ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាសា​​​ហិណ្ឌី​​​ឬ​​​អង់គ្លេស៖ បញ្ហា​​​ភាសា​​​ដ៏​​​ចម្រូងចម្រាស​​​លេច​​​ឡើង​​​ជា​​​ថ្មី​​​នៅ​​​ឥណ្ឌា


រូប​ឯកសារ៖ ស្លាក​សញ្ញា​ជា​​ភាសា​ហិណ្ឌី​មាន​ន័យ​ថា «មុំបៃ» នៅ​ជិត​សណ្ឋាគារ​ តាជម៉ាហាល (Taj Mahal) ក្នុង​ក្រុង​មុំបៃ (បុំបៃ)។
រូប​ឯកសារ៖ ស្លាក​សញ្ញា​ជា​​ភាសា​ហិណ្ឌី​មាន​ន័យ​ថា «មុំបៃ» នៅ​ជិត​សណ្ឋាគារ​ តាជម៉ាហាល (Taj Mahal) ក្នុង​ក្រុង​មុំបៃ (បុំបៃ)។

ភាសា​ហិណ្ឌី​ឬ​ភាសា​អង់គ្លេស?​ បញ្ហា​ភាសា​ដ៏​ចម្រូងចម្រាស​នេះ​បាន​លេច​ឡើង​ជា​ថ្មី​នៅ​ឥណ្ឌា ជា​ទី​ដែល​រដ្ឋាភិបាល​ថ្មី​កំពុង​ស្នើ​ឱ្យ​ដាក់​ភាសា​ហិណ្ឌី​ជា​ភាសា​គោល​សម្រាប់​ការ​ទំនាក់​ទំនង​ផ្លូវការ។ រដ្ឋ​ភាគ​ខាង​ត្បូង​របស់​ឥណ្ឌា​ដែល​មិន​និយាយ​ភាសា​ហិណ្ឌី​របស់​អ្នក​នៅ​ភាគ​ខាង​ជើង​បាន​ជំទាស់​នឹង​សំណើ​បែប​នេះ ប៉ុន្តែ​ប្រព័ន្ធ​ការិយាធិបតេយ្យ​នៅ​រដ្ឋធានី​របស់​ឥណ្ឌា​កំពុង​តែ​ធ្វើ​ឱ្យ​ច្របូក​ច្របល់​ដល់​ការ​ពង្រឹង​ជំនាញ​ភាសា​ហិណ្ឌី​របស់​ខ្លួន។

មិន​ថា​ក្នុង​ពេល​និយាយ​ក្នុង​សភា​ និយាយ​ជា​មន្ត្រី​ឥណ្ឌា​ឬ​ជាមួយ​មេដឹកនាំ​បរទេសនោះ​ទេ លោក​នាយក​រដ្ឋ​មន្ត្រី Narendra Modi ប្រើប្រាស់​ភាសា​ហិណ្ឌី​សម្រាប់​ទំនាក់ទំនង តាំង​ពី​បាន​ឡើង​កាន់​តំណែង​កាល​ពី​ចុង​ខែ​ឧសភា​កន្លង​ទៅ​នេះ។

អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លោក Neerja Chowdhury អះអាង​ថា ​មេដឹកនាំ​ឥណ្ឌា​រូប​នេះ ដែល​ជា​កូន​កសិករ​ដាំ​តែ​ក្រីក្រ​ម្នាក់ គឺ​ស្ទាត់​ជំនាញ​ខាង​ភាសា​ហិណ្ឌី​ជាង​ភាសា​អង់គ្លេស។ សព្វ​ថ្ងៃ​ភាសា​ទាំង​ពីរ​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​មធ្យោបាយ​ទំនាក់​ទំនង​ផ្លូវការ​របស់​រដ្ឋាភិបាល​សហព័ន្ធ​មួយ​នេះ។

«យើង​ស៊ាំ​នឹង​មេដឹកនាំ​យើង​ទៅ​ហើយ ដែល​ភាគច្រើន​បាន​ទទួល​ការ​សិក្សា​នៅ​ប្រទេស​លោក​ខាង​លិច ដែល​យក​ភាសា​អង់គ្លេស​ជា​យាន។ ប៉ុន្តែ​លោក Modi តំណាង​ឱ្យ​ប្រទេស​ឥណ្ឌា​ដែល​ផ្សេង​មួយ។ គាត់​ក៏​បាន​ឡើង​តាម​ឋានៈរាជការផង​ដែរ។ ដូច​អ្នក​បាន​ដឹង​ហើយ​អំពី​ជីវប្រវត្តិ​របស់​គាត់​ចេញ​ពី​ត្រកួល​អ្នក​ក្រ ហើយ​គាត់​បាន​រក​មធ្យោបាយ​ឡើង​កាន់​តំណែង​ដោយ​ខ្លួន​ឯង។ ដូច្នេះ​ភាសា​ហិណ្ឌីគឺ​ជា​ភាសា​ដែល​ងាយស្រួល​សម្រាប់​គាត់​ក្នុង​កិច្ចការ​ទំនាក់ទំនង»។

នាយករដ្ឋមន្ត្រី​ឥណ្ឌា​ Narendra Modi ថ្លែង​នៅ​ក្រោយ​ការ​បង្ហោះ​ផ្សាយ​រណប Polar Satellite Launch Vehicle (PSLV-C23) ដោយ​ជោគជ័យ​នៅ​ Sriharikota ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៤។
នាយករដ្ឋមន្ត្រី​ឥណ្ឌា​ Narendra Modi ថ្លែង​នៅ​ក្រោយ​ការ​បង្ហោះ​ផ្សាយ​រណប Polar Satellite Launch Vehicle (PSLV-C23) ដោយ​ជោគជ័យ​នៅ​ Sriharikota ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៤។

ទោះ​បី​ជា​គ្មាន​នរណា​ម្នាក់​ឆ្ងល់​ពី​ជម្រើស​ផ្ទាល់​ខ្លួន​របស់​លោក​នាយករដ្ឋមន្ត្រី​ក្នុង​ការ​ប្រើប្រាស់​ភាសា​ក៏​ដោយ ប៉ុន្តែ​មាន​ការ​តវ៉ា​ទៅនឹង​គម្រោង​របស់​រដ្ឋាភិបាល​លោក​ក្នុង​ការ​ដក​ភាសា​អង់គ្លេស​ចេញ ដោយ​យក​ភាសា​ហិណ្ឌី​ជា​មធ្យោបាយ​ទំនាក់ទំនង​ក្នុង​រង្វង់​អ្នក​មាន​អំណាច​ជា​ជំនួស​វិញ។

មេដឹកនាំ​នយោបាយ​នៅ​រដ្ឋ​ភាគ​ខាង​ត្បូង​បាន​សម្ដែង​ការ​តវ៉ា​ខ្លាំងៗ នៅ​ពេល​ដែល​រដ្ឋាភិបាល​របស់​លោក​បាន​បង្គាប់​នា​ពេល​ថ្មីៗ​នេះ​ឱ្យ​មន្ត្រី​របស់​ខ្លួន​យក​ភាសា​ហិណ្ឌី​ជា​អាទិភាព​ជាង​ភាសា​អង់គ្លេស សម្រាប់ទំនាក់ទំនង​ផ្លូវការ និង​តាម​បណ្ដាញ​សង្គម​អ៊ីនធឺណិត​នានា​ដូចជា ​Twitter ​និង​គេហទំព័រ​របស់​រដ្ឋាភិបាល​ជា​ដើម។

រដ្ឋាភិបាល​នេះ​បាន​ឆ្លើយ​បំភ្លឺ​ភ្លាមៗ​ថា​ ការ​បង្គាប់​នេះ​គឺ​សំដៅ​តែ​ទៅ​បណ្តា​រដ្ឋ​ឥណ្ឌា​ភាគ​ខាង​ជើង​ប៉ុណ្ណោះ ដែល​ភាសា​ហិណ្ឌីត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅ​ទី​នោះ ហើយ​ក៏​ជា​ទី​ដែល​គណបក្ស Bharatiya Janata របស់​រដ្ឋាភិបាល​គ្រប់គ្រង​អំណាច​មួយ​នេះ​ទទួល​បាន​កៅអី​ច្រើន​បំផុត​ដែរ។ ប៉ុន្តែបណ្តា​រដ្ឋ​ភាគ​ខាង​ត្បូង​និង​ខាង​កើត​តែងតែ​ជ្រើសរើស​យក​ភាសា​ដើម​ក្នុង​រដ្ឋឬ​ក៏​ភាសា​អង់គ្លេស។ កាល​ពី​៥​ទសវត្សរ៍​មុន ការ​ប៉ុនប៉ង​នានា​ក្នុង​ការ​ដាក់​ភាសា​ហិណ្ឌី​ជា​ភាសា​ផ្លូវការ​តែ​មួយ​គត់​របស់​ប្រទេស​នោះ បាន​នាំ​ឱ្យ​មាន​ការ​បះបោរ​ហិង្សា​ជា​ច្រើន​នៅ​ភាគ​ខាង​ត្បូង​ប្រទេស។

ដូច្នេះ​ហើយ​បាន​ជា​លោក​នាយក​រដ្ឋមន្ត្រី​ Modi ដែល​ជា​មេដឹកនាំ​ដ៏​មាន​ចេះ​បត់បែន​តាម​ស្ថានភាព​ជាក់ស្តែង​ម្នាក់​ និង​ជា​អ្នក​ដែល​ចង់​ពង្រឹង​គណបក្ស​លោក​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​នោះ បាន​ផ្ដល់​សារ​ដ៏​វៃ​ឆ្លាត​មួយ​គឺ​ថា​ លោក​មិន​ប្រសប់​ជាមួយ​ភាសា​អង់គ្លេស ប៉ុន្តែ​ក៏​មិន​បាន​ជំទាស់​នឹង​ភាសា​នេះដែរ។

បន្ទាប់​ពី​បាន​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ការ​បើក​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ផ្កាយ​រណប​នៅ​រដ្ឋ​ Andhra Pradesh នា​ភាគ​ខាង​ត្បូង​ប្រទេស លោក​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​ភ្ញាក់ផ្អើល​ជាមួយ​សុន្ទរកថា​ជា​ភាសា​អង់គ្លេស​ដំបូង​បង្អស់​របស់​លោក តាំង​ពី​លោក​ឡើង​កាន់​តំណែង។ ច្បាស់​ណាស់​ វា​គឺ​ជា​ការ​ប្រឹងប្រែង​មួយ​របស់​លោក ប៉ុន្តែ​ក៏​ជា​ចំណាត់ការ​ដ៏​វៃឆ្លាត​មួយ​ដែល​ធានា​ជំហរ​លោក​ជា​ថ្មី​ដល់​រដ្ឋ​នៅ​ភាគ​ខាង​ត្បូង​ដែរ ដែល​ជា​ស្រុកកំណើត​របស់​អ្នក​វិទ្យាសាស្ត្រ​ឥណ្ឌា​ជា​ច្រើន​រូប។

«ខ្ញុំ​សូម​អបអរសាទរ​ដល់​អ្នក​វិទ្យាសាស្ត្រ​អវកាស​វ័យ​ឆ្លាត​នានា និង​នាយកដ្ឋាន​អវកាស​សម្រាប់​ការ​បើក​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ផ្កាយ​រណប​ប៉ូល​មួយ​ទៀត​ដោយ​ជោគជ័យ»។

ទោះ​បី​ជា​រដ្ឋ​នៅ​ប៉ែក​ខាង​ត្បូង​អាច​ប្រកាន់​ខ្ជាប់នឹងភាសា​(អង់គ្លេស)​មួយ​នេះ​ដែល​បាន​បន្សល់​ទុក​ពី​មេដឹកនាំ​អង់គ្លេស​ ​មន្ត្រី​ក្នុង​រដ្ឋធានី​ញូវដែលី​វិញ​នៅ​តែ​ស្ថិត​ក្រោម​សម្ពាធ​ឲ្យ​ប្រើ​ភាសា​ហិណ្ឌី​ជំនួស​វិញ។ ហើយ​មនុស្ស​ជា​ច្រើន​ពិត​ជាមាន​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​រឿង​នេះ។

ក្រុម​វណ្ណៈកណ្ដាល​ថ្នាក់​ខ្ពស់​នៅ​ប្រទេស​ឥណ្ឌា ដែល​រួម​បញ្ចូល​មន្ត្រីការិយាធិបតេយ្យ​ជាន់​ខ្ពស់​ជា​ច្រើន​រូប បាន​ធំ​ឡើង​ដោយប្រើប្រាស់​ភាសា​អង់គ្លេសភាគ​ច្រើននៅ​ផ្ទះ​របស់​ពួកគេ។ ពួកគេ​ភាគ​ច្រើន​បាន​សិក្សា​នៅ​សាលា​ដែល​យក​ភាសា​អង់គ្លេស​ជា​មធ្យោបាយ​បង្រៀន។ ហើយ​ពួកគេ​ខ្លះ​ទៀត​បាន​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​លោក​ខាង​លិច​ទៀត​ផង។ ទោះបីជា​ពួកគេ​ចេះនិយាយ​ភាសា​ហិណ្ឌី ក៏​ជំនាញ​ខាង​ការ​សរសេរ​ភាសា​នេះ​គឺ​មាន​ការ​លំបាក។ ​

ក្នុង​កិច្ចប្រឹងប្រែង​រៀន​ភាសា​សរសេរ​របស់​ហិណ្ឌី​ដែល​ទទួល​អាទិភាព​ថ្មី​នេះ អ្នក​ការិយាធិបតេយ្យ​ជា​ច្រើន​នាក់​កំពុង​តែ​ធ្វើស្រវាស្រទេញពង្រឹង​ចំណេះដឹង​ភាសា​ហិណ្ឌី​របស់​ពួកគេ ជា​ពិសេស​ពាក្យ​ដែល​ប្រើ​ក្នុង​ការ​ទំនាក់ទំនង​ផ្លូវការ។

លោក Subhash Kashyap អតីត​មន្ត្រី​ក្នុង​សភា​មួយ​រូប និយាយ​ថា​គំរូ​អាណានិគម​ដែល​យក​ភាសា​អង់គ្លេស​ជា​មូលដ្ឋាន​គឺ​ជា​ទម្លាប់​យ៉ាង​វែង​ឆ្ងាយ​មួយ​នៃ​ប្រព័ន្ធ​ការិយាធិបតេយ្យ​នេះ។ លោក​និយាយ​ថា​មិនគួរមាន​ការ​ប្រឆាំង​នឹក​ការលើក​តម្កើងភាសា​ហិណ្ឌី​នោះ ព្រោះ​ជា​ភាសា​ដែលប្រជាពលរដ្ឋ​សាមញ្ញ​ភាគ​ច្រើន​ត្រូវ​ចេះ។ ប៉ុន្តែ​គេ​មិន​គួរ​បង្ខំ​នោះ​ទេ។

«ប្រព័ន្ធ​ការិយាធិបតេយ្យ ជា​ធម្មតា ពីព្រោះ​ពួកគេ​ស៊ាំ​នឹងទម្លាប់​ចាស់ៗ ដែល​មិន​គួរ​ឱ្យ​មាន​ការ​ជំទាស់​ទៅ​ហ្នឹង​ទម្លាប់នេះ​ទេ។ ប៉ុន្តែ​វា​គួរ​តែ​ជា​ដំណើរការ​យ៉ាង​យឺត​និង​សន្សឹមៗ​មួយ​តាម​ធម្មជាតិ​របស់​វា។ វា​គួរ​តែ​ចំណាយ​ពេល​ដោយ​ខ្លួន​ឯង មិន​គួរ​មាន​អារម្មណ៍​ថា​ត្រូវ​បាន​បង្ខិតបង្ខំ​ ឬ​មាន​អារម្មណ៍​ថា​ការ​ប្រើ​ភាសា​ណា​មួយ​ត្រូវ​បាន​បង្ខំ​នោះ​ទេ»។

អ្នក​រិះគន់​មួយ​ចំនួន​យល់​ស្រប​ថា​ រដ្ឋាភិបាល​មិន​គួរ​ពេញ​ចិត្ត​តែ​ភាសា​ណា​មួយ​ជាង​ភាសា​ដទៃ​ទៀត​ក្នុង​ប្រទេស​ដែល​ទទួល​ប្រយោជន៍​ពី​ចំណេះដឹង​ភាសា​អង់គ្លេស​របស់​ខ្លួន​នេះ​ទេ។ ភាសា​អង់គ្លេស​បាន​ភ្ជាប់​ប្រទេស​ដ៏​ចម្រុះ​មួយ​នេះ​ទៅ​ហ្នឹង​ភាសា​ផ្លូវការ​ចំនួន​២២​ទៀត ដែល​ភាគ​ច្រើន​ជា​ភាសា​តំបន់។ វា​ជា​ភាសា​សម្រាប់​ធ្វើ​ជំនួញ។

ជំនាញ​ភាសា​អង់គ្លេស​របស់​វិស្វករ​ឥណ្ឌា​បាន​ផ្ដល់​ភាព​រឹងមាំ​ដល់​ការ​រីកចម្រើន​របស់ឧស្សាហកម្ម​វិស័យ​ព័ត៌មានវិទ្យា​ដែល​ល្បីល្បាញ​របស់​ប្រទេស​នេះ។ ប្រជាពលរដ្ឋ​ឥណ្ឌា​ភាគ​ច្រើន​ដែល​ចេញ​មក​ពី​ក្រុម​មាន​ចំណូល​ទាប​កំពុង​តែសម្រេច​បញ្ជូន​កូន​របស់​ពួកគេ​ទៅ​សាលារៀនប្រើភាសា​អង់គ្លេស​ដើម្បី​ឱ្យ​ពួកគេ​មាន​ភាព​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ការងារ។

លោក Neerja​ Chowdhury និយាយ​ថា​ក្នុង​ពិភពលោក​ដែល​កំពុង​ធ្វើ​សាកលភាវូបនីយកម្ម​ ការ​ចេះ​ភាសា​អង់គ្លេស​ច្បាស់​របស់​ឥណ្ឌា​ជា​អត្ថប្រយោជន៍​ដ៏​ធំ​មួយ។

«ពិភពលោក​កំពុង​តែរំកិល​ទៅ​មុខ គួរ​ក្រឡេក​មើល​ពី​របៀប​ដែល​ជនជាតិ​ចិន​កំពុង​រៀន​ភាសា​អង់គ្លេស។ ដូច្នេះ​ហេតុអ្វី​បាន​យើង​ត្រូវ​បោះបង់​ចោល​អត្ថប្រយោជន៍​ពី​ធម្មជាតិ​មួយ​នេះ ដែល​យើង​មាន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ?»

ការ​ជំរុញ​ឱ្យ​បញ្ឈប់​ការ​យក​ភាសា​អង់គ្លេស​ជា​គោល​សម្រាប់​ការ​ទំនាក់ទំនង​ផ្លូវការ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ផ្នែក​មួយ​នៃ​ការ​ប៉ុនប៉ង​បំបែក​ចេញ​ពី​ប្រពៃណី​ដែល​កំណត់​ដោយ​គណបក្ស​Congressដ៏​ចំណាស់ ដែល​បាន​កាន់​អំណាច​ក្នុង​ប្រទេស​ឥណ្ឌា​តាំង​ពី​បាន​ទទួល​ឯករាជ្យ ហើយ​ដែល​មន្ត្រី​គ្រប់​ជាន់​ថ្នាក់​ត្រូវ​បាន​រើស​ចេញ​ពី​ពួក​វណ្ណៈ​អភិជន។​

លោក​នាយករដ្ឋមន្ត្រី Modi និង​គណបក្ស​ BJP ​របស់​លោក​ចង់​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន ជា​គណបក្ស​ជាតិ​និយម​ហិណ្ឌូ​មួយ​ដែល​នឹង​តំណាង​ឱ្យ​មនុស្ស​កាន់​តែ​ច្រើន​ឡើង​ដែល​ចូលរួម​ក្នុង​វណ្ណៈ​កណ្ដាល និង​ដែល​ទំនង​មិន​បាន​ប្រើប្រាស់​ភាសា​អង់គ្លេស​សម្រាប់​ទំនាក់ទំនង​នោះ​ទេ៕

ប្រែ​សម្រួល​ដោយ ឃួន ធារ៉ា

XS
SM
MD
LG