ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្ដាប្រទេសនៅទ្វីបអឺរ៉ុបព្យាយាមរកដំណោះស្រាយចំពោះវិបត្តិជនចំណាកស្រុកដែលកំពុងកើនឡើង


ទូក​សង្គ្រោះ Open Arms នៃ​អង្គការ​ជួយ​សង្គ្រោះ​អេស្ប៉ាញ Proactiva Open Arms នៅ​ពេល​ខិត​ជិត​មក​កំពង់​ផែ​ Barcelona ប្រទេស​អេស្ប៉ាញ កាល​ពី​ថ្ងៃទី​៤ កក្កដា ២០១៨។
ទូក​សង្គ្រោះ Open Arms នៃ​អង្គការ​ជួយ​សង្គ្រោះ​អេស្ប៉ាញ Proactiva Open Arms នៅ​ពេល​ខិត​ជិត​មក​កំពង់​ផែ​ Barcelona ប្រទេស​អេស្ប៉ាញ កាល​ពី​ថ្ងៃទី​៤ កក្កដា ២០១៨។

កប៉ាល់ ​Open Arms បាន​ចូល​ចត​នៅ​ក្នុង​កំពង់ផែ​ទីក្រុង ​Barcelona ភាគ​ឦសាន​ប្រទេស​អេស្ប៉ាញ បន្ទាប់ពី​បាន​ធ្វើ​ដំណើរ​អស់​រយៈ​ពេល ៤ ថ្ងៃ​រួច​មក។ កប៉ាល់​នេះ​ដឹក​ជន​ចំណាក​ស្រុក​ដែល​បាន​ជួយ​សង្គ្រោះ​ពី​ទូក​របស់​អ្នក​រត់ពន្ធ​មនុស្ស​នៅ​ក្នុង​សមុទ្រ​នៃ​ប្រទេស​លីប៊ី។

មុន​នឹង​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​អេស្ប៉ាញ​នេះ កប៉ាល់​នេះ​ត្រូវ​បាន​ប្រទេស​ម៉ាល់ត៍​ និង​ប្រទេស​អ៊ីតាលី​បដិសេធ​មិន​ឲ្យ​ចូល​ចត​នៅ​ក្នុង​កំពង់​ផែ​របស់​ពួកគេ។ ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​និយាយ​ថា នា​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​ម៉ាល់ត៍ និង​ប្រទេស​អ៊ីតាលី​បាន​បដិសេធ​មិន​ឲ្យ​កប៉ាល់​នានា​របស់​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចូល​ចត ហើយ​ជា​លទ្ធផល មនុស្ស​ជា​ច្រើន​បាន​ស្លាប់​នៅ​ក្នុង​សមុទ្រ។

លោក Riccardo Gatti ដែល​ជា​អ្នក​គ្រប់​គ្រង​កប៉ាល់ Open Arms នេះ បាន​និយាយ​ថា៖ «យើង​បាន​ជួយ​សង្គ្រោះ​ជន​ចំណាក​ស្រុក ៦០នាក់។ ជា​អកុសល មនុស្ស​ជិត ៥00​នាក់​ផ្សេង​ទៀត​បាន​ស្លាប់​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ពេល​ដែល​ពួកគេ​បាន​ព្យាយាម​ធ្វើ​ដំណើរ​ពី​ប្រទេស​លីប៊ី​ទៅ​កាន់​ទ្វីប​អឺរ៉ុប»។

បណ្ដា​ប្រទេស​ជាប់​សមុទ្រ​នៅ​ទ្វីប​អឺរ៉ុប​បាន​រង​ការ​រិះគន់ ដោយសារតែ​ពួកគេ​មិន​ព្រម​ឲ្យ​កប៉ាល់​ដឹក​ជន​ចំណាក​ស្រុក​ទាំង​នោះ​ចូល​ចត។

លោក Javi Lopez សមាជិក​សភា​អឺរ៉ុប​ដែល​មក​ពី​គណបក្ស​សង្គម​និយម​នៃ​តំបន់ Catalonia ក្នុង​ប្រទេស​អេស្ប៉ាញ បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «នៅ​ក្នុង​អំឡុង​ពេល ៦ខែ​ចុង​ក្រោយ​នេះ ជន​ចំណាក​ស្រុក ៥ម៉ឺន​នាក់ បាន​ធ្វើ​ដំណើរ​ពី​តំបន់​អាហ្វ្រិក​ខាង​ជើង​ទៅ​ដល់​ទ្វីប​អឺរ៉ុប​កាត់​តាម​សមុទ្រ​មេឌីទែរ៉ាណេ។ តើ​ប្រជាពលរដ្ឋ​នៅ​ទ្វីប​អឺរ៉ុប​ចំនួន ៥ រយ​លាន​នាក់ ពិតជា​គ្មាន​លទ្ធភាព​ទទួល​យក​ជន​ចំណាក​ស្រុក​ទាំង ៥ម៉ឺន​នាក់​នោះ​មែន​ទេ? ព្រំដែន​នៅ​ទ្វីប​អឺរ៉ុប​គឺ​ជា​ព្រំដែន​រួម​របស់​ប្រទេស​ទាំង​អស់​នៅ​ទ្វីប​អឺរ៉ុប មិន​មែន​ជា​ព្រំដែន​របស់​ប្រទេស​ក្រិក របស់​ប្រទេស​អ៊ីតាលី ឬ​ក៏​របស់​ប្រទេស​អេស្ប៉ាញ​នោះ​ទេ»។

ប៉ុន្តែ រលក​នៃ​ជន​ចំណាក​ស្រុក​មក​ពី​ទ្វីប​អាហ្វ្រិក​ប្រហែល​ជា​នឹង​មិន​បញ្ឈប់​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​ខាង​មុន​នេះ​ទេ ហើយ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​នៅ​ទ្វីប​អឺរ៉ុប​មាន​ការ​ព្រួយ​បារម្ភ​អំពី​បន្ទុក​រួម​ដែល​ពួកគេ​នឹង​ប្រឈម។ ចលនា​ប្រឆាំង​នឹង​ជន​ចំណាក​ស្រុក​កំពុងតែ​កើន​ឡើង ហើយ​ប្រទេស​មួយ​ចំនួន​បាន​បដិសេធ​មិន​ទទួល​យក​ជន​ចំណាក​ស្រុក​ណា​ម្នាក់​នោះ​ទេ។

អធិការបតី​អាល្លឺម៉ង់​លោកស្រី Angela Merkel បាន​បញ្ជាក់​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ដែល​ចាក់​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ១ ខែ​កក្កដា​កន្លង​ទៅ​នេះ​ថា បណ្ដា​ប្រទេស «ជួរ​មុខ» ត្រូវការ​ជំនួយ​ដើម្បី​រៀបចំ​បែបបទ​ទទួល​យក​ជន​ចំណាក​ស្រុក​ទាំង​នោះ។

លោកស្រី ​Angela Merkel បាន​និយាយ​ថា៖ «មណ្ឌល​សម្រាប់​រៀបចំ​បែបបទ​ជន​ចំណាក​ស្រុក​ទាំង​នោះ​មាន​កំណត់ ដោយសារតែ​បើ​តាម​រដ្ឋធម្មនុញ្ញ​របស់​អង់គ្លេស យើង​អាច​ដាក់​កំហិត​លើ​សេរីភាព​របស់​មនុស្ស​ម្នាក់​ច្រើន​បំផុត​ត្រឹម​តែ ៤៨ ម៉ោង​តែ​ប៉ុណ្ណោះ។ នេះ​មាន​ន័យ​ថា ការ​បញ្ជូន​ជន​ចំណាក​ស្រុក​ទាំង​នេះ​ទៅ​កាន់​ប្រទេស​បន្ទាប់​ត្រូវតែ​ធ្វើ​ឡើង​ឲ្យ​បាន​រួចរាល់​ក្នុង​រយៈពេល​ពីរ​ថ្ងៃ»។

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron កំពុង​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​មជ្ឈមណ្ឌល​ដំណើរការ​បែបបទ​ជន​ចំណាក​ស្រុក​នៅ​ក្នុង​តំបន់​អាហ្វ្រិក​ខាង​ជើង ដូច្នេះ​មានតែ​អ្នក​ដែល​ទទួល​បាន​សិទ្ធិ​ជ្រកកោន​តែ​ប៉ុណ្ណោះ ដែល​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ទ្វីប​អឺរ៉ុប​បាន។

លោក Emmanuel Macron បាន​និយាយ​ថា៖ «អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដំបូង​គឺ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​រត់​ពន្ធ​មនុស្ស ដែល​នេះ​គឺ​ជា​អាទិភាព​ដំបូង​របស់​ខ្ញុំ។ នេះ​គឺ​ជា​អ្វី​ដែល​យើង​បាន​ធ្វើ​នៅ​តំបន់ Sahel ជា​អ្វី​ដែល​យើង​ចង់​ធ្វើ​ជាមួយ​នឹង​រដ្ឋាភិបាល​លីប៊ី និង​ជា​មូលហេតុ​ដែល​យើង​ត្រូវតែ​រក​ដំណោះស្រាយ​សម្រាប់​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​លីប៊ី ដើម្បី​បញ្ឈប់​រឿង​រត់​ពន្ធ​មនុស្ស​នេះ»។

បណ្ដា​ប្រទេស​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​បាន​អំពាវនាវ​ជា​យូរ​មក​ហើយ​ឲ្យ​ប្រទេស​លីប៊ី​ចាត់​វិធានការ​បន្ថែម​ទៀត​ដើម្បី​បញ្ឈប់​ការ​រត់ពន្ធ​មនុស្ស​ចេញ​ពី​ប្រទេស​របស់​ខ្លួន។ ប៉ុន្តែ​អាជីវកម្ម​ខុស​ច្បាប់​មួយ​នេះ​គឺ​កំពុងតែ​រីក​ដុះដាល​ឡើង ស្រប​ពេល​ដែល​អ្នក​អស់​សង្ឃឹម​នានា​ជា​ច្រើន​បាន​សម្រុក​ជិះ​ទូក​កៅស៊ូ​ឆ្លង​កាត់​សមុទ្រ​មេឌីទែរ៉ាណេ​ដែល​អាច​នាំ​ពួកគេ​ទៅ​ស្លាប់ ឬ​ក៏​អាច​នាំ​ពួកគេ​ទៅ​រក​ជីវិត​ប្រសើរ​ជាង​នេះ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG