ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​​ទី​ក្រុងហុងកុង​ច្រានចោល​ការបិទ​ខ្ទប់​ទីក្រុង​ទាំង​មូល ខណៈ​ករណី​ឆ្លង​ជំងឺកូវីដ​កំពុង​ហក់​ឡើង​ខ្ពស់


អ្នក​ជំងឺ​ពាក់ម៉ាស់​សម្រាក​នៅ​លើ​គ្រែពេទ្យ​នៅ​ក្នុង​តំបន់​មួយ នៅ​ខាង​ក្រៅ​មន្ទីរពេទ្យ ក្នុង​អំឡុងពេល​ដែល​ជំងឺ​កូវីដ១៩​ផ្ទុះ​ឡើង​ខ្លាំង​នៅ​ក្នុង​ទីក្រុង​ហុងកុង ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

មេដឹកនាំ​ទីក្រុង​ហុងកុង​លោកស្រី Carrie Lam បាន​បដិសេធ​កាលពី​ថ្ងៃអង្គារ​អំពី​ការបិទ​ខ្ទប់​ទីក្រុង​ទាំងមូល​ដើម្បី​ទប់​ទល់​នឹង​ជំងឺ​កូវីដ១៩ ក៏ប៉ុន្តែ ការហក់ឡើង​ខ្ពស់​នៃ​ការ​ឆ្លង​ជំងឺ​នេះ មិន​អាច​ធ្វើ​ឲ្យ​លោកស្រី​ច្រានចោល​នូវ​លទ្ធភាព​នៃ​ការ​ពន្យារពេលធ្វើការ​បោះ​ឆ្នោត​ជ្រើសរើសប្រធាន​ប្រតិបត្តិថ្មី​របស់​ទីក្រុង​នេះ​នៅ​ខែ​ក្រោយ​នោះ​ឡើយ។ នេះ​បើតាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។

លោកស្រី Lam ដែល​មិន​ទាន់​បញ្ជាក់​នៅ​ឡើយថា​តើ​លោកស្រី​នឹងស្វះស្វែង​រកកៅ​អី​មេដឹកនាំ​របស់​ទីក្រុង​ហុងកុងក្នុង​អាណត្តិថ្មី​ដែល​មាន​រយៈ​ពេល​៥​ឆ្នាំ​បន្តទៀត​ឬ​យ៉ាង​ណា​នោះ បាន​និយាយ​ថា ការ​ឆ្លើយតបរបស់​រដ្ឋាភិបាល​លោក​ស្រីដល់​ការផ្ទុះ​ឡើងនៃ​ជំងឺ​កូវីដ១៩នៅ​មិន​ទាន់​មាន​ការពេញ​ចិត្ត​នៅ​ឡើយ​ទេ ស្រប​ពេល​ដែលមន្ទីរពេទ្យ​និងបុគ្គលិក​ពេទ្យ​កំពុង​ទទួល​បន្ទុក​យ៉ាង​ខ្លាំង​អំពី​ជំងឺ​នោះ​នេះ។

ការឆ្លង​ប្រចាំ​ថ្ងៃនៃ​ជំងឺ​កូវីដ១៩ក្នុង​ទីក្រុង​ហុងកុង បាន​កើន​ឡើង​ប្រមាណ២០ដង​ក្នុង​រយៈ ពេល២សប្តាហ៍​កន្លង​ទៅ​នេះ។ អាជ្ញាធរ​សុខាភិបាល បាន​រាយការណ៍ពី​ការឆ្លងជំងឺ​នេះ​ប្រមាណ១.៦១៩ករណី​កាលពី​ថ្ងៃ​អង្គារ និង​កំណត់​ត្រា​ប្រចាំ​ថ្ងៃ​ប្រហែល៥.៤០០ករណី។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្តី​លោក​ស្រី Lam បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា៖ «ពុំ​មាន​ផែនការ​ណា​មួយដើម្បី​បិទ​ខ្ទប់​ទីក្រុង​ទាំង​មូលនោះ​ឡើយ»។

លោកស្រី​បន្តទៀត​ថា៖ «យើង​មិន​អាច​ចុះ​ចាញ់​នឹង​វីរុស​នេះ​ទេ។ នេះមិន​មែន​ជា​ជម្រើសទេ»។ ដោយការ​ប្រឹងប្រែង​ទ្វេដងស្តីពី​យុទ្ធសាស្ត្រ​គ្មានវីរុសកូរ៉ូណា​ដែល​មាន​លក្ខណៈ​ប្រហាក់​គ្នាទៅ​នឹង​ចិន​ដីគោក​ដែល​ស្វះស្វែង​ដើម្បី​ទប់ស្កាត់​ការផ្ទុះ​ឡើង​ឲ្យ​បាន​ឆាប់​រហ័ស។

នៅ​ពេល​ត្រូវ​សួរថា តើ​ការបោះ​ឆ្នោត​ជ្រើសរើសប្រធាន​ប្រតិបត្តិថ្មីរបស់​ទីក្រុងហុងកុង​ដែល​គ្រោង​នឹង​ធ្វើ​ឡើងនៅ​ថ្ងៃ​ទី​២៧ ខែ​មីនា​ខាង​មុខ​នេះ នឹង​ត្រូវ​ធ្វើ​ទៅតាម​ការគ្រោង​ទុក​ដែរ​ឬ​យ៉ាង​ណា​នោះ ។ លោកស្រីLam បាន​បញ្ជាក់​ថា ផែន​ការ​នេះ មិន​មាន​ការផ្លាស់​ប្តូរ​ឡើយ​ ក៏ប៉ុន្តែ ដោយ​សារ​តែ «រលកនៃ​ការឆ្លង​ជំងឺ​កូវីដ​ដ៏ខ្លាំង​និង​លឿន​នោះ» ស្ថានភាព​នេះ នឹង​ត្រូវ​ត្រួត​ពិនិត្យ​ជា​បន្តជាប់​រហូត។ លោកស្រី​បន្ត​ទៀត​ថា «ដូចនេះ ខ្ញុំ​មិនអាច​បដិសេធ​នូវលទ្ធភាពមួយ​ចំនួន​នៅ​ពេល​នេះ​ឡើយ»។

គណៈកម្មាធិការ​មួយដែល​មាន​សមាជិក​ចំនួន១៥០០​នាក់​ដែល​សុទ្ធតែ​ត្រូវ​បានឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ដោយ​អាជ្ញាធរថា ជា​អ្នក​ស្នេហាជាតិ​និង​មាន​ភក្តីភាព​ជាមួយរដ្ឋាភិបាល​ក្រុង​ប៉េកាំង​នោះ នឹង​ចូលរួមបោះ​ឆ្នោត​ជ្រើស​រើសមេដឹកនាំថ្មីរបស់​ទីក្រុង​នេះ។

អាជ្ញាធរ​សុខាភិបាល​បាន​និយាយ​ថា មន្ទីរ​ពេទ្យ​ជា​ច្រើន​បាន​ប្រតិបត្តិការ​ដោយ​ផ្ទុកអ្នក​ជំងឺជាង១០០ភាគរយ។ មន្ទីរពេទ្យCaritas Medical Center នៅ​ក្នុង​ទីក្រុង​នេះ​ មាន​អ្នក​ជំងឺ​មួយ​ចំនួនត្រូវ​សម្រាក​នៅ​លើ​គ្រែ​ខាង​ក្រៅ​មន្ទីរពេទ្យហើយ​តង់បណ្តោះ​អាសន្ន​ជា​ច្រើន​ត្រូវ​បាន​គេ​ដំឡើង​ដើម្បី​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩។

លោក​ស្រី Lam និយាយ​ទៀត​ថា ដោយសារ​តែ​ការឆ្លង​មាន​ចំនួន​ច្រើន​ពេក​នោះ អាជ្ញាធរ​មិន​អាច​ធ្វើ​ឲ្យ​ជឿនលឿន​ដល់​ការធ្វើ​តេស្ត​និង​ការដាក់មនុស្ស​ឲ្យស្ថិត​នៅ​ដាច់​ដោយ​ឡែកពីគ្នា​នោះ​ឡើយ។

ចិន​ដី​គោក​បាន​និយាយ​ថា ខ្លួន​នឹង​ជួយ​ដល់​ទីក្រុង​នេះ​ដើម្បី​ជំរុញ​ដល់​ការ​ធ្វើ​តេស្ត ការ​ព្យាបាល​និងការ​ធ្វើ​ចត្តាឡីស័ក ក៏​ដូច​ជា​ការ​ផ្តល់នូវ​ប្រភព​ធនធាន​ដែល​រួមមានតាំង​ពីឧបករណ៍​ធ្វើ​តេស្ត​រហ័ស ឧបករណ៍​ការពារ​និង​បន្លែស្រស់ៗ​ជាដើម។

លោកស្រី Lam និយាយ​ថា រដ្ឋាភិបាល​កណ្តាល នឹងផ្តល់ឧបករណ៍​ធ្វើ​តេស្តរហ័ស​ប្រមាណ​១០០​លាន​ប្រអប់ទៅ​ឲ្យ​ក្រុង​ហុងកុង។

ទីក្រុង​ហុងកុងមាន​អ្នក​ឆ្លង​សរុប​ដោយ​សារ​ជំងឺកូវីដ១៩​ រហូត​មក​ដល់​ពេល​នេះ​ប្រមាណ​២ម៉ឺន៦ពាន់​នាក់និង​មាន​អ្នក​ស្លាប់​តិច​ជាង​២០០​នាក់​ប៉ុណ្ណោះ៕

XS
SM
MD
LG