ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​​ហុងកុង​ប្តេជ្ញា​​បន្តការ​តវ៉ា​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ ទោះ​បី​ជា​មាន​ច្បាប់​សន្តិសុខ​ថ្មី​ក៏ដោយ


អ្នក​ប្រជាធិបតេយ្យ​ហុងកុង​វ័យ​ក្មេង​ចូលរួម​ក្នុង​សន្និសីទ​កាសែត​មួយ​ នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។

ពលរដ្ឋ​ទីក្រុង​ហុងកុង​ លើក​ឡើង​ថា​បរិយាកាស​នៃ​ការ​ភ័យ​ខ្លាច​ កំពុង​គ្របដណ្តប់​ក្នុងក្រុង​ហុងកុង​ដែល​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អាស៊ី​ ចាប់​តាំង​ពី​ប្រទេស​ចិន​បាន​ដាក់​ឱ្យ​អនុវត្ត​នូវ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មីមួយ​ដើម្បី​បង្ក្រាប​ក្រុម​អ្នកប្រឆាំងតវ៉ា។​ សកម្មជន​លើក​ឡើង​ថា​ ទោះ​បី​ជា​មាន​ការ​បារម្ភថ្មីៗ​នៃ​ការ​រឹត​បន្តឹង​សេរីភាព​មួយ​ចំនួន​ក្តី​ ពួកគេ​នឹង​បន្ត​ការ​តវ៉ា​ដើម្បី​លទ្ធិប្រជា​ធិបតេយ្យ។​

ច្បាប់​សន្តិសុខ​ថ្មី​ដែល​អនុម័ត​ដោយ​សភា​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី៣០ ខែ​មិថុនា​ ហើយត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​ក្នុង​ទី​ក្រុង​ហុងកុង​នៅ​ថ្ងៃទី១​ ខែកក្កដា​នោះ​ ដាក់​ទណ្ឌកម្ម​ដល់​ការ​បំបែក​ខ្លួន​ ការ​ធ្វើ​វិទ្ធង្សនា​ ភេរវកម្ម​ និង​ការ​ឃុប​ឃិត​ជាមួយ​កម្លាំង​បរទេស​ ដោយអាច​ត្រូវ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។

ចាប់​តាំង​ពី​ច្បាប់​នោះ​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​មក​ បដា​ និង​រូបភាព​ដែល​អំពាវនាវ​ឱ្យ​មាន​ឯករាជ្យ​ ឬ​ដែល​រិះ​គន់​រដ្ឋាភិបាល​លែង​ឃើញ​មាន​ទៀតហើយនៅ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង​ហុងកុង។ រដ្ឋា​ភិបាល​ចិន​អះ​អាង​ថា ​ពាក្យ​ស្លោក​នៃ​ការ​តវ៉ានោះ​ដែល​មាន​ន័យ​ថា​ «រំដោះ​ទីក្រុងហុងកុង​ បដិវត្តន៍​នៃ​សម័យ​យើង» គឺ​ជា​ការខុស​ច្បាប់​នៅ​ក្រោម​ច្បាប់​ថ្មី ដោយ​ចោទ​ថា​ទង្វើ​នេះ​ ជា​ការ​គាំទ្រ​ឱ្យ​មាន​ឯករាជ្យ​ ការ​បំបែក​រដ្ឋ​ និង​ការ​ធ្វើ​វិទ្ធង្សនាជា​ដើម។

សៀវភៅ​ដែល​សរសេរ​ដោយ​អ្នក​ប្រឆាំង​ត្រូវ​បានគេ​ប្រមូល​យកចេញ​ពី​បណ្ណាគារ​នានា​ ស្រប​ពេល​ដែល​អាជ្ញាធរ​អប់រំបាន​អង្វរ​សាលារៀន​ឱ្យ​ប្រមូលចោលសៀវភៅណា​ដែល​អាច​ធ្វើ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​សន្តិសុខ​ជាតិ​របស់​ចិន។​ មនុស្ស​ចំនួន​១០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទប៉ះ​ពាល់​ដល់​សន្តិសុខ​ជាតិ នៅ​ក្នុងការ​តវ៉ា​មួយ​ចំ​ថ្ងៃ​ដែល​ច្បាប់​នោះ​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​ ដោយ​ចោទ​ប្រកាន់​ថា​ ពួកគេ​បាន​ប្រើប្រាស់​សម្ភារៈ​ធ្វើ​បាតុកម្ម ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​បំបែក​រដ្ឋ ​និង​ធ្វើ​វិទ្ធង្សនា​ជា​ដើម។

អ្នក​គាំទ្រ​លើក​ក្រដាស​ទទេ​ស្អាត​ដើម្បី​ជៀសវាង​ពាក្យ​ស្លោក​ដែល​ត្រូវ​បាន​ហាមឃាត់​នៅ​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​ នៅ​ពេល​ពួកគេ​គាំទ្រ​បាតុករ​ប្រឆាំង​នឹង​ច្បាប់​ថ្មី​នេះ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន នៅ​ខាង​ក្រៅ​តុលាការ​តំបន់​ខាង​កើត​នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី៣ ខែកក្កដា​ ឆ្នាំ២០២០។
អ្នក​គាំទ្រ​លើក​ក្រដាស​ទទេ​ស្អាត​ដើម្បី​ជៀសវាង​ពាក្យ​ស្លោក​ដែល​ត្រូវ​បាន​ហាមឃាត់​នៅ​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​ នៅ​ពេល​ពួកគេ​គាំទ្រ​បាតុករ​ប្រឆាំង​នឹង​ច្បាប់​ថ្មី​នេះ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន នៅ​ខាង​ក្រៅ​តុលាការ​តំបន់​ខាង​កើត​នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី៣ ខែកក្កដា​ ឆ្នាំ២០២០។

ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​ នា​ពេល​នេះ​អាច​ធ្វើ​សកម្មភាព​ដោយ​បើក​ចំហ​នៅ​ក្នុង​ទីក្រុង​ ដែល​ធ្លាប់​ស្ថិត​ក្រោម​អាណានិគម​របស់​ប្រទេស​អង់គ្លេស​មួយ​នេះ។​ សណ្ឋាគារ​មួយ​កន្លែង​ត្រូវ​បាន​គេប្រើ​ប្រាស់​ធ្វើ​ជា​ទី​បញ្ជាការ​នៃ​សន្តិសុខ​ជាតិ​ថ្មី​មួយ​កាល​ពី​ពេល​ថ្មី​នេះ។ ទន្ទឹម​នេះ​ដែរ​ ច្បាប់​ថ្មី​នេះ​បាន​ផ្តល់​អំណាច​ដល់​ប៉ូលិស​ ក្នុង​ការ​ឆែកឆេរ​ដោយ​មិន​ចាំ​បាច់​មាន​ដីកា​ពី​តុលាការ​នោះ​ទេ ហើយ​អាច​ហាម​ឃាត់នូវ​ទង្វើ​ផ្សេងៗ​របស់​ក្រុម​ដែល​គេ​សង្ស័យ​ និង​បង្កក​ទ្រព្យ​សម្បត្តិរបស់​គេ​ និងតាម​ដាន​ការ​ទាក់​ទង​គ្នា​ដែល​ប៉ះ​ពាល់​ដល់​ករណី​នៃ​សន្តិសុខ​ជាតិ​ផង​ដែរ។

ហាង​ទំនិញ​ និង​ភោជនីយដ្ឋាន​មួយ​ចំនួន​ ដែល​គាំទ្រ​ការ​ប្រឆាំង​តវ៉ា​រដ្ឋាភិបាល បាន​រុះរើ​ និង​ទម្លាក់​ចោល​រូបភាព​ និង​ប័ណ្ណ​ផ្សព្វផ្សាយ​នានា ​ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ ដោយ​សារ​តែ​ពួកគេ​ភ័យ​ខ្លាច​នឹង​ការ​រំលោភ​ច្បាប់​ថ្មី​ ក្រោយ​ពី​មាន​ការ​ព្រមាន​ពី​ក្រុម​ប៉ូលិស​រួច​មក។ ក្រុម​អ្នក​នយោបាយ​វ័យ​ក្មេង​នានា​បាន​បញ្ចប់សកម្ម​របស់​ខ្លួន​ ជា​ច្រើន​ម៉ោង​មុន​ពេល​ច្បាប់​ថ្មី​នេះ​ ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត។​ ស្ថាបនិក​ម្នាក់​នៃ​ក្រុម​យុវជន​វ័យ​ក្មេង លោក Nathan Law បាន​រត់​គេច​ខ្លួន​ចេញ​ពី​ទី​ក្រុង​ បន្ទាប់​ពីលោក​បាន​ចូលរួម​ឆ្លើយ​បំភ្លឺ​ទាក់ទង​នឹង​ច្បាប់​ថ្មី នៅមុខ​គណៈកម្មការ​កិច្ចការ​បរទេស​របស់​សភា​អាមេរិក​កាល​ពី​ថ្ងៃទី១ ខែ​កក្កដា គឺ​ចំថ្ងៃ​ដែល​ច្បាប់​នោះ​ចូល​ជា​ធរមាន។​

ដោយ​ទទួល​ស្គាល់​ថា​ ឥឡូវ​នេះ​ពួក​គេ​ត្រូវសម្រប​សម្រួល​នូវ​យុទ្ធនាការ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យដោយ​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​កម្រិត​មួយនោះ​ សកម្មជន​នយោបាយ​បាន​និយាយ​ថា ​ពួក​គេ​នៅ​តែ​ប្តេជ្ញាចិត្ត​បន្តបេសកកម្ម​របស់​គេ​ បើ​ទោះ​បី​ជា​ពួកគេ​ត្រូវ​ប្រឈម​មុខ​នឹង​លទ្ធភាព​នៃ​ការ​ជាប់​ពន្ធនាគារ​យ៉ាង​ណា​ក៏​ដោយ។​

សកម្មជន​ជើង​ចាស់​ និង​ជា​មេធាវី​លោក Albert Ho​ និយាយថា​ «យើង​នឹង​វាយ​តម្លៃ​ពី​ការ​ប្រឈម​ទាំង​នោះ តែ​យើង​ត្រូវ​តែ​និយាយ​ទៅ​តាម​មនសិការ​របស់​យើង»។

«ប្រជាធិបតេយ្យ​កើត​ឡើង​ជាមួយ​នឹង​ការ​លះ​បង់​មួយ»​ នេះ​ជា​សម្តី​របស់​អតីត​ប្រធានគណបក្ស​ប្រជាធិបតេយ្យ​ និង​ជា​អនុប្រធាន​ក្រុម​សម្ព័ន្ធ​ហុងកុង​ក្នុង​ការ​គាំទ្រ​ចលនា​ប្រជាធិបតេយ្យ​ស្នេហា​ជាតិ​នៃ​ប្រទេស​ចិន​ ដែល​បាន​រៀបចំពិធី​ភ្លើង​ទៀន​ដើម្បី​រំឭក​ដល់​ការ​បង្រ្កាប​របស់​អាជ្ញាធរ​ចិន​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ដើម្បី​លទ្ធិប្រជា​ធិបតេយ្យ​លើ​ទីលាន​ Tiananmen ​ក្នុង​ឆ្នាំ១៩៨៩​ អស់​រយៈពេល​៣០​ឆ្នាំ​ រហូត​ដល់​ពេលត្រូវ​បាន​ហាម​ប្រាម​ក្នុង​ឆ្នាំ​នេះដោយ​សារ​តែ​ជំងឺ​កូវីដ​១៩នោះ។

លោក​ និងអ្នក​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​សំខាន់ៗ​១៤រូប​ផ្សេង​ទៀត​ ក្នុង​ក្រុង​ហុងកុង​ ត្រូវ​បាន​អាជ្ញា​ធរ​ចាប់​ខ្លួន​ពី​បទ​ជួប​ប្រជុំខុស​ច្បាប់មួយកាល​ពី​ចុង​ខែ​មេសា។​ នៅ​ក្រោម​ច្បាប់​ថ្មី​ លោក​ និង​សកម្ម​ជន​ដទៃ​ទៀត​ អាច​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ពាក់ព័ន្ធ​សន្តិសុខ​ជាតិ​ «ដែល​ញុះ​ញង់​ឱ្យ​មាន​ការ​ស្អប់» ដល់​រដ្ឋាភិបាល​ក្រុង​ហុងកុង​ និងរដ្ឋាភិបាល​ក្រុង​ប៉េកាំង​តាម​រយៈពាក្យស្លោក​ដូច​ជា​ «បញ្ចប់​ភាព​ផ្តាច់​ការ​នៃ​របប​ឯកបក្ស» និង​ «ទទួល​ខុស​ត្រូវ​ដល់​ការ​សម្លាប់​រង្គាល​លើ​ទីលាន​ Tiananmen» ជាដើម។​

លោកមេធាវី​ Albert Ho បន្ត​ក្នុង​សម្តី​ដើម​ថា​ «ខ្ញុំ​អាច​ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ​ ហើយ​គេ​អាច​ផ្អាក​សកម្មភាព​ផ្តល់​សេវា​ច្បាប់​របស់​ខ្ញុំ​ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ឈប់​ធ្វើ​រឿង​នឹង​បាន​នោះ​ទេ។​ យើងមាន​សំណាង​ណាស់​កាល​ពីអតីតកាល​ ព្រោះ​ហានិភ័យរបស់​យើង​មាន​លក្ខណៈ​តូចតាច។​ ការ​តស៊ូ​មាន​អត្ថន័យ​កាន់​តែ​ខ្លាំង​ក្នុង​ពេល​នេះ​ ដែល​យើង​ត្រូវ​តែ​ប្រយុទ្ធ​ក្រោម​ការ​គាប​សង្កត់​មួយ។

អ្នក​ជំនាញ​ច្បាប់​បាន​រិះគន់​ច្បាប់​សន្តិសុខ​ជាតិ​ដែល​បាន​អនុម័ត​ដោយ​សភា​ប្រទេស​ចិន​ ដោយ​លើក​ឡើង​ថា​ ច្បាប់​នេះ​មាន​ន័យ​ទូលាយ​ និង​មាន​ភាព​មិន​ច្បាស់​លាស់​ក្នុង​ការ​កំណត់និយមន័យ​នៃបទ​ឧក្រិដ្ឋ​នៅ​ពេល​ដែល​ក្រុង​ហុង​កុង​ធ្លាប់​តែ​ប្រើ​ប្រាស់​ច្បាប់​ជា​ធម្មតា​ទូទៅ។ មន្ត្រី​ចិន​ម្នាក់​និយាយកាល​ពី​សប្តាហ៍​មុន​ថា ច្បាប់​នេះ​មាន​គោល​បំណង​អនុវត្ត​ចំពោះ​អ្នក​ដែល​ធ្វើ​ឱ្យ​មាន​បញ្ហា​ភ័យ​ខ្លួន។

អ្នក​ស្រី​ Lawrence Lau មេធាវី​ការពារ​ក្តី​ករណី​ដំបូង​នៃ​ការ​រំលោភ​ច្បាប់​សន្តិសុខ​ជាតិ​ក្នុង​តុលាការ​ក្រុង​ហុងកុង​ថា «ច្បាប់​នេះ​ខ្វះ​ហេតុផល​ ខ្វះ​ភាព​ច្បាស់លាស់ និង​ភាព​ត្រឹមត្រូវ។ នៅ​ពេល​ដែល​ពលរដ្ឋ​មិន​ប្រាកដ​ថា ពេល​ណា​ខ្លួនបាន​រំលោភច្បាប់​នោះ​ ពួក​គេ​នឹង​ព្យាយាម​មើល​មុខ​មើល​ក្រោយ​មុន​នឹង​ធ្វើសកម្មភាព​អ្វី​មួយ»។ ​

អ្នកស្រី​ចូលនិវត្តន៍​ម្នាក់​អាយុ​៦០ឆ្នាំ ដែលនិយាយ​សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​ការ​ភ័យ​ខ្លាចក្រោម​ច្បាប់​ថ្មី​នេះថា អ្នក​ស្រី​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង​ឥឡូវ​នេះ​ ក្នុង​ការ​ចូលរួម​ជាមួយ​ការ​ប្រឆាំង​តវ៉ា។​ ក្រុង​ហុងកុង​លែង​ជា​សង្គម​ធម្មតា​ដូច​មុន​ទៀត​ហើយ»។​

អ្នកស្រី​បន្តដោយ​យោង​ទៅ​លើ​រជ្ជកាល​អធិរាជស្តេច ​Qin ដែល​បាន​គ្រប់គ្រង​ប្រទេស​ចិនមុន​គ្រិស្តករាជ​ ២២១ និង២១០ថា​ «ឥឡូវ​នេះប្រៀប​ដូចសម័យកាល​ដែល​យើង​ត្រូវ​ដុត​សៀវ​ភៅ​ និង​ជីក​កប់​បញ្ញវ័ន្ត​ ឬ​យ៉ាង​ណា។ យើង​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ជាមួយ​អ្វី​ដែល​យើង​និយាយ​និង​ធ្វើ»។​

ទោះ​បី​ជា​យ៉ាង​ណា​ក្តី ពលរដ្ឋ​ហុងកុង​នៅ​តែ​បង្ហាញ​ពី​ការ​ប្រឆាំង​របស់​ខ្លួន។​

មនុស្សម្នា​តម្រង់​ជួរ​ដើម្បី​ធ្វើ​ការ​បោះឆ្នោត​នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០។
មនុស្សម្នា​តម្រង់​ជួរ​ដើម្បី​ធ្វើ​ការ​បោះឆ្នោត​នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០។

ពលរដ្ឋ​ហុងកុង​ប្រមាណ​៦សែននាក់​ បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​បឋម​មិន​ផ្លូវ​ការ​មួយសម្រាប់ក្រុម​អ្នក​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ កាល​ពី​ចុង​សប្តាហ៍មុន​ ដោយ​សង្ឃឹម​ថាខ្លួន​អាច​មាន​សំឡេង​ភាគ​ច្រើន​ក្នុង​អង្គ​នីតិបញ្ញត្តិ​ ក្នុង​ការ​បោះ​ឆ្នោត​ក្នុង​ខែ​កញ្ញា​ខាង​មុខ​នេះ។ ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ប្រកាស​ថា​ការ​បោះ​ឆ្នោត​បឋម​នោះ​ មិន​ស្រប​ច្បាប់​ ហើយប្រធាន​ប្រតិបត្តិ​ទីក្រុង​ហុងកុង​អ្នក​ស្រី Carrie Lam បាន​ព្រមាន​ថាពួក​គេ «អាច​ធ្លាក់​ចូល​ក្នុង​ប្រភេទ​នៃ​ការ​ធ្វើ​វិទ្ធង្សនា​អំណាច​រដ្ឋ»។ មន្រ្តី​មួយ​ចំនួន​ក៏បាន​និយាយ​ផងដែរពី​បេក្ខជន​ ដែល​ប្រឆាំង​នឹង​ច្បាប់​ថ្មី​នេះ​ ថា អាច​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត។

សមាជិក​សភាគាំទ្រលទ្ធិប្រជាធិបតេយ្យលោក Roy Kwong និយាយថា​ ទោះបី​ជា​មាន​ភាព​មិន​ធម្មតា​យ៉ាង​ណា​ក្តី​ ពលរដ្ឋ​ហុងកុង​នៅ​តែ​ប្រើ​ប្រាស់​សកម្មភាព ក្នុង​ការ​បង្ហាញ​ពីគោលបំណង​ប្រជា​ធិបតេយ្យ​របស់​គេ។​

លោក Kwong​ និយាយថា​ «គ្មាន​នរណា​ម្នាក់​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​ក្នុង​ពេល​អនាគត​នោះ​ទេ។ អ្វី​ដែល​យើង​អាច​ធ្វើ​ គឺ​ការ​បង្ហាញ​ពី​កម្លាំង​របស់​យើង​នា​ពេល​បច្ចុប្បន្ន។ ដំបូង​យើង​ត្រូវ​ការពារ​ និង​រក្សា​ខ្លួន​យើង​សិន​ ប៉ុន្តែ​យើង​ក៏​មិន​ត្រូវបារម្ភ​ខ្លាំងហួស​ហេតុ​ពេក​នោះ​ទេ។ យើង​នឹ​ងដោះ​ស្រាយរឿងរ៉ាវ​នៅ​ពេល​ដែល​រឿង​រ៉ា​វ​កើត​មាន​ឡើង។ ខ្ញុំ​ជឿ​ជាក់​ថា​ពលរដ្ឋ​ហុង​កុង​នឹងដោះ​ស្រាយ​រឿង​រ៉ាវ​ទាំង​ឡាយ​ដែល​កើត​មាន​ឡើង​ដោយ​ប្រាជ្ញា​វៀងវៃរបស់​ខ្លួន។​

លោក ​Andy Chui ក្រុមប្រឹក្សា​ស្រុក​ដែល​ជា​បេក្ខជន​ក្នុង​ការ​បោះ​ឆ្នោត​បឋម​និយាយ​ថា «យើង​ចាំ​បាច់​ត្រូវ​ឆ្លុះ​បញ្ជាំង​នូវ​ទស្សនៈ​សាធារណជន​ ហើយ​យើងមិន​ត្រូវបានគេ​បំបិត​សំឡេងនោះ​ទេ»។

លោក​បន្ត​ថា​ «ខ្ញុំ​ចង់​ឱ្យ​ក្រុង​ហុងកុង​ នៅ​តែ​ជា​ទី​ក្រុង​ហុងកុង​របស់យើង​ដដែល»។​

ប្រែ​សម្រួល​ដោយ​ ជ្រា វណ្ណារិទ្ធ​

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG