នៅក្នុងសុន្ទរកថាប្រចាំសប្តាហ៍របស់លោកនៅក្នុងថ្ងៃអាទិត្យនេះ លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាបានប្រារព្ធទិវារំឮកវិញ្ញាណក្ខន្ធយុទ្ធជនដែលក្នុងភាសាអង់គ្លេសហៅថា Memorial Day ដោយលោកបានធ្វើគារវកិច្ចដល់ក្រុមបុរស និងស្ត្រីជាយុទ្ធជន ដែលបានបូជាជីវិតរបស់ពួកគេក្នុងការបម្រើប្រទេសជាតិ។
លោកប្រធានាធិបតីនឹងចំណាយពេលវេលាក្នុងពិធីបុណ្យ Memorial Day ទីមួយចាប់តាំងពីការបញ្ចប់សង្គ្រាមក្នុងប្រទេសអាហ្វហ្គានីស្ថាននៅកន្លែងបញ្ចុះសពArlington ដោយលោករំឮកដល់ក្រុមអ្នកស្នេហាជាតិអាមេរិកាំងជាង២.២០០នាក់ ដែលបានបូជាជីវិតនៅក្នុងសង្គ្រាមនោះ និងដល់ទាហានទាំងអស់ដែលបានបាត់បង់ជីវិត។
លោកប្រធានាធិបតីបានសុំដល់ប្រជាជនអាមេរិកាំងទាំងអស់ឲ្យចំណាយពេល វេលានាថ្ងៃចន្ទខាងមុខនេះ ដើម្បីជូនជាកិត្តិយសដល់វិញ្ញាណក្ខន្ធ និងពលិកម្មរបស់ក្រុមវីរជនទាំងនោះ ហើយលោកនៅតែប្តេជ្ញាដល់បុព្វហេតុនៃសេរីភាព និងប្រទេសដែលពួកគេបានប្រយុទ្ធការពារ៕