អាជ្ញាធរនៅក្នុងខេត្ត Hubei ភាគកណ្ដាលប្រទេសចិន ដែលជាកន្លែងដែលមេរោគកូរ៉ូណាវីរុសប្រភេទថ្មីបានផ្ទុះឡើង បានបញ្ជាក់កាលពីថ្ងៃសៅរ៍ម្សិលមិញថា យ៉ាងហោចណាស់មានមនុស្ស ៣០៤ នាក់ បានស្លាប់ដោយសារមេរោគនេះ និងមនុស្សជាង ១ ម៉ឺន ៤ ពាន់នាក់ បានឆ្លងមេរោគនេះ។
ចំណែកឯអាជ្ញាធរហ្វីលីពីនវិញ នៅថ្ងៃអាទិត្យនេះ បានប្រកាសអំពីករណីអ្នកស្លាប់លើកដំបូងដោយសារមេរោគនេះនៅក្នុងប្រទេស ដែលនេះគឺជាការស្លាប់ដោយសារមេរោគនេះលើកដំបូងបង្អស់នៅក្រៅប្រទេសចិន។
កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រទេសអូស្ត្រាលី ជប៉ុន និងសិង្ហបុរី បានប្រកាសអំពីការត្រួតពិនិត្យតឹងតែងលើការធ្វើដំណើររបស់ជនបរទេសណា ដែលបាននៅក្នុងប្រទេសចិនកាលពីពេលថ្មីៗនេះ ដោយសារភ័យខ្លាចមេរោគនេះ។
ប្រទេសទាំង ៣ នេះ បានប្រកាសដូច្នេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់កំហិតស្រដៀងគ្នានេះដែរ និងបានប្រកាសកាលពីថ្ងៃសុក្រថា មេរោគកូរ៉ូណាវីរុសប្រភេទថ្មីនេះគឺជាបញ្ហាអាសន្នផ្នែកសុខភាពសាធារណៈ។ ប្រទេសអ៊ីស្រាអែល ម៉ាឡេស៊ី ម៉ុងហ្គោលី និងហ្វីលីពីន ក៏បានប្រកាសអំពីវិធានការស្រដៀងគ្នានេះផងដែរ។
រីឯកោះតៃវ៉ាន់ កាលពីថ្ងៃសៅរ៍ ក៏បានប្រកាសផងដែរអំពីការដាក់កំហិតបន្ថែមទៀតចំពោះការធ្វើដំណើរ។ វិធានការទាំងនេះត្រូវបានធ្វើឡើង នៅពេលដែលរដ្ឋាភិបាលចិនបានប្រកាសអំពីការកើនឡើងនូវចំនួនអ្នកស្លាប់ដោយសារមេរោគនេះ។
កាលពីថ្ងៃសៅរ៍ម្សិលមិញនេះផងដែរ រដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិកលោក Mark Esper បានសម្រេចតាមសំណើរបស់ក្រសួងសុខាភិបាល និងសេវាកម្មមនុស្ស នៅក្នុងការជួយផ្ដល់កន្លែងស្នាក់នៅដល់មនុស្ស ១ ពាន់នាក់ ដែលប្រហែលជាអាចប៉ះពាល់ជាមួយនឹងមេរោគនេះ និងដែលចាំបាច់ត្រូវការរស់នៅដាច់ដោយឡែកពីគេមួយរយៈនៅពេលត្រឡប់មកដល់សហរដ្ឋអាមេរិកវិញពីក្រៅប្រទេស។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារប្រទេសនៅក្នុងសេចក្ដីប្រកាសរបស់ខ្លួន។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ថា នៅសហរដ្ឋអាមេរិក មានករណីឆ្លងមេរោគកូរ៉ូណាវីរុសប្រភេទថ្មីនេះចំនួន ៨ ករណីហើយ។ មន្ត្រីសុខាភិបាលថា អ្នកជំងឺចុងក្រោយគេ គឺជាបុរសនៅក្នុងរដ្ឋ Massachusetts ដែលបានធ្លាក់ខ្លួនឈឺបន្ទាប់ពីបានធ្វើដំណើរទៅកាន់ប្រទេសចិន៕
ប្រែសម្រួលដោយលោក ភី សុភាដា