ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ទាមទារ​ឯករាជ្យ​ក្រុង​ហុងកុង​ ត្រូវ​បាន​គេ​ដោះលែង​ពី​ពន្ធនាគារ


រូបឯកសារ៖ ក្រុម​អ្នក​គាំទ្រ​សកម្មជន​ដែល​ជាប់​ពន្ធនាគារ លោក Edward Leung បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​ក្រៅតុលាការ​កំពូល​ ក្នុង​ទីក្រុង​ហុងកុង ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩។​ (REUTERS/Tyrone Siu)
រូបឯកសារ៖ ក្រុម​អ្នក​គាំទ្រ​សកម្មជន​ដែល​ជាប់​ពន្ធនាគារ លោក Edward Leung បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​ក្រៅតុលាការ​កំពូល​ ក្នុង​ទីក្រុង​ហុងកុង ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩។​ (REUTERS/Tyrone Siu)

សកម្មជន​ទាមទារ​ឯករាជ្យ​ដ៏​សំខាន់​ម្នាក់​របស់​ទីក្រុង​ហុងកុង​គឺ​លោកEdward Leung ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារហើយ​កាលពី​ថ្ងៃ​ពុធ​ ​បន្ទាប់ពី​បាន​ជាប់​ពន្ធនាគារ៤ឆ្នាំ​ចំពោះការចូលរួមក្នុង​ការប្រឆាំង​តវ៉ា​មួយ​កាល​ពីឆ្នាំ២០១៦។

សកម្មជន​ដែល​មាន​អាយុ៣០ឆ្នាំ​រូប​នេះ បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុករបស់​លោក​ថា លោក​ត្រូវ​បានដោះលែង​ពី​ពន្ធនាគារShek Pikនៅ​ព្រឹក​ព្រលឹម​ស្រាងៗ ហើយ​ពេល​នេះ​កំពុង​ស្ថិត​នៅផ្ទះ​របស់​លោក​ជា​មួយ​ក្រុម​គ្រួសារ។

លោក​បាន​សរសេរ​ខណៈ​ដែល​សម្តែង​នូវ​អំណរគុណ​ដល់​ពួក​អ្នក​គាំទ្រចំពោះ​ការ​ព្រួយ​បារម្ភ​និង​ការ​ស្រឡាញ់​របស់​ពួកគេ​ថា «បន្ទាប់ពីរយៈពេល​៤ឆ្នាំ ខ្ញុំ​ចង់​ប្រើពេល​វេលា​ដ៏​រីករាយ​នេះ​ នៅ​ជួបជុំ​ជាមួយ​ក្រុម​គ្រួសារ​និង​បន្ត​ជីវភាព​ធម្មតា​វិញ​ជា​មួយ​ពួក​គេ»។

លោកLeungបាន​ក្លាយ​ជា​បុគ្គល​ដែល​លេច​មុខ​មាត់ខ្លាំង​នៅ​ឆ្នាំ២០១៦ ​នៅ​ពេល​ដែល​លោកធ្វើ​ជា​នាំពាក្យ​ឲ្យ​ក្រុម​ជន​ជាតិ​ដើម​ហុងកុង​ដែល​ជា​ក្រុម​មួយ​ដែលបាន​អំពាវនាវ​ឲ្យ​រក្សា​ទុក​នូវ​អត្តសញ្ញាណ​ជន​ជាតិ​ដើម​ភាគ​តិច​សម្រាប់​ក្រុង​ហុងកុង​ហើយ​នឹង​ផ្តាច់​ខ្លួន​ទាំង​ស្រុង​ចេញពី​ប្រទេស​ចិន​ដីគោក។ លោក​បាន​ចូលរួម​នៅ​ក្នុង​ការ​ប្រឆាំង​តវ៉ា​មួយដែល​មាន​ឈ្មោះថា​ បដិវត្តន៍ Fishball ប្រឆាំង​ទៅនឹង​ការ​បង្ក្រាប​របស់​ក្រុម​ប៉ូលិស​ទៅ​លើ​អ្នកលក់​ម្ហូប​អាហារ​នៅ​តាម​ដងផ្លូវ​ដែល​គ្មាន​ការ​អនុញ្ញាត​នៅ​ក្នុងសង្កាត់ Mong Kokនៃ​ទីក្រុង​ហុងកុង​ដែល​បណ្តាល​ឲ្យ​មាន​អំពើ​ហិង្សា។

លោកLeung ត្រូវ​បាន​កាត់​ទោស​នៅ​ឆ្នាំ២០១៨ពី​បទ​បានវាយដំ​លើ​មន្ត្រី​ប៉ូលិស​ម្នាក់​និង​បាន​ចូល​រួមនៅ​ក្នុង​កុប្បកម្ម​ពាក់​ព័ន្ធ​និង​ហេតុការណ៍​នៅ​ក្នុង​សង្កាត់Mong Kokហើយ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារចំនួន៦ឆ្នាំ។ បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​បាន​រាយការណ៍​ថា ​ការ​ជាប់​ពន្ធនាគារនោះ​ ត្រូវ​បានកាត់​បន្ថយ​ចំនួន២ឆ្នាំ ដោយ​សារ​លោកមាន​អាកប្បកិរិយាល្អក្នុងពេល​ជាប់​ពន្ធនាគារ។

លោកLeung បាន​ប្រើ​ពាក្យស្លោក​ដែល​មាន​ន័យ​ថា«រំដោះ​ទីក្រុង​ហុងកុង បដិវត្តន៍​នៃ​សម័យ កាល​របស់​យើង» សម្រាប់​យុទ្ធនាការស្វែង​រក​អាសនៈ​សភា​ក្នុង​ទីក្រុង​ហុងកុង​នៅឆ្នាំ២០១៦ ដែលត្រូវ​បាន​បញ្ចប់​មុន​ពេលកំណត់ ព្រោះ​លោក​ត្រូវ​បានដក​សិទ្ធិ​ចូលរួម​ដោយ​សារ​តែ​ជំហររបស់​លោក​ដែល​គាំទ្រ​ឲ្យ​មាន​ឯករាជ្យភាព​ដល់ទីក្រុង​ហុងកុង៕


ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយការណ៍​នេះ ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន AP, Reuters និង AFP។

XS
SM
MD
LG