ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកស្រី Hillary Clinton ត្រូវ​គ្រូពេទ្យ​រក​ឃើញ​ថា​មាន​ជំងឺ​រលាក​សួត


បេក្ខជន​ប្រធានាធិបតី​គណ​បក្ស​ប្រជាធិបតេយ្យ​អ្នកស្រី Hillary Clinton បក់​ដៃទៅកាន់​សារព័ត៌មាន​ខណ​ដែល​អ្នកស្រី​ចេញពី​ផ្ទះ​របស់​កូនស្រី​អ្នកស្រីបន្ទាប់​ពីសម្រាក​រួច​កាល​ពី​ថ្ងៃទី ១១ កញ្ញា ២០១៦ បុរី​ញូវយ៉ក។

បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេយ្យ​លោកស្រី Hillary Clinton នឹង​មិន​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នៅ​ក្នុង​រដ្ឋកាលីហ្វ័រញ៉ា ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក​នា​ថ្ងៃ​ចន្ទ​នេះ និង​ថ្ងៃ​អង្គារ​ស្អែក​ដូច​ការ​គ្រោង​ទុក​នោះ​ទេ បន្ទាប់ពី​លោកស្រី​ត្រូវ​បាន​ធ្វើ​តេស្ដ​រក​ឃើញ​ថា​មាន​ជំងឺ​រលាក​សួត។

ការ​ធ្វើ​តេស្ដ​ជំងឺ​នេះ​ត្រូវ​បាន​ប្រកាស​ឲ្យ​សាធារណជន​ទូទៅ​ដឹង​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ បន្ទាប់ពី​លោកស្រី​មាន​ភាព​ធេងធោង​ពេល​នៅ​ឯ​ពិធី​ឧទ្ទិស​ដល់​អ្នក​ស្លាប់​នៅ​ក្នុង​អំពើ​ភេរវកម្ម​ថ្ងៃ​ទី ១១ ខែ​កញ្ញា ឆ្នាំ ២០០១ នៅ​ក្នុង​ទីក្រុង​ញូវយ៉ក។ លោកស្រី​បាន​ចាកចេញ​ពី​កន្លែង​ប្រារព្ធ​ពិធី​នោះ​យ៉ាង​ឆាប់​រហ័ស ហើយ​មាន​វីដេអូ​មួយ​បាន​បង្ហាញ​ពីពេល​ដែលលោកស្រី​មាន​លក្ខណៈ​ធេងធោង​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ជួយ​គ្រា​ចូល​រថយន្ត​មុន​ពេល​ដែល​លោកស្រី​ស្ទើ​រ​ជំពប់​ជើង​រក​ដួល​នៅ​គែម​ចិញ្ចើម​ថ្នល់។

ក្រោយមក គេ​ឃើញ​លោកស្រី Clinton វ័យ ៦៨ ឆ្នាំ​រូប​នេះ​បាន​បក់​ដៃ​ទៅកាន់​អ្នក​គាំទ្រ​របស់​លោកស្រី​ចេញ​ពី​ផ្ទះ​របស់​កូន​ស្រី​លោកស្រី​ឈ្មោះ Chelsea។

វេជ្ជបណ្ឌិត​របស់​លោកស្រី Clinton បាន​បញ្ជាក់​ថា លោកស្រី «ឡើង​កម្ដៅ​ក្នុង​ខ្លួន​ខ្លាំង និង​ខ្វះ​ជាតិ​ទឹក» ប៉ុន្តែ «បាន​ធូរស្បើយ​ហើយ‍»។ បន្ទាប់មក លោកស្រី​បាន​អញ្ជើញ​ដល់​គេហដ្ឋាន​របស់​លោកស្រី​វិញ​នៅ​ក្នុង​តំបន់ Chappaqua ស្ថិត​នៅ​ក្បែរ​នោះ។

ក្រុម​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោកស្រី​បាន​ឲ្យ​ដឹង​ថា លោកស្រី​ត្រូវ​បាន​គ្រូពេទ្យ​រក​ឃើញ​ថា​មាន​រោគ​រលាក​សួត​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន បន្ទាប់ពីការត្រួតពិនិត្យ​ជំងឺ​ចំពោះ​រោគសញ្ញា​ក្អក​ដែល​មាន​រយៈពេល​យូរ។

ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នឹង​ចូល​មក​ដល់​ក្នុង​រយៈពេល​ប្រហែល ២ ខែ​ទៀត​ទេ ប៉ុន្តែ​បញ្ហា​សុខភាព​របស់​លោកស្រី Clinton ទំនងជា​មិន​ទាន់​អាច​ជា​សះស្បើយ​ឡើង​ដល់​ពេល​នោះ៕

XS
SM
MD
LG