ក្នុងការបោះឆ្នោតថ្នាក់ស្រុកលើកទី១របស់ក្រុងហុងកុង សម្រាប់«ក្រុមអ្នកស្នេហាជាតិ» គេឃើញមានអ្នកចេញទៅបោះឆ្នោតមានចំនួនតែ២៧,៥ភាគរយប៉ុណ្ណោះ ដែលជាចំនួនទាបមិនធ្លាប់មានក្នុងពេលកន្លងទៅ សម្រាប់ការប្រកួតប្រជែងការបោះឆ្នោតមួយ ដែលបេក្ខជនប្រឆាំងទាំងអស់ត្រូវបានហាមប្រាម។
ទីក្រុងនេះបានធ្វើការបោះឆ្នោតក្រុមប្រឹក្សាស្រុកលើកចុងក្រោយបង្អស់ក្នុងឆ្នាំ២០១៩ ដោយមានការប្រឆាំងតវ៉ាប្រជាធិបតេយ្យយ៉ាងខ្លាំង ហើយពេលខ្លះក៏មានអំពើហិង្សាកើតឡើងផងដែរ ដោយពេលនោះមានអ្នកចេញទៅបោះឆ្នោតក្នុងចំនួនខ្ពស់មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រគឺប្រមាណ៧១ភាគរយ ដោយក្រុមអ្នកប្រជាធិបតេយ្យទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីនៅពេលនោះ។
ប៉ុន្តែការបង្ក្រាបលើក្រុមអ្នកប្រឆាំង ដោយមានការគាំទ្របន្ថែមដោយច្បាប់សន្តិសុខជាតិថ្មីដែលត្រូវរដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាសដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ២០២០នោះ ត្រូវបានក្រុមអាជ្ញាធរប្រើធ្វើជាឧបករណ៍ ដើម្បីហាមប្រាមមិនឱ្យនរណាម្នាក់ដែលត្រូវបានចាត់ទុកថា មិនមានភាពស្មោះត្រង់ខាងនយោបាយលើរដ្ឋាភិបាលក្រុងប៉េកាំង អាចឈរឈ្មោះបោះឆ្នោតជាសាធារណៈបានឡើយ ក្រោយពីការប្រឆាំងតវ៉ានោះរួចមក។
ក្រុមប៉ូលិសបានធ្វើសកម្មភាពយ៉ាងរហ័សក្នុងការបង្ក្រាបសញ្ញាប្រឆាំងណាមួយកាលពីថ្ងៃអាទិត្យម្សិលមិញ ដោយចាប់ខ្លួនមនុស្សយ៉ាងតិចណាស់ក៏៦នាក់ផងដែរ នៅក្នុងការអនុវត្តមួយដែលក្រុមមន្ត្រីហុងកុងនិយាយថា មានអ្នកបោះឆ្នោតតិចជាង១លាន២សែននាក់ ក្នុងចំណោមអ្នកចុះឈ្មោះបោះឆ្នោត៤លាន៣សែននាក់ ដែលបានចេញទៅបោះឆ្នោតឬប្រមាណ២៧,៥៤ភាគរយ៕