ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មនុស្ស​ជាច្រើន​ក្នុង​ភូមិ​មួយ​ឆ្លង​មេរោគ​អេដស៍​ច្រើន​យ៉ាង​ចម្លែក

  • Steve Herman

ក្មេងស្រី​ខ្មែរ​ម្នាក់​(ឆ្វេង) មាន​ផ្ទុក​មេរោគHIV អង្គុយ​ជាមួយ​អ្នកដទៃទៀត​ដែល​មាន​ផ្ទុក​មេរោគ​នេះ​ដែរ នៅក្នុង​ទីក្រុង​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា។

ឥឡូវ​នេះ​មាន​មនុស្ស​ជាង​១១០​នាក់​ហើយ​ក្នុង​ឃុំ​មួយ​នៅ​ប្រទេស​កម្ពុជា​ ដែល​បាន​ទៅ​ពិនិត្យ​ឈាម​មាន​ផ្ទុក​មេរោគ​អេដស៍​ HIV។ ​មូលហេតុ​បណ្តាល​ឲ្យ​អ្នក​ភូមិ​ជាច្រើន​មានផ្ទុក​មេរោគ​នេះ ​និង​មូលហេតុ​នៃ​ការឆ្លង​មិនទាន់​បាន​កំណត់​នៅ​ឡើយទេ។

មន្ត្រី​ខាងសុខាភិបាល​និយាយ​ថា​ ការ​ពិនិត្យ​ឈាម​មនុស្ស​ច្រើន​រយនាក់​ក្នុង​ពេល​១១​ថ្ងៃ​កន្លង​មក​នេះ​ បាន​បង្ហាញ​អត្រា​ភាគរយ​ខ្ពស់នៃ​អ្នកផ្ទុក​មេរោគ​អេដស៍​ជារឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។​

អ្នកស្រី ​Marie-Odile​ នាយិកា​របស់​អ.ស.ប.​ប្រឆាំង​នឹង​ជំងឺ​អេដស៍​ មេរោគ​អេដស៍​UNAIDS ​ និយាយ​ថា​ អ្នកស្រុក​រស់នៅ​ក្នុង​ឃុំរកា ​ខេត្ត​បាត់ដំបង​ មិនមែន​ជាអ្នក​នៅក្នុង​ចំណោម​ក្រុម​ប្រឈម​នឹង​គ្រោះថ្នាក់​កម្រិត​ខ្ពស់​ទេ។ ​

«ក្នុង​ចំណោម​មនុស្ស​ទូទៅ​គឺមិន​មាន​ការរក​ឃើញ​ករណី​ឆ្លង​ច្រើន​ភ្លាមៗ​អញ្ចឹង​ទេ។ ​ដូច្នេះ​នេះ​ជា​ករណី​មិន​ធម្មតា»។​

វិទ្យាស្ថាន​ប៉ាស្ទ័រនៅ​ភ្នំពេញ​បាន​បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន​វីអូអេ​ថា​ អ្នករស់​នៅ​ក្នុង​ភូមិ​នោះ​ត្រូវ​បាន​ពិនិត្យ​ឃើញ​ថា ​មាន​មេរោគ ​HIV​ ដែលជា​ប្រភេទ​មេរោគ​ដ៏​គ្រោះ​ថ្នាក់។​

ការពិនិត្យ​ឈាម​នេះ​ធ្វើ​ឡើង​នៅ​ពេល​ប៉ូលិស​ចាប់​ផ្តើម​សាកសួរ​វេជ្ជបណ្ឌិតម្នាក់​ដែល​ប្រហែល​ជា​គ្មាន​អាជ្ញា​បណ្ណ​បើក​មុខ​របរ​នេះ។​

មនុស្ស​ជាច្រើន​រស់នៅក្នុង​ភូមិ​រកា​ ដែលមាន​មនុស្ស​៨៩០០​នាក់​ បាន​បន្ទោស​ថា ​ការ​ចម្លង​នោះ​បណ្តាល​មកពី​បុរស​នេះ​ប្រើ​សារាំង​រួម​គ្នា ហើយពីមុនគាត់ជាគ្រូពេទ្យ​ដែល​គេ​ទុក​ចិត្ត​បំផុត។​

អ្នកស្រី ​ Edmond​ នាយិកា​របស់​អ.ស.ប.​ប្រឆាំង​នឹង​ជំងឺ​អេដស៍​ មេរោគ​អេដស៍​និយាយ​ថា ​វា​ឆាប់ពេក​ហើយ​ នៅពេលនេះ​ គេ​មិន​ទាន់អាច​ធ្វើការ​សន្និដ្ឋាន​ថា​ តើការ​រាលដាល​មេរោគ​នេះ​បណ្តាល​មកពី​ហេតុ​អ្វី​នោះ។​

«ខ្ញុំពិត​ជាមិន​អាច​ធ្វើអត្ថាធិប្បាយ​អំពី​រឿងនេះ​ទេ ​ពីព្រោះ​ ខ្ញុំគិត​ថា​ យើង​ពិតជា​ត្រូវរង់ចាំ​រក​មូលហេតុ​បាន​ពី​ការស៊ើប​អង្កេត​ ដោយ​សម្ភាស​បុរស​នោះ ​និង​សម្ភាស​អ្នក​ដែល​ទៅ​ពិនិត្យ​ឈាម​នៅគ្លីនិក ​ ​ពិនិត្យ​វិធីពិនិត្យ​ឈាម​នៅគ្លីនិក​នោះ​ ហើយ​នឹង​អាកប្បកិរិយា»។​

នៅ​ពេល​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​នៅ​ក្រុង​ភ្នំពេញ​ លោក​ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​ប្រទេស​កម្ពុជា ​បាន​បង្ហាញ​ចម្ងល់​អំពី​លទ្ធផល​នៃ​ការ​ពិនិត្យ​ឈាម​នេះ។ ​លោក​ហ៊ុន សែន​និយាយ​ថា​ អ្នកភូមិ​ដែល​ឆ្លង​មេរោគ​នោះ ​អាច​នឹង​មាន​មេរោគ​ តែ​អាច​មិនមែន​មេរោគ​អេដស៍។​

ដោយ​មិន​ទទួលស្គាល់​លទ្ធផល​ខាង​វេជ្ជសាស្ត្រ​ លោក​ហ៊ុន សែនក៏បាន​បង្ហាញ​ចម្ងល់​ថា ​ហេតុអ្វី​ក្មេងៗមិនទាន់​ដឹងអី​ផង​ ហើយ​នឹង​តា​យាយ​ចាស់ៗ អាច​ឆ្លង​មេរោគ​នេះ​ ដែល​អាច​ឆ្លង​តាម​ការ​បញ្ចូលឈាម​ ការ​ចាក់ថ្នាំ​ ដោយ​ប្រើ​សារាំង​រួម​ ឬ​ការ​ឆ្លង​តាម​រួម​ភេទ។​

បណ្តាញ​ព័ត៌មានក្នុង​ស្រុក​បាន​ស្រង់សម្តី​ស្នងការ​រង​ប៉ូលិស​ខេត្ត​បាត់ដំបង​ថា ​ ពេល​ធ្វើ​ការ​ឆែក​ឆេរ​ផ្ទះ​គ្រូពេទ្យ​ឈ្មោះ​យ៉ែម ច្រើម​នោះ ​ ប៉ូលិស​រក​ឃើញ​ម្ជុល​ចាស់​ និង​ម្ជុលថ្មី​រួម​គ្នា។​ បុរសអាយុ​ជាង​៥០ឆ្នាំ​នោះ​ ត្រូវ​ប៉ូលិស​ឃុំខ្លួន ប៉ុន្តែ​មិនទាន់​ត្រូវបាន​ចោទ​ប្រកាន់​នៅ​ឡើយ​ទេ។​

លោក​វេជ្ជបណ្ឌិត​មាន ឈីវ៉ុន​ នាយក​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​មេរោគ​អេដស៍ ​ជំងឺ​អេដស៍ ​ជំងឺ​សើស្បែក ​និង​កាម​រោគ​ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​វីអូអេ​ថា​ ការ​ស៊ើប​អង្កេត​កំពុង​ដំណើរការ ​ហើយ​ថា ​លោក​រវល់ណាស់​មិន​អាច​ផ្តល់​ព័ត៌មាន​លម្អិត​បាន​ទេ។​

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាសការប្តេជ្ញា​ចិត្ត​កាលពី​មុខ​ថា​ មិនឲ្យ​មាន​ករណី​ជំងឺ​អេដស៍​ថ្មីទេ​នៅ​ឆ្នាំ​២០២០៕​

ប្រែសម្រួល​ដោយ ពិន ស៊ីសុវណ្ណ​

XS
SM
MD
LG