឌិត ​ឡៅ ​ម៉ុងហៃ ​បាន​ហៅ​ការ​ថ្លែង​របស់​លោក​ឧប​នាយក​រដ្ឋមន្ត្រី ​ហោ ​ណាំហុង ​ថា​ជា​ការ​ព្យាយាម​បង្ហាញ​ថា​ទីក្រុង​ភ្នំពេញ​កំពុង​រង​ការ​គាប​សង្កត់​ដោយ​អយុត្តិធម៌ ​បើ​ធៀប​នឹង​ស្ថាន​ភាព​ស្រដៀង​គ្នា​នៅ​ប្រទេស​ដទៃ។​

ក៏​ប៉ុន្តែ ​លោក ​ឡៅ ​ម៉ុងហៃ ​បាន​និយាយ​ថា​ ដោយ​សារ​តែ​កម្ពុជា​ជាប់កិច្ចសន្យា​ជាមួយ​សហគមន៍​អន្តរជាតិ​ ក្រោម​ក្រប​ខណ្ឌ​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​ម្ល៉ោះ​ហើយ​ទើប​ដំណើរ​ណាមួយ​របស់​រដ្ឋាភិបាល​កម្ពុជា​ ដែល​គេ​យល់​ថា​ជា​ការ​ងាក​ចេញពី​គន្លង​តម្លៃ​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​ ​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់ ​និង​ឆ្លើយ​តប​ខុស​ពី​ប្រទេស​ផ្សេង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG