ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីក្រុង​ហុងកុង​ថា ខ្លួន​នឹង​លុបចោល​វិធានការ​ធ្វើ​ចត្តាឡីស័ក​រឿង​ជំងឺ​កូវីដ១៩ ពី​ថ្ងៃ​ទី ២៦ ខែ​កញ្ញា​តទៅ


រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​ម្នាក់​កំពុង​ដើរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ហុងកុង។
រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​ម្នាក់​កំពុង​ដើរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ហុងកុង។

អាជ្ញាធរ​ទីក្រុង​ហុងកុង​បាន​បញ្ជាក់​កាលពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​នឹង​លុបចោល​គោល​នយោបាយ​ធ្វើ​ចត្តាឡីស័ក​ក្នុង​សណ្ឋាគារ​ទាក់ទិន​នឹង​ជំងឺ​កូវីដ១៩ ដែល​ជា​គោល​នយោបាយ​មាន​ភាព​ប្រទាំងប្រទើស ចាប់ពី​ថ្ងៃ​ទី ២៦ ខែ​កញ្ញា​ខាង​មុខ​នេះ​តទៅ បន្ទាប់ពី​ខ្លួន​បាន​អនុវត្ត​គោល​នយោបាយ​នេះ​អស់​រយៈពេល​ជាង ២ ឆ្នាំ​កន្លះ​កន្លង​មក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

នេះ​គឺ​ជា​វិធានការ​ដែល​ពលរដ្ឋ​និង​អាជីវកម្ម​ជា​ច្រើន​នៅ​ក្នុង​ទីក្រុង​ហុងកុង​បាន​រង់ចាំ​អស់​រយៈពេល​ជា​យូរ​មក​ហើយ។

អ្នក​ដែល​ធ្វើ​ដំណើរ​មក​ពី​បរទេស​ទាំង​អស់​ដែល​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​ហុងកុង​នឹង​អាច​ធ្វើ​ដំណើរ​ដោយ​ផ្ទាល់​ទៅ​ផ្ទះ​របស់​ពួកគេ ឬ​ក៏​កន្លែង​ស្នាក់នៅ​ណា​មួយ​ដែល​ខ្លួន​ជ្រើសរើស​បាន ប៉ុន្តែ​នឹង​ត្រូវ​តម្រូវ​ឱ្យ​តាមដាន​សុខភាព​ខ្លួន​ឯង​រយៈពេល ៣ ថ្ងៃ ក្រែង​ល​មាន​អាការៈ​ជំងឺ​កូវីដ១៩ ណា​មួយ​កើតឡើង។

អាជ្ញាធរ​អនុញ្ញាត​ឱ្យ​ពួកគេ​ទៅ​ធ្វើ​ការ​ឬ​ទៅ​សាលារៀន​បាន ប៉ុន្តែ​មិន​អនុញ្ញាត​ឱ្យ​ពួកគេ​ចូល​ក្នុង​បារនីយដ្ឋាន​ឬ​ក៏​ភោជនីយដ្ឋាយ​ណា​មួយ​ទេ​សម្រាប់​រយៈពេល ៣ ថ្ងៃ។

ការ​ធ្វើ​តេស្ត PCR ដើម្បី​រក​ជំងឺ​កូវីដ១៩ ក្នុង​រយៈពេល ៤៨ ម៉ោង​មុន​ការ​ហោះហើរ ដែល​ជា​លក្ខខណ្ឌ​តម្រូវ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ហុងកុង នឹង​ត្រូវ​ជំនួស​ដោយ​ការ​ធ្វើ​តេស្ត​រហ័ស​ដើម្បី​រក​ជំងឺ​នេះ​វិញ។

ទីក្រុង​ហុងកុង​គឺ​ជា​ទីក្រុង​សាកល​មួយ​ដែល​ស្ថិត​នៅ​ក្រៅ​តំបន់​ដី​គោក​ប្រទេស​ចិន ដែល​បាន​ដាក់​កំហិត​ការ​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​សណ្ឋាគារ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​មក​ពី​បរទេស ស្រប​តាម​យុទ្ធសាស្ត្រ «គ្មាន» ជំងឺ​កូវីដ​ដ៏ «ក្លៀវក្លា» របស់​ប្រទេស​ចិន។

រូបឯកសារ៖ អ្នក​ដំណើរ​ឈរ​តម្រង់​ជួរ​រង់ចាំ​រថយន្ដ​ដឹក​អ្នក​ដំណើរ​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅ​សណ្ឋាគារ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ហុងកុង ក្នុង​អំឡុងពេល​ដែល​មាន​ការ​ឆ្លង​ត្បាត​ជំងឺ​កូវីដ១៩ ថ្ងៃទី ១ ខែសីហា ឆ្នាំ២០២២។
រូបឯកសារ៖ អ្នក​ដំណើរ​ឈរ​តម្រង់​ជួរ​រង់ចាំ​រថយន្ដ​ដឹក​អ្នក​ដំណើរ​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅ​សណ្ឋាគារ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ហុងកុង ក្នុង​អំឡុងពេល​ដែល​មាន​ការ​ឆ្លង​ត្បាត​ជំងឺ​កូវីដ១៩ ថ្ងៃទី ១ ខែសីហា ឆ្នាំ២០២២។

កន្លង​មក ក្រុម​អ្នក​ជំនួញ មន្ត្រី​ការទូត និង​ពលរដ្ឋ​ជាច្រើន​បាន​រិះគន់​ខ្លាំងក្លា​លើ​គោល​នយោបាយ​ធ្វើ​ចត្តាឡីស័ក​ក្នុង​សណ្ឋាគារ​ទាក់ទិន​នឹង​ជំងឺ​កូវីដ១៩ របស់​ទីក្រុង​ហុងកុង​នេះ ដោយ​បាន​និយាយ​ថា វិធានការ​ទាំង​នេះ​ប៉ះពាល់​ដល់​ភាព​ប្រកួតប្រជែង​និង​ឋានៈ​របស់​ទីក្រុង​ហុងកុង​ក្នុង​នាម​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​សាកលលោក។

នៅ​ពេល​បច្ចុប្បន្ន​នេះ អ្នក​ធ្វើ​ដំណើរ​មក​ដល់​ទាំង​អស់​ត្រូវ​ចំណាយ​ពេល ៣ ថ្ងៃ​នៅ​ក្នុង​សណ្ឋាគារ​ដែល​ខ្លួន​ត្រូវ​បង់​ថ្លៃ​ចំណាយ​ដោយ​ខ្លួន​ឯង ហើយ​បន្ទាប់មក​ត្រូវ​តាមដាន​សុខភាព​ខ្លួន​ឯង​រយៈពេល ៤ ថ្ងៃ ក្រែង​ល​មាន​អាការៈ​ជំងឺ​កូវីដ១៩ ណា​មួយ​កើតឡើង ដោយ​នៅ​ក្នុង​រយៈពេល​តាមដាន​ខ្លួន​ឯង ៤ ថ្ងៃ​នេះ អ្នក​ទាំង​នោះ​អាច​ធ្វើ​ដំណើរ​បាន​នៅ​ទូទាំង​ទីក្រុង​ហុងកុង។ ប៉ុន្តែ​នៅ​មុន​ដើម​ឆ្នាំ​នេះ ការ​ធ្វើ​ចត្តាឡីស័ក​នៅ​សណ្ឋាគារ​គឺ​មាន​រយៈពេល​យូរ​រហូត​ដល់ ៣ សប្ដាហ៍​ឯណោះ។

កន្លង​មក វិធានការ​បង្ការ​ជំងឺ​កូវីដ១៩ នេះ​បាន​ដាក់​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ទីក្រុង​ហុងកុង​តាំងពី​ដើម​ឆ្នាំ ២០២០ មក និង​បាន​ជំរុញ​បន្ថែម​ឱ្យ​ជន​បរទេស​ដែល​រស់នៅ​ទីក្រុង​ហុងកុង​និង​ពលរដ្ឋ​ហុងកុង​ចាកចេញ​ពី​ទីក្រុង​នេះ ដែល​ការ​ចាកចេញ​នេះ​គឺ​ត្រូវ​បាន​ចាប់ផ្ដើម​ដំបូង​ដោយសារ​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ចិន​នៅ​ក្នុង​ការ​ដាក់​គំនាប​ត្រួតត្រា​និង​ដាក់​កំហិត​លើ​សេរីភាព​នានា។ បើ​យោង​តាម​តួលេខ​របស់​រដ្ឋាភិបាល មនុស្ស​ប្រហែល ១១៣.០០០ នាក់​បាន​ចាកចេញ​ពី​ទីក្រុង​ហុងកុង​តាំងពី​ពាក់​កណ្ដាល​ឆ្នាំ ២០២១ មក។

ជើង​ហោះហើរ​ជា​ច្រើន​បាន​ផ្អាក​ប្រតិបត្តិការ​របស់​ខ្លួន​ដែល​ហោះ​ចេញ​ចូល​អាកាសយានដ្ឋាន​ទីក្រុង​ហុងកុង ដែល​ធ្លាប់​ជា​អាកាសយានដ្ឋាន​ដ៏​មមាញឹក​និង​មាន​ប្រសិទ្ធភាព​បំផុត​មួយ​នៅ​លើ​ពិភពលោក។

ប្រធាន​សមាគម​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​អន្តរជាតិ (International Air Transport Association (IATA)) បាន​និយាយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ទីក្រុង​ហុងកុង​បាន​បាត់បង់​ឋានៈ​របស់​ខ្លួន​ក្នុង​នាម​ជា​មជ្ឈមណ្ឌល​អាកាសចរណ៍​សាកល​មួយ ដោយសារ​គោល​នយោបាយ​គ្មាន​ជំងឺ​កូវីដ១៩​របស់​ប្រទេស​ចិន។

ព្រឹត្តិការណ៍​ជា​ច្រើន​ត្រូវ​បាន​លុបចោល​ឬ​ក៏​ផ្អាក បើ​ទោះបីជា​ទីក្រុង​ហុងកុង​មាន​គម្រោង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​សន្និសីទ​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​និង​ការ​ប្រកួត​កីឡា​បាល់​ឱប​អន្តរជាតិ​ដែល​មាន​គ្នា​ម្ខាង ៧ នាក់​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ក៏ដោយ។

អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ការ​រៀបចំ​សន្និសីទ​ហិរញ្ញវត្ថុ​ខាង​លើ​បាន​និយាយ​ថា ការ​ធ្វើ​ដំណើរ​ដែល​មិន​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​គឺ​ជា​លក្ខខណ្ឌ​ដំបូង​មួយ​ដែល​គួរ​តែ​មាន​សម្រាប់​ការ​ចូលរួម​នៅ​ក្នុង​សន្និសីទ​នេះ។

ព្រឹត្តិការណ៍​ទាំង​ពីរ​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ជា​ទូទៅ​ថា​ជា​កិច្ច​ប្រឹងប្រែង​ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ថា ទីក្រុង​ហុងកុង​អាច​ឈាន​មក​រក​ប្រក្រតីភាព​ឡើង​វិញ។

ប្រទេស​សិង្ហបុរី​ដែល​ជា​គូ​ប្រជែង​របស់​ទីក្រុង​ហុងកុង​ក្នុង​នាម​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​សន្និសីទ​ធំៗ​មួយ​ចំនួន​នៅ​ក្នុង​ខែ​កញ្ញា​នេះ។ ចំណែក​ឯ​កោះ​តៃវ៉ាន់​និង​ប្រទេស​ជប៉ុន​វិញ​បាន​ប្រកាស​កាលពី​ពេល​ថ្មីៗ​នេះ​ថា​ខ្លួន​នឹង​បន្ធូរបន្ថយ​ការ​ដាក់​កំហិត​ទាក់ទិន​នឹង​ជំងឺ​កូវីដ១៩​សម្រាប់​អ្នក​ធ្វើ​ដំណើរ​មកពី​បរទេស ដែល​ការ​បន្ធូរបន្ថយ​នេះ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ខែ​តុលា​ខាង​មុខ។

កន្លង​មក ទីក្រុង​ហុងកុង​បាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ចំនួន​ជាង ១ លាន ៧ សែន​នាក់ និង​ករណី​ស្លាប់​ដោយសារ​ជំងឺ​នេះ​ចំនួន ៩.៩៣៤ នាក់ តាំង​ពី​ពេល​ដែល​ជំងឺ​នេះ​បាន​ផ្ទុះឡើង​កាលពី​ដើម​ឆ្នាំ ២០២០ មក៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG