ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ហុងឌូរ៉ាស​និង​ក្វាតេម៉ាឡា​នឹង​ជួប​គ្នា​​ពី​បញ្ហា​ក្បួន​អ្នក​ធ្វើ​ដំណើរ​ផ្លាស់​ប្រទេស


ក្រុម​ជន​ទេសន្តរប្រវេសន៍​ហុុងឌូរ៉ាស កំពុង​ធ្វើ​ដំណើរ​នៅ​ក្នុង​ទីក្រុង Chiquimula ប្រទេស​ក្វាតេម៉ាឡា ក្នុងដំណើរ​ទៅ​កាន់សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃទី​១៦ តុលា ២០១៨។
ក្រុម​ជន​ទេសន្តរប្រវេសន៍​ហុុងឌូរ៉ាស កំពុង​ធ្វើ​ដំណើរ​នៅ​ក្នុង​ទីក្រុង Chiquimula ប្រទេស​ក្វាតេម៉ាឡា ក្នុងដំណើរ​ទៅ​កាន់សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃទី​១៦ តុលា ២០១៨។

ប្រធានា​ធិបតី​នៃ​ប្រទេស​ហុងឌូរ៉ាស ​និង​ក្វាតេម៉ាឡា ​គ្រោង​ជួប​គ្នា​កាល​ពី​ថ្ងៃ​សៅរ៍​ដើម្បី​អនុវត្ត​យុទ្ធសាស្ត្រ​មួយ​ដើម្បី​ធ្វើ​មាតុភូមិ​និវត្តន៍​ជន​ទេសន្តរប្រវេសន៍​រាប់​ពាន់​នាក់​ដែល​បាន​ដើរ​ហែរ​ជាក្បួន​ទៅ​កាន់​ប្រទេស​ហុងឌូរ៉ាស ក្រោយ​ពី​ប្រធានាធិបតី​អាមេរិក​ លោក ដូណាល់ ត្រាំ បាន​ព្រមាន​ថា ក្បួន​ហ្វូង​មនុស្ស​ម្នា​នោះ​ត្រូវ​តែ​បញ្ឈប់​មុន​ពេល​ក្បួន​នោះ​មក​ដល់​ទឹក​ដីអាមេរិក។

ភាព​ជាប់​គាំង​រវាង​អ្នក​ធ្វើ​ដំណើរ​ផ្លាស់​ប្ដូរ​ប្រទេស​ទាំង​នោះ​ជាមួយ​នឹង​ប៉ូលិស​ម៉ិកស៊ិក នៅ​តែ​បន្ត​នៅ​ឡើយ​នៅ​ពេល​ដែល​ពួក​គេ​នៅ​ប្រមូល​ផ្តុំគ្នា​នៅ​លើ​ស្ពាន​មួយ ដែល​ខណ្ឌ​ចែក​ប្រទេស​ក្វាតេម៉ាឡា និង​ម៉ិកស៊ិក។ ជន​ទេសន្តរប្រវេសន៍​ខ្លះ បាន​ឡើង​ផ្លោះ​របង​ព្រំដែន​ដែល​គេ​បិទ​ហើយ​ស្រែក​ថា «‍មាន​ក្មេងៗ​នៅ​ទី​នេះ»។

ក្រុម​ជន​ទេសន្តរប្រវេសន៍​បាន​ទម្លុះ​របង​នោះ​កាល​ពី​ថ្ងៃ​សុក្រ ហើយ​រត់​សម្រុក​សំដៅ​ទៅ​ក្រុម​ប៉ូលិស​ដែល​រៀប​ក្បួន​ជា​របាំង​ក្នុង​ប្រទេស​ម៉ិកស៊ិក។​ រដ្ឋាភិបាល​ម៉ិកស៊ិក​បាន​ព្រមាន​ថា ​សហរដ្ឋ​អាមេរិក​នឹង​ប្រឈម​ជាមួយ​ក្បួន​មនុស្ស​ម្នា​ដែល​ធ្វើ​ដំណើរ​ផ្លាស់ប្ដូរ​ប្រទេស​ទាំង​នេះ។

រូប​ភាព​ពី​ទូរទស្សន៍​ម៉ិកស៊ិក​ បាន​បង្ហាញ​ជន​ទេសន្តរប្រវេសន៍​រាប់​រយ​នាក់ ដែល​បាន​នាំ​គ្នា​ឈរ​ពេញ​លើ​ស្ពាន ហើយកំពុង​ប្រឈម​មុខ​ជាមួយក្បួន​ប៉ូលិស​ម៉ិកស៊ិក​ដែល​បំពាក់​ដោយឧបករណ៍​ប្រឆាំងបាតុកម្ម។

សាក្សី​ជាច្រើន​ដែល​ឃើញ​ហេតុការណ៍​នេះ​បាន​និយាយ​ថា ​ជន​ទេសន្តរប្រវេសន៍​ខ្លះ ​បាន​គប់​ដុំថ្ម​និង​របស់​របរ​ផ្សេងៗ​ទៀត​ដាក់​កង​កម្លាំង​សន្តិសុខ​ម៉ិកស៊ិក ដែល​បាន​ប្រើប្រាស់​គ្រាប់បែក​ផ្សែង​ដើម្បី​បង្ខំ​ឱ្យ​ជន​ទេសន្តរប្រវេសន៍​ទាំង​នោះ​ឲ្យ​ស្ដាប់​តាម​អាជ្ញាធរ។

ប្រធានាធិបតី​ម៉ិកស៊ិក គឺ​លោក Enrique Pena Nieto បាន​មាន​ប្រសាសន៍​កាល​ពី​យប់​ថ្ងៃ​សុក្រ​តាម​កញ្ចក់​ទូរទស្សន៍​ដែល​ចាក់​ផ្សាយ​ទូទាំង​ប្រទេស​ថា «‍ម៉ិកស៊ិកមិន​អនុញ្ញាត​ហើយ​នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​អ្នក​ចូល​ក្នុង​ទឹកដី​របស់​ខ្លួន​តាម​របៀប​ខុសប្រក្រតី​ ឬ​ដែល​មាន​ហិង្សា​នោះ​ទេ»។

ប្រធានាធិបតី​ហុងឌូរ៉ាស​ លោក​ Juan Orlando Hernandez ​បាន​បង្ហោះ​សារ​តាម​បណ្តាញ​ Twitter ​កាល​ពី​យប់​ថ្ងៃ​សុក្រ​ថា ​រូប​លោក​និង​សមភាគី​ក្វាតេម៉ាឡា​ គឺ​លោក​ Jimmy Morales​ បាន​ស្នើ​សុំ​ការ​អនុញ្ញាត​ឱ្យ​បុគ្គលិក​ការពារ​ជនស៊ីវិល ចូល​ទៅ​ជួយ​ពលរដ្ឋ​ហុងឌូរ៉ាស​នៅ​តាម​ព្រំដែន​ និង​ស្វែង​រក​វិធីសាស្ត្រ​នានា​ដើម្បី​ធ្វើ​មាតុភូមិ​និវត្តន៍​ជន​ទេសន្តរប្រវេសន៍​ទាំង​នោះ ទៅ​កាន់ប្រទេស​ហុងឌូរ៉ាស​វិញ ជា​ទី​ដែល​ពួកគេ​បាន​ចាប់​ផ្តើម​ក្បួន​ធ្វើ​ដំណើរ​របស់​ពួក​គេ៕

XS
SM
MD
LG