ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ហុងកុង​គ្មាន «ក្ដី​មេត្តា» ចាប់ខ្លួន​សកម្មជន​ហុងកុង​ដែល​មាន​ជំងឺ​មហារីក


រូបឯកសារ៖ លោក Koo Sze-yiu (អាវ​ក្រហម) ដើរ​ចេញ​ពី​សវនាការ​មួយ​នៅ​ទីក្រុង​ហុងកុង ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។ (Tommy Walker/VOA)
រូបឯកសារ៖ លោក Koo Sze-yiu (អាវ​ក្រហម) ដើរ​ចេញ​ពី​សវនាការ​មួយ​នៅ​ទីក្រុង​ហុងកុង ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។ (Tommy Walker/VOA)

ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុន​ពេល​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងា​ឆ្នាំ ២០២២ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ចាប់ផ្ដើម​កាលពី​ថ្ងៃ​សុក្រ សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ហុងកុង​លោក Koo Sze-yiu ត្រូវបាន​ប៉ូលិស​ផ្នែក​ច្បាប់​សន្តិសុខ​ជាតិ​ចាប់ខ្លួន​ក្រោម​បទ​ចោទ​ប្រកាន់​ថា​បាន «ញុះញង់​ឱ្យ​មាន​វិទ្ធង្សនា​ប្រឆាំង​នឹង​រដ្ឋ​អំណាច»។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ទីក្រុង​ហុងកុង​បាន​រាយការណ៍​ថា នៅ​ពេល​នោះ លោក Koo មាន​គម្រោង​ធ្វើការ​តវ៉ា​នៅ​ខាងក្រៅ​ការិយាល័យ​ទំនាក់ទំនង​របស់​ចិន ដែល​ជា​ការិយាល័យ​តំណាង​ឱ្យ​រដ្ឋាភិបាល​ចិន​នៅក្នុង​ទីក្រុង​ហុងកុង ដើម្បី​ឱ្យ​ចំ​ពេល​នៃ​ពិធី​បើក​ការ​ប្រកួត​កីឡា​អូឡាំពិក។ ប៉ុន្តែ ប៉ូលិស​ទីក្រុង​ហុងកុង​បាន​សម្រុក​ចូល​ចាប់ខ្លួន​លោក​នៅ​ផ្ទះ​របស់​លោក កាលពី​ព្រឹក​ព្រលឹម​ស្រាងៗ​នៅ​ថ្ងៃ​នោះ។

លោក Koo វ័យ ៧៥ ឆ្នាំ ដែល​កំពុង​រងគ្រោះ​ដោយសារ​ជំងឺ​មហារីក​ដំណាក់កាល​ទី ៤ បាន​ផ្ញើ​សេចក្ដី​អញ្ជើញ​មួយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ មុនពេល​លោក​គ្រោង​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃ​សុក្រ ដោយ​លោក​បាន​រិះគន់​ប្រទេស​ចិន​ថា​បាន​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក នៅពេល​ដែល​មាន​ករណី «អយុត្តិធម៌» នៃ​ការ​ចាប់​ឃុំ​ខ្លួន​មនុស្ស​នៅក្នុង​ទីក្រុង​ហុងកុង។

លោក Koo ក៏​បាន​និយាយ​ផងដែរ​ថា អាជ្ញាធរ​បាន​បំពាន​លើ​ច្បាប់​សន្តិសុខ ដោយ​ប្រើ​ច្បាប់​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​បង្ក្រាប​របស់​ពួកគេ​លើ​ក្រុម​ដែល​ប្រឆាំង​នឹង​គោល​នយោបាយ​របស់​រដ្ឋាភិបាល។

លោក Ted Hui អតីត​សមាជិក​សភា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៅក្នុង​ទីក្រុង​ហុងកុង ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ​កំពុង​និរទេស​ខ្លួន​នៅក្នុង​ប្រទេស​អូស្ត្រាលី បាន​ថ្កោលទោស​ការ​ចាប់​ខ្លួន​លោក Koo នេះ។

លោក​បាន​ប្រាប់ VOA ថា៖ «វា​ជា​រឿង​ដ៏​គួរ​ឱ្យ​ក្រៀមក្រំ​ខ្លាំង​ណាស់។ លោក [Koo] ប្រហែលជា​នឹង​ត្រូវ​ជាប់​ក្នុង​ពន្ធនាគារ​រហូត​នៅ​ក្រោម​ច្បាប់​ដ៏​តឹងតែង​នេះ។ សូម្បីតែ​មនុស្ស​ចាស់​ដែល​មាន​ជំងឺ​មហារីក​ក៏ដោយ ក៏​របប​ដឹកនាំ​ហុងកុង​នៃ​គណបក្ស​កុម្មុយនីស្ត​ចិន​គ្មាន​ក្ដី​មេត្តា​ដែរ។ លោក Koo គឺជា​បុគ្គល​ល្បី​ឈ្មោះ​និង​មាន​ការ​គោរព​មួយ​រូប។ លោក​បាន​បង្រៀន​ពលរដ្ឋ​ហុងកុង​អំពី​ភាព​ក្លាហាន​កាលពី​ដំបូងៗ»។

អាជ្ញាធរ​ប៉ូលិស​ក្រុង​ហុងកុង​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​បញ្ជាក់​អះអាង​អំពី​ការ​ចាប់ខ្លួន​នេះ និង​បាន​បន្ថែម​ថា បុរស​ពីរ​នាក់​និង​ស្ដ្រី​ពីរ​នាក់​ទៀត​ក៏​ត្រូវបាន​ចាប់ខ្លួន​ផងដែរ​នៅក្នុង​ផ្នែក​នៃ​ការ​ស៊ើបអង្កេត​នេះ។

លោក Koo ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន ១១ ដង​រួច​មក​ហើយ ដោយសារ​សកម្មភាព​តស៊ូ​មតិ​របស់​លោក ជា​រឿយៗ​សែង​ក្ដារមឈូស​ក្លែងក្លាយ​មួយ​ទៅ​ធ្វើ​បាតុកម្ម ក្នុង​គោល​បំណង​ដើម្បី​បង្ហាញ​អំពី​មរណភាព​របស់​ទីក្រុង​ហុងកុង។

កាលពី​ខែ​មករា ឆ្នាំ ២០២១ តុលាការ​បាន​កាត់ទោស​លោក Koo ឱ្យ​ជាប់​ពន្ធនាគារ ៤ ខែ ក្រោម​បទ​ប្រមាថ​ទង់ជាតិ​ចិន​កាលពី​ឆ្នាំ ២០១៩។

ការ​ចាប់ខ្លួន​លោក Koo លើក​នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល​សកម្មជន​រូប​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​នៅក្រោម​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​របស់​ទីក្រុង​ហុងកុង ដែល​ជា​ច្បាប់​ពោរពេញ​ទៅដោយ​ភាព​ចម្រូងចម្រាស៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG