និស្សិតខ្មែរនៅប្រទេសរុស្ស៊ី មានការប្រឈមមួយចំនួនដូចជា ភាសា អាកាសធាតុត្រជាក់ខ្លាំង និងអាហារូបករណ៍មិនគ្រប់គ្រាន់។ នេះបើតាមសម្តីរបស់នាង វុធ ស្រីលក្ខ ដែលជានិស្សិតវេជ្ជសាស្ត្រយោធានៃបណ្ឌិតសភាយោធា គីរ៉ូវ៉ា នាទីក្រុង St. Petersburg សហព័ន្ធរុស្ស៊ី។ ស្រីលក្ខ បានប្រាប់កម្មវិធីសំឡេងជំនាន់ថ្មីរបស់វីអូអេថា ដោយសារតែនាងទៅសិក្សានៅប្រទេសរុស្ស៊ីក្នុងក្របខណ្ឌជាយោធា នាងមានភាពងាយស្រួលផ្នែកជីវភាពជាងនិស្សិតស៊ីវិល។
«ព័ត៌មានដែលថា រាជរដ្ឋាភិបាលកម្ពុជាផ្តល់អាហារូបករណ៍១០ដុល្លារក្នុងមួយខែគឺជាការពិត។ ដោយឡែកខ្ញុំស្ថិតក្នុងក្របខណ្ឌទាហាន រដ្ឋាភិបាលរុស្ស៊ីបានឧបត្ថម្ភប្រាក់ឧបត្ថម្ភបន្ថែមប្រមាណជា៣៥០ដុល្លាក្នុងមួយខែ ហើយបូកបន្ថែមអាហារបីពេល សេវាសុខភាព និងស្នាក់នៅមិនគិតថ្លៃ»។
តាមរយៈកម្មវិធីសំឡេងជំនាន់ថ្មី ស្រីលក្ខ បានអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជាឲ្យដំឡើងអាហារូបករណ៍ពី១០ដុល្លារអាមេរិកដល់កម្រិតមួយដែលអាចជួយសម្រួលដល់ជីវភាពនិស្សិតកម្ពុជានៅប្រទេសរុស្ស៊ីដើម្បីឲ្យពួកគេមានលទ្ធភាពផ្តោតការយកចិត្តទុកដាក់លើការសិក្សាឲ្យបានត្រឹមត្រូវ។
«និស្សិតខាងផ្នែកស៊ីវិលមានការលំបាកខ្លាំងជាងនិស្សិតផ្នែកយោធា ដូច្នេះខ្ញុំស្នើសុំដល់រាជរដ្ឋាភិបាលម្តងហើយម្តងទៀត ប្រសិនបើមានលទ្ធភាពគឺសូមជួយឧបត្ថម្ភដល់និស្សិតដែលចេញទៅសិក្សានៅទីនោះ»។
ស្រីលក្ខ បានប្រាប់កម្មវិធីសំឡេងជំនាន់ថ្មីថា ការប្រឈមមួយទៀតនោះគឺការសិក្សាជាភាសារុស្ស៊ីដោយសារតែភាសារុស្ស៊ីជាភាសាលំបាករៀន។ ហើយភាសាអង់គ្លេសនិងភាសាបារាំងត្រូវបានប្រើជាទូទៅសម្រាប់វិស័យវេជ្ជសាស្ត្រ ដូច្នេះ ក្នុងការរៀនវេជ្ជសាស្ត្រជាភាសារុស្ស៊ី និស្សិតត្រូវបានតម្រូវឲ្យរៀនភាសាឡាតាំងដើម្បីមើលឈ្មោះថ្នាំ និងឈ្មោះជំងឺផ្សេងៗ។ នាង វុធ ស្រីលក្ខ ជំរុញទឹកចិត្តឲ្យនិស្សិតខ្មែរជំនាន់ក្រោយៗប្រឹងប្រែងរៀនសូត្រដើម្បីចេញទៅបន្តការសិក្សានៅបរទេស ទោះបីជានៅប្រទេសណាក្តី៕